អានតួអត្ថបទ
អាហ្រ្វិក

សហភាពអាហ្រ្វិកប្រកាសចូលជាធរមាននូវតំបន់ដោះដូរសេរីក្នុងទ្វីបអាហ្រ្វិក

សហភាព​អាហ្រ្វិក​បាន​បើក​ជំនួបកំពូល​នៅ​ក្នុង​ទីក្រុង​នីញ៉ាមេ ប្រទេស​នីហ្សេ​នា​ថ្ងៃ​អាទិត្យ ទី៧ កក្កដា។ មាន​វត្តមាន​ប្រតិភូ និង​ភ្ញៀវ​ចូលរួម​ប្រមាណ​ជា ៤ ៥០០នាក់ ក្នុង​នោះ​មាន​ប្រមុខរដ្ឋ​ចំនួន ៣២រូប និង​រដ្ឋមន្រ្តី​ជាង ១០០នាក់។ នៅ​ក្នុង​ជំនួបកំពូល សហភាពអាហ្រ្វិក​បាន​ប្រកាស​ចូល​ជា​ធរមាន​នូវ​តំបន់​ដោះដូរ​សេរី​ក្នុង​ទ្វីប​អាហ្រ្វិក​ដែល​មាន​ប្រទេស​សមាជិក​ចំនួន ៥៤ប្រទេស​ក្នុង​ចំណោម ៥៥​ប្រទេស​បាន​ចុះ​ហត្ថលេខា និង​មាន​ប្រទេស​សមាជិក​ចំនួន ២៧ប្រទេស​បាន​ឲ្យ​សច្ចាប័ន។ ការ​ប្រកាស​ចូល​ជា​ធរមាន​នូវ​តំបន់​ដោះដូរ​សេរី​ជា​ការ​បោះ​មួយ​ជំហាន​ឆ្ពោះ​ទៅ​កាន់​សន្តិភាព និង​ភាព​សំបូរ​រុងរឿង​ក្នុង​ទ្វីបអាហ្រ្វិក។ តាម​គម្រោង តំបន់​ដោះដូរ​សេរីភាព​ត្រូវ​ផ្តើម​ដំណើរការ​ចាប់​ពី​ឆ្នាំ ២០២០ ទៅ តែ​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​ថា នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​តំបន់​មួយ​នេះ​មាន​ដំណើរការ​ដោយ​រលូន។

សហភាពអាហ្រ្វិកបានបើកជំនួបកំពូលនៅក្នុងទីក្រុងនីញ៉ាមេ ប្រទេសនីហ្សេនាថ្ងៃអាទិត្យ ទី៧ កក្កដា ២០១៩
សហភាពអាហ្រ្វិកបានបើកជំនួបកំពូលនៅក្នុងទីក្រុងនីញ៉ាមេ ប្រទេសនីហ្សេនាថ្ងៃអាទិត្យ ទី៧ កក្កដា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ចូល​ជា​ធរមាន​នូវ​តំបន់​ដោះដូរ​សេរី​ក្នុង​ទ្វីបអាហ្រ្វិក​ត្រូវ​បាន​បញ្ជាក់​ដោយ​ប្រធានាធិបតី​នីហ្សេ​លោក​ម៉ាហាម៉ាឌូ អ៊ីស៊ូហ្វ៊ូ​នៅ​ក្នុង​ពិធី​បើក​ជំនួបកំពូល​សហភាព​អាហ្រ្វិក។ តាម​លោក​ម៉ាហាម៉ាឌូ ការ​ចូល​ជា​ធរមាន​នូវ​នឹង​តំបន់​ដោះដូរ​សេរី​មួយ​នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​របស់​ទ្វីប​អាហ្រ្វិក​តាំង​ពី​ការ​បង្កើត​អង្គការ​ឯកភាព​អាហ្វ្រិក​ក្នុង​ឆ្នាំ ១៩៦៥ និង​ការ​ប្តូរ​ឈ្មោះ​ទៅ​ជា​សហភាពអាហ្រ្វិក។ « សុបិន្ត​ចាស់​មួយ​ក្លាយ​ជា​ការ​ពិត។ បិតា​ស្ថាបនិក​គ្រប់រូប​ត្រូវ​តែ​មាន​មោទនភាព » នេះ​ជា​ការ​ថ្លែង​របស់​ប្រធាន​គណៈកម្មការ​សហភាពអាហ្រ្វិក​លោក​មូសា ហ្វាគី ម៉ាហាម៉ាត រួច​គូស​បញ្ជាក់​ថា តំបន់​ដោះដូរ​សេរី​ក្នុង​ទ្វីបអាហ្រ្វិក​បាន​ក្លាយ​ជា​កន្លែង​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​លោក។

រហូត​មក​ដល់​ពេល​នេះ កិច្ចព្រមព្រៀង​ស្តីពី​តំបន់​ដោះដូរ​សេរី​ក្នុង​ទ្វីប​អាហ្រ្វិក​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​សមាជិក​ចំនួន ៥៤ប្រទេស​ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាពអាហ្រ្វិក​ទាំង ៥៥ប្រទេស ហើយ​បើ​តាម​លោក​មូសា ហ្វាគី មាន​ប្រទេស​សមាជិក​ចំនួន ២៧ប្រទេស​បាន​ឲ្យ​សច្ចាប័ន​រួច​ហើយ។ តែ​សម្រាប់​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ​ទៀត​ដើម្បី​អាច​ឲ្យ​តំបន់​ដោះដូរ​សេរី​ដែល​ប្រមូល​ផ្តុំ​មនុស្ស​ប្រមាណ ១ ២០០លាននាក់​មួយ​នេះ​មាន​ដំណើរការ​ដោយ​រលូន។ ប្រភព​ការទូត​មួយ​ឲ្យ​ដឹង​ថា ការ​ចរចា​កំពុង​បន្ត​មាន​ដោយ​ផ្តោត​សំខាន់​លើ​កាលវិភាគ​នៃ​របៀប​វារៈ​លើ​ការ​កាត់បន្ថយ​ពន្ធ ជម្រើស​លើ​មុខទំនិញ​ដែល​ត្រូវ​បន្ថយ​ពន្ធ ឬ​មួយ​ក៏​ផលិផល​នាំ​ចូល​ពី​បរទេស​ដែល​ប្រទេស​សមាជិក​នីមួយៗ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ក្រៅ។

តាម​គម្រោង តំបន់​ដោះដូរ​សេរី​ក្នុង​ទ្វីប​អាហ្រ្វិក​ត្រូវ​ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ ២០២០ ទៅ។ លោក​អាល់ប៊ែរ មូឆាងហ្កា ស្នងការ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​សហភាពអាហ្រ្វិក​បាន​ស្នើ​ឲ្យ​អនុវត្ត​ចាប់​ពី​ថ្ងៃទី១ កក្កដា ឆ្នាំ ២០២០ ទៅ​ដើម្បី​ទុក​ពេល​ឲ្យ​ប្រទេស​សមាជិក​នីមួយៗ​មាន​ពេល​រៀបចំ​ខ្លួន។ គ្រប់គ្នា​សង្ឃឹម​ថា តំបន់​ដោះដូរ​សេរី​ក្នុង​ទ្វីប​អាហ្រ្វិក​នឹង​ជួយ​លើកស្ទួយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ទ្វីបអាហ្រ្វិក រួម​ទាំង​ទាក់ទាញ​បន្ថែម​នូវ​អ្នកវិនិយោគ។ សហភាព​អាហ្រ្វិក​ប៉ាន់ប្រមាណ​ថា ដំណើរការ​តំបន់​ដោះដូរ​សេរី​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពាណិជ្ជកម្ម​ក្នុង​ទ្វីបអាហ្រ្វិក​កើន​ជិត ៦០% នៅ​ឆ្នាំ ២០២២។ ក្រៅ​ពី​តំបន់​ដោះដូរ​សេរី ជំនួបកំពូល​សហភាពអាហ្រ្វិក​ក៏​បាន​ជជែក​លើ​ប្រធានរឿង​ផ្សេង ដូច​យ៉ាង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត ស្ថានការណ៍​នៅ​ស៊ូដង់ ឬ​មួយ​មូលនិធិ​សន្តិភាព និង​អន្តោប្រវេសន៍​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ