អានតួអត្ថបទ
តុលាការ​ឡាអេ

អតីត​រដ្ឋមន្រ្តី​មកពី​អាហ្វ្រិក​ចូល​កាន់តំណែង​ជា​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

ចាប់ពីពេលនេះ​ទៅ លោកស្រី ហ្វាទូ បេនស៊ូដា (Fatou Bensouda) អតីតរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​របស់​ហ្កំប៊ី (Gambie) ត្រូវ​​ចូល​កាន់តំណែង​ជា​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុង​ឡាអេ។ ក្នុង​ឋានៈ​ជា​រដ្ឋ​អាជ្ញា លោកស្រី​បេនស៊ូដា នឹង​ត្រូវ​ទទួល​ភារៈ​​ស៊ើបអង្កេត​លើ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធំៗ ដែល​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​របស់​តុលាការ​ក្រុងឡាអេ ដែល​ជាទូទៅ​តែងតែ​ទទួលរងនូវការ​រិះគន់​ពី​សំណាក់​ប្រទេស​អាហ្វ្រិក។

REUTERS/Bas Czerwinski
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ហ្វាទូ បេនស៊ូដា ធ្លាប់​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​របស់​ហ្កំប៊ី ដែល​ជា​ប្រទេស​ដ៏​តូចបំផុត​មួយ នៅ​ទ្វីប​អាហ្វ្រិក។ បន្ទាប់​មក​លោកស្រី​បាន​ចាប់ផ្តើម​បោះជំហាន​ចូល​ក្នុង​ឆាក​អន្តរជាតិ ហើយ​​​សាងកេរ្តិ៍ឈ្មោះ​ខាង​ផ្នែក​នីតិព្រហ្មទណ្ឌ​អន្តរជាតិ តាមរយៈ​ការ​ដឹកនាំ​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ធំៗ​ រួមមាន អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា និង​ការ​ប្រើ​​ ​កុមារឲ្យ​ធ្វើ​ទាហាន​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ។

ចាប់ពី​ឆ្នាំ​២០០៤​មក លោកស្រី​បេនស៊ូដា គឺ​ជា​រដ្ឋអាជ្ញារង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហើយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ លោកស្រី​​ត្រូវ​បាន​ប្រទេស​ជា​សមាជិក​អនុសញ្ញា​ក្រុង​រ៉ូម​​បោះឆ្នោត​តែងតាំង​ជា​រដ្ឋ​អាជ្ញា​ជំនួស​លោក​ Louis Moreno-Ocampo ដែល​ត្រូវ​បញ្ចប់​អាណត្តិ។

គួរ​បញ្ជាក់ថា ការិយាល័យ​រដ្ឋអាជ្ញា​​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ គឺ​ជា​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ក្នុងការ​ស៊ើបអង្កេត និង​ចោទប្រកាន់​​ចំពោះ​បទឧក្រិដ្ឋ​​ ដែល​ចូល​ក្នុង​ដែន​យុត្តាធិការ​របស់​តុលាការ។ ក្រៅពីការ​ស៊ើបអង្កេត​ទៅតាម​បណ្តឹង​របស់​រដ្ឋ​ជាសមាជិក និង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. រដ្ឋ​អាជ្ញា​​មាន​អំណាច​បើក​ការ​ស៊ើបអង្កេត​ដោយ​ខ្លួនឯង ទោះបី​គ្មាន​​បណ្តឹង​ក៏ដោយ​។

គេ​សង្កេតឃើញ​ថា ជាទូទៅ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​តែងតែ​ទទួល​រងនូវ​ការ​រិះគន់​ពីសំណាក់​ប្រទេស​អាហ្វ្រិក​ថា​ជា​តុលាការ ដែល​បង្កើត​ឡើង​ សម្រាប់​តែ​កាត់ទោស​មេដឹកនាំ​អាហ្វ្រិក ពីព្រោះ​ថា រហូត​មកទល់​ពេលនេះ​ ​ជនសង្ស័យ ទាំង ២៨​រូប​ ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត និង​ចោទប្រកាន់ ពី​សំណាក់​តុលាការ​នេះ សុទ្ធសឹង​មក​ពី​ប្រទេស​នៅ​អាហ្វ្រិក។

ក៏ប៉ុន្តែ ចំពោះ​លោកស្រី​បេនស៊ូដា​ ដែល​ជា​រដ្ឋអាជ្ញា​ថ្មី ហើយ​ដែល​ជា​ជនជាតិ​អាហ្វ្រិក​ម្នាក់​ដែរ​នោះ​យល់ឃើញ​ផ្សេងទៅវិញ។ លោកស្រី​បាន​លើកឡើង​ថា ការ​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ធ្វើការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​នៅ​អាហ្វ្រិក គឺ​ជា​ការ​ស្វែងរក​យុត្តិធម៌​ដល់​ប្រជាជន​ស្លូតត្រង់​នៅ​អាហ្វ្រិក ដែល​ជា​ជនរងគ្រោះ។ ដូច្នេះ​លោកស្រី​គិត​ទៅដល់​ជនរងគ្រោះ ជាជាង​​គិត​ពី​ជន​ជាប់ចោទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ