អានតួអត្ថបទ
អេហ្ស៊ីប

នៅអេហ្ស៊ីប បាតុកម្មប្រឆាំងប្រធានាធិបតីលោកអាល់ស៊ីស៊ីកក្រើកកាន់តែខ្លាំង

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ទោះ​បី​មាន​បំរាម​ហាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ក៏​ដោយ​ក៏​មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​លោក​អាល់ស៊ីស៊ី​នា​ចុង​សប្តាហ៍​កន្លង​ទៅ។ យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២២ កញ្ញា​ជា​ថ្ងៃ​ទី២ ដែល​បាតុកម្ម​ប្រឆាំង​មនុស្សខ្លាំង​លោក​អាល់ស៊ីស៊ី​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​បាតុករ និង​កម្លាំង​ប៉ូលិស។ កម្លាំង​ប៉ូលិស​ដែល​មិន​ញញើត​ប្រើ​គ្រាប់បែក​ផ្សែង​បង្ហូរទឹកភ្នែក និង​បាញ់​គ្រាប់កំាំភ្លើង​ពិត​ដើម្បី​បង្ក្រាប​លើ​ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​លោក​អាល់ស៊ីស៊ី​ចុះ​ចេញ​ពី​តំណែង។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​អេហ្ស៊ីប​ជា​រឿង​មួយ​កម្រ​ឃើញ​កើត​មាន​ណាស់។

ក្រុមបាតុករអេហ្ស៊ីបទាមទារឲ្យប្រធានាធិបតី​លោកអាល់ស៊ីស៊ីចុះចេញពីតំណែង
ក្រុមបាតុករអេហ្ស៊ីបទាមទារឲ្យប្រធានាធិបតី​លោកអាល់ស៊ីស៊ីចុះចេញពីតំណែង REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​គែរ​ឆ្លង​ចូល​ទីក្រុង​អាឡិចសង់ឌ្រី ម៉ាហាឡា និង​រហូត​ដល់​ទីក្រុង​ស៊ុយអេ ពិសេស​ទីលាន​និមិត្តរូប​តារៀរ សម្រែក​របស់​ក្រុម​បាតុករ​មាន​តែ​មួយ​គត់ « អាលស៊ីស៊ី​អើយ​ចុះ​ចេញ​ទៅ ប្រជាជន​ចង់​ទម្លាក់​របបដឹកនាំ »។ ពេញ​មួយ​ចុង​សប្តាហ៍​កន្លង​ទៅ មាន​បាតុករ​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​លោក​អាល់ស៊ីស៊ី និង​បរិហារ​ពី​អំពើ​ពុករលួយ។ តែ​ក្បួនបាតុកម្ម​ត្រូវ​បាន​កម្លាំង​ប៉ូលិស​វាយបង្រ្កាប​យ៉ាង​ហិង្សា​ដោយ​ប្រើ​តាំង​ពី​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និង​រហូត​ដល់​បាញ់​គ្រាប់ភ្លើង​ពិត។ តាម​សាក្សី​ជា​ច្រើន មាន​មនុស្ស​រងរបួស​ធ្ងន់ ស្រាល​ជា​ច្រើន​នាក់នៅ​ក្នុង​ការ​វាយបង្រ្កាប​នោះ។

« អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ពោល​តាំង​ពី​លោក​អាល់ស៊ីស៊ី​ឡើង​​កាន់​អំណាច​ ​គេ​មិន​ដែល​ហិត​ក្លិន​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក។ តែ​នៅ​ពេល​ដែល​គេ​បាន​ហិត​ក្លិន​វា​នាំ​គេ​នឹង​ឃើញ​អនុស្សាវរីយ៍​ក្នុង​ពេល​ផ្ទុះ​បដិវត្ត​អារ៉ាប់​នៅ​អេហ្ស៊ីប​ដែល​បាន​ទម្លាក់​ប្រធានាធិបតី​លោក​មូបារ៉ាក់ និង​នាំ​ឲ្យ​គេ​នឹក​ឃើញ​ជា​ថ្មី​ថា គេ​អាច​ទម្លាក់​របបដឹកនាំ​មួយ​បាន » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​សាក្សី​ម្នាក់​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ។ គួរ​បញ្ជាក់​ថា តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ម័រស៊ី​ក្នុង​ឆ្នាំ ២០១៣ និង​តាំង​ពី​មេរដ្ឋប្រហារ​លោក​អាល់ស៊ីស៊ី​ចូលកាន់​អំណាច​មក បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជា​រឿង​កម្រ​មាន​ណាស់។

តាម​ពិត​ទៅ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ពេល​នេះ​បាន​កើត​មាន​ពី​ការ​អំពាវនាវ​តាម​បណ្តាញសង្គម​របស់​អ្នកជំនួញ​អេហ្ស៊ីប​ម្នាក់​ឈ្មោះ​ម៉ូហាម៉េដ អាលី​ដែល​រស់នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ នៅ​ក្នុង​ខ្សែអាត់​វីដេអូ​ថ្មី​ផ្សព្វផ្សាយ​លើ​បណ្តាញសង្គម លោក​ម៉ូហាម៉េដ អាលី​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អេហ្ស៊ីប​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចូលរួម​មហាបាតុកម្ម​ជា​ថ្មី​នៅ​ថ្ងៃ​សុក្រ ទី២៧ កញ្ញា​ចុង​សប្តាហ៍​នេះ។ បន្ទាប់​មក លោក​អាលី​ក៏​បាន​ស្នើ​ដល់​រដ្ឋអំណច​ឲ្យ​ដោះលែង​បាតុករ​ទាំង​អស់​ដែល​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ទី២០ កញ្ញា។

តាម​ក្រុម​សមាគម​អ្នក​ការពារសិទ្ធមនុស្ស មាន​បាតុករ​ជា​ច្រើន​រយនាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ក្បួនបាតុកម្ម​រយៈពេល ២ថ្ងៃ​ចុង​ក្រោយ។ ខណៈ​នេះ រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លាំងទ័ព និង​ប៉ូលិស​នៅ​តាម​ទីក្រុង​សំខាន់​ដើម្បី​បង្ការ​ទុក​នឹង​បាតុកម្ម​ថ្មី​ទៀត​នា​ពេល​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​នឹង​ការ​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ជា​ថ្មី​របស់​លោក ម៉ូហាម៉េដ អាលី។ ចំណែក​មធ្យោបាយ​ឃោសនា​មហាជន​អេហ្ស៊ីប​បាន​លើក​ឡើង​ពី​ឃុបឃិត​ពី​បរទេស​ដើម្បី​បង្ក​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ