ប្រជាជនអេហ្ស៊ីបបោះឆ្នោតប្រជាមតិដែលបើកផ្លូវឲ្យលោកស៊ីស៊ី កាន់អំណាចដល់ឆ្នាំ ២០៣០
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៩
ប្រជាជនអេហ្ស៊ីប នៅថ្ងៃសៅរ៍នេះ ត្រូវបានអំពាវនាវឲ្យទៅចូលរួមបោះឆ្នោតប្រជាមតិ ស្តីពីរដ្ឋធម្មនុញ្ញថ្មី ដែលសភាទើបបានបោះឆ្នោត អនុម័តកាលពីថ្ងៃទី ១៦មេសាកន្លងទៅ។ ការបោះឆ្នោតប្រជាមតិ ទៅលើរដ្ឋធម្មនុញ្ញថ្មី មានគោលដៅទៅពន្យារអាណត្តិដឹកនាំប្រទេសរបស់លោកប្រធានាធិបតី ស៊ីស៊ី រហូតដល់ឆ្នាំ ២០៣០។
ចាប់ពីថ្ងៃសៅរ៍ទី ២០ មេសា រហូតដល់ថ្ងៃចន្ទទី ២២ មេសា ប្រជាជនអេហ្ស៊ីប ជាង ៥០លាននាក់ ត្រូវបានអំពាវនាវឲ្យទៅបោះឆ្នោតប្រជាមតិស្តីពីរដ្ឋធម្មនុញ្ញថ្មី ដែលរដ្ឋសភាទើបតែបោះឆ្នោតអនុម័ត ជាមួយនឹងសំឡេងភាគច្រើន កាលពីថ្ងៃអង្គារ ទី ១៦ មេសា។
អ្វីៗគឺប្រព្រឹត្តទៅយ៉ាងលឿននៅអេហ្ស៊ីប។ នៅថ្ងៃអង្គារ ជាមួយនិងសំលេងភាគច្រើន។ នៅមួយថ្ងៃក្រោយ រដ្ឋសភាអេហ្ស៊ីបបានធ្វើកំណែទម្រង់ និងបោះឆ្នោតអនុម័ត រដ្ឋធម្មនុញ្ញថ្មី ស្រាប់តែ អាជ្ញាធរអេហ្ស៊ីបបានប្រកាសយកថ្ងៃសៅរ៍ ទី២០រហូតដល់ថ្ងៃចន្ទ ដើម្បីរៀបចំបោះឆ្នោតប្រជាមតិ។
នៅអេហ្ស៊ីប ក្រុមបក្សអ្នកប្រឆាំង ដែលមានសំលេងដ៏តិចបំផុត នៅរដ្ឋសភា បានតវ៉ា ថា អាជ្ញាធរមិនបានទុកពេលគ្រប់គ្រាន់ ឲ្យគេបានចុះទៅពន្យល់ប្រជាជនឲ្យបានយល់ពីចំណុចអវិជ្ជមានរបស់រដ្ឋធម្មនុញ្ញថ្មី នៅក្រោយកំណែទម្រង់នោះទេ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបរទេសដូចជា AFP ឬ Reuters ជាដើម នៅគ្រប់កន្លែង គឺមានបិទផ្ទាំងផ្សព្វផ្សាយដែលមានរូបលោកប្រធានាធិបតី ស៊ីស៊ី ជាមួយនឹងឃ្លាសរសេរថា ឆ្លើយព្រម ដើម្បី ស្ថិរភាព និងសុវត្ថិភាព។ នេះគេនៅមិនទាន់និយាយពីព័ត៌មានផ្សភ្លូកទឹក ភ្លូកដីរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនដែលគាំទ្រលោកប្រធានាធិបតីស៊ីស៊ី ដែលបានជំរុញលើកទឹកចិត្តឲ្យប្រជាជនទៅបោះឆ្នោតគាំទ្រ រដ្ឋធម្មនុញ្ញថ្មីនេះផង។
រដ្ឋធម្មនុញ្ញដែលនឹងបើកផ្លូវឲ្យលោកប្រធានាធិបតី ស៊ីស៊ី កាន់អំណាច រហូតដល់ឆ្នាំ ២០៣០
ទៅតាមរដ្ឋធម្មនុញ្ញចាស់ ដែលត្រូវបានធ្វើកំណែទម្រង់ម្តងហើយ កាលពីឆ្នាំ ២០១៤ គឺនៅក្រោយបដិវត្តន៍អារ៉ាប់ ឆ្នាំ ២០១១ ប្រធានាធិបតីមានសិទ្ធិដឹកនាំប្រទេសតែ ២អាណត្តិទេ ហើយក្នុងមួយអាណត្តិគឺមានតែ៤ឆ្នាំប៉ុណ្ណោះ។
ទៅតាមរដ្ឋធម្មនុញ្ញចាស់ លោកប្រធានាធិបតី អេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី អាចមានសិទ្ធិកាន់អំណាច រហូតដល់ឆ្នាំ ២០២២តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា នៅក្រោយធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីស៊ីវិល លោកម៉រស៊ី នៅឆ្នាំ ២០១៣ មេទ័ពស៊ីស៊ី បានទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី អេហ្ស៊ីប នៅឆ្នាំ ២០១៤ សម្រាប់អាណត្តិដឹកនាំប្រទេស ៤ឆ្នាំ។ នៅឆ្នាំ ២០១៨ ដោយសារតែគ្មានគណបក្សច្រើន សម្រាប់ប្រកួត ប្រជែង លោកប្រធានាធិបតីស៊ីស៊ី បានទទួលជ័យជំនះដ៏ធំធេង ដើម្បីដឹកនាំប្រទេសដល់ឆ្នាំ ២០២២។
ប៉ុន្តែ ក្រុមយោធា និងបក្សពួករបស់លោកប្រធានាធិបតី ស៊ីស៊ី ដែលមានសំលេងភាគច្រើននៅរដ្ឋសភា មិនចង់ឲ្យអាណត្តិរបស់លោកស៊ីស៊ី បិទបញ្ចប់ត្រឹមនេះទេ។ ពួកគេបានធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៤ ដោយបានបង្កើនរយៈពេលអាណត្តិពី៤ ដល់ ៦ឆ្នាំ។ រដ្ឋធម្មនុញ្ញថ្មី បានចែងថា ប្រធានាធិបតីមានសិទ្ធិដឹកនាំតែ២អាណត្តិដដែល ប៉ុន្តែ សភា ដែលគ្រប់គ្រងដោយអ្នកគាំទ្រលោកប្រធានាធិបតី ស៊ីស៊ី បានបង្កើតករណីពិសេស ដល់លោកប្រធានាធិបតីស៊ីស៊ី។ នោះ គឺលោកប្រធានាធិបតី ស៊ីស៊ី នឹងអាចឈរ ឈ្មោះ សម្រាប់អាណត្តិទី៣។ មានន័យថា លោកស៊ីស៊ី មិនត្រឹមតែអាចពន្យារអាណត្តិទី២ របស់ដល់ឆ្នាំ ២០២៤តែប៉ុណ្ណោះទេ ប៉ុន្តែ លោកនឹងអាចដឹកនាំអេហ្ស៊ីប ដល់ឆ្នាំ ២០៣០ បើសិនលោកបន្តឈរឈ្មោះ សម្រាប់អាណត្តិទី ៣។
ពង្រឹងអំណាចយោធាឡើងវិញ នៅអេហ្ស៊ីប
ដោយធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថ្មី លោកប្រធានាធិបតីស៊ីស៊ី ដែលមានប្រភពចេញមកពីខាងកងទ័ព មិនត្រឹមតែចង់ពន្យារអំណាច របស់លោកទេ ប៉ុន្តែ លោកក៏ចង់ផងដែរ ពង្រឹងអំណាចយោធានៅអេហ្ស៊ីប។ រដ្ឋធម្មនុញ្ញថ្មីបានចែងចាត់ទុក តួនាទីរបស់កងទ័ពថា ជាឆ្មាំការពារ ប្រជាធិបតេយ្យ មូលដ្ឋានគ្រឹះ របស់ប្រទេសជាតិ។ រដ្ឋធម្មនុញ្ញថ្មីបានផ្តល់ផងដែរ អំណាច ដល់ប្រធានាធិបតី ក្នុងការជ្រើសរើសចៅក្រម នៅតុលាការកំពូល និងរដ្ឋអាជ្ញារបស់ប្រទេស។ លើសពីនេះទៀត រដ្ឋធម្មនុញ្ញដែលគណបក្សកាន់អំណាច បានធ្វើកំណែទម្រង់ កែប្រែថ្មី ផ្តល់សិទ្ធិអំណាច ពង្រីកដែន យុត្តាធិការរបស់តុលាការយោធា រហូតដល់សំណុំរឿងស៊ីវិល។
លោកអាល់ស៊ីស៊ី បើទោះបីជាជាប់ឆ្នោត ជាប្រធានាធិបតី តាមរយៈ ការបោះឆ្នោត ប៉ុន្តែវិធីសាស្រ្តដឹកនាំរបស់លោក គឺនៅតែដាច់ខាត និងផ្តាច់ការដដែល។ នៅក្រោមអាណត្តិដឹកនាំរបស់លោកប្រធានាធិបតីស៊ីស៊ី គណបក្សប្រឆាំង ហើយនិងសកម្មជនរិះគន់រដ្ឋាភិបាល ត្រូវបានគេបង្រ្កាប ចាប់ដាក់ពន្ធនាគារ យ៉ាងច្រើនក្រាស់ក្រែល។ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិបានលើកឡើងពីករណីចាប់ដាក់ពន្ធនាគារ រាល់ អ្នកនយោបាយប្រឆាំង អ្នកកាសែត ហើយនិងអ្នកដែលហ៊ានបញ្ចេញមតិរិះគន់ អាជ្ញាធរអេហ្ស៊ីប ឬលោកប្រធានាធិបតីស៊ីស៊ី។ ដោយសារតែចាប់មន្រ្តីបក្សប្រឆាំងដាក់ពន្ធនាគារនឹងហើយ បានជាលោក ស៊ីស៊ី បានឈ្នះឆ្នោត សំលេងច្រើនបំផុត នៅឆ្នាំ ២០១៨។
សម្រាប់អ្នកការពារសិទ្ធិមនុស្ស លោកស៊ីស៊ី ជាប្រធានាធិបតីផ្តាច់ការ និងចង់ស្តារចាក់គ្រឹះ ឡើងវិញ អំណាចយោធា នៅអេហ្ស៊ីប។ ប៉ុន្តែ សម្រាប់ក្រសែភ្នែករបស់សហគមន៍អន្តរជាតិជាពិសេស ប្រទេសមហាអំណាច លោកខាងលិច លោកស៊ីស៊ី ជាមេដឹកនាំ អេហ្ស៊ីប ដែលចូលរួមជួយ ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម នៅក្នុងតំបន់។ ក្នុងកែវភ្នែករបស់ប្រជាជនអេហ្ស៊ីបវិញ លោកប្រធានាធិបតីស៊ីស៊ី មានសមត្ថភាពធានាស្ថិរភាព និងសន្តិសុខ នៅក្នុងប្រទេស។ ចំណុចនេះ សំខាន់ណាស់ សម្រាប់ប្រជាជនអេហ្ស៊ីប ព្រោះថា ស្ថិរភាព និងសន្តិសុខ នឹងជួយជំរុញ វិស័យទេសចរណ៍ ដែលជាឆ្នាំងបាយ សេដ្ឋកិច្ច របស់ប្រទេស និងប្រជាជនអេហ្ស៊ីប បន្ទាប់ពីរងទុក្ខអស់ជាច្រើនឆ្នាំ តាំង ពីមានបដិវត្តអារ៉ាប់ ឆ្នាំ ២០១១។ អាចថា នៅពេលនេះ ប្រជាជនអេហ្ស៊ីប យល់ព្រម ឲ្យលោកប្រធានាធិបតីស៊ីស៊ី បន្តកាន់អំណាច ដើម្បី ស្រោចស្រង់ ប្រទេស ដែលកំពុងប្រឈមនឹងផលវិបាកសេដ្ឋកិច្ច និងអសន្តិសុខ ដោយសារក្រុមភេរវនិយម។ ប៉ុន្តែ នៅថ្ងៃណាមួយដែលលោក ប្រធានាធិបតីស៊ីស៊ី ពង្រឹងអំណាចផ្តាច់ការ កាន់តែខ្លាំង ប្រជាជនអេហ្ស៊ីបដែលអាចរងគ្រោះដោយសារអំពើពុករលួយ ការរំលោភអំណាចរបស់អាជ្ញាធរ ប្រាកដជានឹងត្រលប់មកធ្វើបដិវត្តន៍ បណ្តេញមេដឹកនាំផ្តាច់ការ សាជាថ្មី ដូចកាលពីឆ្នាំ ២០១១អីចឹងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ