អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ប្រជាមតិ​ដែល​បើកផ្លូវ​ឲ្យ​លោកស៊ីស៊ី កាន់អំណាច​ដល់​ឆ្នាំ ២០៣០

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជន​អេហ្ស៊ីប នៅ​ថ្ងៃ​សៅរ៍នេះ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ប្រជាមតិ ស្តី​ពី​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​សភា​ទើប​បាន​បោះឆ្នោត អនុម័ត​កាលពី​ថ្ងៃទី ១៦​មេសា​កន្លងទៅ។ ការបោះឆ្នោត​ប្រជាមតិ​ ទៅលើ​រដ្ឋធម្មនុញ្ញ​ថ្មី មាន​គោលដៅ​ទៅ​ពន្យារ​អាណត្តិ​ដឹកនាំ​ប្រទេស​របស់​លោកប្រធានាធិបតី ស៊ីស៊ី រហូត​ដល់​ឆ្នាំ ២០៣០។ 

បុរសម្នាក់​ដើរកាត់​មុខ​ផ្ទាំង​ផ្សព្វផ្សាយ​មាន​រូប​ប្រធានាធិបតី​អេហ្ស៊ីប ស៊ីស៊ី នៅ​មុន​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ដែល​នឹង​ធ្វើ​ឲ្យលោក​ស៊ីស៊ី កាន់អំណាច​នៅ​អេហ្ស៊ីប ដល់​ឆ្នាំ ២០៣០
បុរសម្នាក់​ដើរកាត់​មុខ​ផ្ទាំង​ផ្សព្វផ្សាយ​មាន​រូប​ប្រធានាធិបតី​អេហ្ស៊ីប ស៊ីស៊ី នៅ​មុន​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ដែល​នឹង​ធ្វើ​ឲ្យលោក​ស៊ីស៊ី កាន់អំណាច​នៅ​អេហ្ស៊ីប ដល់​ឆ្នាំ ២០៣០ ©REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​សៅរ៍​ទី ២០ មេសា រហូតដល់​ថ្ងៃ​ចន្ទទី ២២ មេសា ប្រជាជន​អេហ្ស៊ីប ជាង ៥០​លាន​នាក់ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ទៅ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​រដ្ឋសភា​ទើប​តែ​បោះឆ្នោត​អនុម័ត ជាមួយ​នឹង​សំឡេង​ភាគច្រើន កាលពី​ថ្ងៃ​អង្គារ ទី ១៦ មេសា។

អ្វីៗ​គឺ​ប្រព្រឹត្ត​ទៅ​យ៉ាងលឿន​នៅអេហ្ស៊ីប។ នៅ​ថ្ងៃ​អង្គារ ជាមួយ​និង​សំលេង​ភាគច្រើន។ នៅ​មួយថ្ងៃ​ក្រោយ រដ្ឋសភា​អេហ្ស៊ីប​បាន​ធ្វើ​កំណែទម្រង់ និង​បោះឆ្នោត​អនុម័ត រដ្ឋធម្មនុញ្ញថ្មី ស្រាប់តែ អាជ្ញាធរ​អេហ្ស៊ីប​បាន​ប្រកាស​យក​ថ្ងៃ​សៅរ៍ ទី​២០​រហូត​ដល់​ថ្ងៃចន្ទ ដើម្បី​រៀបចំបោះឆ្នោត​ប្រជាមតិ។

នៅ​អេហ្ស៊ីប ក្រុមបក្ស​អ្នកប្រឆាំង ដែលមាន​សំលេង​ដ៏តិច​បំផុត នៅ​រដ្ឋសភា បាន​តវ៉ា ថា អាជ្ញាធរ​មិនបាន​ទុកពេល​គ្រប់គ្រាន់ ឲ្យ​គេ​បាន​ចុះ​ទៅ​ពន្យល់​ប្រជាជន​ឲ្យ​បាន​យល់​ពី​ចំណុចអវិជ្ជមាន​របស់​រដ្ឋធម្មនុញ្ញ​ថ្មី នៅក្រោយកំណែទម្រង់នោះទេ។

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ដូចជា AFP ឬ​ Reuters ជាដើម នៅ​គ្រប់កន្លែង គឺ​មាន​បិទ​ផ្ទាំងផ្សព្វផ្សាយ​ដែល​មាន​រូបលោកប្រធានាធិបតី ស៊ីស៊ី ជាមួយ​នឹង​ឃ្លា​សរសេរ​ថា ឆ្លើយ​ព្រម ដើម្បី ស្ថិរភាព និង​សុវត្ថិភាព។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​ព័ត៌មាន​ផ្សភ្លូកទឹក ភ្លូកដី​របស់​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​ដែល​គាំទ្រ​លោកប្រធានាធិបតី​ស៊ីស៊ី ដែល​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​គាំទ្រ រដ្ឋធម្មនុញ្ញ​ថ្មី​នេះផង។

រដ្ឋធម្មនុញ្ញ​ដែល​នឹងបើកផ្លូវ​ឲ្យលោក​ប្រធានាធិបតី ស៊ីស៊ី កាន់អំណាច រហូត​ដល់​ឆ្នាំ ២០៣០

ទៅ​តាម​រដ្ឋធម្មនុញ្ញ​ចាស់ ដែល​ត្រូវ​បាន​ធ្វើ​កំណែទម្រង់​ម្តង​ហើយ កាលពី​ឆ្នាំ ២០១៤  គឺ​នៅក្រោយ​បដិវត្តន៍​អារ៉ាប់ ឆ្នាំ ២០១១ ប្រធានាធិបតី​មាន​សិទ្ធិ​ដឹកនាំ​ប្រទេស​តែ ២អាណត្តិ​ទេ ហើយ​ក្នុង​មួយ​អាណត្តិ​គឺ​មាន​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ។

ទៅតាម​រដ្ឋធម្មនុញ្ញ​ចាស់ លោក​ប្រធានាធិបតី អេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី អាច​មាន​សិទ្ធិ​កាន់អំណាច រហូត​ដល់​ឆ្នាំ ២០២២​តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា នៅ​ក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ស៊ីវិល លោក​ម៉រស៊ី នៅ​ឆ្នាំ ២០១៣ មេទ័ព​ស៊ីស៊ី បាន​ទទួល​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី អេហ្ស៊ីប នៅ​ឆ្នាំ ២០១៤ ​ សម្រាប់​អាណត្តិ​ដឹកនាំ​ប្រទេស ៤​ឆ្នាំ។ នៅឆ្នាំ ២០១៨ ដោយសារ​តែ​គ្មាន​គណបក្សច្រើន សម្រាប់​ប្រកួត ប្រជែង លោក​ប្រធានាធិបតី​ស៊ីស៊ី បាន​ទទួល​​ជ័យជំនះ​ដ៏ធំធេង ដើម្បី​ដឹកនាំ​ប្រទេស​ដល់​ឆ្នាំ ២០២២។

ប៉ុន្តែ ក្រុមយោធា និង​បក្ស​ពួករបស់​លោកប្រធានាធិបតី ស៊ីស៊ី ដែល​មាន​សំលេង​ភាគច្រើន​នៅរដ្ឋសភា មិន​ចង់​ឲ្យ​អាណត្តិ​របស់​លោក​ស៊ីស៊ី បិទបញ្ចប់​ត្រឹមនេះទេ។ ពួកគេ​បាន​ធ្វើ​កំណែទម្រង់ រដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៤ ដោយ​បាន​បង្កើន​រយៈពេល​អាណត្តិ​ពី​៤ ដល់ ៦ឆ្នាំ។ រដ្ឋធម្មនុញ្ញ​ថ្មី បាន​ចែង​ថា ប្រធានាធិបតី​មាន​សិទ្ធិដឹកនាំ​តែ​២អាណត្តិ​ដដែល ប៉ុន្តែ សភា ដែល​គ្រប់គ្រង​ដោយ​អ្នកគាំទ្រ​លោក​ប្រធានាធិបតី ស៊ីស៊ី បាន​បង្កើត​ករណី​ពិសេស ដល់​លោកប្រធានាធិបតី​ស៊ីស៊ី។ នោះ គឺ​លោកប្រធានាធិបតី ស៊ីស៊ី នឹង​អាច​ឈរ ឈ្មោះ សម្រាប់​អាណត្តិ​ទី៣។ មានន័យថា លោក​ស៊ីស៊ី មិនត្រឹមតែ​អាច​ពន្យារ​អាណត្តិ​ទី​២ របស់​ដល់​ឆ្នាំ ២០២៤​តែប៉ុណ្ណោះទេ ប៉ុន្តែ លោក​នឹង​អាច​ដឹកនាំ​អេហ្ស៊ីប ដល់​ឆ្នាំ ២០៣០ បើសិន​លោក​បន្ត​ឈរឈ្មោះ សម្រាប់​អាណត្តិទី ៣។

ពង្រឹង​អំណាច​យោធាឡើងវិញ នៅអេហ្ស៊ីប

ដោយ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ថ្មី លោកប្រធានាធិបតី​ស៊ីស៊ី ដែល​មាន​ប្រភពចេញមក​ពី​ខាងកងទ័ព មិន​ត្រឹមតែ​ចង់ពន្យារ​អំណាច របស់លោកទេ ប៉ុន្តែ លោក​ក៏ចង់​ផងដែរ ពង្រឹង​អំណាច​យោធា​នៅ​អេហ្ស៊ីប។ រដ្ឋធម្មនុញ្ញ​ថ្មី​បាន​ចែងចាត់ទុក តួនាទី​របស់​កងទ័ព​ថា ជា​ឆ្មាំ​ការពារ ប្រជាធិបតេយ្យ មូលដ្ឋាន​គ្រឹះ របស់​ប្រទេសជាតិ។ រដ្ឋធម្មនុញ្ញ​ថ្មី​បាន​ផ្តល់​ផងដែរ អំណាច​ ដល់​ប្រធានាធិបតី ក្នុង​ការជ្រើសរើស​ចៅក្រម នៅ​តុលាការ​កំពូល និង​រដ្ឋអាជ្ញា​របស់​ប្រទេស។ លើសពីនេះ​ទៀត រដ្ឋធម្មនុញ្ញ​ដែលគណបក្ស​កាន់អំណាច បានធ្វើ​កំណែទម្រង់ កែប្រែថ្មី ផ្តល់​សិទ្ធិ​អំណាច ពង្រីកដែន យុត្តាធិការ​របស់​តុលាការ​យោធា រហូតដល់សំណុំរឿង​ស៊ីវិល។

លោក​អាល់ស៊ីស៊ី បើទោះបី​ជា​ជាប់ឆ្នោត ជា​ប្រធានាធិបតី តាមរយៈ ការបោះឆ្នោត ប៉ុន្តែវិធីសាស្រ្ត​ដឹកនាំ​របស់លោក គឺ​នៅ​តែ​ដាច់ខាត និង​ផ្តាច់ការ​ដដែល។ នៅ​ក្រោម​អាណត្តិ​ដឹកនាំ​របស់​លោកប្រធានាធិបតី​ស៊ីស៊ី គណបក្ស​ប្រឆាំង ហើយ​និង​សកម្មជន​រិះគន់​រដ្ឋាភិបាល ត្រូវ​បាន​គេ​បង្រ្កាប ចាប់ដាក់​ពន្ធនាគារ យ៉ាងច្រើន​ក្រាស់ក្រែល។ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​លើកឡើង​ពីករណី​ចាប់​ដាក់​ពន្ធនាគារ រាល់ អ្នកនយោបាយប្រឆាំង អ្នកកាសែត ហើយ​និង​អ្នកដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់ អាជ្ញាធរ​អេហ្ស៊ីប ឬ​លោក​ប្រធានាធិបតី​ស៊ីស៊ី។ ដោយសារ​តែ​ចាប់មន្រ្តីបក្ស​ប្រឆាំង​ដាក់ពន្ធនាគារ​នឹងហើយ បាន​ជា​លោក ស៊ីស៊ី បាន​ឈ្នះឆ្នោត សំលេង​ច្រើនបំផុត នៅ​ឆ្នាំ ២០១៨។

សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស លោក​ស៊ីស៊ី ជា​ប្រធានាធិបតី​ផ្តាច់ការ និង​ចង់​ស្តារ​ចាក់គ្រឹះ ឡើងវិញ អំណាច​យោធា នៅ​អេហ្ស៊ីប។ ប៉ុន្តែ សម្រាប់​ក្រសែភ្នែក​របស់​សហគមន៍​អន្តរជាតិ​ជាពិសេស ប្រទេស​មហាអំណាច លោកខាងលិច លោកស៊ីស៊ី ជា​មេដឹកនាំ អេហ្ស៊ីប ដែល​ចូលរួម​ជួយ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅក្នុង​តំបន់។ ក្នុង​កែវភ្នែក​របស់​ប្រជាជន​អេហ្ស៊ីប​វិញ លោក​ប្រធានាធិបតី​ស៊ីស៊ី មាន​សមត្ថភាព​ធានា​ស្ថិរភាព និង​សន្តិសុខ នៅក្នុង​ប្រទេស។ ចំណុច​នេះ សំខាន់ណាស់ សម្រាប់​ប្រជាជន​អេហ្ស៊ីប ព្រោះថា ស្ថិរភាព និង​សន្តិសុខ នឹង​ជួយ​ជំរុញ វិស័យ​ទេសចរណ៍ ដែល​ជា​ឆ្នាំងបាយ សេដ្ឋកិច្ច របស់​ប្រទេស និង​ប្រជាជន​អេហ្ស៊ីប បន្ទាប់​ពី​រងទុក្ខ​អស់​ជាច្រើនឆ្នាំ តាំង ពីមាន​បដិវត្ត​អារ៉ាប់ ឆ្នាំ ២០១១។ អាច​ថា នៅ​ពេលនេះ ប្រជាជនអេហ្ស៊ីប យល់ព្រម ឲ្យ​លោក​ប្រធានាធិបតី​ស៊ីស៊ី បន្ត​កាន់អំណាច ដើម្បី ស្រោចស្រង់ ប្រទេស ដែលកំពុង​ប្រឈម​នឹង​ផលវិបាក​សេដ្ឋកិច្ច និង​អសន្តិសុខ ដោយសារ​ក្រុមភេរវនិយម។ ប៉ុន្តែ នៅថ្ងៃ​ណាមួយ​ដែលលោក ប្រធានាធិបតី​ស៊ីស៊ី ពង្រឹង​អំណាច​ផ្តាច់ការ កាន់តែ​ខ្លាំង ប្រជាជន​អេហ្ស៊ីប​ដែលអាច​​រងគ្រោះ​ដោយសារ​អំពើពុករលួយ ការរំលោភអំណាច​របស់​អាជ្ញាធរ ប្រាកដ​ជា​នឹង​ត្រលប់​មក​ធ្វើ​បដិវត្តន៍ បណ្តេញ​មេដឹកនាំ​ផ្តាច់ការ សាជាថ្មី ដូចកាលពី​ឆ្នាំ ២០១១​អីចឹងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ