អានតួអត្ថបទ
ទុយនីស៊ី

អំពើភេរវកម្ម បំផ្លាញ ទុយនីស៊ី គំរូ​ប្រជាធិបតេយ្យ​នៃ​បដិវត្តន៍​អារ៉ាប់

លោកប្រធានាធិបតី​​ទុយនីស៊ី ​អំពាវនាវ ឲ្យ​ប្រជាជន​ទុយនីស៊ី​រួបរួមគ្នា នៅក្រោយ​ អំពើភេរវកម្ម ទៅលើ​សារមន្ទីរ បារដូ នៅទីក្រុង​ទុយនីស កាលពី​ថ្ងៃ​ពុធ​ទី ១៨ មីនាដែល​បាន​សម្លាប់ អ្នកទេសចរ​បរទេស ២០នាក់ និង​ប៉ូលិស​ទុយនីស៊ី ២​នាក់។ នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៩ មីនា នាយក​រដ្ឋមន្រ្តី​ទុយនីស៊ី​បាន​ប្រកាស​ថា គេ​កំណត់ឃើញ​អត្តសញ្ញាណ​របស់​ឧក្រិដ្ឋជន ទាំងពីរ​នាក់ ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់ នៅក្នុង​ប្រតិបត្តិការ​​សម្រុក​ចូល​សារមន្ទីរ។ នាយក​រដ្ឋមន្រ្តី​ទុយនីស៊ី បាន​បញ្ជាក់​ផង​ដែរ​ថា ប៉ូលិស​កំពុង​តាមរក ចាប់​អ្នកផ្សំ​គំនិត ជាមួយ​ឧក្រិដ្ឋជន ដែល​អាច​មាន​គ្នីគ្នា ពី ២ ទៅ​៣​នាក់​ទៀត។  

ប៉ូលិស​ទុយនីស៊ីសម្រុក​ចូល​ក្នុង​សារមន្ទីរ និង​សម្លាប់​ឧក្រិដ្ឋជន​ពីរនាក់ ដែល​បាន​សម្លាប់​អ្នកទេសចរ​បរទេស និង​ប៉ូលិស ២២​នាក់
ប៉ូលិស​ទុយនីស៊ីសម្រុក​ចូល​ក្នុង​សារមន្ទីរ និង​សម្លាប់​ឧក្រិដ្ឋជន​ពីរនាក់ ដែល​បាន​សម្លាប់​អ្នកទេសចរ​បរទេស និង​ប៉ូលិស ២២​នាក់ REUTERS/ Zoubeir
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍ នាយក​រដ្ឋមន្រ្តី​ទុយនីស៊ី បាន​បង្ហាញ​អត្តសញ្ញាណ​របស់​ភេរវជន​ទាំងពីរ​ដែល​មាន​ឈ្មោះ ថា យ៉ាស៊ីន អាបាឌី និង​ហាទឹម ខាឆ្នាវី។ រដ្ឋាភិបាល​ទុយនីស៊ី បង្ហាញ​ត្រឹម​ឈ្មោះ​របស់​ភេរវជន​ទាំងពីរ​រូប ប៉ុន្តែ មិន​បាន​លម្អិត​អ្វី បន្ថែម​នោះទេ។ ដូច្នេះ គេ​នៅ​តែ​មិន​ដឹង​ថា តើ​ភេរវជន​នោះ​មក​ពីខាង​ក្រុមណា​​ឲ្យ​ប្រាកដ​ទេ។ ម្យ៉ាងទៀត រហូត​មក​ដល់​ម៉ោងនេះ ក៏​នៅ​មិនទាន់​មាន​ក្រុមភេរវនិយម​ណាមួយ​ចេញមុខ ទាមទារ​ថា ខ្លួន​ជាអ្នកបញ្ជូន​មនុស្ស​ឲ្យ​ទៅបាញ់​សម្លាប់​មនុស្ស​នៅ​សារមន្ទីរ​បារដូ កាលពីថ្ងៃ​ម្សិលមិញដែរ។

 
អ្នកជំនាញ​ខាងក្រុម​ភេរវនិយម នៅ​ទុយនីស៊ី ជាច្រើន បាន​លើក​ឡើង ពី​ឈ្មោះ​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម​ជាច្រើន ដែល​អាច​រៀបចំ​ភេរវកម្ម​កាលពីថ្ងៃ​ម្សិលមិញ។ ក្រុម​ទាំងនោះ មាន​ដូចជា​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ក្រុមអ៊ីស្លាម​ជ្រុលនិយម អង់សារ អាល់ ស្ហារីយ៉ា ឬ​ក្រុមអុកក្បា អ៊ីប ណាហ្វា ដែល​ភ្ជាប់ខ្លួន ទៅនឹង​បណ្តាញ​​ក្រុម​អាល់កៃដា នៅ​​អារ៉ាប់ ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ អាក់ឃ្មី​នោះ។

ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ថ្វីត្បិត នៅ​មិនទាន់​មាន​បណ្តាញ​របស់ខ្លួន នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ប៉ុន្តែ គេ​ដឹងថា មាន​ប្រជាជន​ទុយនីស៊ី យ៉ាងតិច ៣ពាន់​នាក់ បាន​ចេញ​ទៅ​ចូលរួម​ប្រយុទ្ធ​ក្នុង​ក្រុម​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​ជាពិសេស ក្នុង​ប្រទេស​លីប៊ី ដែល​ជា​ប្រទេស​ជិតខាង​របស់ទុយនីស៊ី។ លីប៊ី ដែល​កំពុង​ស្គាល់​សង្រ្គាម​ស៊ីវិល ហែកហួរ និង​អសន្តិសុខ គ្រប់កន្លែង ត្រូវ​បាន​ពួក​ជីហាត ឆ្លៀត យក​ប្រើ​ជា​សំបុក​ហ្វឹកហ្វឺន​ដ៏​សំខាន់​របស់​ខ្លួន ប្រចាំ​នៅ​អាហ្វ្រិក​ខាងជើង។

ក្រុមអុកក្បា អ៊ីប ណាហ្វា វិញ ក្រុមនេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ទុយនីស៊ី តាំង​ពី​ឆ្នាំ ២០១២ និង​បាន​ភ្ជាប់ខ្លួន​ទៅនឹង​ក្រុម​អាក់ឃ្មី របស់​អាល់កៃដា នៅតំបន់​អារ៉ាប់ ។ ក្រុម​នេះ វាយប្រហារ ភាគច្រើន ​ទៅលើ​ប៉ូលិស ទាហាន​ទុយស៊ីនី និង​មានសកម្មភាព​ខ្លាំង នៅ​តាម​ព្រំដែន​ទុយនីស៊ី ជាមួយអាល់ហ្សេរី។ មាន​នយោបាយ​ដូច​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ក្រុម​នេះ​ធ្លាប់​បាន​ប្រកាស​មហិច្ឆតា​ ចង់​ពង្រីក​តំបន់​កាន់កាប់​របស់ខ្លួន នៅ​អាហ្រ្វិក។

ទុយនីស៊ី​ប្រឈម​នឹង​ភេរវកម្ម​គ្រប់ពេល​វេលា
ទុយនីស៊ី មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​លីប៊ី ដែលកំពុង​ស្គាល់​អស្ថិរភាព​នយោបាយ និង​ជា​សំបុក​របស់​ក្រុមជីហាត។ ក្រុមជីហាត នេះ​បាន​លើកនិយាយ​ជា​ញយដង​ថា យុវជន​ទុយនីស៊ី ជាច្រើន​បាន​ចូលរួម​ក្នុង​ភេរវកម្ម​វាយប្រហារ​សណា្ឋគារ ឬ​ទីតាំង​ប្រទេស​លោកខាងលិច​នៅ​លីប៊ី។ ទុយនីស៊ី ជា​ប្រទេស​នាំ​មុខ​គេ ដែល​មាន​ជនជាតិ​របស់​ខ្លួន ច្រើនជាងគេ ក្នុង​ចំណោម​ទាហាន​បរទេស របស់​ពួកជីហាត។ បដិវត្តិន៍​អារ៉ាប់ នៅ​ទុយនីស៊ី ដែល​ឈាន​ទៅ​ផ្តួល​មេអំណាច​ផ្តាច់ការ​ បាន​បើក​ផ្លូវផងដែរ ឲ្យ​មាន​ការដោះលែង​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​ប៉ូលិស​របស់​បិន អាលី​ចាប់ដាក់​គុក​កន្លងមក។ គេ​ប៉ាន់​ស្មានថា ក្រុមអ៊ីស្លាម​ជ្រុលនិយម​ជាច្រើន​បាន​រត់​គេច​ខ្លួន​ចេញពី​ទុយនីស៊ី ទៅ​ជ្រកកោន​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ពួកជីហាត ក្នុង​ប្រទេស​លីប៊ី។​

តាម​ប៉ូលិស​ទុយនីស៊ី ក្នុង​ចំណោម​យុវជន​ជាង ៣ពាន់​នាក់​ដែល​ចេញ​ប្រយុទ្ធ​ក្នុង​ក្រុមជីហាត មាន​ប្រមាណ​៥០០​នាក់​បាន​ត្រលប់​ចូល​ប្រទេស​ទុយនីស៊ី​វិញ។ ប៉ូលិស​ទុយនីស៊ី បារម្ភ​ថា ក្រុមនេះ អាច​បង្ក​អំពើភេរវកម្ម​គ្រប់​ពេលវេលា​នៅទុយនីស៊ី។ ក្នុង​ចំណោម​មនុស្ស​ទាំង​៥០០​នាក់ មាន​តិចណាស់ ដែល​ត្រូវ​បាន​តុលាការ​ទុយនីស៊ី កាត់ទោស ឲ្យ​ជាប់​ពន្ធនាគារ ក្នុង​ពេល​ដែល​មនុស្ស​ជាច្រើន​ទៀត ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ ដោយសារ​តែ​គ្មានភស្តុតាង​គ្រប់គ្រាន់។

នៅមុន​អំពើភេរវកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ អាជ្ញាធរ​ទុយនីស៊ី ធ្លាប់​បាន​បំផ្លាញ​គម្រោង​ធ្វើ​ភេរវកម្ម និង​ចាប់​បាន​អាវុធ​ជាច្រើន​ដង។ ដោយសារ​កម្រិត​ធ្វើ​ភេរវកម្ម​មាន​អត្រាខ្ពស់ អាជ្ញាធរ​ទុយនីស៊ី​បាន​ប្រុងជើង​ជានិច្ច ប៉ុន្តែ តាម​អ្នកជំនាញ​ជាច្រើន យ៉ាងណាក៏ដោយ ទុយនីស៊ី ដែល​មាន​មធ្យោបាយ កម្លាំង​ប៉ូលិស និង​សម្ភារៈ មាន​កំណត់​នោះ មិន​អាច​បង្ការ​ទប់ស្កាត់ កុំ​ឲ្យ​មាន​អំពើ​ភេរវកម្ម​គ្រប់ពេលវេលា​នោះ​ទេ។

ក្រុម អ្នកជំនាញ​មើលឃើញថា អំពើភេរវកម្ម​កាលពីថ្ងៃ​ម្សិលមិញ​អាច​​ជា​ស្នាដៃ​បង្ក​ឡើង​ដោយ​យុវជន​ទុយនីស៊ី ដែល​ធ្លាប់​ទៅ​ចូលរួម​ក្នុង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ព្រោះថា ក្រុមជីហាត ​ក្រុមភេរវជន​សាហាវ ដែល​វាយប្រហារ សម្លាប់​មិនរើសមុខ មិន​ថា ប្រជាជន​ស៊ីវិល ដូច​ជា​ក្រុមទេសចរ បរទេស កាលពីថ្ងៃ​ម្សិលមិញ ជា​ឧទារហរណ៍​ស្រាប់។ ចំណែក​ក្រុមបណ្តាញ​អាល់កៃដា វិញ​វាយប្រហារ​ទៅលើ​ប៉ូលិស អ្នករក្សាសន្តិសុខ ទុយនីស៊ី។

 
អំពើ​ភេរវកម្ម កាលពីថ្ងៃ​ម្សិលមិញ កើតចំ​ពេល​ដែល​សភា​ទុយនីស៊ី កំពុង​ពិភាក្សា​ស្តី ពី​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម។ 
ទុយនីស៊ី​ជា​ប្រទេស​នាំមុខ ដំបូង​គេ ធ្វើ​បដិវត្តន៍​អារ៉ាប់ ដែល​បាន​ផ្តួល​រំលំ​មេ​អំណាច​ផ្តាច់ការ បិនអាលី​។ ទុយនីស៊ី ត្រូវ​បាន​គេ​ចាត់ទុក​ជា​ប្រទេស​គំរូ ដែល​អាច​រៀបចំ​ប្រទេស ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើង វិញ នៅ​ក្រោយ​បដិវត្តន៍​អារ៉ាប់ ដោយ​បាន​រៀបចំ​ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី តាមច្បាប់ ពោល គឺ​មិន​បណ្តោយឲ្យ​ប្រទេស​ធ្លាក់​ចុះ​ទៅក្នុង​ចលាចល អស្ថិរភាព ដូចជា ប្រទេស​អារ៉ាប់​ផ្សេងទៀត ដូចជា​លីប៊ី ឬ​ស៊ីរី​នោះទេ។  ការរួបរួម​គ្នា រវាង​អ្នកនយោបាយ ដែល​ប្រឆាំង​នឹង​ក្រុម​ភេរវនិយម ជាមួយ ក្រុម​សាសនា​អ៊ីស្លាម​នៅ​ទុយនីស៊ី ត្រូវ​បាន​អន្តរជាតិ​កោត​សរសើរ និង​គិតថា ទុយនីស៊ី ជា​នឹង​ក្លាយ​ជា​គំរូ នៃ​ប្រទេស​ប្រជាធិបតេយ្យ នៅក្នុងប្រទេស​អារ៉ាប់។ អំពើ​ភេរវកម្ម​កាលពីថ្ងៃ​ម្សិលមិញ គឺ​ដូចជាការ​សំពង​មួយ​ដំបង ​យ៉ាង​ដំណំ ទៅលើ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​។ អ្នកជំនាញ​ជាច្រើន​គិតថា ពួក​ជីហាត ពួកភេរវនិយម សំដៅ​ធ្វើ​ភេរវកម្ម បញ្ចប់​ភាពស្ងប់សុខ​របស់​ទុយនីស៊ី ព្រោះតែ​ពួកនេះ ចង់​​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​និមិត្តរូប​របស់​ប្រទេស​លោកខាងលិច​នោះ។

ភេរវកម្ម​គំរាមកំហែង​ទេសចរណ៍ ដែល​ជា​ឆ្នាំងបាយ​របស់​ទុយនីស៊ី
ប្រជាជន​ទុយនីស៊ី​រស់ពឹង​អាស្រ័យ​ខ្លាំង​នឹង​វិស័យ​ទេសចរណ៍។ ទេសចរណ៍​ទុយនីស៊ី ទើប​តែ​នឹង​ងើប​ឡើង​វិញ​បន្តិច ក្រោយ​ពី​ជួប​វិបត្តិ បាត់ភ្ញៀវ​ទេសចរ​បរទេស ដោយសារ​តែ​បដិវត្តន៍​អារ៉ាប់ ឆ្នាំ ២០១១។ ដោយសារ​តែ​ខ្លាច​បញ្ហា​អសន្តិសុខ ភ្ញៀវ​ទេសចរ​ជាច្រើន​បាន​បែរ ប្តូរ ទិសដៅ​កន្លែង​កំសាន្ត​របស់ខ្លួន ទៅ​ប្រទេស​អេស្ប៉ាញ ឬ​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ប្រទេស​អឺរ៉ុបវិញ។

ចំនួន​ភ្ញៀវ​ទេសចរ បរទេស​បាន​កើន​ឡើង បាន​ដល់ ៦​លាន​នាក់ ក្នុង​មួយ​ឆ្នាំ។ ទម្រាំ​អូសទាញ​អ្នកទេសចរ​ឲ្យ​ត្រលប់​ទៅ​ដើរកំសាន្ត​នៅ​ទុយនីស៊ីវិញ រដ្ឋាភិបាល បាន​ធ្វើ​នយោបាយ​​ជាច្រើន​ដើម្បី​បង្ក​បរិយាកាស​ធានា​សន្តិសុខ​ដល់​ភ្ញៀវ​ទេសចរ។ អំពើភេរវកម្ម សម្លាប់​អ្នកទេសចរ​បរទេស ដែល​កើតឡើង នៅតែ​ប៉ុន្មាន​ខែ​មុន​រដូវ​វិស្សមកាល​ខែក្តៅ​យ៉ាងដូច្នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ ​របស់​ទុយនីស៊ី ធ្លាក់​ចុះ​ដាំដូង សាជាថ្មី ហើយ​លើកនេះ គឺ​ពិបាក​នឹង​ស្តា​ដូចដើម។

ក្រុមហ៊ុន​ទេសចរណ៍​បារាំង​ជាច្រើន បាន​ប្រកាស​ភ្លាមៗ លុបចោល​ដំណើរ​កំសាន្ត​របស់ខ្លួន​ទៅទុយនីស៊ី នៅ​ក្រោយ​ភេវកម្ម​កាលពីថ្ងៃ​ម្សិលមិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ