អានតួអត្ថបទ

ស៊ូដង់​រកឃើញ​គម្រោង​កិច្ចព្រមព្រៀង​ឆ្ពោះ​ទៅ​បង្កើត​រដ្ឋាភិបាល​អន្តរកាល

ក្រុមប្រឹក្សា​យោធាអន្តរកាល ដែល​ឡើងកាន់​អំណាច​នៅ​ស៊ូដង់ ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​ប្រធានាធិបតី អូម៉ារ អែល បេស្ហៀរ កាលពី​ខែ​មេសា និង​សម្ព័ន្ធ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់ស៊ូដង់ ​បាន​រកឃើញ​ការ​ព្រមព្រៀង​គ្នា​មួយ​នៅ​ថ្ងៃ​នេះ បង្កើត​​រដ្ឋាភិបាល​​អន្តរកាល​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សហភាព​អាហ្វ្រិក​ដែល​ជា​អន្តរការី​។

បាតុកម្ម​របស់​ក្រុម​និស្សិត​ស៊ូដង់​នៅ​ក្រុង ខារទុំ ថ្ងៃទី ៣០ កក្កដា ២០១៩
បាតុកម្ម​របស់​ក្រុម​និស្សិត​ស៊ូដង់​នៅ​ក្រុង ខារទុំ ថ្ងៃទី ៣០ កក្កដា ២០១៩ Ebrahim HAMID / AFP
ផ្សាយពាណិជ្ជកម្ម

អន្តរការី​របស់​សហភាព​អាហ្វ្រិក ម៉ូហាម៉េដ ហាសាន លីបាត (Mohamed Hassan Levatt) បាន​គូស​បញ្ជាក់​ក្នុង​សន្និសីទកាសែត​ ថា​ តំណាង​ក្រុមប្រឹក្សា​យោធា និង​សម្ព័ន្ធ​បក្ស​ប្រឆាំង នឹង​បន្តការចរចា​គ្នា​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​សម្រេច​សម្រួច​នូវ​រាល់​ចំណុច​លម្អិត​ និង​បច្ចេកទេស​ ទាំង​ឡាយ ដូច​ជា ការ​បែងចែង​អំណាច និត​អំនាក់ទំនង​រវាង​ក្រុមបក្ស​ សាខា​ផ្សេង​របស់​រដ្ឋាភិបាល​អន្តរកាល មុន​នឹង​ឈាន​ដល់​ការ​ប្រកាស​សេចក្តី​ថ្លែងការណ៍​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ដូច្នេះ​អ្វីដែល​នៅ​សេសសល់​គឺ​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​អនុវត្ត​ច្បាប់​ និង​ការ​តែង​តាំង​សមាជិករដ្ឋាភិបាល​អន្តរកាល​ប៉ុណ្ណោះ។

សេចក្តី​ជូន​ដំណឹង​បាន​បំផុស​ឱ្យ​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង។ កងកម្លាំង​ដើម្បី​សេរីភាព​និង​ការ​ប្តូរផ្លាស់ ដែល​ជាចរន្ត​នយោបាយ​ដ៏​ធំ​ជាង​គេ​របស់​សម្ព័ន្ធ​បក្ស​ប្រឆាំង បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ ថា​ដំណាក់កាល​ទី​មួយ​ នៃ​ដំណើរ​ឆ្ពោះ​ទៅ​អនាគត និង​បាន​សន្យា​ពាំនាំ​សេរីភាព សន្តិភាព និង​យុត្តិធម៌​ឱ្យ​ស៊ូដង់។

កិច្ចព្រមព្រៀង​ អាច​សម្រេច​ជា​លទ្ធផល​ជា​រូបរាងពិត នៅថ្ងៃ​នេះ បន្ទាប់​ពី​បាន​ប្រើ​ពេល​ចរចា​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍ ក្រោម​ការ​សម្របសម្រួល​របស់​សហភាព​អាហ្វ្រិក​និង​អេត្យូពី និង​​ក្រោម​ផ្ទៃ​ការ​ប៉ះទង្គិច​យ៉ាង​ហិង្សា​រវាង​បាតុករ​និង​កម្លាំង​រក្សា​សន្តិសុខ​ នៅ​តាម​រដ្ឋធានី និង​ក្រុង​ធំ​ជា​ច្រើន​របស់​ស៊ូដង់។

តាមការ​ពិត ក្រុម​យោធា​និង​បក្ស​ប្រឆាំង បាន​ព្រមព្រៀង​​​លើ​ចំណុច​បែងចែង​អំណាចដឹកនាំ​រដ្ឋាភិបាល​អន្តរកាល​ ​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ឈាន​ដល់​ការ​រៀប​ចំបោះឆ្នោត តាំង​ពី​ដើម​ខែ​កក្កដា។​ តែ​កាលណោះ ភាគី​បក្សដិបក្ស​ទាំង​ពីរ ​នៅ​ប្រទាំង​ប្រទើស​គ្នា​ខ្លាំង ត្រង់​តួនាទី​របស់​ភ្នាក់ងារ​ចារកិច្ច​និង​កងកម្លាំង​ប្រតិកម្ម​រហ័ស ដែល​ជា​កងស្វ័យត្រាណ​ធ្លាប់​ធ្វើ​ការ​បង្ក្រាប​បាតុករ​យ៉ាង​ខ្លាំង។ ឥលូវ​ចំណុច​ទាំង​ពីរ​ក៏​ត្រូវ​បាន​សម្រុះ​សម្រួល​គ្នា​ចេញ​ ភ្នាក់ងារ​ចារកិច្ច​នឹង​ស្ថិត​នៅ​ក្រោម​​អំណាច​របស់​របស់​រដ្ឋាភិបាល និង​ក្រុម​ប្រឹក្សា​ដែល​ដឹកនាំ​ប្រទេស​ឆ្លង​អន្តរកាល​រហូត​ដល់​ការ​បោះឆ្នោត។ ឯ​ក្រុម​ប្រតិកម្ម​រហ័ស​ស្ថិត​ក្រោម​ទំនួល​ខុស​ត្រូវ​​របស់​ប្រមុខ​យោធា។ នេះ​ជា​ខ្លឹមសារ​លម្អិត​នៃ​កិច្ចព្រមព្រៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ