តុលាការព្រហ្មទណ្ឌអន្តរជាតិផ្អាកអង្កេតសំណុំរឿងស៊ូដង់ បញ្ជាក់ពីភាពកំខ្សោយរបស់ស្ថាប័ន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៥
ជាសញ្ញាថ្មីបញ្ជាក់អំពីភាពទន់ខ្សោយរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ CPI។ លោកស្រីរដ្ឋអាជ្ញា Fatou Bensouda ទទួលបន្ទុកសំណុំរឿងស៊ូដង់ បានប្រកាសផ្អាកឈប់ធ្វើការស៊ើបអង្កេតសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម និងប្រឆាំងនឹងមនុស្សជាតិនៅដាហ្វួរ ភាគខាងលិចប្រទេសស៊ូដង់។ លោកស្រីរដ្ឋអាជ្ញា ធ្វើសេចក្តីសម្រេចចិត្តដាច់ណាត់នេះ ក្នុងបំណងពញ្ញាក់ស្មារតីសហគមន៍អន្តរជាតិ ដែលមិនបានជួយដាក់គំនាបគ្រប់គ្រាន់លើក្រុមអ្នកកាន់អំណាចនៅស៊ូដង់។ ប៉ុន្តែសម្រាប់ លោកប្រធានាធិបតីស៊ូដង់ដែលជាជនជាប់ចោទម្នាក់ក្នុងបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅដាហ្វួរ មិនដែលព្រួយបារម្ភ ខ្លាចស្ថាប័នច្បាប់អន្តរជាតិមួយនេះសោះ។ នៅថ្ងៃនេះ លោក អូម៉ា អែលបេឈៀ (Oma el-Béchir( បានសម្តែងការអបអរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់តុលាការ។
ក្នុងសេចក្តីថ្លែងការណ៍ នៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក នៅថ្ងៃម្សិលមិញ លោកស្រីរដ្ឋអាជ្ញា ហ្វាទូ បិនស៊ូដា បានប្រកាសជាផ្លូវការព្យួរការស៊ើបអង្កេតសំណុំរឿងដាហ្វួរ។ ប៉ុន្តែមិនមែនជាការបោះបង់ បិទបញ្ចប់សំណុំរឿងនេះទេ។ លោកស្រីរដ្ឋអាជ្ញាបានរិះគន់ កង្វះឆន្ទៈ និងការគាំទ្រពីសំណាក់ការសម្រេចចិត្តព្យួរការអង្កេត ក៏ព្រោះតែលោកស្រីគ្មានជម្រើស។ លោកស្រីត្រូវការដាក់គំនាបលើគ្រប់ភាគី លើសហគមន៍អន្តរជាតិ ជាពិសេសលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឱ្យស្ថាប័នកំពូលមួយនេះបញ្ចេញសកម្មភាពជួយចាប់ខ្លួនជនជាប់ចោទ ដែលក្នុងនោះមានម្នាក់គឺលោកប្រធានាធិបតីស៊ូដង់ អូម៉ារ អែលបេឈៀ។
តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចោទប្រកាន់លោក អូម៉ា អែលបេឈៀ ប្រធានាធិបតីស៊ូដង់ ក្នុងបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងអំឡុងសង្គ្រាមនៅតំបន់ដាហ្វួរ ភាគខាងលិចប្រទេសស៊ូដង់។ ដំណើរសំណុំរឿងក្តីបានចាប់ផ្តើមតាំងពី ឆ្នាំ ២០០៩មក។ ដីកាអន្តរជាតិតាមចាប់ខ្លួនជនជាប់ចោទរូបនេះក៏មាន ប៉ុន្តែលោក អែលបេឈៀ នៅតែមានសេរីភាព កាន់អំណាចដដែល។ ស៊ូដង់ក៏មិនដែលខ្វល់ខ្វាយនឹងសហការជាមួយតុលការព្រហ្មទណ្ឌ ក្នុងចំណាត់ការសំណុំរឿងនេះដែរ។
កង្វះមធ្យោបាយនិងការគាំទ្រ
កង្វះការគាំទ្រនិងមធ្យោបាយប៉ះពាល់ខ្លាំងដល់ប្រសិទ្ធិភាពរបស់តុលាការ។ ការរិះគន់មានប្រភេទខុសៗគ្នា។ សម្រាប់ថ្នាក់ដឹកនាំប្រទេសអាហ្វ្រិក ការបន្ទោសមានលក្ខណៈនយោបាយខ្លាំង ! ថាតុលាការកាត់ទោសតែមេដឹកនាំ នៅទ្វីបអាហ្វ្រិក ព្រោះជាក់ស្តែងក្នុងចំណោមសំណុំរឿងទាំង២១ ដែលតុលាការកំពុងស៊ើបអង្កេត សុទ្ធតែទាក់ទងនឹងប្រទេសក្នុងទ្វីបអាហ្វ្រិកទាំងអស់។
ការរិះគន់ខ្លាំងមួយទៀតគឺភាពយឺតយ៉ាវរបស់តុលាការ។ ជាង១០ឆ្នាំមកនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ ទើបបានចេញការថ្កោលទោសមួយករណីប៉ុណ្ណោះ។ សម្រាប់ជនរងគ្រោះ សវនការស៊ីពេលវែងណាស់។
សេចក្តីសម្រេចចិត្តព្យួរសំណុំរឿងដាហ្វួរ នេះ ធ្លាក់មកតែប្រមាណជាង១០ថ្ងៃក្រោយ ការសម្រេចចិត្តបោះបង់ បិទបញ្ចប់សំណុំរឿងចោទប្រកាន់ប្រធានាធិបតីកេនញ៉ា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ សម្រាប់អ្នកសង្កេតការណ៍ នេះជាបរាជ័យរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
ប៉ុន្តែសម្រាប់អ្នកការពារគាំទ្រតុលាការព្រហ្មទណ្ឌអន្តរជាតិ វត្តមានរបស់CPI មិនអាចខ្វះបានទេ។ តុលាការនៅក្មេងមែន ប៉ុន្តែធ្លាប់បានផ្តល់យុត្តិធម៌ឱ្យពិភពលោក។ ម្យ៉ាងទៀត តុលាការគឺជាចំណែកមួយនៃការប្រយុទ្ធការទូត សម្រាប់ប្រទេសហត្ថលេខី និងចុងក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ជារួមចំណែករក្សាប្រវត្តិសាស្ត្រនិងការចងចាំ។ តុលាការមានរក្សាទុកនូវភស្តុតាង សក្ខីកម្ម ព័ត៌មានដ៏មានតម្លៃសម្រាប់ពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ