អានតួអត្ថបទ
ស៊ូដង់

ក្រោយធ្លាក់​ពីតំណែង អតីត​ប្រធានាធិបតី​ស៊ូដង់ អ៊ែលបេស្ហៀរ ត្រូវ​ចោទប្រកាន់​ពីបទ​លាងលុយ

រដ្ឋអាជ្ញា​ស៊ូដង់​បាន​បើក​ការស៊ើបអង្កេត​លើ​ការលាងលុយ និង​ការកាន់កាប់​លុយ​ខុសច្បាប់​របស់​លោក​អ៊ែលបេស្ហៀរ ដែល​ទើប​ត្រូវ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​ប្រធានាធិបតី កាលពី​ថ្ងៃ​ទី​១១​មេសា។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ដែល​ដកស្រង់​ប្រភព​ពី​មន្រ្តី​យុត្តិធម៌​ស៊ូដង់។ សមាគម​បុគ្គលិក​អាជីព​ស៊ូដង់​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បាតុកម្ម​របស់​ប្រជាជន ជាង ៤​ខែ​មកហើយ​បាន​ទាមទារ​ឲ្យ​មាន​ការកាត់ទោស អតីតប្រធានាធិបតី​ផ្តាច់ការ ហើយ​និង​ក្រុមបក្សពួក​ដែល​ពុករលួយ នៅ​មុខតុលាការ។

លោក​អ៊ែលបេស្ហៀរ​នៅមុន​ពេល​ត្រូវ​កងទ័ព​ទម្លាក់​ចេញពីតំណែង​ បានទទួល​ប្រធានាធិបតី​ឆាត នៅ​ថ្ងៃទី ៤​មេសា ២០១៩
លោក​អ៊ែលបេស្ហៀរ​នៅមុន​ពេល​ត្រូវ​កងទ័ព​ទម្លាក់​ចេញពីតំណែង​ បានទទួល​ប្រធានាធិបតី​ឆាត នៅ​ថ្ងៃទី ៤​មេសា ២០១៩ Ebrahim Hamid / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​រដ្ឋប្រហារ​ទម្លាក់​ចេញពីតំណែង ប្រធានាធិបតី ស៊ូដង់ លោក​អូម៉ា អ៊ែល បេស្ហៀរ ដែល​ត្រូវ​កងទ័ព​ចាប់ដាក់ឃុំ នៅ​ពន្ធនាគារ តាំង​ពី​ថ្ងៃទី ១១​មេសា ត្រូវ​រងការចោទប្រកាន់ពី​រដ្ឋអាជ្ញាធរ ក្នុង​បទ​លាងលុយ ហើយ​និង​កាន់កាប់​លុយ​ខុសច្បាប់។

តាម​ប្រភព​មន្រ្តីច្បាប់​ស៊ូដង់ រដ្ឋអាជ្ញារ​ស៊ូដង់ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ប្រកាស​បើក​ការស៊ើបអង្កេត​ទៅលើ​អតីត​ប្រធានាធិបតី​ផ្តាច់ការ អ៊ែល បេស្ហៀរ បន្ទាប់​ពីគេ​បាន​រកឃើញ​វ៉ាលីស ​ដាក់​លុយសុទ្ធ​រាប់លាន​ដុល្លារ នៅក្នុង​គេហដ្ឋាន​របស់​លោក​អ៊ែល បេស្ហៀរ។ នៅក្នុងប្រតិបត្តិការ​ចុះ​ឆែកឆេរ ផ្ទះ​របស់​លោក​អ៊ែល បេស្ហៀរ នៅ​រដ្ឋធានី​ខាទូម ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យោធា បានប្រទះ​ឃើញ កញ្ចប់ដាក់​អីវ៉ាន់ ដែល​ច្រកពេញ ដោយ​ក្រដាសប្រាក់​ដុល្លារ ជាង ៣សែន​ដុល្លារ ប្រាក់អឺរ៉ូ​ចំនួន​៦លាន​អឺរ៉ូ ហើយ​និង​លុយស៊ូដង់ ៥លាន​ផោន។

តាមប្រភព​មន្រ្តី​ស៊ូដង់ដដែល រដ្ឋអាជ្ញា​នឹង​ចូល​ទៅ​សួរ​ចម្លើយ អតីត​ប្រធានាធិបតី​អ៊ែលបេស្ហៀរ នៅ​ពន្ធនាគារ Kobar នៅក្នុង​និតិវិធី​ឈាន​ទៅ​បើក​សវនាការ កាត់ទោស លោក​បេស្ហៀរ នៅ​ស៊ូដង់។ នៅក្រោយ​ចាប់ឃុំខ្លួន​លោក​អ៊ែលបេស្ហៀរ កងទ័ព​ស៊ូដង់​ធ្លាប់​បាន​បញ្ជាក់ហើយ​ថា នឹង​មិនចាប់​បញ្ជូន ខ្លួន​លោក​ទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​កំពុង​តាមរក​ចាប់ខ្លួនលោក ក្នុងបទចោទប្រកាន់​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ នៅ​ដាហ្វួរនោះទេ។

នៅ​ថ្ងៃ​សៅរ៍ រដ្ឋអាជ្ញា​បាន​ប្រកាស​ផងដែរ បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស៊ើបអង្កេត​លើ​សំណុំរឿង​ពុករលួយ។ ក្រុមប្រឹក្សា​យោធា​បាន​ចាត់វិធានការ​ជាច្រើន ដូចជា​ការចាប់ខ្លួន សមាជិក​រដ្ឋាភិបាល និង​ជនដៃដល់​ដែល​មានពាក់ព័ន្ធ​នឹង​ការសម្លាប់​បាតុករ កន្លងមក។ ប៉ុន្តែ ចំណាត់ការ​របស់​ក្រុមប្រឹក្សា​យោធា ដើម្បី​ដាក់ទោស អតីតមេដឹកនាំ​ផ្តាច់ការស៊ូដង់​មិន​បាន​ធ្វើ​ឲ្យ​ប្រជាជន​ស៊ូដង់ ដែល​ធ្វើ​បាតុកម្ម​៤ខែ​មកហើយ​នោះ​ជឿទុកចិត្ត​នោះទេ។ បាតុករ​ស៊ូដង់​រាប់ម៉ឺននាក់ ដែល​បន្ត​អង្គុយប្រមូលផ្តុំ​នៅមុខ​ក្រសួងការពារ​ជាតិ ចង់​ឲ្យ​ស៊ូដង់​រួចផុត​ពី​កណ្តាប់ដៃ​អំណាច​របស់យោធា។ នៅ​ថ្ងៃ សៅរ៍ សម្ព័ន្ធ​ដើម្បី​សេរីភាព​និង​ការផ្លាស់ប្តូរ ដែល​តំណាង​ឲ្យ​ក្រុមបាតុករ​ស៊ូដង់​បាន​ជួប​ពិភាក្សា ជាមួយ​ក្រុមប្រឹក្សា​យោធា ក្នុង​បំណង​ទាមទារ​ឲ្យ​កងទ័ព​ស៊ូដង់​ផ្ទេរ​អំណាច​ទៅ​ឲ្យ​ស្ថាប័ន​ស៊ីវិល។ អ្នកនាំពាក្យ​របស់​ក្រុមបាតុកម្ម សង្ឃឹមថា បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ូដង់ ហើយ​និង​ការដាក់​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​នឹង​ជួយ​ជំរុញ​ឲ្យ​កងទ័ព​ផ្ទេរ​អំណាច​ឲ្យ​ក្រុមប្រឹក្សា​ស៊ីវិល​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ