អានតួអត្ថបទ
អាហ្វ្រិក-សន្តិសុខ

បារាំង​​ដឹកនាំ​ជំនួបកំពូល​ ជំរុញ​បង្កើត​កម្លាំង​សន្តិសុខ​ពិសេស ​តំបន់​សាហ៊ែល​អាហ្វ្រិក

កាលពីថ្ងៃពុធ ទី១៣ ធ្នូ ម្សិលមិញ បារាំង បានដឹកនៃជំនួបកំពូលមួយទៀត ស្តីពីសន្តិសុខទ្វីបអាហ្រ្វិក ដោយមានការចូលរួម ពីប្រទេសអាហ្វ្រិកពាក់ព័ន្ធចំនួន ៥ និងប្រមុខរដ្ឋាភិបាលអឺរ៉ុប មួយចំនួន។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្តល់សន្ទុះ ដល់គំរោងបង្កើតកងកម្លាំងរក្សាសន្តិសុខពិសេស នៅតំបន់សាហ៊ែល ដើម្បីប្រយុទ្ធប្រឆាំង និងក្រុមឧទ្ទាមភេរវកម្ម ដែលកំពុងគំរាមកំហែងសន្តិសុខ និងស្ថិរភាពតំបន់នេះទាំងមូល។ លោកប្រធានាធិបតីម៉ាក្រុង បានប្រកាសថា គឺត្រូវតែឈ្នះ សង្រ្គាមប្រឆាំងក្រុមជីហាតនៅសាហ៊ែលនេះ ជាដាច់ខាត។

លោក ម៉ាក្រុង​ ប្រធានាធីបតី​បារាំង ​ដឹកនាំ​កិច្ចប្រជុំ​ ​G5-Sahel ​អម​ដោយ​លោកស្រី​ អង់ហ្គេឡា ​​មែរគែល​។ La ​Celle Saint-Cloud​ ថ្ងៃ​​ទី​​១៣​​ ធ្នូ ​​២០១៧
លោក ម៉ាក្រុង​ ប្រធានាធីបតី​បារាំង ​ដឹកនាំ​កិច្ចប្រជុំ​ ​G5-Sahel ​អម​ដោយ​លោកស្រី​ អង់ហ្គេឡា ​​មែរគែល​។ La ​Celle Saint-Cloud​ ថ្ងៃ​​ទី​​១៣​​ ធ្នូ ​​២០១៧ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ពីជំនួបកំពូលមួយ ទៅជំនួបកំពូលមួយ​ គេសង្កេតឃើញថា លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងព្យាយាមស្វះស្វែង ផ្តល់សន្ទុះដល់តួនាទីរបស់បារាំង ក្នុងការដោះស្រាយវិបត្តិនយោបាយអន្តរជាតិនានា។ ថ្ងៃពុធ ទី១៣ ធ្នូ​ លោកប្រធានាធិបតីបារាំង បានដឹកជំនួបកំពូលប្រទេសអាហ្វ្រិក G5 មានម៉ាលី បួគីណាហ្វាសូ ឆាដ នីហ្សេរីយ៉ា និងម៉ូរីតានី។ ក្រៅពីនេះ ក៏មានការចូលរួមពី ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អ៊ីតាលី បែលហ្សិក តំណាងសហភាពអឺរ៉ុប តំណាងរដ្ឋាភិបាលអាមេរិក និងអារ៉ាប៊ីសាអូឌីតផងដែរ។

កម្មវត្ថុនៃជំនួបកំពូលនេះ គឺដើម្បីផ្តល់សន្ទុះដល់ការបង្កើត កងកម្លាំងពិសេសអាហ្វ្រិក G5សាហ៊ែល។ តំបន់សាហ៊ែល គឺជាតំបន់ស្ថិតនៅចន្លោះព្រំដែនរវាងប្រទេសអាហ្វ្រិកទាំង៥ខាងលើ ហើយដែលកំពុងស្ថិតក្នុងភាពវឹកវរ ដោយសារតែសកម្មភាពវាយប្រហារ របស់ក្រុមជីហាតភេរវកម្ម។ បារាំង បានផ្តួចផ្តើមគំនិតបង្កើតកងកម្លាំងពិសេសនេះ ដោយត្រូវមានកម្លាំងប្រមាណ៥ពាន់នាក់ មកពី ប្រទេសអាហ្វ្រិកទាំង៥ ហើយដែលគ្រោងដាក់ឲ្យដំណើរការ នៅពាក់កណ្តាលឆ្នាំ២០១៨។

លោកស្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានលើកឡើងថា ល្បឿននៃការទៅមុខនៃគំរោងនេះ ហាក់ដូចជានៅយឺតខ្លាំងណាស់​។​ ហើយស្របពេលនេះ ក្រុមឧទ្ទាមភេរវកម្ម បន្តវាយប្រហារបង្កអសន្តិសុខ និងអស្ថិរភាពកាន់តែខ្លាំងឡើង ជាពិសេសនៅភាគខាងជើងប្រទេសម៉ាលី។ មកទល់ពេលនេះ គឺមានតែកងទ័ពបារាំងទេ ដែលនៅជួរមុខ ជាមួយកំលាំងប្រមាណ៤ពាន់នាក់ ដាក់ពង្រាយក្នុងតំបន់ រួមនឹងកងទ័ពមួកខៀវ អង្គការសហប្រជាជាតិ ប្រមាណ១២០០០នាក់ផ្សេងទៀត។ ក៏ប៉ុន្តែ គេត្រូវការឲ្យប្រទេសពាក់ព័ន្ធទាំង៥ ចូលរួមក្នុងកងកម្លាំងនេះ ដើម្បីធ្វើឲ្យប្រតិបត្តិការមានប្រសិទ្ធិភាពខ្ពស់ និងធ្វើឲ្យប្រទេសអាហ្វ្រិកខ្លួនឯង មានការទទួលខុសត្រូវរៀងៗខ្លួន។

គួរបញ្ជាក់ថា ប្រតិបត្តិការ G5 សាហ៊ែល នេះត្រូវការថវិកា ប្រមាណ២៥០លានអឺរ៉ូ ដែលនៅមិនទាន់អាចប្រមូលបានគ្រប់គ្រាន់នៅឡើយ ដោយសារប្រទេសអាហ្វ្រិកទាំង៥ សុទ្ធសឹងតែជាប្រទេសក្រីក្របំផុត។ សម្រាប់ពេលនេះ បារាំងបានសន្យាផ្តល់៨លានអឺរ៉ូ ភាគច្រើនជាជំនួយសម្ភារៈ។ សហភាពអឺរ៉ុបសន្យាជួយ៥០លានអឺរ៉ូ រីឯសហរដ្ឋអាមេរិក បានសន្យាចំណាយ៦០លានដុល្លារ ជួយជាលក្ខណៈទ្វេរភាគី ជាមួយប្រទេសអាហ្វ្រិកទាំង៥។ ចំណែកអារ៉ាប៊ីសាអូឌីត នឹងសម្រេចក្នុងពេលដ៏ឆាប់នេះ ផ្តល់ថវិកា ប្រមាណ១០០លានដុល្លារ។

ទោះយ៉ាងណា តំណាងអង្គការ Human Rights Watch បានលើកឡើងថា គេមិនគួរភ្លេចទេ ក្នុងការពិចារណា រកដំណោះស្រាយ ដើម្បីជំរុញប្រទេសអាហ្វ្រិកទាំងនោះ ឲ្យរឹងមាំឡើង ជាពិសេស ក្នុងវិស័យនីតិរដ្ឋ ការអនុវត្តច្បាប់ អំពើពុករលួយ និការងរំលោភបំពានអំណាចជាដើម។ គឺបញ្ហាទាំងអស់នេះហើយ ដែលជាឫសគល់ ធ្វើឲ្យប្រទេសទន់ខ្សោយ ធ្លាក់ទៅក្នុងវិបត្តិអស្ថិរភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ