អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោករូប៊ែរ មូហ្កាបេ Robert Mugabe អតីត​ប្រធានាធិបតី​ផ្តាច់ការ​របស់​ស៊ីមបាវ៉េ បាន​ទទួល​មរណភាព ក្នុង​ជន្មាយុ ៩៥ឆ្នាំ។ ប្រធានាធិបតី ស៊ីមបាវ៉េ លោក Emmerson Mnangagwa​បាន​ប្រកាស​ដំណឹងនេះ នៅព្រឹកថ្ងៃសុក្រ។ តាម​ប្រមុខរដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង លោកមូហ្កាបេ ដែល​ត្រូវ​បាន​កងទ័ព​ចាប់បង្ខំ​ឲ្យ​ចុះចេញ​ពីតំណែង នៅ​ឆ្នាំ ២០១៧ បាន​ទទួល​មរណភាព នៅ​មន្ទីរពេទ្យ សិង្ហបុរី ជាទី​ដែល​លោក​ឧស្សាហ៍​ទៅព្យាបាល​ជម្ងឺ តាំង​ពី​ឆ្នាំ ២០១៧។ 

អតីតប្រធានាធិបតីស៊ីមបាវ៉េលោក Robert Mugabeត្រួតពិនិត្យ​កងទ័ព​នៅ​ពេល​បើក​សម័យប្រជុំ​សភា នៅឆ្នាំ ២០០០
អតីតប្រធានាធិបតីស៊ីមបាវ៉េលោក Robert Mugabeត្រួតពិនិត្យ​កងទ័ព​នៅ​ពេល​បើក​សម័យប្រជុំ​សភា នៅឆ្នាំ ២០០០ ©REUTERS/Howard Burditt
ផ្សាយពាណិជ្ជកម្ម

អតីតប្រធានាធិបតី ស៊ីមបាវ៉េ លោក​រ៉ូប៊ែរ មូហ្កាបេ ដែល​បាន​ដឹកនាំ​ប្រទេស អស់​រយៈពេល ៣៧ឆ្នាំ បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​សិង្ហបុរី។ នេះ​បើតាម​ការប្រកាស​របស់​ប្រធានាធិបតី​ស៊ីមបាវ៉េ នៅ​ថ្ងៃ​សុក្រនេះ។

លោក មូហ្កាបេ ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​មេដឹកនាំ​ដែល​មាន​អាយុ ច្រើន​ជាងគេ នៅ​ក្នុង​ពិភពលោក។ លោក​បាន​ចុះ​ចេញ​ពី​អំណាច នៅ​អាយុ ៩៣​ឆ្នាំ កាលពី​ឆ្នាំ ២០១៧ នៅ​ក្រោម​សំពាធ​របស់​កងទ័ព​ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត និង​ជា​មិត្តរួមអាវុធ​របស់​លោក ក្នុង​ចលនាទាមទារ​ឯករាជ្យ​ស៊ីមបាវ៉េ ពី​ម្ចាស់អាណានិគម​និយម​អង់គ្លេស នៅ​ឆ្នាំ ១៩៨០។

សម្រាប់​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង និង​មេដឹកនាំ​របស់​បណ្តា​ប្រទេស​អាហ្រិក ផ្សេងទៀត លោក​មូហ្កាបេ ជា​ជើងឯក​ខាង​តស៊ូ​ប្រឆាំង​អាណានិគមនិយម។ នៅក្រោយ​ការប្រកាស​ដំណឹង​មរណភាព​របស់​មូហ្កាបេ ទីក្រុង​ប៉េកាំង វិញ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អតីត​មេដឹកនាំ​ស៊ីមបាវ៉េ​បាន ស្វាគម ចាត់ទុក លោករូប៊ែរ មូហ្កាបេ ថា ជា​មេដឹកនាំ​ពិសេស ដែល​បាន​ការពារ​ដែន​អធិបតេយ្យភាព​របស់ប្រទេស ​ប្រឆាំង​ដាច់ខាត​នឹង​ការលូកដៃ របស់​បរទេស។

ទីក្រុង​ប៉េកាំង​រំលឹកថា គឺ​លោក​មូហ្កាបេ ដែល​បាន​ជួយជំរុញ​ផងដែរ មិត្តភាព​សហប្រតិបត្តិការ​​រវាង​ចិន ហើយ​និង​បណ្តា​ប្រទេស នៅ​តំបន់​អាហ្វ្រិក។

មាន​ឈ្មោះពេញ​ថា Robert Gabriel Mugabe លោក​មូហ្កាបេ​កើត​នៅ​ឆ្នាំ ១៩២៤ នៅភាគកណ្តាល​ប្រទេស Rhodesia ដែល​ក្រោយមក បាន​ប្តូរឈ្មោះ​ជា​ស៊ីមបាវ៉េ នៅ​ពេល​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស នៅ​ឆ្នាំ ១៩៨០។ កុមារ​មូហ្កាបេ ដែល​មាន​ឪពុក​ជា​ជាងឈើ ត្រូវ​បាន​គេរៀបរាប់​ថា ជា​កុមារ​ដែល​ចូលចិត្ត​នៅ​ម្នាក់ឯង និង​តែង​កាន់សៀវភៅ​អាន​ជានិច្ច នៅពេល​ចេញទៅ​ឃ្វាលគោ។ បាន​ទទួល​អាហារូបករណ៍ ឲ្យ​សិក្សា នៅ​សកលវិទ្យាល័យ សម្រាប់​តែសិស្ស​ស្បែកខ្មៅ នៅ​អាហ្វ្រិកខាងត្បូង មូហ្កាបេ​បាន​ទទួល​សញ្ញាប័ត្រ​ដល់​ទៅ ៧ មុន​នឹង​ក្លាយ​ជា​គ្រូបង្រៀន​នៅ​ប្រទេស​ហ្កាណា។

នៅ​ឆ្នាំ ១៩៦០ លោក​បាន​ចូលរួម​ក្នុង​ចលនាតស៊ូ ដែល​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋអំណាច របស់​ប្រទេស Rhodesia ដែល​ជំនាន់ នោះ ដឹកនាំ​ដោយ​សហគមន៍ ស្បែកស ដែល​រើងអើង ប្រកាន់​ពូជសាសន៍ ទៅលើ​ប្រជាជន​ស្បែកខ្មៅ។

នៅ​ឆ្នាំ ១៩៦៤ លោក​មូហ្កាបេ​ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ស្បែក​ស នៅ​Rhodesia ចាប់ដាក់​ពន្ធនាគារ​អស់​១០ឆ្នាំ ដោយគ្មាន​ការជំនុំជម្រះ​នៅ​តុលាការ​អ្វីទាំងអស់។ នៅក្រោយ​ដោះលែង​ឲ្យ​មាន​សេរីភាព លោក​មូហ្កាបេ​បាន​រត់ទៅ​ជ្រកកោន​នៅ​ប្រទេស​ជិតខាង ម៉ូសំប៊ិក ជាទី​ដែល​លោក​ដឹកនាំ​ចលនា​តស៊ូ​ប្រដាប់អាវុធ រហូត ដល់​ថ្ងៃ ដែល​Rhodesia បាន​ទទួល​ឯករាជ្យ ជាផ្លូវការ ពី អង់គ្លេស នៅ​ឆ្នាំ ១៩៨០ និង​បាន​ប្រែឈ្មោះ​មកជា​ប្រទេស​ស៊ីមបាវ៉េវិញ។ នៅក្នុង​ដំណើរជីវិត​តស៊ូ​រហូតមក លោកមូហ្កាបេ បាន​បង្ហាញ​ពីការប្តេជ្ញា​ចិត្ត​ខ្ពស់ ហើយ​និង​ប្រាជ្ញា​ឆ្លាតវៀងវៃ។

ចលនា​តស៊ូ​របស់​លោក ដែល​ទាមទារ​សេរីភាព ឲ្យ​ប្រជាជន​ស្បែកខ្មៅ និង​ប្រឆាំង​រដ្ឋាភិបាល​ស្បែកស ដែល​រើសអើង​ប្រកាន់ពូជសាសន៍ បាន​ធ្វើ​ឲ្យ​លោក មូហ្កាបេ ទទួល​ជ័យជំនះ ដ៏ធំធេង នៅ​ឆ្នាំ ១៩៨០។ ប៉ុន្តែ ជាជាង រករឿង សងសឹក លោក​មូហ្កាបេ បាន​ដើរនយោបាយ​ជា​អ្នកផ្សះផ្សារ បង្រួបបង្រួមជាតិ ដោយ​បាន​អនុញ្ញាត​ឲ្យ​អតីតនាយករដ្ឋមន្រ្តី​ស្បែកស ជាតិ​អង់គ្លេស នៅ​បន្ត រស់នៅ ស៊ីមបាវេ និង​បាន​សម្រេច​ប្រគល់​តំណែង​សំខាន់ៗ​របស់​ប្រទេស ដូចជា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ទៅ​ឲ្យ​ជនស្បែកស។ នៅក្នុង​រយៈពេល​១០ឆ្នាំ ដំបូង លោក​មូហ្កាបេ​ បាន​ក្លាយ​មេដឹកនាំ​គំរូ ដោយ​បាន​ជួយ​ឲ្យ​ប្រទេស​បោះជំហាន រីកចម្រើន ក្នុង​ល្បឿនមួយ​ដ៏លឿន។ ធ្លាប់រៀន ទទួល​បាន​សញ្ញាប័ត្រ ដ៏ច្រើន លោក​មូហ្កាបេ បាន​ជំរុញ​ខ្លាំង វិស័យអប់រំ។ សាលារៀន មន្ទីរពេទ្យ និង​លំនៅឋាន សម្រាប់​ប្រជាជន​ស្បែកខ្មៅ បាន​ដុះដូចផ្សិត នៅក្នុង​រយៈពេល​១០​ឆ្នាំដំបូង នៃ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកមូហ្កាបេ។

មេដឹកនាំ​គំរូ នៅអាហ្វ្រិក និង​ជា​វីរជន​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស

ក្នុងក្រសែភ្នែក​របស់​ប្រជាជន​ស៊ីមបាវ៉េ លោក មូហ្កាបេ ជា​វីរជន ទាមទារ​ឯករាជ្យ រំដោះប្រទេស ឲ្យ​រួចផុត​ពី រដ្ឋាភិបាល​ស្បែកស ដែសរើសអើង​ប្រកាន់ពូជសាសន៍។ ដោយសារ​តែ​នយោបាយ​បង្រួបបង្រួម​ជាតិ និង​បោះដៃ ធ្វើការ​ជាមួយ​មន្រ្តី រដ្ឋាភិបាល​ស្បែកស ដែល​អតីត​សត្រូវរបស់លោកយ៉ាងដូច្នេះ លោក​មូហ្កាបេ​បាន​ទទួល​ការលើកសរសើរ​ខ្លាំងពី​ប្រទេស​លោកខាងលិច ជាពិសេស​អង់គ្លេស ដែល​ធា្លប់​ជា​ម្ចាស់អាណានិគម។ លោក​បាន​ទទួល​មេដាយសរសើរ​ពី​មហាក្សត្រីយ៉ានី​អេលីហ្សាបែត។ អន្តរជាតិ នៅ បាន​បិទភ្នែក គ្មាន​ប្រតិកម្ម​អ្វីទេ នៅពេល​លោក​មូហ្កាបេ បញ្ជូនទ័ព ទៅ​បង្រ្កាប សម្លាប់​ក្រុមបះបោរ ប្រឆាំង​នឹង​លោក ដល់​ទៅ ២ម៉ឺននាក់។

ប៉ុន្តែ ទំនាក់ទំនង​រវាង​លោក​មូហ្កាបេ និង​ប្រទេស​លោកខាងលិច បាន​ចាប់ផ្តើម​ល្អក់កករ ថ្នាំងថ្នាក់​នឹង​គ្នាវិញ ចាប់​តាំង​ពី​ឆ្នាំ ២០០០។ រឿងរ៉ាវ​ចាប់ផ្តើម​កើត​ចេញមក​ពី​នយោបាយ​កំណែទម្រង់​ដី​កសិកម្ម​របស់​លោក មូហ្កាបេ នៅ​អំឡុងឆ្នាំ ២០០០។ កំណែទម្រង់​ដីកសិកម្ម របស់​លោក​មូហ្កាបេ មាន​គោលដៅ បែងចែក​ដីកសិកម្ម​ឲ្យ​ស្មើភាព​រវាង​ក្រុមប្រជាជន​ស្បែកស ហើយ​និង ប្រជាជន​ស្បែកខ្មៅ។ ប្រជាជន​ស្បែកខ្មៅ រាប់​សែននាក់​បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ពិតមែន ប៉ុន្តែ ប្រើ​អំពើហិង្សា ប្លន់​យក​ដី​ពី​ម្ចាស់​កសិដ្ឋាន​ស្បែកស។ អំពើហិង្សា ជំនាន់នោះ​បានធ្វើ​ឲ្យម្ចាស់កសិដ្ឋាន​ស្បែកស ជាង ៤ពាន់​រត់ ចាកចេញ ពី​ប្រទេស​ស៊ីមបាវ៉េ។ នៅ​ក្រោយ ព័ត៌មានចុះផ្សាយ​នៅ លើ​ទំព័រមុខ​របស់​កាសែត​បរទេស រដ្ឋាភិបាល​របស់​មូហ្កាបេ ក្លាយជា​ផ្ទាំងស៊ីប​រិះគន់ ពី​ប្រទេស​លោកខាងលិច។

មួយវិញទៀត លោក​មូហ្កាបេ បាន​ក្លាយ​ពី​វីរជន គួរ​ឲ្យ​គោរព​ស្រឡាញ់ ទៅ​ជា​មេដឹកនាំ​ផ្តាច់ការ​ក៏គួរ​ឲ្យ​ស្អប់ ក៏​ដោយសារ​នយោបាយ​ផ្តាច់ការ​របស់លោកដែរ។ អ្នកសរសេរ​ប្រវត្តិរូប​របស់​លោកមូហ្កាបេ ជាច្រើន បាន​និយាយ​ថា លោក​Robert Mugabe គ្មាន​ចិត្ត​លោភលន់​ចង់​បាន​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួនទេ ប៉ុន្តែ លោក​ស្រឡាញ់អំណាច​ខ្លាំង។

អាច​ថា ដោយសារ​តែ​ស្រឡាញ់​ក្រាញអំណាច បានជា​លោក​មូហ្កាបេ​ក្លាយ​ពី វីរជន​មកជា​មេដឹកនាំដ៏សំអប់​យ៉ាងដូច្នេះ។

ត្រូវដឹងថា ចាប់តាំង​ពី​ឆ្នាំ ២០០៨ លោក​ឈ្នះ​ឆ្នោតរហូត មិន​ដែល​ចាញ់ ព្រោះ​លោក​បាន​ប្រើ​អំណាច គាបសង្កត់ បង្រ្កាប​យ៉ាងហិង្សា​លើ​ក្រុមបក្ស​ប្រឆាំង ដែល​ចាប់ផ្តើម​ប្រមូលកម្លាំង និង​បាន​ទទួល​ការគាំទ្រ​កាន់តែច្រើន​ពី​ប្រជាជន។ ការបង្រ្កាប​ហិង្សា​របស់​លោក​មូហ្កាបេ ទៅលើ​ក្រុមប្រឆាំង បាន​ធ្វើ​ប្រទេស​លោកខាងលិច ដូចជា​អង់គ្លេស​និង​អាមេរិក ដាក់​ឈ្មោះ​លោក ជា​មេដឹកនាំ​ផ្តាច់ការ និង​ដែល​គេ​មិន​ស្វាគម​ឲ្យ​ជាន់ទឹកដី​របស់គេ។ សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​ស៊ីមបាវ៉េ ដែល​រងការចោទប្រកាន់ ក្នុង​បទ​រំលោភ​សិទ្ធិ​មនុស្ស ចាប់ខ្លួន ក្រុមអ្នកប្រឆាំង បិទសិទ្ធិសេរីភាព​ដល់​អ្នកកាសែត។

ប្រតិកម្ម​ទៅនឹង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​និង​មតិរិះគន់​របស់​ប្រទេស​លោកខាងលិច លោក​មូហ្កាបេ​នៅតែរក្សា​ជំហរ ដូចដើម គឺ​មិន​ចុះញ៉ម នឹង​ការដាក់សម្ពាធ និង​បាន​វាយបក​វិញថា គេដាក់ទណ្ឌកម្ម​ប្រជាជន​ស៊ីមបាវ៉េ ព្រោះ​ប្រទេស​ចក្រពត្តិ​ទាំងនោះ​ចង់​បាន​កេរមរតក​របស់​ស៊ីមបាវ៉េ។

ការគ្រប់គ្រង​អំណាច​ផ្តាច់ការ និង​បញ្ហា​សេដ្ឋកិច្ច ក្រោយ​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច

លោក​មូហ្កាបេ ធ្លាប់​បាន​ប្រកាស​ថា លោក​នឹង​បន្ត​តំណែង​ជា​ប្រធានាធិបតី រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​ដកយក​ពីលោកវិញ។ លោក​ហ៊ាន​ថា ដូច្នេះ ដោយសារ​លោកមានជំនឿ​ទុកចិត្ត​លើ​កងទ័ព​ដែល​ស្មោះស្ម័គ្រ​ខ្លាំង​នឹង​លោក។ប៉ុន្តែ នៅឆ្នាំ ២០១៧ លោក​មូហ្កាបេ​បាន​ប្រព្រឹត្ត​កំហុស​មួយ។ លោក​បាន​បណ្តេញ​អនុប្រធានាធិបតី ដែល​ធ្លាប់​ជាមនុស្ស​ស្និទ្ធ​នឹង​លោក នៅក្នុង​បក្ស ដោយសារ​ចង់ លើក​ភរិយា​របស់លោក​ឲ្យ​ចូល​កាន់តំណែង បន្ត​ពីលោក។ លោក​មូហ្កាបេ​ដែល​មាន​សុខភាព​ចុះខ្សោយ និង​ឧស្សាហ៍​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី ត្រូវ​បាន​គេ​ជឿថា កំពុង​មាន​ជម្ងឺមហារីក។

ប៉ុន្តែ ការសម្រេច​យ៉ាងដូច្នេះ បាន​ធ្វើ​ឲ្យ​មាន​តវ៉ា​ខ្លាំង​ពី​អនុប្រធានាធិបតី ដែលបាន​ការគាំទ្រ​ពី​កងទ័ព។ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ បន្ទាប់ពី​កាន់តំណែង អស់ ៣៧ ឆ្នាំ លោក​មូហ្កាបេ បាន​បង្ខំចិត្ត​ចុះចេញ​ពី​តំណែង ទៅតាម​ការទាមទារ​របស់​កងទ័ព។

ប្រជាជន​ស៊ីមបាវ៉េ​ជាទូទៅ ក៏គាំទ្រគំនិត ឲ្យ​មានការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំដែរ ព្រោះថា នៅក្រោម​ការដឹកនាំ​របស់​លោកប្រធានាធិបតី មូហ្កាបេ សេដ្ឋកិច្ច​របស់​ប្រទេស​បានធ្លាក់​សឹង​ដល់​កម្រិតសូន្យ។ ដោយសារ​តែ ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​និង អសមត្ថភាពមិន​ចេះគ្រប់គ្រង កសិកម្ម អាជីវកម្ម​រ៉ែ​ជាដើម រដ្ឋាភិបាល​ស៊ីមបាវ៉េ​ជួប​វិបត្តិ​ខ្វះ​ថវិកា និង​អតិផរណា ខ្ពស់កប់ពពក។ ៩០ភាគរយ​នៃ​ប្រជាជន​ពេញកម្លាំង​នៅ​ស៊ីមបាវ៉េ គ្មាន​ការងារ​ធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ