ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
អាហ្វ្រិក

មេដឹកនាំ​ក្រុម​បាតុកម្ម ស៊ូដង់​ចង់​បង្កើត​អាជ្ញាធរ​ស៊ីវិល​ដឹកនាំប្រទេស

media ​ប្រជាជន​ស៊ូដង់​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​ដើម្បី ទាមទារ​ឲ្យ​បិទបញ្ចប់​ការកាន់អំណាច​របស់​កងទ័ព​ នៅ​ថ្ងៃទី ១៩ មេសា ២០១៩ ©REUTERS/Umit Bektas

នៅ​ចំពោះមុខ​ការក្រាញអំណាច​របស់​ក្រុមយោធា មេដឹកនាំ​ធ្វើ​បាតុកម្ម នៅ​ស៊ូដង់ បាន​ប្រកាស​នៅថ្ងៃ​សុក្រ​ម្សិលមិញ ពី​ផែនការ​បង្កើត​ក្រុមប្រឹក្សា​ស៊ីវិល​មួយ ដើម្បី​ចាត់ចែង​ដឹកនាំ​ប្រទេស។ គោលដៅ គឺ​ដើម្បី​ដាក់​សំពាធ​លើ​ក្រុមប្រឹក្សា​យោធា ដែល​កងទ័ព​បង្កើតឡើង នៅក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ផ្តាច់ការ លោក អូម៉ា អ៊ែល បេស្ហៀរ នៅថ្ងៃទី ១១​មេសា កន្លងទៅ។

 

បាតុកម្ម​ប្រឆាំង​មេដឹកនាំ​យោធោ នៅតែ​មិនចុះ​ថមថយ នៅ​ប្រទេស​ស៊ូដង់។ ៩​ថ្ងៃ​ក្រោយ រដ្ឋប្រហារ​យោធា បណ្តេញ ប្រធានាធិបតី​ផ្តាច់ការ លោក អូម៉ា អ៊ែលបេស្ហៀរ បាតុករ​ស៊ូដង់ ដែល​បាន​ធ្វើ​បាតុកម្ម ជាង​៤​ខែ​មកហើយ នៅ​ស៊ូដង់ នៅ​តែ​បន្ត​កាន់កាប់​ទីតាំង នៅ​មុខ​អគ្គសេនាធិការដ្ឋាន​កងទ័ព ក្នុង​ទីក្រុង​ខារទូម។

ប្រជាជន​ស៊ូដង់​បន្ត​ធ្វើ​បាតុកម្ម ព្រោះ​តែ​ពួកគេ​មិនយល់​ស្រប​ជាមួយ កងទ័ព ដែល​បានប្រកាស​បង្កើត​ក្រុមប្រឹក្សា​យោធា ឲ្យ​ធ្វើ​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​ក្នុង​សម័យ​អន្តរកាល ២​ឆ្នាំ។ នៅក្រោយ​រដ្ឋប្រហារ ក្រុម​ធ្វើ​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​សមាគម បុគ្គលិក​អាជីព​ស៊ូដង់ បាន​ទាមទារ​ចង់​ឲ្យ​ស៊ូដង់​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល ប៉ុន្តែ ក្រុមប្រឹក្សា​យោធា​ជំទាស់ បដិសេធ។

នៅក្នុង​បំណង​ដាក់សម្ពាធ​កាន់តែខ្លាំង ឲ្យ​កងទ័ព​ផ្ទេរអំណាច​ទៅ​ឲ្យ​ប្រជាជន​ស៊ីវិល មេដឹកនាំ​បាតុកម្ម​នៅ​ស៊ូដង់​បាន​ប្រកាស ពី​គម្រោង​បង្កើត​ក្រុមប្រឹក្សា​ស៊ីវិល​មួយ ដើម្បី ចាត់ចែង​ដឹកនាំ​ប្រទេស។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ក្រុមដឹកនាំ​បាតុកម្ម​នៅ​ស៊ូដង់​បាន​អះអាងថា នៅ​ថ្ងៃ​អាទិត្យ គេ​នឹង​ប្រកាស​ឲ្យ​ដឹង​ពី​សមាសភាព របស់​ក្រុមប្រឹក្សា​ស៊ីវិល ដែល​មាន​តួនាទី​ចាត់ចែង​កិច្ចការ​ប្រទេស​ជាតិ។ នៅក្នុង​ក្រុមប្រឹក្សា​ស៊ីវិល​នឹង​មាន​ផងដែរ ការចូលរួម​ពីអ្នកតំណាង​របស់​កងទ័ព។

រហូត​មកដល់​ល្ងាច​ថ្ងៃ​សុក្រ គេ​នៅ​មិនទាន់ឃើញ​មាន​ប្រតិកម្ម​របស់​ ប្រធាន​ក្រុមប្រឹក្សា​យោធា ឧត្តមសេនីយ​អាប់ឌែល ហ្វាតា អាល់បួរ៉ាន​នៅឡើយទេ។ សូមបញ្ជាក់ថា ឧត្តមសេនីយ​អាល់បួរ៉ាន ដែល​ត្រូវ​បាន​គេ​គ្រប់​គ្នា​ចាត់​ទុក​ជា​ឥស្សរជន នៅក្រៅ​ប្រព័ន្ធ​ដឹកនាំ​របស់​មេដឹកនាំ​ផ្តាច់ការ អ៊ែលបេស្ហៀរ បានផ្តើម​ធ្វើ​កំណែទម្រង់​​ស្ថានប័ន​កងទ័ព គាស់​ចេញ​ទាំង​ឫស​ បក្ខពួក​របស់​អតីត​ប្រធានាធិបតី​ផ្តាច់ការ និង​បាន​សន្យា​ដោះលែង​ក្រុមបាតុករ លើក​បម្រាម​គោចរ និង​ចាប់ជន​ដៃដល់ ដែល​បាន​សម្លាប់​បាតុករ ទៅ​កាត់ទោស។ សំខាន់​ជាង​នេះ ឧត្តមសេនីយ​អាល់បួរ៉ាន​បាន​សន្យា​ថា សម័យ​អន្តរកាល​ក្រោម​ការដឹកនាំ​របស់​ក្រុមប្រឹក្សា​យោធា របស់​លោក នឹង​មាន​រយៈពេល​យ៉ាង​យូរ​បំផុត  ២ឆ្នាំ មុន​នឹង​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល។ ប៉ុន្តែ ​បញ្ហា​នៅ​ត្រង់​ថា ប្រជាជន​ស៊ូដង់​មិន​សុខចិត្ត និង​បន្ត​ទាមទារ​ឲ្យ​មាន​ការផ្ទេរ​អំណាច​ភ្លាម​ទៅ​ឲ្យ​ក្រុមស៊ីវិល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ