អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមលោក​លើកទី២៖ ​បន្ទាប់ពី​យកឈ្នះ​លើ​បារាំង ​ហ៊ីត្លែរ​ងាក​ទៅ​វាយប្រហារ​លើ​អង់គ្លេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​និយាយ​​អំពី​សង្រ្គាម​លោកលើកទី២ នៅ​ក្នុង​តំបន់​អឺរ៉ុប ដោយ​លើកឡើង​ អំពី​ការវាយប្រយុទ្ធគ្នា រវាង​កងទ័ព​ហ៊ីត្លែរ​អាល្លឺម៉ង់ និង​កងទ័ព​នៃ​ចក្រភព​អង់គ្លេស។

យន្តហោះ​ចម្បាំង​របស់​អាល្លឺម៉ង់ នៅក្នុង​សង្រ្គាម​ទ័ព​អាកាស​ជាមួយ​អង់គ្លេស
យន្តហោះ​ចម្បាំង​របស់​អាល្លឺម៉ង់ នៅក្នុង​សង្រ្គាម​ទ័ព​អាកាស​ជាមួយ​អង់គ្លេស
ផ្សាយពាណិជ្ជកម្ម

នៅ​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​១៩៤០ កងទ័ព​របស់​ហ៊ីត្លែរ​បាន​វាយចូល​កាន់កាប់​ក្រុង​ប៉ារីស ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ Philippe Pétain ​ចរចា​សុំចុះចាញ់ ហើយ​សុខចិត្ត​ធ្វើ​ជា​រដ្ឋ​រណប​របស់​អាល្លឺម៉ង់។

បន្ទាប់​ពី​យក​ជ័យជម្នះ​លើ​បារាំងបាន​ហើយ ហ៊ីត្លែរ​ក៏​បាន​ងាក​ទៅរក​អង់គ្លេស​វិញ​ម្តង ដោយ​ចង់​យក​ទឹកដី​ប៉ែក​ខាង​ជើង​របស់​បារាំង​ធ្វើ​ជា​មូលដ្ឋាន ក្នុងការ​វាយប្រហារ​លើ​អង់គ្លេស។

ក៏ប៉ុន្តែ អង់គ្លេស​ខុសពី​បារាំង​នៅត្រង់​ថា ប្រទេស​អង់គ្លេស​គឺ​ជា​កោះ ដែល​មាន​សមុទ្រ​​ជា​ខែល​ការពារ។ ដូច្នេះ បើសិន​ជា​ហ៊ីត្លែរ​ចង់​ចូល​ឈ្លានពាន​អង់គ្លេស គឺ​ចាំបាច់​ត្រូវ​តែ​បញ្ជូន​កងទ័ព​ឆ្លងកាត់​ច្រក​សមុទ្រ English Channel​ (​នៅ​ចន្លោះ​អង់គ្លេស និង​ឆ្នេរ​ប៉ែក​ខាង​ជើង​ប្រទេស​បារាំង) ដែល​ជា​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ដោយសារ​តែ​ចក្រភព​អង់គ្លេស​នៅពេលនោះ គឺ​ជា​មហាអំណាច​ខាង​ទ័ព​ជើងទឹកដ៏ធំមួយ នៅលើ​ពិភពលោក​ ចំណែក​ឯ​ទ័ព​ជើងទឹក​របស់​អាល្លឺម៉ង់វិញ​កំពុងតែ​មាន​សភាព​ទន់ខ្សោយ​យ៉ាងខ្លាំង ក្រោយ​ពី​ទទួលរង​ការ​ខូចខាត​យ៉ាង​ដំណំ នៅ​ក្នុង​ប្រតិបត្តិការ​ឈ្លានពាន​ប្រទេស​ន័រវែស កាល​ពី​ខែ​មេសា ១៩៤០។

តាមការពិត ហ៊ីត្លែរ​ក៏​មិនចង់​​ធ្វើ​សង្រ្គាម​ទល់​នឹង​ចក្រភព​អង់គ្លេស​ដែរ។ បើសិន​ជា​អង់គ្លេស​យល់ព្រម ហ៊ីត្លែរ​សប្បាយចិត្ត​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស ដើម្បី​ចែក​អំណាច​គ្នា គឺ​អង់គ្លេស​ធ្វើ​ជា​មហាអំណាច​ជើងទឹក ចំណែក​អាល្លឺម៉ង់​ជា​មហាអំណាច​ខាង​ជើងគោក។
 

នៅពាក់កណ្តាល​ខែកក្កដា ឆ្នាំ​១៩៤០ ហ៊ីត្លែរ​បាន​ប្រកាស​ជា​សាធារណៈ​ស្នើ​ឲ្យ​មាន​ការ​ចរចា​បញ្ចប់​សង្រ្គាម​ជាមួយ​អង់គ្លេស។ នៅ​ពេលនោះ មាន​អ្នក​នយោបាយ ព្រមទាំង​សមាជិក​រាជវង្ស​មួយចំនួន​របស់​អង់គ្លេស​ចង់​ឲ្យ​អង់គ្លេស​ចរចា​ជាមួយ​ហ៊ីត្លែរ ដើម្បី​បញ្ចៀស​សង្រ្គាម។ ក៏ប៉ុន្តែ ​​លោក Winston Churchill ដែល​ទើប​នឹង​ឡើង​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​​អង់គ្លេស ជំនួស​លោក Neville Chamberlain បានជាង​ពីរ​ខែ​ បាន​ប្រកាន់​ជំហរ​​យ៉ាងតឹងរ៉ឹង​ថា ក្នុង​ឋានៈ​ជា​មហាអំណាច​ដែល​មាន​កិត្តិយស​ និង​សម្តី​ថ្លៃថ្នូរ អង់គ្លេស​មិន​អាច​​យកតែ​រួចខ្លួន ហើយ​សុខចិត្ត​​ឲ្យ​ហ៊ីត្លែរ​កាន់កាប់​ប្រទេស​នៅ​អឺរ៉ុប​ដែនគោក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អង់គ្លេស ហើយ​ដែល​អង់គ្លេស​​ធ្លាប់បាន​ចុះ​កិច្ចព្រមព្រៀង​សន្យាថា​នឹង​ជួយ​ការពារ​នោះទេ។

ដោយ​មិន​អាច​បញ្ចុះបញ្ចូល​​អង់គ្លេស​ឲ្យ​ចូល​មក​ចរចា​បញ្ចប់​សង្រ្គាម​នឹង​គ្នា​បាន ហ៊ីត្លែរ​ក៏​បាន​ដាក់​បញ្ជា​ឲ្យ​​ទ័ព​អាល្លឺម៉ង់​ចាប់ផ្តើម​អនុវត្ត​ផែនការ​​​ដែល​បាន​រៀបចំ​ទុក​តាំង​ពីមុន គឺ​ការ​បញ្ជូន​ទ័ព​ឆ្លង​សមុទ្រ​ ដើម្បី​ចូល​ឈ្លានពាន​​លើ​អង់គ្លេស។ ​ប្រតិបត្តិការ ដែល​ហ៊ីត្លែរ​ដាក់​ឈ្មោះ​ថា “ប្រតិបត្តិការ​តោសមុទ្រ” (Operation Sea Lion)។

ក៏ប៉ុន្តែ ដើម្បី​​​​ឲ្យ​ “តោសមុទ្រ” របស់​ហ៊ីត្លែរ​អាច​ឆ្លង​ទៅ​ឈ្លានពាន​អង់គ្លេស​បាន អាល្លឺម៉ង់​ចាំបាច់​ត្រូវ​តែ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ច្រក​សមុទ្រ English Channel​ ឲ្យបាន​ជាមុនសិន ហើយ​ ដោយសារ​តែ​​នាវាចម្បាំង​របស់​អាល្លឺម៉ង់​ភាគច្រើន​ត្រូវ​ខូចខាត​ក្នុង​ប្រតិបត្តិការ​ឈ្លានពាន​លើ​ន័រវែស កាលពី​ប៉ុន្មាន​ខែមុន ហ៊ីត្លែរ​មានតែ​​​​រំពឹង​លើ​យន្តហោះ​ចម្បាំង។

នៅ​ខែ​កក្កដា ឆ្នាំ​១៩៤០ ហ៊ីត្លែរ​ក៏​បាន​បញ្ជា​ឲ្យកងទ័ព​​អាកាស​អាល្លឺម៉ង់​បើក​ប្រតិបត្តិការ​វាយ​កម្ទេច​ទ័ព​អាកាស ព្រមទាំង​ប្រព័ន្ធ​ការពារ​ឆ្នេរ​សមុទ្រ​អង់គ្លេស ដើម្បី​គ្រប់គ្រង​​ច្រក​សមុទ្រ English Channel។ ក៏ប៉ុន្តែ ខុសពី​ការ​រំពឹង​ទុក​របស់​ហ៊ីត្លែរ កងទ័ព​អាកាស​របស់​អង់គ្លេស​មិន​ងាយ​នឹង​ឲ្យ​អាល្លឺម៉ង់​វាយបំបាក់​បាន​ងាយៗ​នោះទេ។ តាមការពិត នៅ​ក្នុង​រយៈពេល ២សប្តាហ៍​ដំបូង គឺ​ពី​ពាក់កណ្តាល​ខែ ដល់​ចុងខែ​កក្កដា គឺ​អាល្លឺម៉ង់​ទៅវិញ​ទេ ដែល​ទទួល​រង​ការ​ខូចខាត​ច្រើន​ជាង​អង់គ្លេស ដោយ​មាន​យន្តហោះ​រហូតដល់​ទៅ ១៨០​គ្រឿង​ត្រូវ​អង់គ្លេស​បាញ់​ទម្លាក់ ក្នុងពេល​ដែល​អង់គ្លេស​ត្រូវ​បាត់បង់​យន្តហោះ​តែ ៧០គ្រឿង។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤០ ដោយ​មើល​ឃើញ​ថា ដែន​អាកាស​ក៏​មិន​អាច​គ្រប់គ្រងបាន ហើយ​ដែនទឹក​ក៏​កាន់តែ​​ពិបាក​នឹង​​យក​ប្រៀប​លើ​អង់គ្លេសទៅទៀត ហ៊ីត្លែរ​ក៏​បាន​សម្រេច​លុបចោល​គម្រោង​បញ្ជូន​កងទ័ព​ឲ្យ​ឆ្លង​សមុទ្រ​ចូល​ទៅ​ឈ្លានពាន​អង់គ្លេស។ ក៏ប៉ុន្តែ នៅពេលនោះ ហ៊ីត្លែរ​មិនបាន​បញ្ឈប់​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ទៅលើ​អង់គ្លេស​នោះទេ។ ចាប់ពីថ្ងៃ​ទី៧ ខែ​កញ្ញា ហ៊ីត្លែរ​បាន​បង្វែរ​ប្រតិបត្តិការ​ទ័ព​អាកាស​ពី​ការ​វាយបើក​ច្រកផ្លូវ​ដើម្បី​​ចូល​ឈ្លានពាន ទៅជា​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីក្រុង​ធំៗ​របស់​អង់គ្លេស​វិញ ក្នុងគោលដៅ​​ធ្វើ​យ៉ាងណា​បង្ក​ការ​ខូចខាត​​ជា​អតិបរមា ដើម្បី​បង្ខំ​ឲ្យ​អង់គ្លេស​ងាក​មក​ចរចា​បញ្ចប់​សង្រ្គាម។

នៅ​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​១៩៤០ ដល់ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​១៩៤១ គ្រាប់បែក​ប្រមាណ​ជា ១០០តោន ត្រូវ​បាន​យន្តហោះ​អាល្លឺម៉ង់​ទម្លាក់​ទៅលើ​ទីក្រុង​ធំៗ​​ចំនួន ១៦ក្រុង​របស់​អង់គ្លេស ជាពិសេស គឺ​ទីក្រុង​ឡុងដ៍ ដោយ​បាន​បណ្តាល​ឲ្យ​ជនស៊ីវិល​អង់គ្លេស​ប្រមាណ ៤ម៉ឺននាក់​ត្រូវ​បាត់បង់​ជីវិត អគារ​រោងចក្រ ព្រមទាំង​ផ្ទះសម្បែង​រាប់លាន​ខ្នង​ត្រូវ​ទទួលរង​នូវការ​បំផ្លិចបំផ្លាញ។
 

ក្រុងឡុងដ៍ ដែល​ត្រូវ​ខូចខាត​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អាល្លឺម៉ង់
ក្រុងឡុងដ៍ ដែល​ត្រូវ​ខូចខាត​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អាល្លឺម៉ង់

ក៏ប៉ុន្តែ ជាថ្មីម្តងទៀត ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​នេះ​​ក៏​មិន​បាន​សម្រេច​ទៅតាម​គោលដៅ​ដែល​ហ៊ីត្លែរ​ចង់​បាន​នោះដែរ ពីព្រោះ​ថា វា​មិន​​​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អង់គ្លេស​ត្រូវ​ទទួលរង​នូវការ​ខូចខាតធ្ងន់ធ្ងរ ឬ​ក៏​ធ្វើ​ឲ្យ​អង់គ្លេស​បាក់ទឹកចិត្ត​​ ហើយ​​ងាក​មក​ចរចា​បញ្ចប់​សង្រ្គាម​ជាមួយ​អាល្លឺម៉ង់​នោះទេ។​

ផ្ទុយទៅវិញ ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ឡុងដ៍ ដែល​បាន​កម្ទេច​ផ្ទះសម្បែង​ ព្រមទាំង​សម្លាប់​ប្រជាជន​ស៊ីវិល​រាប់ម៉ឺននាក់ បាន​ធ្វើ​ឲ្យ​ប្រជាជន​អង់គ្លេស​កាន់តែ​មាន​កំហឹង​ចំពោះ​ហ៊ីត្លែរ ហើយ​នាំគ្នា​គាំទ្រ​រដ្ឋាភិបាល និង​កងទ័ព​អង់គ្លេស​​កាន់តែ​ខ្លាំង ក្នុងការ​ប្រយុទ្ធតទល់​នឹង​​អាល្លឺម៉ង់។ បើ​និយាយ​ពី​ខាង​ផ្នែក​សេដ្ឋកិច្ច​វិញ ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​ដោយ​ឥតលោះថ្ងៃ នៅ​ក្នុងរយៈពេល ៨ខែ​នេះ ក៏​មិន​បាន​ធ្វើ​ឲ្យ​សកម្មភាពផលិតកម្ម​របស់​អង់គ្លេស​ត្រូវ​ធ្លាក់​ចុះ​នោះដែរ។ ​វិស័យ​ឧស្សាហកម្ម​យោធារបស់​អង់គ្លេស​​ មិនត្រឹមតែ​មិន​ធ្លាក់ចុះ​នោះទេ តែ​ថែមទាំង​កើនឡើង​ទៅវិញ។

លើសពីនេះ​ទៅទៀត នៅ​ដើមឆ្នាំ​១៩៤១ អង់គ្លេស​ចាប់ផ្តើម​ទទួល​បាន​នូវ​ជំនួយ​ផ្នែក​យោធា​ពី​ប្រទេស​ដ៏សំខាន់​មួយ គឺ​សហរដ្ឋ​អាមេរិក។ នៅខែ​មីនា ឆ្នាំ​១៩៤១ សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ (Lend-Lease Act) ដោយ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​អាមេរិក គឺ​លោក Franklin Roosevelt បញ្ជូន​គ្រឿង​សព្វាវុធ​ទៅជួយ​​អង់គ្លេស ហើយ​ខុស​ពី​កាល​សម័យ​សង្រ្គាម​លោក​​លើកទី១ គ្រឿងសព្វាវុធ​អស់ទាំង​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​អង់គ្លេស​​ក្នុង​ទ្រង់ទ្រាយ​ជា​ជំនួយ​ឥតសំណង។ ជំនួយ​យោធា​របស់​អាមេរិក បាន​ធ្វើ​ឲ្យ​អង់គ្លេស​មាន​កម្លាំង​កាន់តែ​ខ្លាំង ក្នុង​ការប្រយុទ្ធ​តទល់​នឹង​អាល្លឺម៉ង់។

នៅ​ទីចុង​បញ្ចប់ ហ៊ីត្លែរ​ត្រូវ​ប្រឈមមុខ​នឹង​តថភាព​មួយ គឺ​​ទឹកដី​​របស់​អង់គ្លេស​ជា​ដែន​កោះ​ដែល​មិនអាច​ចូល​ឈ្លានពាន​បាន។ ហ៊ីត្លែរ​ក៏​បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​យោធា​នៅ​អង់គ្លេស ហើយ​ងាកទៅ​អឺរ៉ុប​ខាង​កើតវិញ​ម្តង ដោយ​ចាប់ផ្តើម​អនុវត្ត​គម្រោង​ការណ៍​ចូល​ឈ្លានពាន​សហភាព​សូវៀត ដែល​ហ៊ីត្លែរ​ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​គ្នា​រួចទៅហើយ នៅ​មុនពេល​ចូល​ឈ្លានពាន​ប៉ូឡូញ កាល​ពី​ឆ្នាំ​១៩៣៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ