អាហ្វ្រិកខាងត្បូងនឹងពន្យល់តុលាការអន្តរជាតិ ហេតុផលមិនព្រមចាប់ខ្លួនប្រធានាធិបតីស៊ូដង់
ថ្ងៃសុក្រ៧មេសានេះ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនឹងឡើងទៅបំភ្លឺនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីមូលហេតុដែលអាជ្ញាធរអាហ្វ្រិកខាងត្បូងមិនព្រមចាប់ខ្លួនប្រធានាធិបតីស៊ូដង់ លោក អូម៉ា អ៊ែល បេស្ហៀ កាលពីឆ្នាំ២០១៥។ ប្រធានាធិបតីស៊ូដង់រូបនេះរងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍តំបន់ដាហ្វួរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីពាក់កណ្តាលឆ្នាំ២០១៥ អាជ្ញាធរអាហ្វ្រិកខាងត្បូងមិនព្រមចាប់ខ្លួន ប្រធានាធិបតីស៊ូដង់ អូម៉ា អ៊ែល បេស្ហៀ ដែលបានមកចូលរួមជំនួបកំពូលសហភាពអាហ្វ្រិក នៅក្រុងJohannesburg តែបែរជាបណ្តោយអោយលោក អ៊ែល បេស្ហៀ ដែលរងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ អាចឡើងយន្តហោះយ៉ាងស្រួល ចេញពីអាហ្វ្រិកខាងត្បូង ក្រោយកិច្ចប្រជុំនេះ។ ហើយបើទោះជាតុលាការក្រុងព្រេតូរីយ៉ាកាលនោះ ហាមមិនអោយលោកបេស្ហៀ ចេញទៅក៏ដោយ។
អាហ្វ្រិកខាងត្បូងជាប្រទេសហត្ថលេខីនិងជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ តែបែរមិនព្រមចាប់ខ្លួនប្រធានាធិបតីស៊ូដង់ តាមដីកាតុលាការអន្តរជាតិ។ ថ្ងៃសុក្រ៧មេសានេះ នៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ អាហ្វ្រិកខាងត្បូងត្រូវពន្យល់បំភ្លឺមូលហេតុនេះអោយដាច់ស្រឡះ។ តាមរយៈការបំភ្លឺនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិនឹងវាយតម្លៃថា តើក្រុងព្រេតូរីយ៉ាពិតជាបានគោរពតាមកាតព្វកិច្ចរបស់ខ្លួនរឺយ៉ាងណា ព្រោះក្រុងព្រេតូរីយ៉ាធ្លាប់សន្យាចាប់ខ្លួនលោកបេស្ហៀ អោយតែលោកបេស្ហៀហ៊ានជាន់ទឹកដីអាហ្វ្រិកខាងត្បូង។
សូមរំលឹកថា ប្រធានាធិបតីស៊ូដង់ អ៊ែល បេស្ហៀ រងការចោទប្រកាន់ពីបទប្រល័យពូជសាសាន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅខែត្រដាហ្វួរ ភាគខាងលិចស៊ូដង់។ សង្គ្រាមស៊ីវិលនៅដាហ្វួរ ជាង១០ឆ្នាំនេះ បានសម្លាប់មនុស្ស៣សែន៣ម៉ឺននាក់។ តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកានៅឆ្នាំ២០០៩ និង២០១០ ដើម្បីតាមចាប់ខ្លួនប្រធានាធិបតីស៊ូដង់ អ៊ែល បេស្ហៀ។
ទាក់ទងមូលហេតុមិនព្រមចាប់ខ្លួនលោកអ៊ែល បេស្ហៀ កន្លងមក បក្សកាន់អំណាចនៅអាហ្វ្រិកខាងត្បូងធ្លាប់បកស្រាយថា លោកបេស្ហៀជាភ្ញៀវចូលរួមកិច្ចប្រជុំសហភាពអាហ្វ្រិក សហភាពអាហ្វ្រិកមិនមែនជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ដូច្នេះ វាពិបាកនឹងចាប់ខ្លួនលោកបេស្ហៀជាភ្ញៀវនេះណាស់។ ម្យ៉ាងទៀត ច្បាប់ក្នុងស្រុកអាហ្វ្រិកខាងត្បូងធានាអភ័យឯកសិទ្ធិអោយប្រធានាធិបតី ដូច្នេះពិបាកចាប់ខ្លួនលោកបេស្ហៀបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ