ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT

ស៊ូដង់៖​ក្រោយ​ការ​ទម្លាក់​លោក​អូម៉ា អ៊ែលបេស្ហៀរ​ពី​អំណាច ស្ថានការណ៍​កំពុង​បន្ត​ច្របូកច្របល់​ខ្លាំង

ស៊ូដង់៖​ក្រោយ​ការ​ទម្លាក់​លោក​អូម៉ា អ៊ែលបេស្ហៀរ​ពី​អំណាច ស្ថានការណ៍​កំពុង​បន្ត​ច្របូកច្របល់​ខ្លាំង
 
នៅស៊ូដង់ ​ក្រោយ​ការ​ទម្លាក់​លោក​អូម៉ា អ៊ែលបេស្ហៀរ​ពី​អំណាច ស្ថានការណ៍​កំពុង​បន្ត​ច្របូកច្របល់​ខ្លាំង REUTERS/Umit Bektas

នៅ​ក្នុង​ប្រទេស​ស៊ូដង់ ៤ថ្ងៃ​ក្រោយ​ពី​កងទ័ព​បាន​ទម្លាក់​លោក​អូម៉ា អ៊ែលបេស្ហៀរ​ពី​តំណែង​ប្រធានាធិបតី​មក ក្បួនបាតុកម្ម​របស់​ប្រជាជន​កំពុង​បន្ត​មាន​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​ទីក្រុង​ខាទុំ។ គួរ​រម្លឹក​ថា បន្ទាប់​ពី​ទម្លាក់​លោក​អ៊ែលបេស្ហៀរ​ចេញ​ពី​អំណាច​ក្នុង​ថ្ងៃទី១១ មេសា​មក អំណាច​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​ឧត្តមសេនីយ​អាប់ឌែល ហ្វាតា អាល់បួរ៉ាន ប្រធាន​ក្រុមប្រឹក្សា​យោធា។

លោក​បួរ៉ាន​បាន​បញ្ជាក់​ថា កងទ័ព​មិន​កាន់​អំណាច​រហូត​ទេ ហើយ​នៅ​ក្នុង​សម័យ​អន្តរកាល កងទ័ព​ត្រូវ​ការ​ពេល​យ៉ាង​យូរ​បំផុត​ចំនួន ២ឆ្នាំ មុន​នឹង​ផ្ទេរ​អំណាច​ទៅ​ឲ្យ​ក្រុមស៊ីវិល។ តែ​ក្រុមបាតុករ​មិន​ចង់​រង់ចាំ និង​បន្ត​ទាមទារ​ឲ្យ​កងទ័ព​ប្រគល់​អំណាច​ភ្លាម​ទៅ​ឲ្យ​ក្រុមស៊ីវិល។ តើ​ការ​ផ្ទេរអំណាច​ភ្លាម​ទៅ​ឲ្យ​ក្រុមស៊ីវិល​នឹង​អាច​ធ្វើ​បាន​ឬ​ទេ និង​ថា ហេតុអ្វី​បាន​ជា​ក្រុមបាតុករ​តក់ក្រហល់​ខ្លាំង​ដ៏​ម្លឹង?

គោលដៅ​របស់​ប្រជាជន​ស៊ូដង់​ទូទៅ​ចង់​បាន​គឺ​បាន​សម្រេច​ហើយ នោះ​គឺ​ការ​ទម្លាក់​លោក​អូម៉ា អ៊ែលបេស្ហៀរ​ចេញ​ពី​កៅអី​ប្រធានាធិបតី​ដែល​លោក​បាន​អង្គុយ​ជិត ៣០ឆ្នាំ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បើ​កុំ​តែ​មាន​កងទ័ព​ជួយ​គាំទ្រ​ពី​ក្រោយ ម្ល៉ោះ​ប្រធានាធិបតី​កាន់​អំណាច​ដុះ​ស្លែ​រូប​នេះ​ក៏​មិន​ងាយ​នឹង​បោះ​អំណាច​ចោល​ស្រួលៗ​ដែរ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា ប្រជាជន​ស៊ូដង់​ដែល​បាន​ក្រោក​ឈរ​បះបោរ​តាំង​ពី​ថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០១៨ គឺ​ដើម្បី​ប្រឆាំង​នឹង​តម្លៃ​នំប៉័ង​ដែល​បាន​ឡើង​ថ្លៃ​មួយ​ជា​បី។ តែ​គឺ​ទើប​ក្នុង​ថ្ងៃទី៦ មេសា​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ​ដែល​ស្ថានការណ៍​បាន​ផ្តើម​ប្រែ​រូបភាព​ដោយ​ក្រុម​បាតុករ​បាន​នាំ​គ្នា​ទៅ​បោះទីតាំង​ជា​ប្រចាំ​នៅ​ពី​មុខ​អគ្គសេនាធិការដ្ឋាន​កងទ័ព​តែ​ម្តង។

ចាប់​តាំង​ពី​ពេល​នោះ​មក កម្មវត្ថុ​នៃ​បាតុកម្ម​ក៏​បាន​ប្រែ​រូបភាព​ពី​ការ​ប្រឆាំង​នឹង​នំប៉័ង​ឡើង​ថ្លៃ​ទៅ​ជា​ការ​ទាមទារ​ឲ្យ​លោក​អូម៉ា អ៊ែលបេស្ហៀរ​ចុះ​ចេញ​ពី​អំណាច។ តាម​ពិត​ទៅ ហេតុផល​នៃ​ការ​ទាមទារ​ឲ្យ​លោក​អ៊ែលបេស្ហៀរ​ចុះ​ពី​កៅអី​ប្រធានាធិបតី​មិន​ដោយសារ​រឿង​នំប៉័ង​ឡើង​ថ្លៃ​មួយ​ទេ តែ​ដោយសារ​ការ​គ្រប់គ្រង​ប្រទេស​មិន​ល្អ កំណើន​អំពើ​ពុករលួយ និង​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប​ខ្លាំង។ លើស​ពី​នេះ លោក​អ៊ែលបេស្ហៀរ​ក៏​កំពុង​បន្ត​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ក្នុង​រឿង​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​អំពើ​ប្រល័យពូជសាសន៍​នៅ​ក្នុង​តំបន់​ដាហ្វួរ​កាល​ពី​ឆ្នាំ ២០០៣។

គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី១១ មេសា​ទើប​កងទ័ព​បាន​សម្រេចចិត្ត​បញ្ចប់​តំណែង​លោក​អូម៉ា អ៊ែលបេស្ហៀរ។ ព្រឹត្តិការណ៍​នៅ​ស៊ូដង់​ពេល​នេះ គឺ​ស្រដៀង​គ្នា​នឹង​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី​ដែល​កងទ័ព​ជា​អ្នក​បង្ខំ​លោក​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ឲ្យ​ចុះ​ចេញ​ពី​កៅអី​ប្រធានាធិបតី។ តែ​អ្វី​ដែល​ខុស​គ្នា​បន្តិច​នៅ​ត្រង់​ថា កងទ័ព​អាល់ហ្សេរី​បាន​ប្រើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដើម្បី​រុញ​លោក​ប៊ូតេហ្វ្លីកា ចំណែក​នៅ​ស៊ូដង់​វិញ ជា​រូបភាព​រដ្ឋប្រហារ​យោធា។ សករាជ​របស់​លោក​អូម៉ា អ៊ែលបេស្ហៀរ​បាន​បិទបញ្ចប់​ហើយ តែ​សករាជ​ថ្មី​នៅ​ក្រោយ​លោក​អ៊ែលបេស្ហៀរ​ហាក់​កំពុង​បន្ត​ស្រពិចស្រពិច និង​ច្របូកច្របល់​ខ្លាំង។ មាន​ការ​ចោទ​ជា​សំណួរ​ថា តើ​ស៊ូដង់​កំពុង​ធ្វ់​ដំណើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្តូរ​ដូច​ដែល​ប្រជាជន​ចង់​បាន ឬ​មួយ​ក៏​កំពុង​ជាប់​គាំង​លើ​ផ្លូវ​មួយ​នេះ​បាត់​ទៅ​ហើយ។

ពិតណាស់ អំណាច​នៅ​ស៊ូដង់​ក្នុង​សម័យ​អន្តរកាល​កំពុង​រៀបចំ​ចាត់ចែង​ដោយ​កងទ័ព ពិសេស​ប្រធាន​ក្រុមប្រឹក្សា​យោធា​ឧត្តមសេនីយ​អាប់ឌែល ហ្វាតា អាល់បួរ៉ាន។ គួរ​រម្លឹក​ថា​នៅ​ក្រោយ​ការ​ទម្លាក់​លោក​អ៊ែលបេស្ហៀរ​ភ្លាម

រដ្ឋមន្រ្តី​ការពារជាតិ​បាន​ឡើង​កាន់​អំណាច​បណ្តោះអាសន្ន តែ​នៅ​មួយ​ថ្ងៃ​ក្រោយ​មក និង​ក្រោម​ឥទ្ធិពល​របស់​ក្រុម​បាតុករ រដ្ឋមន្រ្តី​ការពារជាតិរូប​នោះ​ក៏​បាន​ប្រកាស​ឈប់​វិញ ហើយ​ដាក់​ជំនួស​ឧត្តមសេនីយ​អាប់ឌែល ហ្វាតា អាល់បួរ៉ាន។ ឧត្តមសេនីយ​អាល់បួរ៉ាន​ជា​ឥស្សរជន​ដែល​សាធារណជន​ទូទៅ​មិន​សូវ​ស្គាល់ និង​ក៏​ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុក​ជា​ឥស្សរជន​នៅ​ក្រៅ​ប្រព័ន្ធ​ដឹកនាំ​របស់​លោក​អ៊ែលបេស្ហៀរ។ ខណៈ​នេះ លោក​អាល់បួរ៉ាន​កំពុង​បង្ហាញ​ឲ្យ​ឃើញ​នូវ​សកម្មភាព​ជីកកប់​ប្រព័ន្ធ​ចាស់​ដោយ​ផ្តើម​ធ្វើ​កំណែទម្រង់​លើ​ស្ថានប័ន​កងទ័ព ពិសេស​ដោះដូរ​អគ្គ និង​អគ្គរង​នៅ​អគ្គបញ្ជាការដ្ឋាន។

បន្ទាប់​មក ឧត្តមសេនីយ​បួរ៉ាន​បាន​សន្យា​ដោះលែង​ក្រុមបាតុករ​ដែល​បាន​ចាប់​ខ្លួន​ពេល​មុន លើក​បម្រាមគោចរ អូស ក ជន​ដៃដល់​សម្លាប់​បាតុករ​ទៅ​កាត់ទោស និង​គាស់​ចេញ​ទាំង​ឫស​នូវ​បក្ខពួក​របស់​អតីត​ប្រធានាធិបតីផ្តាច់ការ​លោក​អ៊ែលបេស្ហៀរ។ សំខាន់​ជាង​នេះ ឧត្តមសេនីយ​អាល់បួរ៉ាន​បាន​ប្តេជ្ញា​ថា សម័យ​អន្តរកាល​ក្រោម​ការ​កាន់កាប់​របស់​លោក​មាន​រយៈពេល​យ៉ាង​យូរ​បំផុត​ត្រឹម ២ឆ្នាំ មាន​ន័យ​ថា លោក​នឹង​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ពី​ពេល​នេះ​នៅ ២ឆ្នាំ​ខាង​មុខ។ តែ​បញ្ហា​នៅ​ត្រង់​ថា ប្រជាជន​បន្ត​មិន​សុខចិត្ត និង​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ភ្លាម​ទៅ​ឲ្យ​ក្រុមស៊ីវិល។ ការ​ទាមទារ​ដូច​គ្នា​នេះ​ក៏​កំពុង​បន្ត​មាន​ពី​សហគមន៍​អន្តរជាតិ​ដែរ ដោយ​ចាប់​ផ្តើម​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​ប្រទេស​ន័រវែស។

ពិត​ណាស់ កាលៈទេសៈ​នៅ​ស៊ូដង់​សព្វថ្ងៃ​បាន​តម្រូវ​ឲ្យ​កងទ័ព​ឡើង​កាច់​ចង្កូត​ប្រទេស​ដើម្បី​រំងាប់​ស្ថានការណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ មុន​នឹង​ផ្ទេរ​អំណាច​ទៅ​ឲ្យ​ក្រុមស៊ីវិល​នៅ​ថ្ងៃ​ណា​មួយ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ និង​អ្វី​ដែល​ប្រជាជន​កំពុង​បារម្ភ​ខ្លាំង គឺ​ខ្លាច​ស៊ូដង់​ដែល​ទើប​ធ្លាក់​ពី​របបផ្តាច់ការ​ស៊ីវិល​ទៅ​ក្នុង​របប​ផ្តាច់ការ​យោធា​វិញ​ទេ ពោល ចេញ​រួច​ពី​ទ្រុង​ខ្លា​បែរ​ជា​ចូល​ទ្រង់​តោ​វិញ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ឧត្តមសេនីយ៍ ប៊ួរ៉ាន បុរសខ្លាំងថ្មីរបស់ស៊ូដង់ ជានរណា ?

    ស្វែងយល់បន្ថែម

  • ស៊ូដង់

    ហេតុអ្វី បាន​ជា​កងទ័ព​ទម្លាក់​ប្រធានាធិបតី​ស៊ូដង់ លោក អេលបាស្ហៀរ​នៅពេលនេះ?

    ស្វែងយល់បន្ថែម

  • ប្រមុខ​យោធា​ស៊ូដង់ ប្រកាស​បញ្ចប់​សករាជ​របស់​លោក Omar El Bechir

    ស្វែងយល់បន្ថែម

  • ស៊ូដង់៖ ប្រជាជន​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​កងទ័ព​ទម្លាក់​ប្រធានាធិបតី​អ៊ែលបាឆៀរ ពី​អំណាច

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ