អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ប្រភព​នៃ​បដិវត្ត​អារ៉ាប់នៅ​ឆ្នាំ​២០១១ និង​ជា​ប្រទេស​តែ​មួយ​គត់ ដែល​បាន​ស្គាល់​ស្ថិរភាព​នយោបាយ​ឡើង​វិញ ទុយនីស៊ី​ថ្ងៃ​នេះ​កំពុង​បង្កើត​ការ​ភ្ញាក់ផ្អើល​មួយ​ថ្មី​ទៀត ! បេក្ខជន​នៃ​បក្ស​ធំៗ និង​បក្ស​កាន់​អំណាច គ្មាន​មុខ​អាច​ឡើង​ដល់​ជុំ​ទីពីរ​ទេ។ បើតាម​លទ្ធផល​បណ្តោះ​អាសន្ន ក្រៅ​ផ្លូវការ ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី ១៥​កញ្ញា​ម្សិលមិញ បេក្ខជនពីរ​រូប​ដែល​នាំ​មុខ​គេ ជាប់​ចូល​​ប្រកួត​ប្រជែងយក​តំណែង​ប្រធានាធិបតី គឺបេក្ខជន​ដែល​មាន​និន្នាការ​​ជា​អ្នក​ប្រឆាំង​រចនាសម្ព័ន្ធ​​ដឹកនាំប្រទេស​បច្ចុប្បន្ន ៖ ​​លោកកាអ៊ីស សៃអ៊ីដ Kaïs Saïed ​អ្នក​ច្បាប់​មហាអភិរក្ស និង​លោក ណាប៊ីល​ ការ៉ូអ៊ី Nabil Karoui អ្នក​ជំនួញ​កំពុង​ជាប់​ពន្ធនាគារ។ ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ទុយនីស៊ី នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​យ៉ាង​យូរ​នៅ​ថ្ងៃ​អង្គារ​។

សកម្មជន​គាំទ្រ​​អបអរ​ជោគជ័យរបស់​លោក ការ៉ូវី ​បាន​ឡើង​ទៅ​ជុំ​ទីពីរ
សកម្មជន​គាំទ្រ​​អបអរ​ជោគជ័យរបស់​លោក ការ៉ូវី ​បាន​ឡើង​ទៅ​ជុំ​ទីពីរ REUTERS/Muhammad Hamed
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោតបាន​​ការ​ចូល​រួម​ពី​សំណាក់​ពលរដ្ឋ​យ៉ាង​តិច​តួច​បំផុត គួរ​ឱ្យ​ចម្លែក​មែន​ទែន គឺ​មាន​ត្រឹម​តែ​៤៥%​ប៉ុណ្ណោះ ទល់​នឹង​៦៤%​កាលពី​ឆ្នាំ​២០១៤។

ចំណែក​ឯលទ្ធផល​វិញ ប្រសិន​បើ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតបញ្ជាក់​លទ្ធផល​ឆ្នោត​ដូច​អ្វី​ដែល​គេ​បាន​ផ្សព្វផ្សាយ​នៅ​ពេលនេះ​មែន នោះ​វា​ពិត​ជា​ព្រឹត្តិការណ៍​កក្រើក ដែល​វាយ​សំពង​លើ​​​​ក្រុម​អ្នក​នយោបាយ​ទុយនីស៊ី​កំពុង​អំណាច​ និង​បញ្ជាក់​ថា​ពលរដ្ឋ​ទុយនីស៊ី លែង​ទុក​ចិត្ត​លើ​ពួកគេ។

បេក្ខជន​ប្រធានាធិបតី​ ជា​អតីត​នាយក​រដ្ឋមន្ត្រីបី​នាក់ អតីត​ប្រធានាធិបតី ​ ប្រមុខ​រដ្ឋាភិបាល​ផុត​អាណត្តិ ឬ​រដ្ឋមន្ត្រី​ សុទ្ធ​តែត្រូវ​បាន​ប្រជាពលរដ្ឋ​ទុយនីស៊ី​ទាត់​ចោល មិន​បោះឆ្នោត​គាំទ្រ​ទេ។​ ចរន្ត​នយោបាយ​​ធំៗ​ក្នុង​សភា បក្ស​កណ្តាល​និយម បក្ស​អ៊ីស្លាមនិយម ក៏​ពលរដ្ឋ​លែង​ត្រូវ​ការ។ ទុយនីស៊ី​បាន​ជ្រើសរើស​បេក្ខជនពីររូប ដែល​មាន​និន្នាការ​​ជា​អ្នក​ប្រឆាំង​នឹង​រចនា​សម្ព័ន្ធ​ដឹកនាំ​បច្ចុប្បន្ន​។ បើ​តាម​វិទ្យាស្ថាន​ស្ទង់​មតិ​ឯកជន Sigma Conseil et Emrhod បេក្ខជន​នាំមុខ​គេ បាន​ឡើង​ទៅជុំ​ទីពីរ គឺ​​បេក្ខជន កាអ៊ីស សៃអ៊ីដ បាន​ទទួល​សំឡេង​គាំទ្រ ១៩% និង​លោក ណាប៊ីល ការ៉ូវី ១៥%។ ចំណែក​បេក្ខជន​មក​ពី​បក្ស​អ៊ីស្លាម​និយម​ អែរណាដា បក្ស​ដ៏​ធំ​ជាងគេ​នោះ ជាប់​លំដាប់​ទីបី ជាមួយ​សំឡេង​គាំទ្រ​ប្រមាណ​១១ទៅ​១២,៥%ប៉ុណ្ណោះ។

​លោក​ កាអ៊ីស​ សៃអ៊ីដ ជា​នរណា​ ?

លោក កាអ៊ីស សៃអ៊ីដ ជា​អ្នក​ច្បាប់​​ មាន​អាយុ ៦១​ឆ្នាំ និង​មាន​ងារ ថា Robocop ដោយ​សារ​តែ​លោក​មាន​សំដី​ បែប​ត្រង់ម៉ាត់ៗ និង​មុខ​មាំ។ សាធារណជន​ស្គាល់​លោក​តែ​តាម​រយៈ​អន្តរាគមន៍​តាម​កញ្ចក់​ទូរទស្សន៍​ ក្នុង​កម្មវិធី​តស៊ូ​មតិផ្សេងៗ​ទាក់ទង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ តាំង​ពី​ឆ្នាំ​២០១១មកប៉ុណ្ណោះ។ គ្មាន​ជាប់​ជំពាក់​នឹង​បក្ស​នយោបាយ​ណា គ្មាន​សកម្មជនគ្មាន​រចនា​សម្ព័ន្ធ គាំទ្រ លោក សៃអ៊ីដ ​មិនដែល​ចូល​រួម​​​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតទេ គ្មាន​មិទ្ទិញ គ្មានប្រព័ន្ធ​សង្គម​អ្វី​ទាំង​អស់​។ លោក​បង្កើនតែ​​ការ​ចុះ​តាមខេត្ត​ក្រុង​ពេញ​ផ្ទៃ​ប្រទេស ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ទេ។ ​​ពី​ការិយាល័យ​ ជា​ផ្ទះ​ដ៏​តូច​មួយ​ នៅ​ទីក្រុង​ទុយនី បាន​អះអាង ថា​លោក ដឹង​អំពី​ទំនួល​ខុស​ត្រូវ​ដ៏​ធំ​របស់​លោក ដែល​ជាប់​ជា​​បេក្ខជន​លេខ​មួយ ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​មួយ។ លោក សៃអ៊ីដ បាន​សន្យាដឹកនាំ​ប្រទេស​តាមកម្មវិធី​របស់​លោក។

​លោក សៃអ៊ីដ ជា​អ្នក​អភិរក្ស​និយម​បំផុត​ ជាពិសេស​លើ​ប្រធាន​បទ​សង្គម និង​មាន​ទំនោរ​ទៅ​រក​ច្បាប់​Charia។ លោក​ប្រឆាំងនឹង​កំណែទម្រង់​របស់​អតីត​ប្រធានាធិបតី ស្តី​ពី​សមភាព​ស្ត្រី​និង​បុរស ប្រឆាំ​ងនឹង​ការ​មិន​ដាក់​ទោស​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និង​ប្រឆាំង​នឹង​ការ​រំលាយ​ទោស​ប្រហារ​ជីវិត។

​​លោក ណាប៊ីល ការ៉ូវី គូប្រជែង​ក្នុង​ពន្ធនាគារ

មាន​និន្ននាការ​ប្រឆាំង​នឹង​រចនា​សម្ព័ន្ធ​ដឹកនាំ​បច្ចុប្បន្ន​ដែរ តែ​លោក ណាប៊ីល ការ៉ូវី មាន​ជំហរ​នយោបាយ​ផ្ទុយ​ពី​លោក​ សៃអ៊ីដ ទាំង​ស្រុង។

អាយុ ៥៦​ឆ្នាំ ជា​សេដ្ឋី ជា​អ្នក​ផ្សាយ​ពាណិជ្ជកម្ម ជា​ស្ថានិក​ទូរទស្សន៍​ឯកជន​ Nessma។ ក្រោយ​បដិវត្ត​អារ៉ាប់​ឆ្នាំ​២០១១ លោក​បាន​ចូល​ប្រលូក​នយោបាយ​ បង្កើត​បក្ស​ថ្មី​​មួយ​ដែល​ប្រមូលផ្តុំ​អ្នក​ទំនើប និង​ជឿនលឿន​និយម ប្រឆាំង​នឹង​សន្ទុះ​អ៊ីស្លាម​ជ្រុលនិយម។ នៅ​ឆ្នាំ​២០១៦ លោក​បានជ្រើសរើស​​សកម្មភាព​មនុស្សធម៌ ចុះជួយ​ជន​ក្រីក្រ នៅ​ជនបទ តាម​ភូមិ ដែល​ថ្នាក់​ដឹកនាំ​នយោបាយ​មិន​សូវ​គិត​គូរ ដោយ​រវល់​អភិវឌ្ឍន៍​ក្រុង ក្រោម​​ទស្សនៈចែក​រំលែង​​ផ្តល់​ការងារ​ និង​ថវិកា​ដល់​ទុយនីស៊ី។ យុទ្ធនាការ​ចែក​ចាយ​​អំណោយ​ បាន​ធ្វើ​ឱ្យ​មាន​ប្រជាប្រិយភាព​ខ្ពស់ ក្នុង​ចំណោម​ស្រទាប់​ប្រជាជន​ក្រីក្រ។

ប៉ុន្តែ​សកម្មភាព​បែប​នេះ​ ត្រូវ​បាន​គេ​​ចាត់​ទុក​ជា​នយោបាយ​បែប​ប្រជាភិថុត។ គ្រាន់​តែ​បាន​ប្រកាស​ខ្លួន​ ជា​បេក្ខជន​ប្រធានាធិបតី ជា​ផ្លូវការ​ភ្លាម ​រដ្ឋាភិបាល​​ក៏​បាន​សើរើ​ច្បាប់​​ដើម្បី​ទប់​ស្កាត់​លោក ណាប៊ីល ការ៉ូវី តែ​ចៃដន្យ​​ប្រធានាធិបតី​បាន​ទទួល​មរណភាព​មិន​អាច​ចុះ​ហត្ថលេខា​ផ្តល់​សុពលភាព​ច្បាប់នោះ​បាន​។ នៅទីបំផុត ​លោក ការ៉ូវី ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ថ្ងៃទី ២៣​សីហា ពី​បទ​គេច​ពន្ធ​ និង​លាយ​លុយ ក្រោយ​ពីមាន​​ឯកសារ​មួយ​របស់​ភ្នាក់ងារ​តម្លាភាព​អន្តរជាតិ​ប្រចាំ​ទុយនីស៊ី។ តុលាការ​បដិសេធ ​មិន​ដោះលែង​លោក​​​បី​​ដងហើយ។ រាល់​សកម្មភាព​ឃោសនា កន្លង​មក​នេះ ត្រូវ​ជំនួស​ដោយ​ភរិយា​លោក។

ប្រសិន​បើ​គណៈកម្មការ​ជាតិ បញ្ជាក់លទ្ធផល​ថា​​លោក ការ៉ូវី ពិត​ជា​ជាប់​ឡើង​ដល់​ជុំ​ទីពីរ​មែន នោះ​ពិត​ជា​ករណី​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក ដែល​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ មាន​បេក្ខជន​ម្នាក់ ជាប់​នៅ​ក្នុង​ពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ