អានតួអត្ថបទ
អេហ្ស៊ីប-HRW

Human Rights Watch បរិហារទង្វើឧក្រិដ្ឋកម្មសង្រ្គាមរបស់ទាហានអេហ្ស៊ីប និងពួកជីហាតអង្គការអ៊ីស្លាមនៅតំបន់ស៊ីណៃ

នៅ​ថ្ងៃ​អង្គារ ទី២៨ ឧសភា អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កម្រាស់ ១៣០ទំព័រ​ស្តីពី​ស្ថានភាព​នៅ​ក្នុង​តំបន់​ស៊ីណៃ​ស្ថិត​ភាគ​ភាគឦសាន ប្រទេស​អេហ្ស៊ីប។ នៅ​ក្នុង​របាយការណ៍ Human Rights Watch បាន​បរិហារ​យ៉ាង​ចាស់ដៃ​លើ​ទង្វើ​ឧក្រិដ្ឋកម្មសង្រ្គាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​អេហ្ស៊ីប និង​ពួក​ជីហាតអង្គការអ៊ីស្លាម​នៅ​តំបន់​ស៊ីណៃ។ របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សាក្សី​ជាង ៥០នាក់​ដែល​ជា​អ្នកស្រុក និង​អតីត​អ្នកទទួលខុសត្រូវ​ក្នុង​តំបន់​ស៊ីណៃ រួម​ទាំង​អ្នក​ទទួល​ខុសត្រូវ​អន្តរជាតិ​ផង​ដែរ។ អ្នក​នាំពាក្យ​កងទ័ព​អេសហ្ស៊ី​វរសេនីយឯក​តាមែរ អាល់រីហ្វាយ​បាន​បញ្ចេញ​ប្រតិកម្ម​ច្រានចោល​របាយការណ៍​ដោយ​ចាត់​ទុក​ជា​របាយការណ៍​មិនពិត។ គួរ​រម្លឹក​ថា រដ្ឋាភិបាល​ទីក្រុង​គែរ​បាន​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​ភេរវជន​ក្នុង​តំបន់​ស៊ីណៃ។ លោក​អាម ម៉ាឌី អ្នកស្រាវជ្រាវ​របស់ Human Rights Watch លើ​តំបន់​មជ្ឈិមបូព៌ា​បាន​បញ្ជាក់​ថា ទង្វើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​របស់​ពួក​ទាហាន​អេហ្ស៊ីប​បាន​ចាប់​ផ្តើម​តាំង​ពី​លោក​អាល់ ស៊ីស៊ី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អេហ្ស៊ីប។

Human Rights Watch បរិហារទង្វើឧក្រិដ្ឋកម្មសង្រ្គាមរបស់ទាហានអេហ្ស៊ីប និងពួកជីហាតអង្គការអ៊ីស្លាមនៅតំបន់ស៊ីណៃ
Human Rights Watch បរិហារទង្វើឧក្រិដ្ឋកម្មសង្រ្គាមរបស់ទាហានអេហ្ស៊ីប និងពួកជីហាតអង្គការអ៊ីស្លាមនៅតំបន់ស៊ីណៃ Reuters
ផ្សាយពាណិជ្ជកម្ម

« នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​ភេរវជន​នៅ​ក្នុង​តំបន់​ស៊ីណៃ កងទ័ព​បាន​រំលោភបំពាន​ទាំង​ស្រុង​លើ​សិទ្ធិ​របស់​ជនស៊ីវិល និង​បាន​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គេ​ស្ថិត​ក្នុង​ភាព​ភ័យខ្លាច​ជា​ប្រចាំ។ មាន​ការ​ចាប់​ឃាត់​ខ្លួន​មនុស្ស​ដោយ​មិន​រើស​មុខ ហើយ​កងទ័ព​បាន​ទទួល​សារភាព​ពី​ការ​ឃាត់​ខ្លួន​ជាង ១២ ០០០នាក់​ក្នុង​រយៈពេល ៤ ឬ ៥ឆ្នាំ​ចុង​ក្រោយ​នេះ។

អស់​លោក​គិត​ទៅ​មើល តើ​តួលេខ​នេះ​មិន​ច្រើន​សម្បើម​ទេ​ឬ​យ៉ាង​ណា ?។ ចាប់​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ​ជាង ១២ ០០០នាក់​នៅ​ពេល​ដែល​គេ​ដឹង​ថា តំបន់​ស៊ីណៃ​ទាំង​មូល​មាន​មនុស្ស​រស់នៅ​មិន​លើស​ពី​កន្លះ​លាននាក់​ផង​នោះ។ លើស​ពី​ការ​ចាប់​មនុស្ស​ដោយ​មិន​រើសមុខ ក៏​នៅ​មាន​អ្នក​បាត់​ខ្លួន​ជា​ច្រើន​រយនាក់​ទៀត​ដោយ​មិន​ដឹង​មូលហេតុ។

មាន​មនុស្ស​ជា​ច្រើន​បាន​បាត់ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ និង​ខ្លះ​ទៀត​ដល់​ទៅ​ច្រើន​ឆ្នាំ និង​មាន​មួយ​ចំនួន​ធំ​បាន​បាត់ខ្លួន​រហូត​តែ​ម្តង ហើយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​គ្មាន​ដំណឹង​អ្វី​ទាំង​អស់។ គេ​ថែម​ទាំង​បាន​ឃើញ​ពី​ការ​ប្រហារជីវិត​មនុស្ស​នៅ​លើ​កណ្តាល​វាលខ្សាច់​ដោយ​គ្មាន​ការ​កាត់ទោស​ទៀត​ផង។ បើ​ទង្វើ​របៀប​នេះ​មិនមែន​ជា​ឧក្រិដ្ឋកម្មសង្រ្គាម តើ​វា​ជា​ទង្វើ​ស្អី។

បន្ទាប់​មក យើង​ក៏​បាន​ដឹង​ដែរ​ថា ស្រ្តី និង​កូនក្មេង​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ ហើយ​ក្នុង​ចំណោម​កូនក្មេង​ទាំង​នោះ មាន​មួយ​ចំនួន​មាន​អាយុ​ត្រឹម ១២ឆ្នាំ​ប៉ុណ្ណោះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ