អានតួអត្ថបទ
ជនភៀសខ្លួន

OIM ចង់​ឲ្យ​មាន​ប្រតិបត្តិការ ​ចុះ​បំបែក​កន្លែង​បង្ឃាំង​ជន​ភៀសខ្លួន​នៅ​លីប៊ី ​ឲ្យ​ឆាប់​បំផុត

វេទិកាកំពូល អាហ្វ្រិក - អឺរ៉ុប កំពុងប្រព្រឹត្តិធ្វើទៅនៅប្រទេសកូតឌីវ័រ បញ្ហាជនភៀសខ្លួនអាហ្វ្រិក គឺជាចំនុច​ស្នូល នៃការពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយទប់ស្កាត់ និងជួយសង្រ្គោះ។ យ៉ាងណាមិញ បន្ទាប់ពីបានប្រជុំជាមួយនឹងអង្គការសហប្រជាជាតិ​  អង្គការអន្តរជាតិនៃជនភៀសខ្លួន បានបង្ហាញជំហររបស់ខ្លួន ដែលចង់សុំឲ្យមានប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីចុះទៅបំបែក និងបិទទីបង្ឃាំងជនភៀសខ្លួនទាំងអស់ នៅក្នុងប្រទេសលីប៊ី និងជួយបញ្ជូនជនភៀសខ្លួន ទៅកាន់ប្រទេសដើមវិញ។

អាជ្ញាធរលិប៊ី ឃាត់ជន​ភៀសខ្លួន ដែលឈ្មួញ​ប៉ុនប៉ង​​បញ្ជូន​​តាម​ទូក ​ឆ្លង​សមុទ្រ​​ទៅ​អឺរ៉ុប។ ផែក្រុង​​ទ្រីប៉ូលី​ ថ្ងៃទី​​៤​ វិច្ឆិកា​ ២០១៧
អាជ្ញាធរលិប៊ី ឃាត់ជន​ភៀសខ្លួន ដែលឈ្មួញ​ប៉ុនប៉ង​​បញ្ជូន​​តាម​ទូក ​ឆ្លង​សមុទ្រ​​ទៅ​អឺរ៉ុប។ ផែក្រុង​​ទ្រីប៉ូលី​ ថ្ងៃទី​​៤​ វិច្ឆិកា​ ២០១៧ REUTERS/Ahmed Jadallah
ផ្សាយពាណិជ្ជកម្ម

យោងតាមតួលេខរបស់ អង្គការសហប្រជាជាតិ មានជនភៀសខ្លួនប្រមាណ​១៧០០០​នាក់ ដែលត្រូវគេឃុំឃាំងទុក នៅតាមមណ្ឌលចំនួន៣០ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរលីប៊ី។ ក៏ប៉ុន្តែជនភៀសខ្លួន​ដែលត្រូវគេបង្ឃាំងទុក នៅតាមកន្លែងខុសច្បាប់ របស់ពួកឈ្មួញទុច្ចរិត អាចមានច្រើនលើសនេះទៅទៀត។ ជនភៀសខ្លួននៅលីប៊ី ភាគច្រើន គឺមកពីប្រទេស ស្ថិតនៅខាងត្បូងសមុទ្រខ្សាច់សាហារ៉ា ដែលសុទ្ធតែជាប្រទេស​ក្រីក្រ ហើយពួកគេមានបំណង រត់ឆ្លងទៅអឺរ៉ុប។

លោកអគ្គនាយកអង្គការអន្តរជាតិ ដើម្បីជនភៀសខ្លួន OIM បាននិយាយថា បញ្ហា​ជន​ភៀសខ្លួនបច្ចុប្បន្ននេះ គឺជាសោកនាដកម្មធំណាស់ របស់មនុស្សជាតិ។ គ្រប់គ្នាត្រូវតែធ្វើអ្វី​ម្យ៉ាង ដើម្បីដោះស្រាយបញ្ហានេះ​បិទបញ្ចប់សោកនាដកម្មនេះ។ អង្គការ OIM បានដឹងដំណឹង នឹងព្យាយាមទាញសញ្ញាអាសន្ន អំពីការធ្វើទារុណកម្ម ជួញដូរលក់ជនភៀសខ្លួន ​នៅលីប៊ីនេះ តាំងតែ ពីខែមេសាម្លេះ។ ក៏ប៉ុន្តែទើបតែក្រោយការចុះផ្សាយរូបថត និងវីដេអូ របស់ទូរទស្សន៍ CNN ថ្មីៗនេះទេ ទើបបញ្ហានេះ បានធ្វើឲ្យរញ្ជួយមតិសាធារណៈ ទូទាំងពិភពលោក។

គួរបញ្ជាក់ថា ដោយមានការស្នើយ៉ាងរន្ធាន់ ពីរដ្ឋាភិបាលបារាំង អង្គការសហប្រជាជាតិ បានបើកការប្រជុំបន្ទាន់មួយ កាលពីថ្ងៃពុធ ទី ២៩ វិច្ឆិកា ដោយមានការចូលរួមពិភាក្សាគ្នា រវាងក្រុមការងារ របស់អង្គការដើម្បីជនភៀសខ្លួន និងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន។ អង្គការអន្តរជាតិ ដើម្បីជនភៀសខ្លួន បានទទូចសំណូមពរថា ត្រូវរិះរកវិធី សុំការអនុញ្ញាត ពីអាជ្ញាធរប្រទេសលីប៊ី ដើម្បី​ចុះទៅបិទជំរំ ឬមន្ទីឃុំឃាំងជនភៀសខ្លួន ទាំងអស់នៅលីប៊ី។ ហើយត្រូវតែរៀបចំយន្តការ ជួយ​ជន​ភៀសខ្លួន ឲ្យត្រលប់ទៅប្រទេសដើមវិញ បើសិនជាពួកគេស្ម័គ្រចិត្ត ឬបញ្ជូនទៅប្រទេសទីបី។ នេះគឺជាប្រតិបត្តិការធំធេងណាស់ ដែលទាមទារឲ្យមានកញ្ចប់ថវិកាថ្មីបន្ថែម និងជាពិសេស គឺ​ការសហការ ពីប្រទេសពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំផ្តល់ឯកសារអត្តសញ្ញាណដល់ជនភៀសខ្លួន។

ស្របពេលនេះដែរ វេទិកាកំពូល អាហ្វ្រិក-អឺរ៉ុប ក៏កំពុងតែប្រព្រឹត្តិធ្វើទៅនៅក្រុង​អាបីដហ្សង់ ប្រទេសកូតឌីវ័រ។ បញ្ហាជនភៀសខ្លួន គឺសំណុំរឿងធំបំផុត ដែលថ្នាក់ដឹកនាំអាហ្វ្រិក និង អឺរ៉ុប លើកមកនិយាយគ្នា។ យ៉ាងណាមិញ អ៊ីតាលី ដែលជាប្រទេសប្រឈមមុខ​ជាងគេ និងការមកដល់យ៉ាងគំហ៊ុក របស់ជនភៀសខ្លួនអាហ្វ្រិក ទន្ទឹងរងចាំយ៉ាង​ខ្លាំង អំពីលទ្ធផលជាវិជ្ជមាន ជាក់ស្តែងណាមួយ ដើម្បីដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ