ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អាហ្វ្រិក

ស៊ូដង់៖ក្រោយប្រតិបត្តិការបំបែកជំរំបាតុករ ឧត្តមសេនីយប៊ូរ៉ានប្រកាសបិទទ្វារចរចា និងវិធានការមួយចំនួន

media  
ឧត្តមសេនីយអាប់ឌែល ហ្វាតា ប៊ូរ៉ាន ប្រធានក្រុមប្រឹក្សាយោធាក្នុងសម័យអន្តរកាលនៅស៊ូដង់ Sudan TV / AFP

នៅ​ថ្ងៃ​អង្គារ ទី៤ មិថុនា ឧត្តមសេនីយ​អាប់ឌែល ហ្វាតា ប៊ូរ៉ាន ប្រធាន​ក្រុមប្រឹក្សា​យោធា​ក្នុង​សម័យ​អន្តរកាល​នៅ​ស៊ូដង់​បាន​ប្រកាស​លុប​ចោល​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមប្រឆាំង។ បន្ទាប់​មក ឧត្តមសេនីយ​ប៊ូរ៉ាន​ក៏​បាន​ប្រកាស​ពី​ការ​រៀបចំ​បោះឆ្នោត​ថ្មី​ពី​ពេល​នេះ​ទៅ ៩ខែ​ខាង​មុខ។ វិធានការ​ទាំង​អស់​នេះ​បាន​ធ្លាក់​មក មួយ​ថ្ងៃ​ក្រោយ​ពី​កងទ័ព​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​លើ​ហ្វូង​បាតុករ​ដែល​បាន​បោះ​ទីតាំង​នៅ​ពី​មុខ​អគ្គសេនាធិការដ្ឋាន​កងទ័ព​ក្នុង​ទីក្រុង​ការទូម។ ប្រតិបត្តិការ​វាយបង្រ្កាប​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៥នាក់ និង​របួស​ប្រមាណ​ជា ៦៥០នាក់​ផ្សេង​ទៀត។ គួរ​រម្លឹក​ថា អស់​ជា​ច្រើន​សប្តាហ៍​ដែល​បាតុករ​បាន​បោះ​ទីតាំង​នៅ​ពី​មុខ​អគ្គសេនាធិការដ្ឋាន​កងទ័ព​ដើម្បី​ទាមទារ​ឲ្យ​របបសឹក​ប្រគល់​អំណាច​ឆាប់ៗ​ទៅ​ឲ្យ​ស្ថាប័នស៊ីវិល។

ចាប់​ពី​ពេល​នេះ​ទៅ ក្រុម​យោធា​ដែល​ជា​អ្នក​ទម្លាក់​ប្រធានាធិបតី​អូម៉ា អ៊ែល​បេស្ហៀរ​ពី​អំណាច​នា​ដើម​ខែ​មេសា​កន្លង​ទៅ​បាន​ប្តូរ​យុទ្ធសាស្រ្ត​ថ្មី​ដោយ​តាំង​ខ្លួន​ជា​តួឯក​ម្នាក់​ឯង​នៅ​ក្នុង​សម័យ​អន្តរកាល។ នៅ​រំលង​អធ្រាត្រ​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី៤ មិថុនា ឧត្តមសេនីយ​ប៊ូរ៉ាន​ដែល​ជា​មនុស្សខ្លាំង​ស៊ូដង់ និង​ជា​ប្រធាន​ក្រុមប្រឹក្សាយោធា​បាន​ប្រកាស​ចេញ​នូវ​វិធានការ​មួយ​ចំនួន រួម​មាន បិទទ្វារ​ឈប់​ចរចា​ជាមួយ​ក្រុមប្រឆាំង លុប​ចោល​កិច្ចព្រមព្រៀង​ទាំង​អស់​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមប្រឆាំង និង​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ​ដើម្បី​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ពី​ពេល​នេះ​ទៅ ៩ខែ​ខាង​មុខ។

រដ្ឋមន្រ្តី​ម្នាក់ៗ​ក្នុង​សម័យ​អន្តរកាល​មាន​បេសកកម្ម​អាទិភាព​ចំនួន ៣ នៅ​ចំពោះ​មុខ ទី១ ឃាត់​ខ្លួន​សមាជិក​ទាំង​អស់​នៅ​ក្នុង​អតីត​របប​របស់​ប្រធានាធិបតី​អូម៉ា អ៊ែលបេស្ហៀរ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ពុករលួយ និង​បទឧក្រិដ្ឋ​ផ្សេងៗ ទី២ នាំ​សន្តិភាព​ឲ្យ​តំបន់​មាន​ជម្លោះ និង​បេសកកម្ម​ទី៣ រៀបចំ​ឲ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​មួយ​យុត្តិធម៌ និង​តម្លាភាព។ បន្ទាប់​មក ឧត្តមសេនីយ​ប៊ូរ៉ាន​ក៏​បាន​ប្រកាស​សន្យា​ប្រគល់​អំណាច​ទៅ​ឲ្យ​ស្ថាប័ន​ស៊ីវិល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​ប្រជាជន។ វិធានការ​របស់​ឧត្តមសេនីយ​ប៊ូរ៉ាន​បាន​ធ្លាក់​មក មួយ​ថ្ងៃ​ក្រោយ​ពី​កងទ័ព​បាន​បើក​ប្រតិបត្តិការ​បំបែក​ហ្វូង​បាតុករ​នៅ​ពី​មុខ​អគ្គសេនាធិការដ្ឋាន​កងទ័ព​ក្នុង​ទីក្រុង​ការទូម។

មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៥នាក់ និង​របួស​ធ្ងន់ ស្រាល​ប្រមាណ​ជា ៦៥០នាក់​ទៀត​នៅ​ក្នុង​ប្រតិបត្តិការ​វាយបង្រ្កាប​នោះ។ គួរ​រម្លឹក​ថា អស់​ជា​ច្រើន​សប្តាហ៍​ដែល​បាតុករ​បាន​នាំ​គ្នា​ទៅ​បោះ​ទីតាំង​នៅ​ពី​មុខ​អគ្គសេនាធិការដ្ឋាន​កងទ័ព​ដើម្បី​ទាមទារ​ឲ្យ​របបសឹក​ប្រគល់​អំណាច​ឆាប់ៗ​ទៅ​ឲ្យ​ស្ថាប័នស៊ីវិល។ មន្រ្តី​យោធា​ម្នាក់​បាន​ប្រកាស​ពី​ការ​បើក​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​នា​ពេល​ខាង​មុខ និង​បន្ថែម​ថា​ដើម្បី​ស្ថិរភាព​ប្រទេស គេ​ត្រូវ​តែ​ហ៊ាន​បង់​ថ្លៃ​ការ​ខូចខាត​ខ្លះ។ ពាក្យសម្តី​នេះ​របស់​រូប​មន្រ្តី​យោធា​នាំ​ឲ្យ​គេ​យល់​បាន​ថា កងទ័ព​មិន​ចង់​ទទួល​កំហុស​តែ​ម្នាក់​ឯង​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម។ ចំណែក​ឧត្តមសេនីយ​ប៊ូរ៉ាន​បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា គ្រប់​ភាគី​មាន​ចំណែក​ទទួល​ខុសត្រូវ​ដូច​គ្នា​លើ​ព្រឹត្តិការណ៍​មួយ​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ