អានតួអត្ថបទ

ស៊ូដង់ ៖ ក្រុម​ប្រឆាំងបើកយុទ្ធនាការ "មិនស្តាប់បង្គាប់"

ក្រោយ​ពីការ​បង្ក្រាប និង​បំបែក​ជំរំបាតុករ កាលពី​សប្តាហ៍​មុន ចាប់​ពី​ថ្ងៃអាទិត្យ​ទី ៩ មិថុនា ២០១៩​ទៅ ក្រុម​សម្ព័ន្ធ​ស៊ីវិល ជា​បក្ស​ប្រឆាំង​ បាន​ប្រកូក​ប្រកាស​ធ្វើ​យុទ្ធនាការ « មិន​ស្តាប់​បង្គាប់ស៊ីវិល​”​ តប​នឹង​អាជ្ញាធរ​សឹក។ ផ្តួចផ្តើម​ដោយ​សមាគម​វិជ្ជាជីវៈ សម្ព័ន្ធ​ស៊ីវិល បាន​ចោទ​រដ្ឋាភិបាល​សឹក​ កំពុង​កាន់​អំណាច​​ថា​បាន​ធ្វើ​មាន​មនុស្ស​ស្លាប់ មាន​ការ​បង្ហូរ​ឈាម នៅ​ក្នុង​ប្រតិបត្តិការ​បំបែក​បាតុករ​ថ្ងៃទី ៣​មិថុនា និង​ថ្ងៃ​បន្ត​បន្ទាប់។ មេដឹកនាំក្រុម​ប្រឆាំង​បាន​អំពាវនាវ​ហៅជន​ស៊ីវិល​ស៊ូដង់ នាំ​គ្នា​ធ្វើ​កូដកម្ម និង​ដាក់​រនាំង​បាំង​ផ្លូវ ទល់​នឹង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​តប​វិញ របស់​​កង​កម្លាំង​រដ្ឋាភិបាល។

បាតុករ​នៃ​សម្ព័ន្ធ​ស៊ីវិល នៅ​ក្រុង​ខាទុំ​ ថ្ងៃទី ៥ មិថុនា ២០១៩
បាតុករ​នៃ​សម្ព័ន្ធ​ស៊ីវិល នៅ​ក្រុង​ខាទុំ​ ថ្ងៃទី ៥ មិថុនា ២០១៩ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

​ទោះ​មាន​អន្តរការី​ដ៏​ចំណាន​យ៉ាង​ណា​ក៏​ដោយ ក៏​ដំណោះស្រាយ​តាម​ផ្លូវចរចា គ្មាន​​លេច​​ពន្លក​ដែរ ! ស៊ូដង់​​លង់​នឹង​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​មួយកំរិត​ទៀត​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្លាយ​ទៅ​ជា​ការ​ប្រឈម​ទល់​មុខគ្នា​កាន់​ខ្លាំង​ និង​ត្រង់ៗ​រវាង​រដ្ឋាភិបាល​សឹក​និង​ក្រុម​ប្រឆាំង​ជា​សម្ព័ន្ធ​ស៊ីវិល។

ប៉ុន្តែ​យុទ្ធនាការ “មិន​ស្តាប់​បង្គាប់” និង​ការ​ធ្វើ​កូដកម្ម ជា​មធ្យោបាយទាមទារ​សិទ្ធិ​រស់​រៀន​មាន​ជីវិត ដោយ​សន្តិវិធី​​! នេះ​បើតាម​សេចក្តី​ប្រកាស​របស់​សមាគម​វិជ្ជាជីវៈ​ ព្រោះ​តាំង​ពី​ក្រោយ​ហេតុការណ៍​សោកនាដកម្ម​បង្ក្រាប​បំបែក​បាតុករ​ថ្ងៃទី ៣​មិថុនា​មក ក្រុង​ខាទុំ​ នៅ​សល់​តែ​ស្រមោល និង​មាន​ដំណើរការចរាចរណ៍​យ៉ាង​​តិច​​តួច​បំផុត ហាង​ទំនិញ ស្ថាប័ន​រដ្ឋបាល​ ត្រូវ​បិទ​ មធ្យោបាយ​ដឹកជញ្ជូន​ត្រូវ​គាំង។ នៅ​អាកាសយានដ្ឋាន​ អ្នក​ដំណើរ​រង់ចាំ​ជើង​ហោះហើរ​ទាំងអស់​សង្ឃឹម ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ស៊ូដង់។

តាំង​ពី​ព្រឹក​មក បាតុករ​បាន​នាំ​គ្នា​បិទ​ខ្ទប់​ផ្លូវ សង្កាត់​មុខ​ទីស្នាក់ការ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជា​ថ្មី ដោយ​ដាក់​រនាំង កង់ឡាន ដុំ​ឥដ្ឋ ដុំ​ថ្ម ចំរឹង​ដែក​ មែកឈើ ... តែ​ភ្លាម​មួយ​រំពេច​ កង​កម្លាំង​ប៉ូលិស​បាន​ចេញ​ធ្វើ​អន្តរាគមន៍​បំបែក​ភ្លាម​ ដោយ​ប្រើ​ផ្សែង​​បង្ហូរ​ទឹក​ភ្នែក​។ ការ​ប៉ះទង្គិច​រវាង​កង​កម្លាំង​មាន​សមត្ថកិច្ច​និង​បាតុករ​ក៏​បាន​ផ្ទុះ​ឡើង ដោយ​មាន​ការ​បាត់​បង់​ជីវិត​ផង​។ នេះ​បើ​តាម​ប្រភព​ចេញ​មក​ពីគណៈកម្មការ​គ្រូពេទ្យ។

សម្ព័ន្ធ​ស៊ីវិលដើម្បី​សេរីភាព​និង​កា​រប្តូរ​ផ្លាស់​ បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រុង​ប្រយ័ត្ន កុំ​បង្ក​ញុះញង់​ផ្គើន​ដាក់កងកម្លាំង​របស់​អាជ្ញាធរ កុំ​ទៅ​ឈរ​ឬ​នៅ​ជិត​របាំង​ តែ​ត្រូវ​សង់​វា​ឡើង​វិញ នៅ​ពេល​វា​ខូច​ខាត ឬ​ត្រូវ​បាន​ប៉ូលិស​បំផ្លាញ។ សម្ព័ន្ធ​ស៊ីវិល​បាន​សន្យា​ថា​នឹង​បន្ត​សកម្មភាពរឹង​ទទឹង​របស់​ខ្លួន​​​រហូត​ទាល់​តែ​​របប​សឹក​ព្រម​ប្រគល់​អំណាច​មក​ឱ្យ​ស៊ីវិល។

ប៉ុន្តែ​ដោយ​ហេតុ​ថា​ស៊ូដង់​បាន​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​​តាំង​ពី​ជា​ច្រើន​ឆ្នាំមក ស្ថានភាព​សន្តិសុខ​និង​សង្គម​ ធ្លាក់​ដុន​ដាប​ខ្លាំង គេ​មិន​ដឹង​ថា​​តើ​ពលរដ្ឋ​ស៊ូដង់​អាច​ស៊ូ​ធ្វើ​កូដកម្ម​​និងមិន​ទៅធ្វើការ​បាន​យូរ​ប៉ុនណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ