អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​មន្ទិល​ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៩ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​លោកនាយករដ្ឋមន្ត្រី​អេត្យូពី អាប៊ី អាម៉េដ (Abiy Ahmed)។ គណៈកម្មការ​​ណូបែល​បាន​សម្រេច​ផ្តល់​កត្តិយស​ដ៏​ខ្ពស់ខ្ពស់​ដល់​លោក អាប៊ី អាម៉េដ ចំពោះ​ស្នាដៃដ៏​អស្ចារ្យរបស់​លោក​ដែល​បាន​ផ្តួចផ្តើម​​គំនិត​​​ផ្សះផ្សា​ជាតិ​ រហូត​បញ្ចប់​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​អេរីត្រេ។

លោក​នាយក​រដ្ឋមន្ត្រី Abiy Ahmed ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០១៩
លោក​នាយក​រដ្ឋមន្ត្រី Abiy Ahmed ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០១៩ REUTERS/Tiksa Negeri/File Photo
ផ្សាយពាណិជ្ជកម្ម

តើ​លោក អាប៊ី អាម៉េដ ជា​នរណា ?

ក្នុង​វ័យ​៤៣​ឆ្នាំ មាន​ម្តាយ​ជា​អ្នក​កាន់​សាសនា​គ្រិស្ត ឪពុក​កាន់​សាសនា​អ៊ីស្លាម លោក អាប៊ីយ៍ អាមេដ បានឆ្លង​កាត់​កុមារភាព​ដ៏​ក្រីក្រ​ គ្មាន​ទឹកស្អាត គ្មាន​ភ្លើង​ ប្រើប្រាស់ មុន​បាន​​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រីប្រទេស​អេត្យូពី ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​បំផុត​លំដាប់​ទីពីរ​នៅ​ទ្វីបអាហ្វ្រិក នៅ​ថ្ងៃទី ២ មេសា ឆ្នាំ ២០១៨ បន្ទាប់​ពី​មាន​ចលនា​ប៉ះបោរ​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្តាច់ការ​ជា​ច្រើន​ឆ្នាំ។​

ជា​អ្នក​ផ្តួចផ្តើម​ ​ផ្សះផ្សា​សន្តិភាព​ជាមួយ​ប្រទេស​អេរីត្រេ ៦​ខែ​ក្រោយ​ពី​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល លោក​បាន​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រទេស​អេរីត្រេ ដែល​ជា​អតីត​ខេត្ត​មួយ​អេត្យូពី ​ទើប​ប្រកាស​ជា​រដ្ឋ​ឯករាជ្យ​នៅ​ឆ្នាំ​១៩៩៣។ លោក​បាន​ដោះលែង​អ្នក​ទោស​នយោបាយ​​របស់​សិបពាន់​នាក់ និង​បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​​ចំពោះ​អំពើ​ហិង្សា​ទាំង​ឡាយ​របស់​កង​កម្លាំង​រក្សា​សន្តិសុខ​ និង​បាន​បើក​ទ្វារ​​ទទួល​ស្វាគមន៍​​ក្រុម​អ្នក​និរទេស​ខ្លួនដែល​រដ្ឋាភិបាល​មុន​​ចាត់​ទុក​ជា​ភេរវជន​ ឱ្យ​ត្រលប់​ចូល​ស្រុក​វិញ។

លោក​បាន​ដឹកនាំ​ប្រទេស ដោយ​បើក​ទូលាយ​សេដ្ឋកិច្ច សង្គម​បញ្ចប់​ជម្លោះ​អន្តរសហគមន៍ នាំ​ឱ្យ​ប្រទេស​ឱ្យ​ឆ្ពោះ​ទៅមុខ​លើ​ឆាក​អន្តរជាតិ និង​ដោយ​មិន​ភ្លេច​គិត​គូរ​អំពី​បញ្ហា​បរិស្ថាន​ទេ ដោយ​កំណត់​មហិច្ឆតា​ចង់ដាំ​ដើម​ឈើ​ឱ្យ​បួនពាន់​លាន​ដើម​បន្ថែម​ទៀត។

ក្នុង​ទំនាក់ទំនង​អន្តរជាតិ លោក អាប៊ី អាម៉េដ ត្រូវ​បានពិភពលោក​​ទទួលស្គាល់​ ថា​ជា​អ្នក​ការ​ទូត​ដ៏​ចំណាន។ ក្រៅ​អំពី​សម្រេច​ស្វែង​រក​​សន្តិភាព​ឱ្យ​អេត្យូពីដែល​មាន​ជាតិ​ពិន្ធុ​រស់​នៅ​ចម្រុះ​ដល់​ជាង​៨០​ជនជាតិ និង​​ជាមួយ​ប្រទេស​អេរីត្រេ លោក អាប៊ី អាម៉េដ ក៏​បាន​សាក​ល្បង​បន្ធូរបន្ថយ​សម្ពាធ​តានតឹងនៅ​​​ស៊ូដង់​ខាង​ត្បូង​ ភាព​តាន​តឹង​រវាង​ប្រទេស​អេរីត្រេនិង​ជីប៊ូជី និង​រវាង​កេនយ៉ា​ជាមួយ​សូម៉ាលី។

ណូបែល​សន្តិភាព​ និង​ការ​ស្មាន

​ណូបែល​សន្តិភាព ទំនង​ជា​រង្វាន់ដែល​ពិភពលោក​ទន្ទឹង​រង់ចាំ​ខ្លាំង​ជាង​ ! រាល់​គ្រប់​រដូវ ​ឆ្នាំ​នេះ​ក៏​ដូច​ជា​ឆ្នាំ​មុន​ ឱ្យ​តែ​ដល់​រដូវណូបែល​ម្តងៗ អ្នក​វិភាគ​និ​ងអ្នក​តាមដាន​ព្រឹត្តិការណ៍ សុទ្ធ​តែ​នាំ​គ្នា​ទស្សន៍ទាយ និងនាំ​គ្នា​ស្មាន ​វិភាគ​​ថា​បេក្ខភាព​នេះ ឬ​បេក្ខភាព​នោះ សម​​នឹង​ក្លាយ​ទៅ​ជា​ជ័យលាភី។ តែ​​ល្បែង​ស្មាន​នេះ​​ ពិបាក​ខ្លាំង​ ព្រោះ​គេ​ដឹង​តែ​អំពី​ចំនួន​បេក្ខភាព ឯ​​អត្តសញ្ញាណរបស់​​បេក្ខជន/បេក្ខនារី​ ត្រូវ​លាក់​ជា​សម្ងាត់​រយៈ​ពេល​យ៉ាង​ហោច​៥០​ឆ្នាំ។ គឺ​រឿង​សម្ងាត់​ ត្រូវ​ទុក​ជាការ​សម្ងាត់ ! ​គណៈកម្មការ​ណូបែល​ មិន​ផ្តល់​មិន​ពន្យល់​បំភ្លឺ អ្វី​ទាំ​ងអស់​ទាក់​ទង​នឹង​បេក្ខជន​ផ្សេងៗ​ទៀត។ ឯអ្នក​ទាយ ចេះ​តែ​ទាយ​ អ្នក​ស្មាន​ ចេះ​តែ​ស្មាន​ទៅ

តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ នៅ​ក្នុង​ចំណោម​បេក្ខភាព​ណូបែល​សន្តិភាព​ដែល​មាន​ដល់​ទៅ ៣០១​នាក់ មាន​ឈ្មោះ​ពីរ​បី​ដែល​លេច​ត្រដែត​ ក្នុងក្រសែ​ភ្នែក​អ្នក​ភ្នាល់​ខ្លាំង​ជាងគេ ៖ នោះ​គឺ​នាង​ Greta Thumberg យុវតី​ជា​សកម្មជន​អ្នក​បរិស្ថាន​ជាតិ​ស៊ុយអែត នាយក​រដ្ឋមន្ត្រី​អេត្យូពី ឬ​ប្រធាន​ឧត្តម​ស្នងការទទួល​បន្ទុក​ជនភៀស​ខ្លួន​​។ ដោយ​សារ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដឹកនាំ​សិស្ស​វិទ្យាល័យ​ស្ទើរ​ទូទាំង​ពិភព​លោក​ឱ្យ​ធ្វើ​កូដកម្ម ដើម្បី​អាកាសធាតុ ​ឡើង​វេទិកា​អង្គការ​សហប្រជាជាតិ ... និង​ទទួល​បាន​ពាន​រង្វាន់​ពី​អង្គការ​Amnesty International​ នាង​Greta Thumberg មាន​ប្រជាប្រិយភាព​ខ្លាំងមែន ​ក្នុង​រង្វង់​អ្នក​ទស្សន៍​ទាយ ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​ នាង​នៅ​ក្មេង​ខ្លាំង ការ​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ គឺ​ជា​បន្ទុក​ដ៏​ធ្ងន់​ខ្លាំង ដែល​ក្នុង​វ័យ​នេះ​នាងពិត​ជា​ពិបាក​ទទួល។ ​​អ្នក​ជំនាញសំលឹង​ឃើញ​បេក្ខភាព​ នាយករដ្ឋមន្ត្រី​​អេត្បូពី​​ច្រើន​ជាង តាំង​ពី ដំបូង​មក​ម្ល៉េះ។ ព្រោះ​លោក​​មាន​បុគ្គលិកលក្ខណៈសក្តិសម ឆ្លើយ​តប​ទៅ​នឹង​​​​គំរូ​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ បាន​យ៉ាង​ល្អ​ស្ទើរ​គ្មាន​ខ្ចោះ​ជាង​គេ។

​ទម្រង់​នៃម្ចាស់​​ជ័យលាភីណូបែលសន្តិភាព

បើ​តាម​បណ្តាំ​របស់​លោក អាល់ហ្វ្រេដ ណូបែល ជា​អ្នក​បង្កើត​មូលនិធិ​នេះ​ឡើង ៖ “ដើម្បី​អាច​ក្លាយ​ជា​ជ័យលាភី​ណូបែលស​ន្តិភាព​បាន ដរាប​ណា​​បុគ្គល ឬ​ស្ថាប័ន​អង្គការ​នោះ បាន​បញ្ចេញ​សកម្មភាព​ និង​ស្នាដៃ ក្នុង​បុព្វហេតុ​មនុស្សធម៌ សិទ្ធិមនុស្ស ក្នុង​បុព្វហេតុ​រំសាយ​អាវុធ​​ ឬ​ក្នុង​បុព្វហេតុ​បរិស្ថាន និង​អេកូឡូស៊ី។

​ណូបែល​សន្តិភាព​រង្វាន់អន្តរជាតិ​ជាង​គេ​បំផុត ព្រោះ​ម្ចាស់​ជ័យលាភីមាន​​ដល់​ទៅ​៤២​ប្រទេស ​ផ្សេង​គ្នា​នៅ​លើ​ពិភពលោក (ខុស​ពី​​រង្វាន់​ណូបែល​រូបវិទ្យា​ឬ​គីមី​ដែល​ជ័យលាភី​មាន​តែ​១៩​សញ្ជាតិ និង​១១​សញ្ជាតិ​សម្រាប់​ណូបែល​វិទ្យាសាស្ត្រសេដ្ឋកិច្ច)។ ​​

ជ័យលាភី​ណូបែល​សន្តិភាព​​អាចជា​​ឱ្យ​បុគ្គលសាមញ្ញ​​ ឬ ជា​ស្ថាប័ន​​អង្គការ។ នេះ​ជា​បំណង​ប្រាថ្នា​របស់​លោក​ណូបែល។ ជា​សរុប​តាំង​ពី​បង្កើត​មូលនិធិ​មក​​ មាន​បុគ្គល​ចំនួន​១០៦​នាក់ និង​អង្គការ​ចំនួន​៤២​បានក្លាយ​​​ជ័យលាភី​ណូបែល​សន្តិភាព។ អង្គការ​ខ្លះ​បាន​ទទួល​ជ័យលាភី​​ពីរ​បី​ដង​ផង​ក៏​មាន។ នៅ​ក្នុងចំណោម​​ជ័យលាភី​ទាំង​ជា​ងមួយ​រយ​នាក់ មាន​តែ​១៧​នាក់​ប៉ុណ្ណោះ​ដែល​ជា​ស្ត្រី ៨៩​នាក់​ជា​បុរស។ ជ័យលាភី​ណូបែល​ រូប​វិទ្យា គីមីវិទ្យា​ ឬ​វេជ្ជសាស្ត្រ ច្រើន​តែ​មាន​វ័យ​ចំណាស់​ខ្លាំង។ ៦៣​ឆ្នាំ​ វ័យ​មធ្យម​នៃអ្នក​ទទួល​​ជ័យលាភី​ ប៉ុន្តែ​ជ័យលាភី​ណូបែល​សន្តិភាព​វិញ មាន​វ័យ​កាន់​តែ​ក្មេង​ទៅ​ៗ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ជ័យលាភី​ដែល​មាន​វ័យ​ក្មេង​ជាង​គេ គឺ​នាង​ម៉ាឡាឡា កាលណោះនាង​មាន​អាយុ​ទើប​តែ​១៧​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ