ប្រធានាធិបតីស៊ូដង់ លោកអូម៉ា អាល់ បាស្ហៀរ បានចាកចេញមុនកាលកំណត់ ពីកិច្ចប្រជុំកំពូលសហភាពអាហ្រ្វិក នៅប្រទេសអាហ្រិ្វកខាងត្បូង នៅថ្ងៃចន្ទ បន្ទាប់ពីតុលាការរបស់ប្រទេសនេះ បានចេញដីកាបញ្ជាឲ្យអាជ្ញាធរឃាត់ខ្លួនលោក ជាបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យ។
នៅថ្ងៃចន្ទ ប្រធានាធិបតីស៊ូដង់ បានចាកចេញពីអាហ្វ្រិកខាងត្បូង និងអាចត្រលប់ចូលប្រទេសវិញ ដោយគ្មានបញ្ហា។ នៅថ្ងៃចន្ទ ដដែល តុលាការអាហ្រ្វិកខាងត្បូង បានប្រកាសទុកពេលមួយសប្តាហ៍ ដើម្បីឲ្យរដ្ឋាភិបាលពន្យល់ដល់ចៅក្រម ថា ហេតុអ្វី បានជាអាជ្ញាធរមិនចាប់ឃាត់ខ្លួន បណ្តោះអាសន្ន ប្រធានាធិបតីស៊ូដង់ ទៅតាមដីការបស់តុលាការ។ លើសពីនោះទៀត ប្រធានាធិបតីស៊ូដង់ នៅបានប្រើអាកាសយានដ្ឋានយោធា របស់អាហ្វ្រិកខាងត្បូង ដើម្បីហោះចេញពីទឹកដីអាហ្វ្រិកខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានអះអាងថា ខ្លួនគោរពតាមបទបញ្ជារបស់តុលាការ ទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស និងសន្យា ធ្វើការស៊ើបអង្កេត លើដំណើរដើមហេតុដែលធ្វើឲ្យប្រធានាធិបតីស៊ូដង់ អាចរួចខ្លួន និងចាកចេញពីទឹកដីអាហ្វ្រិកខាងត្បូង។
អាហ្រ្វិកខាងត្បូងជាប្រទេសហត្ថលេខី និងសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ គេរំពឹងថា ប្រធានាធិបតីស៊ូដង់នឹងត្រូវរដ្ឋាភិបាលអាហ្វ្រិកចាប់បញ្ជូនខ្លួនឲ្យតុលាការអន្តរជាតិ នៅពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំសហភាពអាហ្វ្រិក នៅទីក្រុងJohannesburg។
គណបក្សកាន់អំណាច នៅអាហ្វ្រិកខាងត្បូង ដែលដឹកនាំកិច្ចប្រជុំកំពូលសហភាពអាហ្រ្វិក បានចេញមុខនិយាយការពាររដ្ឋាភិបាល ដោយថា កិច្ចប្រជុំរបស់សហភាពអាហ្វ្រិកដែលលោកប្រធានាធិបតីស៊ូដង់ ចូលរួម នោះ បើកធ្វើនៅទឹកដីអាហ្វ្រិកខាងត្បូងមែន។ ប៉ុន្តែ លោកប្រធានាធិបតីស៊ូដង់ គឺជាភ្ញៀវរបស់សហភាពអាហ្វ្រិក ដែលមិនមែនជាសមាជិក និងត្រូវគោរពតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនោះឡើយ។
ការឆ្លើយបំភ្លឺរបស់បក្សកាន់អំណាចមិនអាចបំភ្លៃការពិតបានឡើយ។ ការខកខាន បណ្តោយឲ្យប្រធានាធិបតីស៊ូដង់អាចចាកចេញ ដោយគ្មានការចាប់ខ្លួនយ៉ាងដូច្នេះ ធ្វើឲ្យគេគិតថា អាហ្វ្រិកខាងត្បូង ទំនងចង់ចូលរួមជាមួយប្រទេសអាហ្វ្រិកផ្សេងទៀត ដែលចង់បង្កើតក្រុមប្រឆាំងនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលប្រទេសនៅអាហ្វ្រិកចោទថា រើសអើង និងបង្កើតឡើង ដើម្បីគ្រាន់តែសម្រាប់កាត់ទោសមេដឹកនាំអាហ្វ្រិកតែប៉ុណ្ណោះ៕