អានតួអត្ថបទ
អាមេរិក-កេនយ៉ា

នៅ​កេនយ៉ា ប្រទេស​កំណើត​របស់​ឪពុក លោកអូបាម៉ា​នឹង​និយាយ​ពី​បញ្ហា​ភេរវកម្ម និង​សេដ្ឋកិច្ច

ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​កេនយ៉ា ហើយ កាល​ពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ។ នៅព្រលាន​យន្តហោះ ក្នុង​ក្រុង​ណៃរ៉ូប៊ី ក្រៅតែ​ពីទទួល​គារវកិច្ច ដោយ​ប្រធានាធិបតី​កេនយ៉ា លោក​អូបាម៉ា​បាន​ទទួល​ផងដែរ ការស្វាគមន៍​ក៏​កក់ក្តៅ​ពី​ក្រុមគ្រួសារ​របស់​ឪពុក​ជាតិ​កេនយ៉ា។ 

លោកប្រធានាធិបតី​កេនយ៉ា ឈរ​មើល​ប្រធានាធិបតី​អាមេរិក លោកអូបាម៉ា ដែល​ឱបស្និទ្ធិ​នឹង​ប្អូនស្រី​កេនយ៉ា ឪពុកតែមួយ អូម៉ា អូបាម៉ា នៅពេល​លោកដាក់ជើង​ជាន់​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ថ្ងៃ​ទី ២៤​កក្កដា ២០១៥
លោកប្រធានាធិបតី​កេនយ៉ា ឈរ​មើល​ប្រធានាធិបតី​អាមេរិក លោកអូបាម៉ា ដែល​ឱបស្និទ្ធិ​នឹង​ប្អូនស្រី​កេនយ៉ា ឪពុកតែមួយ អូម៉ា អូបាម៉ា នៅពេល​លោកដាក់ជើង​ជាន់​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ថ្ងៃ​ទី ២៤​កក្កដា ២០១៥ © REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

លោក​អូបាម៉ា ជា​ប្រធានាធិបតី​អាមេរិក ទីមួយ ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កេនយ៉ា។ សន្តិសុខ​ នៅ​ក្នុង​រដ្ឋធានី ណៃរ៉ូប៊ី ត្រូវ​បាន​ពង្រឹង​ខ្លាំង ជាមួយ​នឹង​ការពង្រាយ​ប៉ូលិស ការពារ ប្រមាណ ១ម៉ឺន នាក់។ នៅក្នុង​រយៈពេល​២​ថ្ងៃ នៃ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក រដ្ឋធានី ណៃរ៉ូប៊ី​ទាំងមូល ត្រូវ​បាន​បិទ មិន​ឲ្យ​ធ្វើ​ចរាចរណ៍ ចំណែក​លំហ​អាកាស​កេនយ៉ា ត្រូវ​បិទ​មួយ​រយៈ នៅ​ថ្ងៃ សុក្រ ដើម្បី​ទុក​ទទួល​តែ​យន្តហោះ​របស់​ប្រមុខ​ដឹកនាំ​កំពូល​របស់​អាមេរិក។

 
នៅប៉ុន្មាន​ម៉ោង ក្រោយ ទៅ​ដល់​ទឹកដី​កេនយ៉ា លោកអូបាម៉ា​បាន​សរសេរ​សារ​Twetters ដែល​ថា លោក​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី១ ដែលធ្វើ​ទស្សនកិច្ច​នៅ​កេនយ៉ា។ លោកអូបាម៉ា ដែល​មាន​ឪពុក​ជាតិ​កេនយ៉ា និង​ម្តាយ អាមេរិកាំង បាន​និយាយ​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ជួបជុំ​គ្រួសារ និង​និយាយ​ពី​បញ្ហា​អនាគត​ជាមួយ​យុវជន​កេនយ៉ា”។

តាមគម្រោង នៅថ្ងៃ​សៅរ៍ បន្ទាប់​ពី​ដឹកនាំ​វេទិកា​ពិភាក្សា​ជាមួយ​ក្រុមសហគ្រិន នៅ​កេនយ៉ា លោក ប្រធានាធិបតី​អាមេរិក​ត្រូវជួប​លោក​ប្រធានាធិបតី កេនយ៉ា ដើម្បី​និយាយ​ពី​បញ្ហា​ប្រយុទ្ធ ប្រឆាំង​នឹង​ក្រុម​ភេរវនិយម។ អាមេរិក​ជា​ដៃគូ ដ៏​សំខាន់ ផ្នែក​សន្តិសុខ​របស់​កេនយ៉ា ដោយ​បាន​បញ្ជូន​ទាហាន ទៅ​ចូលរួម​នៅក្នុង​កងកម្លាំង​សហភាព​អាហ្រ្វិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម ភេរវនិយម នៅ​សូម៉ាលី។ គឺ​យន្តហោះ​ដ្រូន​របស់​អាមេរិក​ដែល​បាន​បាញ់​សម្លាប់​មេកំពូល​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ស្ហេបាប់ បណ្តាញ​អាល់កៃដា នៅ​អាហ្វ្រិក។ កេនយ៉ា បច្ចុប្បន្ន កំពុង​ក្លាយ​ជា​ផ្ទាំងស៊ីប វាយប្រហារ​របស់​ក្រុម​ ស្ហេបាប់។ កាលពី​ឆ្នាំ ២០១៣ ក្រុម​ស្ហេបាប់​នេះ បាន​វាយប្រហារ​ទៅលើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្នុង​ក្រុង​ណៃរ៉ូប៊ី ដោយ​បាន​សម្លាប់​មនុស្ស​៦៧នាក់។ ថ្មីៗនេះទៀត ក្រុមនេះ បាន​សម្លាប់​រង្គាល​និស្សិត​សកលវិទ្យាល័យ កេនយ៉ា ចំនួន ១៤៨នាក់។ ស្ថានទូត​អាមេរិក ប្រចាំ​ក្រុង​ណៃរ៉ូប៊ី ផ្ទាល់​ក៏​ធ្លាប់​ទទួលរងការវាយប្រហារ​ភេរវកម្ម​ពីក្រុម​អាល់កៃដា នៅ​ឆ្នាំ ១៩៩៨ ដែល​កាលណោះ បាន​សម្លាប់ មនុស្ស សរុប ២២៤ នាក់។

តាំងពី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក នៅ​ឆ្នាំ ២០០៩ លោក​បារ៉ាក់ អូបាម៉ា​ធ្លាប់ បាន​ធ្វើ ដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​អាហ្វ្រិក​ម្តង ប៉ុន្តែ លើកលែង កេនយ៉ា ដែល​ជា​ប្រទេស​កំណើត​របស់​ឪពុក​លោក។ កន្លងមក ទស្សនកិច្ច​របស់​លោកអូបាម៉ា ទៅ​កេនយ៉ា​ត្រូវ​រារាំង ដោយសារតែ ប្រធានាធិបតី​បច្ចុប្បន្ន​របស់​កេនយ៉ា គឺ​លោក​កេនយ៉ាតា ត្រូវ​រងចោទប្រកាន់​ពី​តុលាការ​ព្រហ្មទណ្ឌ អន្តរជាតិ CPI ក្នុង​រឿង​អំពើហិង្សា​សម្លាប់​មនុស្ស ក្រោយ​ការបោះឆ្នោត នៅ​ដើមឆ្នាំ ២០០៨។ ការដែល​លោកអូបាម៉ា​អាច​ធ្វើដំណើរ​ទៅ​កេនយ៉ា​បាន​នៅពេល​នេះ ក៏​ដោយសារ​តែ​តុលាការ​CPI បាន​សម្រេច ទម្លាក់​ចោល បទចោទប្រកាន់ ប្រធានាធិបតី​កេនយ៉ា ក្នុង​ហេតុផល គ្មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ