អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​សៅរ៍ ទី១៧ សីហា ក្រុមស៊ីវិល​ដឹកនាំ​ដោយ​កម្លាំង​សេរីភាព និង​ការ​ផ្លាស់ប្តូរ និង​ក្រុមប្រឹក្សាយោធា​អន្តរកាល​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ធម្មនុញ្ញ​មួយ​ដើម្បី​ជំនួស​ច្បាប់​ធម្មនុញ្ញ​បច្ចុប្បន្ន។ ជាមួយ​នឹង​សេចក្តីថ្លែងការណ៍​ធម្មនុញ្ញ​ដែល​មាន​កម្រាស់ ២០ទំព័រ​នេះ ក្រុម​ស៊ីវិល និង​ក្រុម​យោធា​បាន​កាន់​ដៃ​ដឹកនាំ​ប្រទេស​រួម​គ្នា​សម្រាប់​សម័យ​អន្តរកាល មុន​នឹង​រៀបចំ​បោះឆ្នោត​ជា​ផ្លូវការ។ គួរ​រម្លឹក​ថា មុន​នឹង​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នេះ ក្រុម​ស៊ីវិល និង​ក្រុម​យោធា​បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​អស់​រយៈពេល ២ខែ។ គឺ​ក្រុម​យោធា​នេះ​ឯង​ដែល​បាន​ទម្លាក់​លោក​ប្រធានាធិបតី​អ៊ែលបេស្ហៀរ​ក្នុង​ថ្ងៃទី១១ មេសា បន្ទាប់​ពី​មាន​ចលនា​បះបោរ​មហាជន​អស់​រយៈ​ពេល ៨ខែ។ ឥឡូវ​នេះ សករាជថ្មី​មួយ​បាន​បើក​ឡើង​ហើយ តែ​ផ្លូវ​ដែល​ស៊ូដង់​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​កាន់​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​វែង​ឆ្ងាយ។

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ
សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ EBRAHIM HAMID / AFP
ផ្សាយពាណិជ្ជកម្ម

ទំរាំ​ស៊ូដង់​ឈាន​មក​ដល់​ថ្ងៃ​នេះ គេ​ត្រូវ​ចំណាយ​ពេល​ចំនួន ២៤០ថ្ងៃ និង​ចំណាយ​ជីវិត​មនុស្ស​អស់​ចំនួន ២៥០នាក់។ គួរ​រម្លឹក​ថា​អស់​រយៈពេល ៨ខែ ពោល​តាំង​ពី​ថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០១៨ ដែល​ប្រជាជន​ស៊ូដង់​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល និង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មួយ។ តែ​គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី១១ មេសា​ទើប​បដិវត្ត​របស់​មហាជន​ដែល​មាន​ការ​ជួយ​គាំទ្រ​ពី​កងទ័ព​មួយ​នេះ​អាច​ទម្លាក់​លោក​អូម៉ា អ៊ែលបេស្ហៀរ​ពី​តំណែង​ប្រធានាធិបតី​បាន។ បន្ទាប់​មក ចលនា​មហាជន​ដដែល​នេះ​ត្រូវ​ចំណាយ​ពេល​ជាង ២ខែ​បន្ថែម​ទៀត​ដើម្បី​អាច​បង្ខំ​ក្រុម​ឧត្តមសេនីយ​ឲ្យ​សុខចិត្ត​ចែក​អំណាច​ជាមួយ​ក្រុម​ស៊ីវិល​នៅ​ពេល​នេះ។

នៅ​ក្នុង​កិច្ចព្រមព្រៀង​នយោបាយ​ចុះ​ហត្ថលេខា​ក្នុង​ថ្ងៃ​សៅរ៍ ទី១៧ សីហា ក្រុមស៊ីវិល​ដឹកនាំ​ដោយ​កម្លាំង​សេរីភាព និង​ការ​ផ្លាស់ប្តូរ និង​ក្រុមប្រឹក្សាយោធា​អន្តរកាល​បាន​ចាប់​ដៃ​ដឹកនាំ​ប្រទេស​រួម​គ្នា​នៅ​ក្នុង​សម័យអន្តរកាល​រយៈពេល ៣៩ខែ​ខាង​មុខ មុន​នឹង​ធ្វើ​ការ​រៀបចំ​បោះឆ្នោត​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២២។ កិច្ចព្រមព្រៀង​នយោបាយ​នោះ​ជា​សេចក្តីថ្លែងការណ៍​ធម្មនុញ្ញ​មួយ​កម្រាស់ ២០ទំព័រ​ដែល​ជំនួស​ឲ្យ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន។ ជាមួយ​នឹង​សេចក្តីថ្លែងការណ៍​ធម្មនុញ្ញ​នេះ ក្រុមប្រឹក្សា​យោធា​អន្តរកាល​ដែល​បាន​ដឹកនាំ​ប្រទេស​នៅ​ក្រោយ​ការ​ទម្លាក់​លោក​អូម៉ា អ៊ែលបេស្ហៀរ​បាន​រលាយ​ខ្លួន​ត្រឹម​ថ្ងៃ​ទី១៩ សីហា និង​ដាក់​ជំនួស​ដោយ​ក្រុមប្រឹក្សាអធិបតេយ្យ​សម្រាប់​សម័យ​អន្តរកាល​រយៈពេល ៣៩ខែ​ដែល​មាន​សមាសភាព ១១រូប គឺ​៦រូប​ជា​ជនស៊ីវិល និង ៥រូប​ជា​ទាហាន។

បន្ទាប់​មក ប្រធាន​ក្រុមប្រឹក្សាអធិបតេយ្យ​នឹង​ត្រូវ​ផ្លាស់វេន​ម្តងម្នាក់​ដោយ​នៅ​ក្នុង ២១ខែ​ដំបូង ត្រូវ​ដឹកនាំ​ដោយ​ឧត្តមសេនីយ​ម្នាក់ ហើយ​នៅ​សល់ ១៨ខែ​ចុង​ក្រោយ​នឹង​ត្រូវ​ដឹកនាំ​ដោយ​ជនស៊ីវិល​ម្នាក់។ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃទី២០ សីហា នឹង​មាន​ការ​តែងតាំង​នាយរដ្ឋមន្រ្តី​ម្នាក់ ហើយ​រដ្ឋាភិបាល​អន្តរកាល​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ថ្ងៃទី២៨ សីហា​ជាមួយ​នឹង​ចំនួន​រដ្ឋមន្រ្តី​ច្រើន​បំផុត ២០រូប។ តែ​មាន​ក្រសួង​សំខាន់​ចំនួន​ពីរ​ដែល​បាន​កក់​ទុក​រួច​ស្រេច​សម្រាប់​កងទ័ព គឺ​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ។ ចុង​ក្រោយ សភា​អន្តរកាល​មួយ​នឹង​ត្រូវ​ប្រសូត្រ​ឡើង​ក្នុង​រយៈពេល ៩០ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ។

បើ​អ្វីៗ​មាន​ដំណើរការ​ដោយ​រលូន​ដូច​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​មែន រដ្ឋាភិបាល​អន្តរកាល​អាច​នឹង​ផ្តើម​ការងារ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃទី១ កញ្ញា​ខាង​មុខ​ទៅ។ មាន​ការងារ​ប្រឈម​ច្រើន​ណាស់​ដែល​កំពុង​រង់ចាំ​រដ្ឋាភិបាល​អន្តរកាល ពិសេស​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ​ដែល​កំពុង​ដុនដាប​ខ្លាំង និង​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព​រួម និង​យូរអង្វែរ​មួយ​សម្រាប់​ប្រទេស​ស៊ូដង់​ទាំង​មូល។ ចូរ​កុំ​ភ្លេច​ថា មាន​តំបន់​មួយ​ចំនួន​កំពុង​បន្ត​គ្របដណ្តប់​ដោយ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​សម្រាប់​ក្រុម​អ្នកប្រជាធិបតេយ្យ ការ​ចាប់ដៃ​ធ្វើ​ការ​រួម​គ្នា​រវាង​ក្រុមស៊ីវិល និង​ក្រុម​យោធា​ពេល​នេះ​ជា​សករាជ​ថ្មី​មួយ និង​ជា​ជោគជ័យ​ប្រវត្តិសាស្រ្ត​មួយ​មិន​អាច​ប្រកែក​បាន​ទេ​សម្រាប់​ស៊ូដង់​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៥៦ មក។

តែ​ទន្ទឹម​នឹង​ភាព​រីករាយ​ត្រេកត្រអាល ក៏​មាន​លេច​ចេញ​នូវ​ក្តីបារម្ភ​ផង​ដែរ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ក្នុង​រយៈពេល ៦៣ឆ្នាំ​នៃ​ការ​ទទួល​បាន​ឯករាជ្យ អំណាច​នៅ​ស៊ូដង់​បាន​ស្ថិត​ក្នុង​កណ្តាប់ដៃ​យោធា​សរុប​ចំនួន ៥៤ឆ្នាំ និង​ក្នុង​ដៃស៊ីវិល​តែ ១១ឆ្នាំ​ប៉ុណ្ណោះ។ លើក​ណា​ក៏​ដូច​ជា​លើក​ណា​ដែរ ក្រុម​ឧត្តមសេនីយ​មិន​ដែល​ទុក​ឲ្យ​ក្រុម​ស៊ីវិល​ដឹកនាំ​ប្រទេស​យូរ​ប៉ុន្មាន​ទេ។ គឺ​សេណារីយ៉ូ​មួយ​នេះ​ឯង​ដែល​សកម្មជនប្រឆាំង​បារម្ភ​ខ្លាច​កើត​មាន​ឡើង​វិញ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ពេល​នេះ តើ​សម្ព័ន្ធភាព​រវាង​ស៊ីវិល និង​យោធា​ក្នុង​សម័យ​អន្តរកាល​រយៈពេល ៣៩ខែ​នឹង​មាន​ដំណើរ​ចប់ចុង​ចប់ដើម ឬ​មួយ​ក៏​ត្រូវ​ចែក​ផ្លូវ​គ្នា​ដើរ​នៅ​កណ្តាលទី?។ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​អាច​ផ្តល់​ចម្លើយ​សុទិដ្ឋិនិយម​មួយ​ចំពោះ​សំណួរ​នេះ។

អ្វី​ដែល​គេ​អាច​និយាយ​បាន នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​ដែល​ភាគី​នីមួយៗ​មិន​គួរ​មើល​រំលង និង​ទុក​ឲ្យ​កន្លង​ផុត​បាន​ឡើយ។ តែ​ដើម្បី​អាច​ចាប់​ដៃ​គ្នា​ឆ្ពោះ​ទៅ​ដល់​គោលដៅ​បាន វា​អាស្រ័យ​តែ​លើ​ឆន្ទៈនយោបាយ​ពិតប្រាកដ​របស់​ភាគី​ពាក់ព័ន្ធ​ប៉ុណ្ណោះ។ បើ​មិន​ដូច្នោះ​ទេ ប្រវត្តិសាស្រ្ត​ច្រំដែល​នឹង​កើត​មាន​ជា​ថ្មី​នៅ​ស៊ូដង់ ហើយ​អ្នក​ដែល​បន្ត​រងគ្រោះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ប្រទេស និង​ពលរដ្ឋ​ស៊ូដង់​ខ្លួន​ឯង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ