អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

ប្រទេស​អ្នកមាន និង​កំពុង​អភិវឌ្ឍ​ប្រជុំគ្នា រក​ថវិកា ដើម្បី​លុប​បំបាត់​ភាពក្រីក្រ នៅ​ឆ្នាំ ២០៣០

ទីក្រុង អាឌី អាបេបា របស់​អេត្បូពី ចាប់ពី​ថ្ងៃ​ចន្ទនេះ ត្រូវ​ធ្វើ​ម្ចាស់ផ្ទះ ទទួល​បើក​ជំនួប​កំពូល​អង្គការ​សហប្រជាជាតិ ស្តី​ពី​ការអភិវឌ្ឍន៍។ គោលដៅ​នៃ​សន្និសីទ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃព្រហស្បតិ៍ ​ទី ១៦ កក្កដា គឺ​រកឲ្យ​ឃើញ កិច្ច​ព្រមព្រៀង ថវិកា សម្រាប់​ការអភិវឌ្ឍន៍ ចីរកាល រយៈពេល ៥ឆ្នាំ (ឆ្នាំ ២០១៥ ដល់​ឆ្នាំ២០៣០) ដែល​ជា​កម្មវិធី​កំណត់​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ។ 

កសិករ​ភ្ជួរ​ដី ក្នុង​ប្រទេស​ឥណ្ឌា
កសិករ​ភ្ជួរ​ដី ក្នុង​ប្រទេស​ឥណ្ឌា ©REUTERS/Amit Dave
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​បាន​គ្រោង​គោលដៅ​អភិវឌ្ឍន៍ ចីរកាល ចំនួន ១៧ ដែល​នឹង​ត្រូវ​បោះឆ្នោត​អនុម័ត នៅទីក្រុង​ញូវយ៉ក នា​ខែ​កញ្ញា​ខាងមុខ។ ទិសដៅ​របស់​អង្គការ​សហប្រជាជាតិ គឺ​លុប​បំបាត់ចោល ភាពក្រីក្រ និង​គ្រោះ​អត់ឃ្លាន នៅក្នុង​ពិភពលោក ឲ្យ​បាន​ពី​ពេលនេះ រហូត​ដល់​ឆ្នាំ ២០៣០។ សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍​បាន​ប៉ាន់ស្មាន​ថា គេ​ត្រូវការ​ថវិកា​ជំនួយ ប្រមាណ ២ ៥០០​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។

 
តើធ្វើ​យ៉ាងម៉េច ដើម្បី​ប្រមូល​បាន​ប្រាក់​ជំនួយ ដ៏​មហាសាលនោះ? ប្រទេស​នៅ​ខាងត្បូង និង​ខាងជើង នៅ​តែ​ខ្វែងគំនិត​គ្នា ពីរឿង​ប្រភព​ជំនួយ។ ប្រទេស​អ្នកមាន ដែល​ធ្លាប់​តែ​ផ្តល់​ជំនួយ​រហូតមក លែង​ចង់​ដក​លុយ​បន្ថែម ពី​ហៅប៉ៅ ជាតិ សម្រាប់​ផ្តល់​ជំនួយ​អភិវឌ្ឍន៍ ទៀត​ហើយ។ ប្រទេស​អ្នកមាន បាន​ទាមទារ​ឲ្យ​ថវិកា​ជំនួយ មាន​ប្រភព​ចេញ​មក​ពី​វិស័យ​ឯកជន និង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​វិញម្តង។ តាម​មន្រ្តី​របស់​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ ជាក់ស្តែង ប្រទេស​អ្នកមាន​ចង់​ឲ្យ​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​ទើប​រីកលូតលាស់​ថ្មី ដូចជា ចិន ឥណ្ឌា ប្រេស៊ីល ចូលរួម​ផ្តល់​ជំនួយ​អន្តរជាតិ ឲ្យ​បាន​ច្រើន​ជាងមុន។ ពោល​គឺ ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​រួចទៅ​ហើយ​នោះ ត្រូវ​ប្រមែប្រមូល​ធនធាន​ក្នុង​ស្រុក  ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ក្នុង​ប្រទេស​របស់​ខ្លួន។ ចំណែកឯ ជំនួយ​អន្តរជាតិ​របស់​ប្រទេស​ផ្តល់ជំនួយ គួរ​តែ​បាន​ទៅ​លើ​ប្រទេស​ដែល​ក្រីក្រ គ្មាន​លទ្ធភាព​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ សន្និសីទ​លើក​ទី ៣ របស់​អង្គការ​សហប្រជាជាតិ នៅ​តែ​ទន្ទឹង​ចង់​ឲ្យ​ប្រទេស​អ្នកមាន នៅ​តែ​រក្សា​ទឹកប្រាក់​ជំនួយ​ដូចមុន​ដដែល។ កន្លងមក ប្រទេស​អ្នកមាន បាន​សន្យា​ចំណាយ ទឹកប្រាក់​ប្រមាណ ០,៧%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប របស់​ខ្លួន សម្រាប់​ផ្តល់​ជំនួយ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​ក្រីក្រ។ ប៉ុន្តែ រហូតមក មាន​ប្រទេស​អ្នកមាន​តិចតួច​ណាស់​ដែល​ធ្វើបាន​តាមការសន្យា។

សន្និសីទ​នៅ​ក្នុង​ប្រទេស​អេត្យូពី ផ្តល់​សំខាន់​ផងដែរ ទៅលើ​ការបង្កើត​អង្គភាព​ពន្ធគយ​អន្តរជាតិ របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការលួច​រត់​គេចពន្ធ នៅក្នុង​ពិភពលោក។ តាម​អង្គការ​Oxfam ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​អង់គ្លេស ការលួច មិនបង់ពន្ធ រដ្ឋ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ធំៗ​បាន​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខាតបង់​ទឹកប្រាក់​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ