បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រានចោលអ្នកនយោបាយចាស់ ជ្រើសយកចរន្តថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៤
ជាប្រភពនៃបដិវត្តអារ៉ាប់នៅឆ្នាំ២០១១ និងជាប្រទេសតែមួយគត់ ដែលបានស្គាល់ស្ថិរភាពនយោបាយឡើងវិញ ទុយនីស៊ីថ្ងៃនេះកំពុងបង្កើតការភ្ញាក់ផ្អើលមួយថ្មីទៀត ! បេក្ខជននៃបក្សធំៗ និងបក្សកាន់អំណាច គ្មានមុខអាចឡើងដល់ជុំទីពីរទេ។ បើតាមលទ្ធផលបណ្តោះអាសន្ន ក្រៅផ្លូវការ ក្នុងសម័យបោះឆ្នោតប្រធានាធិបតីថ្ងៃទី ១៥កញ្ញាម្សិលមិញ បេក្ខជនពីររូបដែលនាំមុខគេ ជាប់ចូលប្រកួតប្រជែងយកតំណែងប្រធានាធិបតី គឺបេក្ខជនដែលមាននិន្នាការជាអ្នកប្រឆាំងរចនាសម្ព័ន្ធដឹកនាំប្រទេសបច្ចុប្បន្ន ៖ លោកកាអ៊ីស សៃអ៊ីដ Kaïs Saïed អ្នកច្បាប់មហាអភិរក្ស និងលោក ណាប៊ីល ការ៉ូអ៊ី Nabil Karoui អ្នកជំនួញកំពុងជាប់ពន្ធនាគារ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតទុយនីស៊ី នឹងប្រកាសលទ្ធផលផ្លូវការយ៉ាងយូរនៅថ្ងៃអង្គារ។
ការបោះឆ្នោតបានការចូលរួមពីសំណាក់ពលរដ្ឋយ៉ាងតិចតួចបំផុត គួរឱ្យចម្លែកមែនទែន គឺមានត្រឹមតែ៤៥%ប៉ុណ្ណោះ ទល់នឹង៦៤%កាលពីឆ្នាំ២០១៤។
ចំណែកឯលទ្ធផលវិញ ប្រសិនបើគណៈកម្មការជាតិរៀបចំការបោះឆ្នោតបញ្ជាក់លទ្ធផលឆ្នោតដូចអ្វីដែលគេបានផ្សព្វផ្សាយនៅពេលនេះមែន នោះវាពិតជាព្រឹត្តិការណ៍កក្រើក ដែលវាយសំពងលើក្រុមអ្នកនយោបាយទុយនីស៊ីកំពុងអំណាច និងបញ្ជាក់ថាពលរដ្ឋទុយនីស៊ី លែងទុកចិត្តលើពួកគេ។
បេក្ខជនប្រធានាធិបតី ជាអតីតនាយករដ្ឋមន្ត្រីបីនាក់ អតីតប្រធានាធិបតី ប្រមុខរដ្ឋាភិបាលផុតអាណត្តិ ឬរដ្ឋមន្ត្រី សុទ្ធតែត្រូវបានប្រជាពលរដ្ឋទុយនីស៊ីទាត់ចោល មិនបោះឆ្នោតគាំទ្រទេ។ ចរន្តនយោបាយធំៗក្នុងសភា បក្សកណ្តាលនិយម បក្សអ៊ីស្លាមនិយម ក៏ពលរដ្ឋលែងត្រូវការ។ ទុយនីស៊ីបានជ្រើសរើសបេក្ខជនពីររូប ដែលមាននិន្នាការជាអ្នកប្រឆាំងនឹងរចនាសម្ព័ន្ធដឹកនាំបច្ចុប្បន្ន។ បើតាមវិទ្យាស្ថានស្ទង់មតិឯកជន Sigma Conseil et Emrhod បេក្ខជននាំមុខគេ បានឡើងទៅជុំទីពីរ គឺបេក្ខជន កាអ៊ីស សៃអ៊ីដ បានទទួលសំឡេងគាំទ្រ ១៩% និងលោក ណាប៊ីល ការ៉ូវី ១៥%។ ចំណែកបេក្ខជនមកពីបក្សអ៊ីស្លាមនិយម អែរណាដា បក្សដ៏ធំជាងគេនោះ ជាប់លំដាប់ទីបី ជាមួយសំឡេងគាំទ្រប្រមាណ១១ទៅ១២,៥%ប៉ុណ្ណោះ។
លោក កាអ៊ីស សៃអ៊ីដ ជានរណា ?
លោក កាអ៊ីស សៃអ៊ីដ ជាអ្នកច្បាប់ មានអាយុ ៦១ឆ្នាំ និងមានងារ ថា Robocop ដោយសារតែលោកមានសំដី បែបត្រង់ម៉ាត់ៗ និងមុខមាំ។ សាធារណជនស្គាល់លោកតែតាមរយៈអន្តរាគមន៍តាមកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីតស៊ូមតិផ្សេងៗទាក់ទងនឹងច្បាប់រដ្ឋធម្មនុញ្ញ តាំងពីឆ្នាំ២០១១មកប៉ុណ្ណោះ។ គ្មានជាប់ជំពាក់នឹងបក្សនយោបាយណា គ្មានសកម្មជនគ្មានរចនាសម្ព័ន្ធ គាំទ្រ លោក សៃអ៊ីដ មិនដែលចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទេ គ្មានមិទ្ទិញ គ្មានប្រព័ន្ធសង្គមអ្វីទាំងអស់។ លោកបង្កើនតែការចុះតាមខេត្តក្រុងពេញផ្ទៃប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះទេ។ ពីការិយាល័យ ជាផ្ទះដ៏តូចមួយ នៅទីក្រុងទុយនី បានអះអាង ថាលោក ដឹងអំពីទំនួលខុសត្រូវដ៏ធំរបស់លោក ដែលជាប់ជាបេក្ខជនលេខមួយ ក្នុងការបោះឆ្នោតជុំទីមួយ។ លោក សៃអ៊ីដ បានសន្យាដឹកនាំប្រទេសតាមកម្មវិធីរបស់លោក។
លោក សៃអ៊ីដ ជាអ្នកអភិរក្សនិយមបំផុត ជាពិសេសលើប្រធានបទសង្គម និងមានទំនោរទៅរកច្បាប់Charia។ លោកប្រឆាំងនឹងកំណែទម្រង់របស់អតីតប្រធានាធិបតី ស្តីពីសមភាពស្ត្រីនិងបុរស ប្រឆាំងនឹងការមិនដាក់ទោសអ្នកស្រលាញ់ភេទដូចគ្នា និងប្រឆាំងនឹងការរំលាយទោសប្រហារជីវិត។
លោក ណាប៊ីល ការ៉ូវី គូប្រជែងក្នុងពន្ធនាគារ
មាននិន្ននាការប្រឆាំងនឹងរចនាសម្ព័ន្ធដឹកនាំបច្ចុប្បន្នដែរ តែលោក ណាប៊ីល ការ៉ូវី មានជំហរនយោបាយផ្ទុយពីលោក សៃអ៊ីដ ទាំងស្រុង។
អាយុ ៥៦ឆ្នាំ ជាសេដ្ឋី ជាអ្នកផ្សាយពាណិជ្ជកម្ម ជាស្ថានិកទូរទស្សន៍ឯកជន Nessma។ ក្រោយបដិវត្តអារ៉ាប់ឆ្នាំ២០១១ លោកបានចូលប្រលូកនយោបាយ បង្កើតបក្សថ្មីមួយដែលប្រមូលផ្តុំអ្នកទំនើប និងជឿនលឿននិយម ប្រឆាំងនឹងសន្ទុះអ៊ីស្លាមជ្រុលនិយម។ នៅឆ្នាំ២០១៦ លោកបានជ្រើសរើសសកម្មភាពមនុស្សធម៌ ចុះជួយជនក្រីក្រ នៅជនបទ តាមភូមិ ដែលថ្នាក់ដឹកនាំនយោបាយមិនសូវគិតគូរ ដោយរវល់អភិវឌ្ឍន៍ក្រុង ក្រោមទស្សនៈចែករំលែងផ្តល់ការងារ និងថវិកាដល់ទុយនីស៊ី។ យុទ្ធនាការចែកចាយអំណោយ បានធ្វើឱ្យមានប្រជាប្រិយភាពខ្ពស់ ក្នុងចំណោមស្រទាប់ប្រជាជនក្រីក្រ។
ប៉ុន្តែសកម្មភាពបែបនេះ ត្រូវបានគេចាត់ទុកជានយោបាយបែបប្រជាភិថុត។ គ្រាន់តែបានប្រកាសខ្លួន ជាបេក្ខជនប្រធានាធិបតី ជាផ្លូវការភ្លាម រដ្ឋាភិបាលក៏បានសើរើច្បាប់ដើម្បីទប់ស្កាត់លោក ណាប៊ីល ការ៉ូវី តែចៃដន្យប្រធានាធិបតីបានទទួលមរណភាពមិនអាចចុះហត្ថលេខាផ្តល់សុពលភាពច្បាប់នោះបាន។ នៅទីបំផុត លោក ការ៉ូវី ត្រូវជាប់ពន្ធនាគារនៅថ្ងៃទី ២៣សីហា ពីបទគេចពន្ធ និងលាយលុយ ក្រោយពីមានឯកសារមួយរបស់ភ្នាក់ងារតម្លាភាពអន្តរជាតិប្រចាំទុយនីស៊ី។ តុលាការបដិសេធ មិនដោះលែងលោកបីដងហើយ។ រាល់សកម្មភាពឃោសនា កន្លងមកនេះ ត្រូវជំនួសដោយភរិយាលោក។
ប្រសិនបើគណៈកម្មការជាតិ បញ្ជាក់លទ្ធផលថាលោក ការ៉ូវី ពិតជាជាប់ឡើងដល់ជុំទីពីរមែន នោះពិតជាករណីដំបូងគេបង្អស់នៅលើពិភពលោក ដែលនៅក្នុងការបោះឆ្នោតប្រធានាធិបតី មានបេក្ខជនម្នាក់ ជាប់នៅក្នុងពន្ធនាគារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ