អានតួអត្ថបទ
អសប​-នីហ្សេរីយ៉ា

អ.ស.ប.សុំ​ឲ្យ​បណ្តា​ប្រទេស​ជិត​ខាង​នីហ្សេរីយ៉ា​បង្កើន​ការ​ប្រយុទ្ធប្រឆាំង​ទល់​នឹង​ក្រុម​ឧទ្ទាម​បូកូ ហារ៉ាំ​

 ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អសប នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ស្នើ​សុំ​បណ្តា​ប្រទេស​ដែល​នៅ​​ជិត​​ខាង​​ ​នីហ្សេរីយ៉ា ឲ្យ​បង្កើន​ប្រតិបត្តិការ​យោធា​និង​សហប្រតិបត្តិ​ការជាមួយ​​​គ្នា​ឲ្យ​កាន់តែ​ខ្លាំង​ក្លា​​ថែម​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ក្រុម​អ៊ីស្លាម​ជ្រុល​និយមបូកូ ហារ៉ាំ​នៅ​នីហ្សេរីយ៉ា។ 

ក្រុមប្រឹក្សា​សន្តិសុខ​របស់​អសប​នៅ​New York​.
ក្រុមប្រឹក្សា​សន្តិសុខ​របស់​អសប​នៅ​New York​. Reuters/路透社
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆ័ន​កាលពី​ម្សិលមិញ ​ប្រទេស​ទាំង​១៥​សមាជិក​របស់ អសប បាន​​តឿន​ក្រើន​ដល់​បណ្តា​ប្រទេស​ដែល​នៅ​ក្បែរ​ប្រទេស​នីហ្សេរីយ៉ា ឲ្យ​​បង្កើន​ប្រតិបត្តិការ​និង​សហប្រតិបត្តិការ​យោធា​ថែមទៀត​ ដើម្បី​វាយ​កំចាត់​​​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​បូកូ ហារ៉ាំ​ឲ្យ​កាន់តែ​ប្រសិទ្ធភាព​និង​ឆាប់​រហ័ស​ថែមទៀត។​

នៅ​ចំណុច​ត្រង់​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អសប បាន​”ស្វាគមន៍​ចំពោះ​ការ​ចាត់ចែង​រៀបចំ​ជំនួប​របស់​​ក្រុម​អ្នកជំនាញ​មួយ​នៅ​ទីក្រុង យ៉ាអ៊ូនដេ​ប្រទេស​កាមឺរូន ដើម្បី​ការ​រៀបចំ​​ដាក់​កង​កម្លាំង​ពហុជាតិ​មួយ។

តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ក្រុម​អ្នកជំនាញ​អាហ្វ្រិក​និង​លោក​ខាងលិច​ជា​ច្រើន​សិប​នាក់ បាន​ចូលរួម​នៅ​ក្នុង​ជំនួប​​ដ៏​សំខាន់​នេះ ដើម្បី​រៀបចំ​ការ​ដាក់​ពង្រាយ​កងទ័ព​អាហ្វ្រិក​ចំនួន​៧៥០០​នាក់។

ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អសប បាន​សម្តែង​ការ​គោរព​ផង​ដែរ​ចំពោះ​ជំនួយ​ដ៏​ប្រសិទ្ធិភាព​និង​ដ៏​​ឆាប់​រហ័ស​របស់​កងទ័ព​ឆាត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងទល់​នឹង​ឧទ្ទាម​បូកូ ហារ៉ាំ។​ដោយ​កងទ័ព​ឆាត​តាំងពី​ថ្ងៃ​អង្គារ​មុន បាន​បើក​​ការ​​វាយលុក​ក្នុង​ទ្រង់ទា្រយ​ធំ​នៅ​លើ​​ទឹកដី​នីហ្សេរីយ៉ា​ដោយ​ឆ្លង​ចេញ​ពី​ប្រទេស​កាមឺរ៉ុន​និង​វាយដណ្តើម​កាន់កាប់​បាន​វិញ​ស្រុក ​Gamboru ក្រោយពី​បាន​បើក​ការវាយប្រហារ​យ៉ាង​ស្វិតស្វាញ​តទល់​ជាមួយ​ពួក​អ៊ីស្លាម​បូកូហារ៉ាម។

គួររំលឹកថា ក្រុម​ឧទ្ទាម បូកូ ហារ៉ាំ បាន​វាយ​ដណ្តើម​កាន់កាប់​នៅ​លើ​​ទឹកដី​នីហ្សេរីយ៉ា ​បាន​មួយ​ភាគ​ធំ​នៅ​ប៉ែក​ឥសាន្ត​នៃ​ប្រទេស​និង​បាន​គំរាម​កំហែង​ដល់​បណ្តា​ប្រទេស​ដែល​ជា​អ្នក​ជិត​ខាង​នីហ្សេរីយ៉ា។​

នៅ​ក្នុង​សង្គ្រាមប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ក្រុម​ឧទ្ទាម​បូកូហារ៉ាម​-ក្រសួង​ការពារ​ជាតិ​បារាំង​ ​បាន​ជូន​​ដំណឹង​កាលពី​ម្សិលមិញ ថា​ប្រទេស​បារាំង​បាន​បញ្ជូន​កង​យោធា​ខ្លួន​មួយ​ចំនួន​តូច​ទៅ​កាន់​ក្រុង Diffa​នៅ​ប៉ែក​ខាង​ត្បូង​នីហ្ស៊ែរ​និង​ជាប់​ពំ្រដែន​​នី​ហ្សេរីយ៉ា។​ ការ​បញ្ជូន​​​យោធា​បារាំង​នៅ​កាន់​នីហ្ស៊ែរ គឺ​ដើម្បី​ជួយ​ក្នុង​ផ្នែក​ចារកិច្ច​ដល់​បណ្តា​ប្រទេស​​អាហ្វ្រិក​ដែល​បាន​ចូលរួម​ក្នុង​ការ​សង្គ្រាម​ប្រឆាំង​ទល់​នឹង​ក្រុម​ឧទ្ទាម​បូកូ ហារ៉ាម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ