ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT
អាហ្វ្រិក

ទាហាន​នីហ្សេរីយ៉ា រំដោះ​បាន​ចំណាប់​ខ្មាំង​របស់​ពួក​បូកូហារ៉ាម​បាន​ជិត​៥០០​នាក់

media  
ក្មេងស្រី​សិស្សសាលា​នៅ​ភូមិ Chibok ចំនួន​ ២១៩នាក់​ ដែលពួកបូកូហារ៉ាម បាន​ចាប់យកទៅ​ធ្វើ​ជាទាសករ​ កាល​ពី​ខែ មេសា ២០១៤ AFP/via telegraph

កង​កម្លាំង​នីហ្សេរីយ៉ា​ បាន​ធ្វើការ​វាយ​បក​លើ​ក្រុម​បូកូហារ៉ាម ​ដោយ​បាន​រំដោះ​អ្នកភូមិ​​ដែល​ពួក​នេះ​បាន​ចាប់​យក​ទៅ ​ជា​មនុស្ស​ស្រី ​និង​ក្មេង​ស្រីៗ ​ចំនួន​៣០០​នាក់ ​កាល​ពី​ថ្ងៃ​អង្គារ​ទី ២៨​មេសា។ បន្ថែម​ពី​នេះ ​កាល​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០​មេសា ​នេះ​ដែរ ​ទាហាន​នីហ្សេរីយ៉ា ​បាន​រំដោះ​បាន​ស្រ្តី​អ្នក​ទោស​របស់​ក្រុម​បូកូហារ៉ាម ​បាន​ចំនួន ​១៦០​នាក់​បន្ថែម​ទៀត ​ដែល​នេះ​ធ្វើឲ្យ​មាន​ការ​អបអរ​ ដោយសារ​ស្ត្រី ​និង​កុមារ​ទាំង​នោះ​ ត្រូវ​បាន​ក្រុម​បូកូហារ៉ាម បង្ឃាំង​ទុក​ជា​ទាសករ​បំរើ​ពួក​វា​ ជា​ច្រើន​ខែ ​ច្រើន​ឆ្នាំ​មក​ហើយ។

អ្នក​នាំ​ពាក្យ​យោធា​នីហ្សេរីយ៉ា ​បាន​ផ្តល់​ព័ត៌មាន​ថា ​ក្រុម​កំលាំង​ខ្លួន ​បាន​ធ្វើការ​វាយ​កម្ទេច​ជំរុំ​របស់​ក្រុម​ឧទ្ទាម​បូកូហារ៉ាម​ នៅ​ក្នុង​ព្រៃ ​សំប៊ីសា ​ភាគ​ឥសាន​ប្រទេស​នីហ្សេរីយ៉ា ​កាល​ពី​ថ្ងៃ​អង្គារ​ទី ​២៨ មេសា។ ការ​បំបែក​សំបុក​មួយ​ផ្នែក​របស់​ក្រុម​បូកូហារ៉ាម ​បាន​អនុញ្ញាតិ​ឲ្យ​ទាហាន​ នីហ្សេរីយ៉ា ​រំដោះ​បាន​ក្មេងស្រី ​និង​ស្រី​ទាំង​អស់ ​៣០០​នាក់។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​នេះ​ទៀត ​ទាហាន​នីហ្សេរីយា ​បាន​រំដោះ​បាន​អ្នក​ទោស​ដែល​ពួក​បូកូហារ៉ាម​ចាប់​ទៅ ​ចំនួន​១៦០​នាក់​ទៀត ដែល​សុទ្ធសឹង​ជាស្រ្តី​និង​ក្មេងៗ។ ប៉ុន្តែ ​គេ​មិន​ទាន់​ដឹង​ច្បាស់ ​ថា​ ក្នុង​ចំណោម​មនុស្ស​ទាំង​ជិត​៥០០​នាក់​នេះ ​មាន​ក្មេង​ស្រី​សិស្ស​សាលា​ ដែល​ពួក​បូកូហារ៉ាម​បាន​ចាប់​យក​ទៅ​ចំនួន​ ២១៩​នាក់  កាល​ពី​ មេសា​ ឆ្នាំ​ទៅ​​ ដែរ​រឺ​អត់ទេ។

 
ទោះ​បី​ជា​យ៉ា​ងណា ​ចំនួន​មនុស្ស​ដែល​រំដោះ​បាន​នេះ​ វា​នៅ​តិចតួច​ណាស់ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​​ចំនួន​អ្នក​ភូមិ​ ដែល​ពួក​បូកូហារ៉ាម ​បាន​ចាប់​បង្ឃាំង​ទុក។ សូម​បញ្ជាក់​ថា ​ក្រុម​បូកូហារ៉ាម ​ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ​នៅ​ភាគ​ខាង​ជើង​នីហ្សេរីយ៉ា។ ក្រុម​នេះ ​ជា​ក្រុម​សាហាវ​ព្រៃផ្សៃ​ជា​ទី​បំផុត ​ដោយ​បាន​កាប់​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​ទាំង​ភូមិៗ។ ជាក់​ស្តែង​កាល​ពី​សប្តាហ៍​មុន ​អាជ្ញាធរ​នីហ្សេរីយ៉ា​បាន​ប្រទះ​ឃើញ​សាកសព​អ្នក​ភូមិ​ជា​ច្រើន​រយ​នាក់ ​ស្លាប់​ក្នុង​ភូមិ​ដាច់​ស្រយ៉ាល​មួយ ​ដែល​នេះ​ ពិត​ជា​ស្នាដៃ​របស់​ក្រុម​អ៊ីស្លាម​បូកូហារ៉ាម។

ជា​រឿយៗ ​ពួក​បូកូហារ៉ាម ​តែងតែ​ចាប់​កេណ្ឌ​ប្រជាជន​ទាំង​ភូមិៗ​ ចូល​ទៅ​ក្នុង​ព្រៃ​​ដើម្បី​បំរើ​ពួកវា។ ក្មេង​ស្រីៗ ​និង​មនុស្ស​ស្រី​ពេញវ័យ ​ត្រូវ​បាន​ពួក​នេះ​​ ចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ ​និង​រស់នៅ​ក្នុង​សភាព អនោចអធម៌​ជា​ទី​បំផុត។ បើ​គិត​ចាប់​ពី​ឆ្នាំ​ ២០១៤​មក ​មាន​មនុស្ស​ស្រី ​២០០០​នាក់ ​ហើយ ​ដែល​ត្រូវ​បាន​ពួក​បូកូហារ៉ាម​ ចាប់​យក​ទៅ។ ចំណែក​ ក្មេង​ប្រុសៗ ​ត្រូវ​បាន​ពួក​នេះ​យក​ទៅ​បង្វិក​ហាត់  ​ហើយ​ឲ្យទៅ​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ ​ជា​រនាំង​ការពារ​ពួកវា ​ក្នុង​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​ ជាមួយ​កង​កម្លាំង​នីហ្សេរីយ៉ា។

លោក​ Gordon Brown​ អតីត​នាយក​រដ្ឋមន្រ្តី​អង់គ្លេស ​ដែល​បច្ចុប្បន្ន​ ជា​អ្នក​តំណាង​អង្គការ​សហ​ប្រជាជាតិ ​ផ្នែក​ការ​អប់រំ ​ហើយ​ដែល​កំពុង​ចុះ​បេសកកម្ម​នៅ​នីហ្សេរីយ៉ា​ផ្ទាល់​ បាន​ថ្លែង​អបអរ​ចំពោះ​ការ​រំដោះ​ស្រ្តី​និង​កុមារ ​ជិត​៥រយ​នាក់ ​ពី​ក្រញ៉ាំ​របស់​ពួក​បូកូហារ៉ាម។ ប៉ុន្តែ​លោក ​បាន​បន្ថែម​ថា យើង​ក៏​កុំ​អាល​អរ​ជ្រុល​ពេក​ដែរ ​ព្រោះ​ថា​យើង​មាន​កាតព្វកិច្ច​រំដោះ​មនុស្ស​ទាំងអស់​មកវិញ ​ហើយ​ត្រូវ​បង្រ្កាប​ក្រុម​បូកូហារ៉ាម​ឲ្យបាន។

គួរ​បញ្ជាក់​ផងដែរ​ថា ជម្លោះ​រវាង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​បូកូហារ៉ាម ​និង​កង​កំលាំង​រដ្ឋាភិបាល​នីហ្សេរីយ៉ា ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់ ១៥ម៉ឺន​នាក់​ហើយ ​ក្នុង​រយៈពេល​៦ឆ្នាំ​កន្លង​មក​នេះ។ កងទ័ព​នីហ្សេរីយ៉ា ​ទោះ​បី​មាន​ការ​សហការ​ពី ​ប្រទេស​ឆាដ ​និង​ប្រទេស​កាមេរូន ​ហាក់​នៅ​មិនទាន់​មាន​ប្រៀប​ លើ​ក្រុម​នេះ​ទេ។ ជាក់ស្តែង​ការ​វាយ​ប្រយុទ្ធ​គ្នា​ កាល​ពី​ថ្ងៃ ​សៅរ៍​កន្លង​ទៅ​ ដែល​ទាហាន​នីហ្សេរីយ៉ា​ មាន​ស្លាប់ ៤៦​នាក់ ​ហើយ​ប្រជាជន​ស្លូតត្រង់​ស្លាប់​២៨​នាក់ ​ផង​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ