អានតួអត្ថបទ
អ.ស.ប.-អេត្យូពី

អ.ស.ប.៖ប្រជាជន​អេត្យូពី​រាប់លាននាក់​ជួប​ប្រទះ​គ្រោះ​រាំងស្ងួត​តាំង​ពី ៣០ឆ្នាំ

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​ព្រមាន​នៅ​ថ្ងៃ​អាទិត្យ ទី៣១ មករា​ថា មាន​ប្រជាជន​អេត្យូពី​ជា​ច្រើន​លាននាក់​បាន​ជួប​ប្រទះ​នឹង​គ្រោះរាំងស្ងួត​យ៉ាង​ធ្ងន់ធ្ងរ​តាំង​ពី ៣០ឆ្នាំ​មក​ហើយ។ គឺ​ជា​ស្ថានការណ៍​មួយ​ដែល​លោក​បាន គីមូន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​ជា​បន្ទាន់​ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​ប្រជាជន​អេត្យូពី​ដែល​កំពុង​ជួប​គ្រោះថ្នាក់​ជា​ច្រើន​លាន​នាក់។ លោក​នាយករដ្ឋមន្រ្តី​អេត្យូពី​បាន​ប្រាប់​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ត្រូវ​ការ​ប្រាក់​ជា​បន្ទាន់​ចំនួន ១ ៣០០លានដុល្លារ​ដើម្បី​ប្រឈម​ទប់​នឹង​គ្រោះ​រាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន REUTERS/Tiksa Negeri
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ឱកាស​ចូលរួម​ជំនួបកំពូល​សហភាព​អាហ្រ្វិក​លើកទី២៦ ក្នុង​ទីក្រុង​អាឌីសអាបេបា ប្រទេស​អេត្យូពី​ដែល​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​បញ្ជាក់​ថា ប្រជាជន​អេត្យូពី​បាន​ប្រឈម​នឹង​គ្រោះរាំងស្ងួត​យ៉ាង​ធ្ងន់ធ្ងរ​តាំង​ពី ៣០ឆ្នាំ​មក​ហើយ និង​ថា វិបត្តិ​ធម្មជាតិ​មួយ​នេះ​មាន​ទំហំ​ធំធេង​ដែល​រដ្ឋាភិបាល​អេត្យូពី​តែ​ម្នាក់​ឯង​គ្មាន​លទ្ធភាព និង​សមត្ថភាព​ទប់ស្កាត់​ឡើយ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​លោក​បាន គីមូន​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ស្រោចស្រង់​ជីវិត​ប្រជាជន​អេត្យូពី​រាប់លាននាក់​ដែល​កំពុង​ទទួល​រងគ្រោះ​ថ្នាក់​យ៉ាង​ខ្លាំងក្លា។

តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការ​សហប្រជាជាតិ មាន​ប្រជាជន​អេត្យូពី​យ៉ាង​តិច ១០លាន ២សែន​នាក់​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់ និង​ដែល​ចំនួន​នេះ​នឹង​អាច​កើន​ទ្វេដង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។ លោក​ឧបនាយករដ្ឋមន្រ្តី​អេត្យូពី​បាន​ប្រាប់​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ត្រូវ​ការ​លុយ​ជា​បន្ទាន់​ចំនួន ១ ៣០០លានដុល្លារ​ដើម្បី​ប្រឈម​ទប់​នឹង​គ្រោះ​រាំងស្ងួត តែ​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​មាន​មិន​ដល់​ពាក់កណ្តាល​ផង។ តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ គ្រោះរាំងស្ងួត​នៅ​អេត្យូពី​បាន​បង្ខំ​ឲ្យ​មាន​ប្រជាជន​ជាង ៨០ ០០០នាក់​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ជិតខាង​យេម៉ែន ទោះ​បី​ជា​ប្រទេស​មួយ​នេះ​កំពុង​ជួប​សង្រ្គាមស៊ីវិល​ក៏​ដោយ។

អេត្យូពី​ជា​ប្រទេស​អាហ្រ្វិក​ទី២ ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ និង​ក៏​ជា​ប្រទេស​ដែល​មាន​តួលេខ​អត្រា​កំណើន​សេដ្ឋកិច្ច​ក្បែរ ២ខ្ទង់។ តែ​អសន្តិសុខ​ស្បៀងអាហារ​បង្ក​ឡើង​ដោយ​គ្រោះរាំងស្ងួត​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​របស់​អេត្យូពី។ អ្វី​ដែល​ប្រជាជន​អេត្យូពី​កំពុង​បារម្ភ​ខ្លាំង​ពេល​នេះ គឺ​ការ​កើត​មាន​ជា​ថ្មី​នូវ​ស្រមោល​អតីតកាល​ល្វីងជូរចត់​ដែល​អេត្យូពី​បាន​ជួប​ប្រទះ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៨០។ ស្រមោល​អតីតកាល​ល្វីងជូរចត់​នោះ គឺ​គ្រោះ​ទុរ្ភិក្ស​ដែល​បាន​​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​លាននាក់។

សូម​ជម្រាប​ជូន​ថា គ្រោះរាំងស្ងួត​ដែល​បង្ក​ឡើង​ដោយ​បាតុភូត​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​មាន​មនុស្សអត់បាយ​កាន់​តែ​ច្រើន​នៅ​ទ្វីបអាហ្រ្វិក ពិសេស​ក្នុង​ប្រទេស​អេត្យូពី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ