អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាមានផ្ទុះអំពើហិង្សាប្រឆាំងនឹងជនបរទេសនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី១៥ កញ្ញា ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​លោក​ស៊ីរីល រ៉ាម៉ាហ្វូសា​បាន​ប្រញិបប្រញាប់​បញ្ជូន​គណៈប្រតិភូជាន់ខ្ពស់​អាហ្រ្វិកខាងត្បូង​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​នីហ្សេរីយ៉ា នីហ្សេ ហ្កាណា សេណេហ្កាល់ តង់សានី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង​ប្រទេស​សំប៊ី។ បេសកកម្ម​របស់​គណៈប្រតិភូ​អាហ្រ្វិកខាងត្បូង​ដែល​ដឹកនាំ​ដោយ​អតីត​រដ្ឋមន្រ្តី​លោក​យ៉េវ រ៉ាដេបា គឺ​ធានា​ដល់​ប្រទេស​អាហ្រ្វិក​ទាំង​នោះ​ពី​ការ​សន្យា​របស់​រដ្ឋាភិបាល​ទីក្រុង​ប្រេតូរីយ៉ា​ក្នុង​ការ​គោរព​ឯកភាព និង​សាមគ្គីភាព​រវាង​គ្រួសារ​អាហ្រ្វិក​ដូច​គ្នា។ បន្ទាប់​មក ពួក​គេ​ក៏​ត្រូវ​ប្រាប់​ពី​វិធានការ​មួយ​ចំនួន​ត្រូវ​ទីក្រុង​ប្រេតូរីយ៉ា​គ្រោង​អនុវត្ត​ដើម្បី​បញ្ចប់​ទង្វើ​វាយប្រហារ​លើ​ជនបរទេស និង​ចាប់​ជនដៃ​ដល់​ទៅ​កាត់​ទោស។ គួរ​រម្លឹក​ថា​នៅ​ដើម​ខែ​កញ្ញា​នេះ អាហ្រ្វិកខាងត្បូង​បាន​ស្គាល់​អំពើហិង្សា និង​ការ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ជនបរទេស។ តើ​អ្វី​ទៅ​ជា​ដើមចម​នៃ​ការ​ផ្ទុះ​ហិង្សា​ប្រឆាំង​នឹង​ជនបរទេស​នៅ​អាហ្រ្វិកខាងត្បូង និង​ថា តើ​ប្រទេស​អាហ្រ្វិក​មួយ​នេះ​ជា​ប្រទេស​ស្អប់​ជនបរទេស​ឬ?

ហេតុអ្វីបានជាមានផ្ទុះអំពើហិង្សាប្រឆាំងនឹងជនបរទេសនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង?
ហេតុអ្វីបានជាមានផ្ទុះអំពើហិង្សាប្រឆាំងនឹងជនបរទេសនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង? REUTERS/James Oatway
ផ្សាយពាណិជ្ជកម្ម

« ទូក​ទៅ កំពង់​នៅ » នេះ​ហើយ​ជា​អ្វី​ដែល​គ្រប់​គ្នា​បាន​សម្គាល់​ឃើញ​នៅ​ក្រោយ​អំពើហិង្សា និង​ការ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ជនបរទេស​ក្នុង​ប្រទេស​អាហ្រ្វិកខាងត្បូង ពិសេស​ជនបរទេស​មក​ពី​ក្រុម​ប្រទេស​អាហ្រ្វិក​ដូច​គ្នា។ ស្ថានការណ៍​ហាក់​បាន​ស្ងប់ស្ងាត់ និង​វិល​ត្រឡប់​រក​ភាព​ប្រក្រតី​វិញ​មែន តែ​វា​បាន​បន្សល់​ទុក​នូវ​រូបភាព​មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​អាហ្រ្វិកខាងត្បូង​ដែល​មាន​ពលរដ្ឋ ៥៧លាននាក់ ពិសេស​បាន​បន្សល់​ទុក​នូវ​ស្នាមរបួស និង​ការ​ភ័យខ្លាច​សម្រាប់​ជនបរទេស​ដែល​កំពុង​រស់នៅ រួម​ទាំង​អ្នក​ដែល​ចង់​ទៅ​តាំង​លំនៅ​ក្នុង​ទឹកដី​អាហ្រ្វិក​មួយ​នេះ​ផង។ គ្រាន់​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នា​ដើម​ខែ​កញ្ញា​នេះ អំពើហិង្សា​ប្រឆាំង​ជនបរទេស​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច ១២នាក់ របួស​ជាង ៦០០នាក់ និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​យ៉ាង​ដំណំ។

អ្វី​ជា​ការ​កត់សម្គាល់ ក្រុម​មនុស្ស​ដែល​ជា​ផ្ទាំងស៊ីប​នៃ​ទង្វើ​ស្អប់ខ្ពើម​ជនបរទេស​មិន​មាន​ត្រឹម​ជនបរទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ពលរដ្ឋអាហ្រ្វិកខាងត្បូង​គ្នា​ឯង​ដែរ។ សង្កាត់​ដែល​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​អំពើហិង្សា​មួយ​នេះ​ច្រើន​ជា​សង្កាត់​ដែល​រស់នៅ​ដោយ​ជនបរទេស និង​ជនជាតិ​អាហ្រ្វិកខាងត្បូង​ដែល​ជា​អ្នកមាន​ស្តុកស្តម។ ក្រៅ​ពី​ជនបរទេស​មក​ពី​ប្រទេស​អាស៊ី ដូច​យ៉ាង​បង់ក្លាដែស និង​ប៉ាគីស្ថាន គេ​សង្កេត​ឃើញ​មាន​ច្រើន​មក​ពី​ក្រុម​ប្រទេស​អាហ្រ្វិក​គ្នា​ឯង​ដូច​យ៉ាង​នីហ្សេរីយ៉ា ស៊ីមបាវ៉េ ឬ​មួយ​ក៏​ប្រទេស​សំប៊ី។ អ៊ីចឹង​ហើយ​បាន​ជា​​អ្នក​ដែល​បញ្ចេញ​ប្រតិកម្ម​ក្តៅក្រហាយ​ខ្លាំង​ជាង​គេ​នឹង​អំពើ​ស្អប់ជនបរទេស​នៅ​អាហ្រ្វិកខាងត្បូង​ពេល​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ក្រុម​ប្រទេស​អាហ្រ្វិក​គ្នា​ឯង​នោះ​ទេ។

ប្រធាន​គណៈកម្មការ​សហភាពអាហ្រ្វិក​លោក​មូសសា ហ្វាគីម៉ាហាម៉ាត​បាន​ថ្កោលទោស និង​បាន​ចាត់​ទុក​ទង្វើ​របៀបនេះ ថា​ជា​ការ​មើលងាយ មើល​ថោក​ចំពោះ​ជនបរទេស និង​បញ្ជាក់​ថា អំពើ​ស្អប់ខ្ពើម​ជនបរទេស​មិនមែន​ជា​ទម្លាប់​ការទូត​របស់​ទ្វីបអាហ្រិ្វក​ឡើយ។ អំណះអំណាង​របស់​លោក​ហ្វាគីម៉ាហាម៉ាត​យ៉ាង​ដូច​នេះ​ក៏​មិន​សូវ​ខុស​ប៉ុន្មាន​ដែរ ព្រោះ​គេ​កម្រ​ឃើញ​អំពើ​ស្អប់ជនបរទេស​កើត​មាន​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ផ្សេង​ណាស់។ តែ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា គេ​​ពិបាក​បែងចែក​ឲ្យ​បាន​ច្បាស់លាស់​រវាង​ទង្វើ​ឧក្រិដ្ឋកម្ម​ស្អប់ជនបរទេស ការ​ជម្រះបញ្ជី​រវាង​ក្រុម​បងធំ និង​ឧក្រិដ្ឋកម្ម​ទូទៅ​នៅ​អាហ្រ្វិកខាងត្បូង​ដែល​ជា​ប្រទេស​មាន​អត្រា​មនុស្សឃាត​ខ្ពស់​ជាង​គេ​មួយ​ក្នុង​លោក។ តាម​តួលេខ​របស់​ប៉ូលិស​អាហ្រ្វិកខាងត្បូង មាន​មនុស្សឃាត​ចំនួន ៥៨ករណី​ក្នុង​មួយ​ថ្ងៃ។

តើ​អាហ្រ្វិកខាងត្បូង​ដែល​ជា​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទី១ ក្នុង​ទ្វីបអាហ្រ្វិក​ពិត​ជា​មាន​ការ​រើសអើង និង​ស្អប់ជនបរទេស​មែន​ឬ?។ មិនមែន​ទេ នេះ​ជា​ការ​ឆ្លើយ​របស់​ប្រធានាធិបតី​លោក​ស៊ីរីល រ៉ាម៉ាហ្វូសា។ តាម​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​រូប​នេះ​ដដែល រដ្ឋាភិបាល​បាន​ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​លើក​ទឹកចិត្ត​ប្រជាជន​ឲ្យ​ទទួល​ជនបទេស​គ្រប់​រូប​មក​ពី​ក្រុមប្រទេស​អាហ្រ្វិក​ផ្សេង​ទៀត។ លោក​រ៉ាម៉ាហ្វូសា​ថែម​ទាំង​បាន​រម្លឹក​ថា ជនបរទេស​ភាគ​ច្រើន​គោរព​ច្បាប់​អាហ្រ្វិកខាងត្បូង និង​ចង់​រស់នៅ​ដោយ​សុខសន្តិភាព។ មែនទែន​ទៅ អំពើហិង្សា​ប្រឆាំង​ជនបរទេស​នៅ​អាហ្រ្វិកខាងត្បូង​មិនមែន​ជា​រឿង​ថ្មី និង​ឧស្សាហ៍​កើត​មាន​ញឹកញាប់។ ពិត​ណាស់ អាហ្រ្វិកខាងត្បូង​ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រទេស​ធា្លប់​មាន​ការ​រើសអើង​ពូជសាសន៍ និង​ពណ៌សម្បុរ។

ចំណែក​ការ​ផ្ទុះ​អំពើហិង្សា​ប្រឆាំង​ជនបរទេស​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិនមែន​ដោយសារ​គំនិតជាតិនិយម ឬ​គំនិតជ្រុលនិយម​ទេ តែ​គឺ​គំនិត​ច្រណែននិយម។ ជនបរទេស​នៅ​អាហ្រ្វិកខាងត្បូង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​ការងារ​របស់​ពលរដ្ឋ​ក្នុង​ស្រុក។ គួរ​បញ្ជាក់​ថា​នៅ​អាហ្រ្វិកខាងត្បូង អត្រា​អ្នក​អត់​ការងារ​ធ្វើ​មាន​ដល់​ទៅ ២៩% ក្នុង​នោះ​មាន ៥០% ជា​យុវជន។ ទន្ទឹម​គ្នា​នេះ ចំនួន​អ្នក​ក្រ​មាន​កាន់​តែ​ច្រើន​ដោយ​មាន​ពលរដ្ឋ​ជាង​ពាក់កណ្តាល​រស់ក្រោម​ខ្សែ​បន្ទាត់​ក្រីក្រ​ជាមួយ​នឹង​ចំណូល​តិច​ជាង ៤០អឺរ៉ូ​ក្នុង​មួយ​ខែ។ ដូច្នេះ វិបត្តិ​ដែល​ប្រទេស​អាហ្រ្វិកខាងត្បូង​កំពុង​ជួប​ប្រទះ​ពេល​នេះ​ជា​វិបត្តិ​ផ្ទៃក្នុង​សុទ្ធសាធ​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។ បើ​ពុំ​នោះ​សោត​ទេ អំពើហិង្សា​ប្រឆាំង​នឹង​ជនបរទេស​ពេល​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​រូបភាព​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រទេស​អាហ្រ្វិក​គ្នា​ឯង​ផ្សេង​ទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ