ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អាហ្វ្រិក

ពីរថ្ងៃ​បន្ទាប់​ពី​សម្លាប់​មនុស្ស​១៤៨​នាក់ ក្រុម​អ៊ីស្លាម​ហ្សេបាប់​សូម៉ាលី គម្រាម​កេនយ៉ា​សារ​ជា​ថ្មី

media  
ម៉ូហាម៉េដ គូណូ Mohamed Kuno​ មេក្រុម​​អ៊ីស្លាម​​ហ្សេបាប់សូម៉ាលី ដែលជា​អ្នក​ដឹកនាំ​ការ​កាប់​សម្លាប់​មនុស្ស​១៤៨​នាក់ នៅ​កេនយ៉ា កាល​ពី​ថ្ងៃ ទី​២ មេសា REUTERS/Feisal Omar/Files

ក្រុម​អ៊ីស្លាម​ហ្សេបាប់ ​ដែល​មាន​ដើម​កំណើត​ នៅ​ប្រទេស​សូម៉ាលី ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ នៅ​ក្នុង​បរិវេណ​សកល​វិទ្យាល័យ​មួយ ​នៅ​ក្រុង​ហ្គារីសា ​ប្រទេស​កេនយ៉ា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ២​ មេសា ​ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ​១៤៨​នាក់​ ​ដែល​ក្នុង​នោះ​ភាគច្រើន​ជា​និស្សិត។ ​ប្រទេស​កេនយ៉ា ​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ ​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង ​ចំពោះ​មុខ​ឃាតកម្ម​ដ៏​យង់ឃ្នង​របស់​ក្រុម​អ៊ីស្លាម​ហ្សេបាប់។ មេ​របស់​ក្រុម​ ​ដែល​ជា​អ្នក​ដឹកនាំ​ការ​កាប់​សម្លាប់​នេះ ​ត្រូវ​បាន​គេ​ស្គាល់​មុខ ​ហើយ​គេ​កំពុង​តាម​រក​ចាប់​ខ្លួន។ ដោយ​ឡែក ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ក្រុម​ហ្សេបាប់ ​បាន​ផ្ញើសារ​ភ្គើន ​និង​គម្រាម​ប្រទេស​កេនយ៉ា ​ថា​ឲ្យ​កេនយ៉ា​ត្រៀម​ខ្លួន​ទៅ​ពី​ថ្ងៃ​នេះ ​ព្រោះ​ពួកវា​នឹង​បន្ត​បង្ហូរ​ឈាម​ប្រជាជន​កេនយ៉ា​តទៅ​ទៀត។

ក្នុង​ពេល​តែ​មួយ​ព្រឹក​ ១៤៨​នាក់ ​ស្លាប់​ក្នុង​ថ្លុក​ឈាម៖

ប្រជាជន​កេនយ៉ា ​ជា​ពិសេស​អ្នក​នៅ​ក្នុង​ក្រុង ​ហ្គារីសា ​ដែល​ជា​កន្លែង​កើតហេតុ​តែ​ម្តង ​នៅ​មិន​ទាន់ ​បាត់​តក់ស្លុត​នៅ​ឡើយ​ទេ។ ក្រុង​ហ្គារីសា ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៥០ ​គីឡូមែត្រ​ពី​ព្រំដែន​រវាង ​កេនយ៉ា​ និង​សូម៉ាលី។ ក្រុម​អ៊ីស្លាម​ហ្សេបាប់​នេះ ​មាន​ដើម​កំនើត​នៅ​ក្នុង​ប្រទេស​សូម៉លី ​ហើយ​ជា​សាខា​មួយ​ របស់​ក្រុម​អ៊ីស្លាម​អាល់កាអ៊ីដា។ ពួក​ហ្សេបាប់ ​បាន​ធ្វើ​ការ​វាយ​ប្រហារ ​នៅ​ក្នុង​បរិវេណ​សកល​វិទ្យាល័យ​ក្រុង​ហ្គារីសា ​ពេល​ទៀបភ្លឺ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២ ​មេសា ​ដោយ​បាន​សម្លាប់​អ្នក​យាមទ្វារ​ពីរនាក់។ បន្ទាប់​មក​ពួក​នេះ ​បាន​ចូល​ទៅ​ដល់​កន្លែង​សម្រាក​របស់​ក្រុម​និស្សិត ​ហើយ​បាន​ចាប់​ប្រមូល​និស្សិត​ជាក្រុមៗ ​អ្នក​ខ្លះ​កំពុង​តែ​ដេក​លក់ ​ភ្ញាក់​ឡើង​ទាំង​មមីង​មមំាង។

តាម​ការ​រាយការណ៍​របស់​អ្នក​ដែល​បាន​រួច​ជីវិត ​ពួក​ហ្សេបាប់ ​បាន​ប្រមូល​និស្សិត​ជុំគ្នា​ តាម​បន្ទប់ ​ហើយ​បំបែក​​ជា​ពីរ​ក្រុម ​មួយក្រុម​ជាក្រុម​និស្សិត​ដែល​កាន់​សាសនា​អ៊ីស្លាម ​ហើយ​មួយ​ក្រុម​ទៀត​ ជា​ក្រុម​និស្សិត​កាន់​សាសនា​គ្រឹស្ត។ បន្ទាប់​មក​ពួក​វា ​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​រត់​ចេញ​ទៅក្រៅ ​មុន​នឹង​ពួក​វា​ចាប់ផ្តើម​ ធ្វើ​ការ​កាប់​សម្លាប់ ​អ្នក​ដែល​នៅ​សល់​ ដែល​សុទ្ធសឹង​ជា​អ្នក​កាន់​សាសនា​គ្រឹស្ត។

ក្នុង​ពេល​តែមួយ​ព្រឹក ​ពួក​ហ្សេបាប់ ​បាន​សម្លាប់ ​និស្សិត​ចំនួន ​១៤២ ​នាក់ ​ទាហាន ​៣​នាក់ ​និង​នគរបាល​៣នាក់​ទៀត ​ដោយ​ខ្លះ​ត្រូវ​ពួក​វា​អារក​ទាំងរស់ ​ហើយ​ខ្លះ​ត្រូវ​ពួកវា​បាញ់​សំលាប់។ សាកសព​មនុស្ស​គរ​លើ​គ្នា ​នៅ​ក្នុង​ថ្លុក​ឈាម ​ដ៏​គួរ​ឲ្យ​តក់ស្លុត​ជា​ទី​បំផុត។ នេះ​ជា​ការ​កាប់​សំលាប់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ មិន​ធ្លាប់​មាន ​​ចាប់​តាំង​ពី​ការ​ធ្វើ​ភេរវកម្ម​ កាល​ពី​ឆ្នាំ ​៩៨ ​នៅ​ស្ថានទូត​អាមេរិក ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស ​ចំនួន ​២១៣​នាក់។

ហ្សេបាប់​ផ្គើន​កេនយ៉ា ​គម្រាម​ថា​នឹង​បង្ហូរ​ឈាម​នៅ​កេនយ៉ា ​ដើម្បី​សងសឹក៖
មេក្រុម​ពួក​ហ្សេបាប់ ​និង​ដែល​ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​កាប់​សម្លាប់ ​មនុស្ស​១៤៨​នាក់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ថា ​ម៉ូហាម៉េដ គូណូ។ រដ្ឋាភិបាល​កេនយ៉ា ​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ​២០​ម៉ឺន​ដុល្លារ ​ដល់​នរណា​ដែល​ស្គាល់​កន្លែង​លាក់​ខ្លួន​របស់​ជន​នេះ។ ម៉ូហាម៉េដ គូណូ ​នេះ​តាម​ពិត​ជា​ជនជាតិ​កេនយ៉ា ​តែ​មាន​ដើម​កំណើត​សូម៉ាលី។ ជន​នេះ​ធ្លាប់​ធ្វើជា​គ្រូ​បង្រៀន​ នៅ​ក្នុង​សាលា​សាសនា​អ៊ីស្លាម​មួយ ​នៅ​ក្នុង​ក្រុង​ហ្គារីសា ​រហូត​ដល់​ឆ្នាំ ២០០៧ ​មុន​នឹង​ចូល​ទៅ​ប្រឡូក​​ជាមួយ​ក្រុម​អ៊ីស្លាម​ផ្តាច់ការ។ ម៉ូហាម៉េដ គូណូ​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ធ្លាប់​បាន​ដឹកនាំ​ក្រុម​ហេ្សបាប់ ​ធ្វើ​ភេរវកម្ម​ម្តង​រួចទៅ​ហើយ​ កាល​ពី​ឆ្នាំ​២០១៤ ​នៅ​ក្រុង ​ម៉ានដេរ៉ា ​ក្នុង​តំបន់​ជាមួយ​គ្នា​ នឹង​ក្រុង​ហ្គារីសា​ដែរ។ ហើយ​បន្ទាប់​ មក​បាន​រត់​គេច​ខ្លួន ​ទៅ​ពួន​នៅ​សូម៉ាលី។

ទាក់​ទិន ​នឹង​មូលហេតុ ​ដែល​ធ្វើឲ្យ​ក្រុម​អ៊ីស្លាម​ហ្សេបាប់ ​វាយ​ប្រហារ​កេនយ៉ា ​គឺ​យើង​ដឹង​ហើយ​ថា ​ក្រុម​ហ្សេបាប់​សូម៉ាលី ​ជា​ក្រុម​អ៊ីស្លាម​អាល់កាអ៊ីដា ​ដែល​មាន​ដើមកំណើត​នៅ​ក្នុង​ប្រទេស​សូម៉ាលី។ ពួក​នេះ ​​បាន​ធ្វើផ្គរ​ធ្វើ​ភ្លៀង​ ក្នុង​ប្រទេស​សូម៉ាលី ​ជាច្រើន​ឆ្នាំ​មកហើយ។ សហគមន៍​ប្រទេស​អាហ្វ្រិក​ខាងកើត ​ដែល​​មាន​កេនយ៉ា ​ផង​ដែរ​នោះ ​បាន​រួបរួម​គ្នា ​បញ្ជូន​កំលាំង ​ទៅ​សូម៉ាលី ​ដើម្បី​ប្រយុទ្ធ​បង្ក្រាប​ពួកនេះ ​នៅ​ចុង​ឆ្នាំ ​២០១១។

ដូច្នេះ ​មូលហេតុ​ចំបង ​ដែល​ពួក​ហ្សេបាប់ ​មក​កាប់​សំលាប់​មនុស្ស​នៅ​កេនយ៉ា ​គឺ​គ្មាន​អ្វី​ ក្រៅពី​ចង់​សងសឹក​នោះទេ។ សាក្សី​ ម្នាក់​ដែល​បាន​នៅ​រស់​ជីវិត​ ពី​ការ​កាប់​សម្លាប់ ​បាន​និយាយ​ប្រាប់ថា ​មុន​នឹង​ពួកនេះ​ ចាប់ផ្តើម​សំលាប់​និស្សិត ​ពួក​វា​បាន​ស្រែក​ថា ​នេះ​ហើយ​ជា​លទ្ធផល​ដែល​កេនយ៉ា ​បាន​បញ្ជូន​កំលាំង​ទៅ​វាយ​ក្រុម​ហ្សេបាប់​ នៅ​សូម៉ាលី។

យ៉ាង​ណា​មិញ ​នៅ​ក្នុង​សារ​គម្រាម​កំហែង ​ដែល​ពួកវា​ បាន​បញ្ជូន​មក​នៅ​ថ្ងៃសៅរ៍ ​ទី ​៤ មេសា ​គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ពួកនេះ​ចង់​សងសឹក​ទៅ​លើ​រដ្ឋាភិបាល ​និង​ប្រជាជន​កេនយ៉ា​ទាំង​មូល។ ក្នុងសារ​នេះ ​ពួក​ហ្សេបាប់​គម្រាម​ថា ​ពី​ថ្ងៃ​នេះ​ទៅ ​សង្រ្គាម ​និង​បង្ហូរ​ឈាម​ប្រជាជន​កេនយ៉ា​ ទូទាំង​ប្រទេស ​ហើយ​ពួកវា​នឹង​ធ្វើការ​កាប់​សម្លាប់ ​ដោយ​គ្មាន​ញញើត​អ្វី​ទាំង​អស់។ ពួកវា​ថា ​ពួកវា ​នឹង​សងសឹក​ឲ្យ​ក្រុម​អ៊ីស្លាម​គ្នា​វា ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​សូម៉ាលី ​ដោយ​កង​កម្លាំង​របស់​កេនយ៉ា ​ហើយ​ថា​ ​ដរាប​ណា​ កេនយ៉ា​នៅតែ​វាយ​ប្រហារ​ក្រុម​ហ្សេបាប់​នៅ​សូម៉ាលី ​ពួកវា​នឹង​នៅ​តែ​បន្ត​ កាប់​សម្លាប់​ប្រជាជន​កេនយ៉ា។ ពួកវា ​បាន​បន្ថែម​ថា ​ពួកវា​នឹង​បន្ត​ ធ្វើការ​វាយ​ប្រហារ​តាម​សាលា​រៀន ​ទីផ្សារ ​និង​ទី​កន្លែង​សាធារណៈ​ផ្សេង​ទៀត ​ទូទាំង​កេនយ៉ា។

ហ្សេបាប់​អន់ ​ព្រោះ​ធ្វើបាប​កេនយ៉ា​ដែល​ទន់ជ្រាយ៖
ពួក​អ៊ីស្លាម​ហ្សេបាប់ ​មិនមែន​ជ្រើសរើស​ធ្វើ​ប្រតិបត្តិការ​នៅ​កេនយ៉ា ​ដោយ​ចៃដន្យ​ទេ។ វា​ជា​ការ​វាយឆ្មក់ ​​ក្នុង​គោល​បំណង​ ធ្វើឲ្យ​មាន​ចលាចល ​នៅ​ក្នុង​ប្រទេស​កេនយ៉ា  ​និង​នៅ​តាម​បណ្តា​ប្រទេស​ក្បែរ​ខាង​ផ្សេង​ទៀត។ ចលាចល​យ៉ាងម៉េច ​គឺ​ចលាចល ​ដោយសារ​ពួកវា ​បាន​បង្ហាញ​ពីភាព​ព្រៃផ្សៃ​របស់​ពួកវា ហើយ​តាម​រយៈ​ការ​កាប់​សម្លាប់​នេះ​ ពួក​ហ្សេបាប់​ ចង់​ល្បី​លេច​មុខ​លេច​មាត់ ​អួត​គេ​ឯង​ថា ​ពួក​វា​ខ្លាំង​​ និង​សាហាវ​មិន​ចាញ់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ផ្សេង​ទៀត​ទេ។

ប៉ុន្តែ ​បើ​យើង​វិភាគ​ឲ្យ​ល្អិតល្អន់​ទៅ​ ​ពួកនេះ​មិន​សូវ​ជា​មាន​កម្លាំង​ខ្លាំងក្លា​ប៉ុន្មាន​ទេ គឺ​ដោយសារ​តែ​ក្រុម​នេះ​ បាន​ជ្រើសរើស​វាយ​ប្រហារ​លើ​កេនយ៉ា ​ដែល​ជា​ប្រទេស​ទន់ខ្សោយ។ ពួក​ហ្សេបាប់​នេះ ​អត់​ដែល​ហ៊ាន​ទៅ​លោត​ជាមួយ​ប្រទេស ​អេត្យ៉ូពី ​ដែល​គេ​មាន​ទាហាន​រឹងមាំ ​និង​មាន​វិន័យ​តឹងរឹង​ទេ។ ហើយ​បើ ​ប្រទេស​អ៊ូហ្គង់ដា​វិញ ​វា​រៀង​នៅ​ឆ្ងាយ​ពី​សូម៉ាលី ​ដែល​ក្រុម​នេះ​ គ្មាន​លទ្ធភាព​ទៅ​ដល់។ ពួក​ហ្សេបាប់ ​ជ្រើសរើស​យក​ទី​ក្រុង​ហ្គារីសា ​ក្នុង​ប្រទេស​កេនយ៉ា ​ព្រោះថា​វា​នៅ​ក្បែរ​ព្រំដែន​សូម៉ាលី ​ហើយ​ទី​ក្រុង​នេះ​ទៀត​សោត ​មាន​បង្កប់​បក្សពួក​គ្នា​វា​ច្រើន​ណាស់។

អ្នក​វិភាគ​ជា​ច្រើន ​បាន​យល់​ស្របគ្នា​ថា ​ក្រុម​ហ្សេបាប់​អ៊ីស្លាម​នេះ ​បាន​បាក់​កម្លាំង​ទៅ​ហើយ ​ហើយ​ពួក​វា ​មិន​មាន​លទ្ធភាព​ឯណា ​ទៅ​ធ្វើ​ប្រតិបត្តិការ​នៅ​ទី​ឆ្ងាយ​ទេ ​គឺ​ធ្វើ​បាន​តែ​នៅ​ក្បែរ​ផ្ទះ​ពួកវា​នឹង​ឯង។ ពួកវា​ឆ្មក់​វាយ​ប្រហារ​កេនយ៉ា ​ដោយសារ​កេនយ៉ា​ទន់ជ្រាយ ​គ្មាន​កំលាំង​គ្រប់​គ្រាន់ ​នឹង​ការពារ​ខ្លួន ​ហើយ​ជា​ពិសេស កេនយ៉ា​ខ្លួនឯង ​កំពុង​តែ​មាន​ជំងឺ​មហារីក​ ដោយសារ​តែ​អំពើ​ពុក​រលួយ​ស៊ីរូង​ផ្ទៃក្នុង។ អំពើ​ពុក​រលួយ​នៅ​កេនយ៉ា​ ​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ ​បាក់​កម្លាំង ​ព្រោះ​ក្នុង​ជួរ​កងទ័ព​ សុទ្ធសឹង​តែ​ជា​មនុស្ស​អសមត្ថភាព ​គ្មាន​វិន័យ​ច្បាស់លាស់ ​ហើយ​ពេល​មាន​ការ​អាសន្ន​ម្តងៗ ​ទាហាន​ក៏​គ្មាន ​គ្រឿង​ប្រដាប់​អាវុធ​ក៏​គ្មាន។ ទាំងនេះ ហើយ​បាន​ជា​ធ្វើ​ឲ្យ​ ក្រុម​ហ្សេបាប់​នេះ ​បានចិត្ត ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​កេនយ៉ា។

គោបាត់ទើបធ្វើរបង៖
ក្រោយ​ហេតុការណ៍​នេះ​ រដ្ឋាភិបាល​កេនយ៉ាង​ ចង់​ធ្វើ​របង​ខណ្ឌ ​តាម​ព្រំដែន​ ដើម្បី​កុំឲ្យ​ពួក​ហ្សេបាប់ ​ចូល​មក​ក្នុង​ដី​កេនយ៉ា។ អ្នក​វិភាគ​ទាំងអស់ ​គ្មាន​នរណា​យល់ស្រប​ នឹង​គំនិត​នេះ​ទេ។ គេ​រិះគន់​ថា ​រដ្ឋាភិបាល​កេនយ៉ា ​គ្មាន​សមត្ថភាព​ ប្រឈមមុខ​ជាមួយ​នឹង​ការពិត ​ព្រោះ​ថា​បិទ​ព្រំដែន​ ​មិន​មែន​អាច​បញ្ចប់​បញ្ហា​ ជាមួយ​ពួក​ហ្សេបាប់​ដោយ​ងាយៗ​នោះ​ទេ។ ពួកនេះ​មាន​គ្នា​វា​សុទ្ធសឹង​ជា​ជនជាតិ​កេនយ៉ា សំងំ​នៅ​ពាសពេញ​ប្រទេស​ទៅហើយ។ កេនយ៉ា គួរ​ណា​តែ ​ពិចារណា ​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ស្នូល ឫស​គល់ ​ដែល​បណ្តាល​ឲ្យ​ក្រុម​អ៊ីស្លាម​កេនយ៉ា ​នាំគ្នា ​ទៅ​ចូល​ដៃ​ចូល​ជើង​ជាមួយ​ក្រុម​ហ្សេបាប់ ​និង​ក្រុម​អ៊ីស្លាម​ផ្តាច់ការ​ផ្សេងទៀត។

បិទ​ព្រំដែន​ជាមួយ​សូម៉ាលី ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ​ព្រោះ​កេនយ៉ា ​មិន​មែន​មាន​ជម្លោះ​ជាមួយ​សូម៉ាលី​ទេ ​តែ​កេនយ៉ា ​កំពុង​តែ​ប្រឈមមុខ​ជាមួយ​បញ្ហា​ធំ​ គឺ​ការ​គម្រាម​កំហែង ​នៃ​ទ្រឹស្តី​ជ្រុល​និយម​របស់​ក្រុម​អ៊ីស្លាម​ផ្តាច់ការ ​ដែល​ជា​បញ្ហា​តែ​មួយ ​ដូច​នៅ​តំបន់​ផ្សេងៗ​ទៀត​ដែរ ​ដែល​​កំពុងតែ​ប្រឈមមុខ​ជាមួយ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ