អានតួអត្ថបទ

សហរដ្ឋ​អាមេរិក​ ក្រឡាស់​​​​ជំហរ​ មក​គាំទ្រ​ក្រុម​យោធា​ជា​គូប្រជែង​រដ្ឋាភិបាលលីប៊ី

សហរដ្ឋ​អាមេរិក បាន​សម្រេច​ប្រកាន់​យក​ជំហរ​គាំទ្រ​សេនាប្រមុខ ខាលីហ្វា ហាវតារ (Khalifa Haftar ) ដែល​កំពុង​បើក​ប្រតិបត្តិការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លីប៊ី ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។ នៅ​ថ្ងៃ​សុក្រ​ទី ១៩ មេសា​ ម្សិលមិញ សេតវិមាន​បាន​ប្រកាស​ថា លោក ដូណាល់ ត្រាំ បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​បុរស​ខ្លាំង​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស។ នេះ​ជា​ការ​ក្រឡាស់​​ជំហរទាំង​ស្រុង​របស់​អាមេរិក ព្រោះ​សូម​បញ្ជាក់​ថា​សេនាប្រមុខ​ ហាវតា​ ជា​គូប្រជែង​នឹង​រដ្ឋាភិបាល​លីប៊ី​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។

ក្រុង​ទីប៉ុលី ថ្ងៃទី ១៩ មេសា ២០១៩ បាតុកម្ម​ប្រឆាំង​នឹងប្រតិបត្តការ​យោធា​របស់​​ក្រុម​សេនាប្រមុខ Haftar
ក្រុង​ទីប៉ុលី ថ្ងៃទី ១៩ មេសា ២០១៩ បាតុកម្ម​ប្រឆាំង​នឹងប្រតិបត្តការ​យោធា​របស់​​ក្រុម​សេនាប្រមុខ Haftar REUTERS/Ahmed Jadallah
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ដែល​សេតវិមាន​បាន​ប្រកាស​ផ្សព្វផ្សាយ​ អំពី​ការ​ផ្លាស់​ជំហរ​ ក្រឡាប់​ចាក់​​របស់​លោក ដូណាល់ ត្រាំ នៅ​ក្នុង​សំណុំ​រឿង​លីប៊ី និង​បញ្ជាក់​អំពី​ជំនួប​សន្ទនា​ តាម​ទូរស័ព្ទកាលពី​ដើម​សប្តាហ៍​រវាង​​លោកប្រធានាធិបតី និង​​សេនាប្រមុខ ហាវតារ។ ការ​ផ្លាស់ប្តូរ​ជំហរ ដោយ​ហេតុ​តែ​អាមេរិក មាន​ទស្សនៈ​វិស័យ​រួមដូច​លីប៊ី គឺ​ចង់​រក្សា​តួនាទី​ដ៏​សំខាន់​​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ និង​ក្នុង​ការ​រក្សា​សន្តិសុខ​ប្រភព​ធនធាន​ប្រេងកាត របស់ប្រទេសលីប៊ី។

ជាង​ពីរ​សប្តាហ៍​ក្រោយ​ការ​បើក​ប្រតិបត្តិការ​យោធា ប្រឆាំង​នឹង​អាជ្ញាធរ​ក្រុង​ទ្រីប៉ូលី រដ្ឋបាល​អាមេរិក​ សម្រេច​ងា​ក​ទៅ​គាំទ្រ​យ៉ាង​ច្បាស់​លាស់ ក្រុម​ដែល​បាន​ប្រើ​អាវុធ​វាយ​លើ​រដ្ឋាភិបាល​លីប៊ី​ដឹកនាំ​ដោយ​លោក Fayez al-Sarraj អាជ្ញាធរ​​ស្របច្បាប់​តែ​មួយ​គត់​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ កាលពី​ថ្ងៃចន្ទ ជាមួយ​រុស្ស៊ី អាមេរិក​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តី​សម្រេចចិត្តរបស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ស្តី​អំពី​បទ​ឈប់បាញ់ ស្នើ​ដោយ​អង់គ្លេស។​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន ! មុន​ការ​បើក​យុទ្ធនាការ​បង្ហូរ​ឈាម​របស់​ក្រុម​សេនាប្រមុខ​ហាហ្វតារ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​អំពាវនាវឱ្យ​ក្រុម​នេះ​បញ្ឈប់​ជា​បន្ទាន់​ប្រតិបត្តិការ​យោធា​។ “យើង​ប្រឆាំង​នឹង​ការ​វាយលុក” នេះ​ជាសេចក្តី​ប្រកាស​របស់​លោក ប៉ុមប៉េអូ។ តែនៅ​ថ្ងៃ​នេះ លោក ដូណាល់ ត្រាំ​ ផ្តល់សារ​​ផ្ទុយទៅ​វិញ ដោយ​បាន​ទូរស័ព្ទ​​ ទៅគាំទ្រ​ប្រតិបត្តិការ​យោធា ​ ​របស់​លោក​សេនាប្រមុខ​ ហាវតារ​ ដើម្បី​ត្រួត​ត្រាលីប៊ី​​បាន​ទាំង​ស្រុងទៅ​វិញ។ ប្រតិបត្តិការ​ដែល​អង្គការ​សហប្រជាជាតិ ចាត់ទុក​ ជា “រដ្ឋប្រហារ” សោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ