អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហភាព​អឺរ៉ុប​ចង់​លូកដៃជ្រៅ​ដើម្បី​ជួយ​ស្រង់​លីប៊ី​ចេញពី​សង្រ្គាម​ស៊ីវិល

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី៣១ មីនា​កន្លង​ទៅ​ថ្មីៗ​នេះ សហភាព​អឺរ៉ុប​បាន​សម្រេចចិត្ត​ដាក់​ទ័ណ្ឌកម្ម​លើ​ឥស្សរជន​នយោបាយ​លីប៊ី​ចំនួន ៣នាក់ ដោយ​ហាម​ឃាត់​អ្នក​ទាំង ៣ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីបអឺរ៉ុប ព្រម​ទាំង​បិទខ្ទប់​លុយកាក់​នៅ​ក្នុង​ធនាគារ។ អ្វី​ដែល​អឺរ៉ុប​បាន​ចោទ​ប្រកាន់​លើ​ឥស្សរជន​នយោបាយ​លីប៊ី​ទាំង ៣នាក់ គឺ​ការ​រំលោភបំពាន​លើ​ផែនការ​សន្តិភាព​ដែល​រៀបចំ​ឡើង​ដោយ​អង្គការសហប្រជាជាតិ។ យ៉ាង​ណា​ក៏​ដោយ ទង្វើ​របស់​អឺរ៉ុប​ជា​ថ្មី​ពេល​នេះ ជា​សក្ខីកម្ម​ថ្មី​មួយ​ដែល​បញ្ជាក់​ពី​ការ​លូកដៃ​កាន់​តែ​ជ្រៅ​របស់​អឺរ៉ុប​ក្នុង​ការ​ជួយ​ស្រង់​លីប៊ី​ចេញ​ពី​សង្រ្គាមស៊ីវិល​ដ៏​រុំាំរ៉ៃ​តាំង​ពី​ឆ្នាំ ២០១៤។

លោក​នាយករដ្ឋមន្រ្តី​លីប៊ី Fayed el-Sarraj (រូបស្តាំ)
លោក​នាយករដ្ឋមន្រ្តី​លីប៊ី Fayed el-Sarraj (រូបស្តាំ)
ផ្សាយពាណិជ្ជកម្ម

ក្រោម​ការ​ផ្តួចផ្តើម​របស់​សហគមន៍​អន្តរជាតិ ប្រទេស​លីប៊ី​កំពុង​បំពាក់​ដោយ​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​មួយ​ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ហ្វាអ៊ីហ្សេ សារ៉ា។ គោលដៅ​របស់​លោក​សារ៉ា​ដែល​ទើប​បាន​ចូល​កាន់តំណែង​ក្នុង​ខែ​មករា ឆ្នាំ ២០១៦ នេះ​មាន​ពីរ ទី១ បិទបញ្ចប់​សង្រ្គាម​ផ្ទៃក្នុង​ហែកហួរ​គ្នា​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៤ និង​ទី២ បង្កើន​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​បញ្ហា​នៅ​ត្រង់​ថា ទោះ​បី​ជា​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​របស់​លោក​សារ៉ា​ត្រូវ​បាន​ប្រសូត្រ​ចេញ​ដោយ​មាន​ការ​ឯកភាព​ពី​គ្រប់​ភាគី​ជម្លោះ​ផ្ទៃក្នុង និង​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ក៏​ដោយ ក៏​រដ្ឋាភិបាល​ថ្មីថ្មោង​មួយ​នេះ​ពិបាក​នឹង​ធ្វើ​ការងារ​ដោយ​ប្រក្រតី និង​ពេញ​លក្ចណៈច្បាប់។

មិន​អាច​ធ្វើ​ការងារ​ដោយ​ប្រក្រតី និង​ពេញ​លក្ខណៈច្បាប់​ក៏​ដោយសារ​ថា ​នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​បន្ត​ខ្ទាស់​ជើង​លោក​សារ៉ា ពិសេស​រារាំង​មិន​ឲ្យ​រដ្ឋាភិបាល​របស់​ចូល​ទៅ​បោះ​ទីតាំង​នៅ​ទ្រីប៉ូលី​ដែល​ជា​ទីក្រុង​របស់​ប្រទេស​លីប៊ី។ សូម​ជម្រាប​ជូន​ថា​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ឯកភាពជាតិ​លីប៊ី​ដែល​ប្រសូត្រ​ចេញ​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី ៣ខែ​មុន​បាន​ធ្វើ​ការងារ​ពី​ទីក្រុង​ទុយនីស ប្រទេស​ទុយនីស៊ី។ ម្យ៉ាង​ទៀត តាំង​ពី​ក្រោយ​ផ្ទុះ​សង្រ្គាមស៊ីវិល​នា​រដូវក្តៅ ឆ្នាំ ២០១៤ មក លីប៊ី​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ នៅ​ម្ខាង គឺ​រដ្ឋាភិបាល​ដឹកនាំ​ចលនា​ហ្វារ លីបៀរ​ដែល​បាន​ចងសម្ព័ន្ធ​ជាមួយ​កម្លាំងអ៊ីស្លាមនិយម និង​ក្រុម​មួយ​ចំនួន​ទៀត ហើយ​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី។ ចំណែក​នៅ​ម្ខាង​ទៀត គឺ​រដ្ឋាភិបាល​របស់​សម្ព័ន្ធប្រឆាំង​អ៊ីស្លាមនិយម​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ទូព្រុក។

តែ​អ្វី​ជា​ការ​កត់សម្គាល់ គឺ​មាន​តែ​រដ្ឋាភិបាល​របស់​សម្ព័ន្ធប្រឆាំង​អ៊ីស្លាមនិយម​មួយ​គត់​ដែល​ទទួល​បាន​ការ​គាំទ្រ និង​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។ ឥឡូវ​នេះ និង​បើ​ទោះ​បី​ជា​មាន​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​មួយ​សម្រាប់​ភាគី​ទាំង​ពីរ​ក៏​ដោយ ក៏​គូបដិបក្ខ​ទាំង​ពីរ គឺ​ចលនា​ហ្វាលីបៀរ និង​សម្ព័ន្ធប្រឆាំង​អ៊ីស្លាមនិយម​នៅ​បន្ត​យក​ជើង​រា​ទឹក​ធ្វើ​ឲ្យ​ដំណើរការ​របស់​រដ្ឋាភិបាល​ថ្មី​មាន​ភាព​រអាក់រអួល។ តើ​ទង្វើ​របៀប​នេះ​មិនមែន​ជា​ការ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​លីប៊ី និង​ការ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ទេ ឬ​យ៉ាង​ណា?

សហភាព​អឺរ៉ុប​បាន​ចេញ​មុខ​ឆ្លើយ​នឹង​សំណួរ​នេះ​ដោយ​គ្មាន​អល់អែក​អ្វី​បន្តិច​សោះ​ឡើយ ព្រម​ទាំង​ចាត់​វិធានការ​ចាស់ដៃ​ភ្លាមៗ​ទៀត​ផង។ នៅ​ខាង​ចលនា​ហ្វាលីបៀរ អឺរ៉ុប​ដាក់​ទ័ណ្ឌកម្ម​លើ​ឥស្សរជន​នយោបាយ​ចំនួន​ពីរ​នាក់ គឺ​លោក​ខាលីហ្វា ប្រមុខ​រដ្ឋាភិបាល​តែងតាំង​ខ្លួន​ឯង​នៅ​ទ្រីប៉ូលី និង​លោក​នូរី អាប៊ូ ប្រធាន​សភា​តែងតាំង​ខ្លួន​ឯង​នៅ​ទ្រីប៉ូលី​ដូច​គ្នា។ អឺរ៉ុប​បាន​ដាក់​ទ័ណ្ឌកម្ម​លើ​ឥស្សរជន​ទាំង​ពីរ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​អឺរ៉ុប និង​បិទខ្ទប់​លុយកាក់​នៅ​ធនាគារ។ លោក​ខាលីហ្វា​បាន​ជាប់​ចោទ​ពី​បទ​ព្យាយាម​រារាំង​លោក​នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​សារ៉ា​មក​កាន់​ទីក្រុង​ទ្រីប៉ូលី ដោយ​បាន​បិទ​ព្រលាន​មិន​ឲ្យ​យន្តហោះ​លោក​សារ៉ា​ចុះ​ចត។

ទន្ទឹម​គ្នា​នេះ លោក​ខាលីហ្វា​ក៏​ជាប់ចោទ​ពី​បទ​បដិសេធ​មិន​ឲ្យ​លោក​ម៉ាតាំង កូប្លឺ ​ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​លីប៊ី​ទៅ​កាន់​ទីក្រុង​ទ្រីប៉ូលី។ ចំណែក​លោក​នូរី អាប៊ូ​បាន​ជាប់ចោទ​ពី​បទ​បាន​យក​ជើង​រាទឹក និង​ញុះញង់​ចលនា​ហ្វាលីបៀរ​កុំ​ឲ្យ​សច្ចាប័ន្រ​លើ​កិច្ចព្រមព្រៀង​នយោបាយ​ចុះ​ហត្ថលេខា​ដោយ​ភាគី​ជម្លោះ​ផ្ទៃក្នុង​កាល​ពី​ថ្ងៃទី១៧ ធ្នូ ឆ្នាំ ២០១៥ ក្នុង​ប្រទេស​ម៉ារ៉ុក។ ទន្ទឹម​គ្នា​នេះ លោក​នូរី អាប៊ូ​ក៏​ជាប់​ឈ្មោះ​ជា​អ្នក​ដែល​បាន​ព្យយាម​រារាំង​កិច្ចចរចា​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ និង​បរិហារ​ពី​ការ​លូកដៃ​ជ្រៀតជ្រែក​របស់​បរទេស។

នៅ​ខាង​សម្ព័ន្ធ​ប្រឆាំងអ៊ីស្លាមនិយម​ឯណោះ​វិញ សហភាព​អឺរ៉ុប​បាន​ដាក់​ទ័ណ្ឌកម្ម​លើ​លោក​សាឡេ អ៊ីសា ប្រធាន​សភា​នៅ​ទូព្រុក។ លោក​សាឡេ អ៊ីសា​បាន​ជាប់​ចោទ​ពី​បទ​ចង់​អូសទាញ​ឧត្តមសេនីយ​ខាលីហ្វា ហាស្តា​ឲ្យ​ចូល​ទៅ​ក្នុង​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ។ លោក​ខាលីហ្វា ហាស្តា​ជា​អតីត​មនុស្សជំនិត​របស់​មេផ្តាច់ការ​កាដាហ្វី តែ​បាន​ផ្តាច់​ខ្លួន​ចូលរួម​ជា​មួយ​ចលនា​បះបោរ​របស់​ប្រជាជន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១១។ តែ​ក្រោម​ភ្នែក ច្រមុះ​ពលរដ្ឋ​លីប៊ី​ទូទៅ ឧត្តមសេនីយ​ខាលីហ្វា ហាស្តា​ជា​មនុស្ស​មាន​បាតដៃ​ប្រឡាក់​ឈាម​ដូច​កាដាហ្វី​អ៊ីចឹង​ដែរ។

សហភាព​អឺរ៉ុប​សង្ឃឹម​ថា តាម​រយៈ​ការ​ដាក់​ទ័ណ្ឌកម្ម​លើ​ឥស្សរជន​បង្ក​រឿង​មួយ​ចំនួន​នៅ​ក្នុង​គូបដិបក្ខ​ទាំង​ពីរ​នឹង​អាច​ជួយ​បំបាត់​ឧបសគ្គ​មួយ​ចំនួន​សម្រាប់​ដំណើរ​ការ​រដ្ឋាភិបាល​ឯកភាពជាតិ​របស់​លោក​សារ៉ា។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ឧបសគ្គ​សម្រាប់​លោក​សារ៉ា​មិនមែន​មាន​ត្រឹម​តែ​មនុស្ស ២ ឬ ៣នាក់​ប៉ុណ្ណោះ​ទេ។ ម្យ៉ាង​ទៀត និង​ក្រៅ​ពី​កិច្ចការ​ផ្សះផ្សាជាតិ​ដ៏​សែន​ស្មុគស្មាញ​ដែល​លោក​សារ៉ា​ត្រូវ​ដោះស្រាយ ក៏​នៅ​មាន​កិច្ចការ​ជា​ច្រើន​រយពាន់​ជំពូក​ទៀត​ដែល​លោក​សារ៉ា​ត្រូវ​ធ្វើ ពិសេស​ការ​កសាង​ប្រទេស​លីប៊ី​ឡើង​វិញ។

ដូច្នេះ​សម្រាប់​អឺរ៉ុប​ដែល​ចង់​លូកដៃ​ជ្រៅ​ក្នុង​ការ​ជួយ​ស្រោចស្រង់​លីប៊ី​ចេញ​ពី​សង្រ្គាមស៊ីវិល ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែងឆ្ងាយ និង​ស្មុគស្មាញ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ