ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាហ្វ្រិក

អាហ្វ្រិកខាងលិច​​ពង្រឹង​​យុទ្ធនាការ​បង្ក្រាប​មេរោគ​អេបូឡា​

media  
សមាជិក​អង្គការ​​គ្រិស្តសាសនា​ Samaritan's Purse កំពុង​បណ្តុះ​បណ្តាល​ក្រុម​ការងារមួយ​នៅលីបេរីយ៉ា ទប់ទល់​មេរោគ​អេបូឡា។ REUTERS/Samaritan's Purse

ថ្ងៃសុក្រ​​ម្សិលមិញ ​ក្នុង​ជំនួប​កំពូលតំបន់ នៅ​ប្រទេស​ហ្គីណេ ​​​ស្តីពីការ​រាតត្បាត​នៃ​​​មេរោគ​អេបូឡា ​​ ​មេដឹកនាំ​​នៅ​តាម​ប្រទេស​អាហ្វ្រិក​ខាងលិច ​បាន​សម្រេច​​​ពង្រឹង​​​យុទ្ធនាការ​​​​ប្រឆាំង​មេរោគ​អេបូឡា ​​ដោយ​ផ្តោត​លើ​ការ​​​​ដាក់​​​​​តំបន់​ជនបទ​ដែល​​​រងការ​​រាតត្បាត​​​​មេរោគ ​​អោយ​នៅដាច់​ឆ្ងាយ​​​ពីគេ។ ​តាំង​ពី​ខែ​កុម្ភៈ​មក មេរោគ​អេបូឡា បានសម្លាប់​មនុស្ស​​៧២៩នាក់​​ នៅ​អាហ្វ្រិកខាងលិច។ ​អង្គការ​សុខភាព​ពិភពលោក​ បាន​ប្រកាស​​ផែនការ​ប្រយុទ្ធ​មេរោគ​អេបូឡា ​ក្នុង​​ទឹកប្រាក់​១០០លាន​ដុល្លារ។

យោងតាម​ ​​​​អង្គការ​សុខភាព​ពិភពលោក ​គេ​មិនអាច​គ្រប់គ្រង​​​​​មេរោគ​អេបូឡា​ដែល​កំពុង​រាតត្បាត​​​​​អាហ្វ្រិក​ខាងលិច​ បានទេ ​ហើយ​​ការប្រឹងប្រែង​​​ទប់ស្កាត់​ទៀតសោត ​​ក៏​នៅ​មិនទាន់​គ្រប់គ្រាន់​ដែរ។ ​ប្រធាន​​អង្គការ​សុខភាព​ពិភពលោក លោកស្រី ម៉ាហ្ការេត ចាន់ ​បាន​សំដែង​​ការព្រួយ​​បារម្ភ​​ ខ្លាច​មេរោគ​អេបូឡា ​បង្ក​​មហន្តរាយ​ដល់​មនុស្ស សង្គម សេដ្ឋកិច្ច និង​រាតត្បាត​ដល់​តំបន់​ផ្សេងទៀត។ ​

គួរបញ្ជាក់ថា ប្រទេស​សៀរ៉ាលេអូន ​ហ្គីណេ និង​លីបេរីយ៉ា នៅ​អាហ្វ្រិក​ខាងលិច រងការ​រាលដាល​​មេរោគ​អេបូឡា ខ្លាំង​ជាង​គេ។ នៅ​ចំពោះ​មុខ​ការបារម្ភ​របស់​អង្គការ​សុខភាព​ពិភពលោក ​​ប្រធានាធិបតី​សៀរ៉ាលេអូន ​ហ្គីណេ និង​លីបេរីយ៉ា បាន​សម្រេច​ពង្រឹង​​​វិធានការ​​​​​​បន្ថែមទៀត ​​ដោយចង់​អោយ​​​​ដាក់​តំបន់​​ដែល​រង​ការរាតត្បាត​នៃ​មេរោគ​ អោយ​ស្ថិត​​នៅ​ដាច់ឆ្ងាយ​ពីគេ។ ​​តំបន់​ដែលត្រូវ​នៅដាច់ឆ្ងាយ​ពី​គេ​នោះ គឺ​តំបន់​​​​​​មាន​​​​ករណី​ជំងឺ​៧០ភាគរយ ក្នុង​ចំណោម​​ករណី​​​ប្រមាណ​១ពាន់៣រយ២៣ ដែល​គេ​រកឃើញ។ ​​រាល់​មនុស្ស​ដែល​មាន​រោគសញ្ញា​​​ ​មេរោគ​អេបូឡា ​មិនអាច​​ឆ្លងចូល​​​​តំបន់​ផ្សេងទេ។

ហ្គីណេ លីបេរីយ៉ា និង​សៀរ៉ា​លេអូន ​ក៏​​សម្រេច​ចាត់​វិធានការ​​ការពារ​​បុគ្គលិក​​ពេទ្យ​​ អោយ​ប្រសើរ​ឡើង​​ដែរ ដើម្បី​ជំរុញ​​​ក្រុម​អ្នកព្យាបាល​ទាំងនោះ​អោយ​​ចូលម​ក​​ធ្វើការ​ឡើងវិញ​ ព្រោះថា កន្លងមក មាន​​បុគ្គលិក​ពេទ្យ​​ជាង​៦០នាក់ បាន​ស្លាប់​ដោយ​​ឆ្លង​មេរោគនេះ។ ​កន្លងមក​​ អង្គការ​អន្តជាតិជាច្រើន​បាន​ជម្លៀស​បុគ្គលិក​ខ្លួន ​​ចេញ​ពី​ទីន្លែងរងការ​រាតត្បាត​​រួច​មកហើយ។ ​ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​អារ៉ាប់​រួម បាន​ប្រកាស​ព្យួរការ​ហោះហើរ​​ដែល​ត្រូវ​ចេញចូល​កាត់តាម​​ហ្គីណេ ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​ចៀសពី​មេរោគ​នេះ។

គួរ​បញ្ជាក់ថា មេរោគ​អេបូឡា ត្រូវបាន​គេចាត់​ថា ជា​មេរោគ​រាលដាល​ខ្លាំង​បំផុត។ ជន​ដែល​បាន​​​ឆ្លង​​​មេរោគ​នេះ មាន​រោគសញ្ញា​ដូចជា ​​គ្រុនក្តៅ ​​ ​​មាន​​អាការៈ​ខ្សោយ​ខ្លាំង ​បន្ទាប់​មក​ គេ​ត្រូវ​ក្អួតចង្អោរ ​​រាគ ហើយ​ករណី​ខ្លះទៀត ​គឺ​​​ហូរឈាម​ច្រើន។ ​អ្នកឆ្លង​មេរោគ​នេះ មាន​អត្រា​ស្លាប់​ដល់​កម្រិត​៩០ភាគរយ។ ​រហូត​ពេលនេះ ​​មិនទាន់​រក​ឃើញ​វ៉ាក់សាំង​​បង្ការ​មេរោគ​នេះ​នៅឡើយ​ទេ។

ថ្នាក់ដឹកនាំ​​អង្គការ​សុខភាពពិភពលោក​ ​នឹង​ប្រជុំ​គ្នាពីជំងឺ​អេបូឡា​ នៅ​ថ្ងៃ​៦និង៧សីហា​នេះ។ ​​​អង្គការ​បាន​ប្រកាស​ផែនការ​​ប្រយុទ្ធ​មេរោគ​អេបូឡា ​ក្នុង​ទឹកប្រាក់​១០០លាន​​ដុល្លារ៕ ​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ