ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

ផលវិបាក​ដែល​បន្សល់ទុក​ដោយ​សង្រ្គាម​លោក​លើកទី១

ផលវិបាក​ដែល​បន្សល់ទុក​ដោយ​សង្រ្គាម​លោក​លើកទី១
 
វិមានសព​កងទ័ព​បារាំង ដែល​ពលី​ជីវិត​នៅ​ក្នុង​សង្រ្គាម​លោក​លើកទី១

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង អំពី​ផលវិបាក​ទាំង​ខាង​ផ្នែក​ប្រជាសាស្រ្ត សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ ​ដែល​បាន​បន្សល់ទុក​ដោយ​សង្រ្គាម​លោក​លើក​ទី១។

នៅថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ នៅ​វេលា​ម៉ោង ១១​ព្រឹក ស្នូរជួង​បាន​បន្លឺឡើង នៅ​តាម​បណ្តា​​​វិហារ​កាតូលិក​ទាំងអស់ នៅ​ទូទាំង​​ប្រទេស​បារាំង ដើម្បី​អបអរ​សាទរ​បទឈប់​បាញ់ ដែល​បាន​ចុះ​ដោយ​ភាគី​ជម្លោះ នៅ​ក្នុង​សង្រ្គាម​លោក​លើកទី១។ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​បន្ទាប់ ទើប​សន្ធិសញ្ញា​សន្តិភាព​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា នៅ​ទីក្រុង Versailles ប្រទេស​បារាំង ដើម្បី​បញ្ចប់​​សង្រ្គាម​ជា​ផ្លូវការ ក៏ប៉ុន្តែ រាល់​ការ​វាយប្រយុទ្ធគ្នា​នៅលើ​សមរភូមិ​ត្រូវ​បាន​បញ្ចប់ ចាប់ពីថ្ងៃ​ទី១១ ខែ១១ ម៉ោង ១១ ឆ្នាំ​១៩១៨។

ការវាយប្រយុទ្ធគ្នា អស់រយៈពេល ៤ឆ្នាំ ៤ខែ ក្នុង​សង្រ្គាម​លោក​លើកទី១ បាន​បន្សល់ទុក​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​បណ្តា​ប្រទេស​ជាប់ជម្លោះ ទាំងផលវិបាក​​ខាង​ប្រជាសាស្រ្ត ភូមិសាស្រ្ត​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌។

គិតជាសរុប សង្រ្គាម​លោកលើកទី១​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ ១៧លាននាក់ ក្នុងនោះ មាន​ទាហាន ១០លាននាក់ និង​ជនស៊ីវិល ៧លាន​នាក់។ ចំនួន​អ្នក​របួស​វិញ មានរហូត​ដល់​ទៅ​ប្រមាណ​ជា ២០លាននាក់។ ប្រទេស​ដែល​ទទួល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ គឺ​អាល្លឺម៉ង់ និង​បារាំង។

ក្រៅពីការ​បាត់បង់​ជីវិត​មនុស្ស សង្រ្គាម​លោក​លើកទី១ ក៏​បាន​បង្កការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ ខាង​ផ្នែក​សេដ្ឋកិច្ច ជាពិសេស ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បាត់បង់​កម្លាំង​ពលកម្ម។ ម្យ៉ាងទៀត ប្រទេស​ជាប់ជម្លោះ​នីមួយៗ​​សុទ្ធតែ​បាន​នាំគ្នា​​ចំណាយ​លុយ​រាប់​សិបពាន់លាន​​ដុល្លារក្នុងការ​ធ្វើ​សង្រ្គាម ហើយ​ភាគច្រើន​លុយ​ទាំងនេះ​បាន​មក​ពី​ការ​ខ្ចី​បំណុល ទាំង​នៅ​ក្នុង ​និង​ក្រៅ​ប្រទេស។

ក្រោយ​ពី​សង្រ្គាម​បញ្ចប់​ទៅ បំណុល​អស់​ទាំងនេះ​ក៏​ត្រូវ​ដល់​ពេល​សងគេ​វិញ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា តម្រូវការ​ចំណាយ​ក៏​មាន​ច្រើន ដើម្បី​ស្តារ​ការ​ខូចខាត​ ជាពិសេស ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវ​បំផ្លិចបំផ្លាញ​ដោយសារ​សង្រ្គាម ចំណែក​ឯ​សេដ្ឋកិច្ច​វិញ​ក៏​មិនមាន​កំណើន ដោយសារ​តែ​ខ្វះខាត​កម្លាំង​ពលកម្ម។

ប្រឈមមុខ​នឹង​បញ្ហា​នេះ ប្រទេស​នីមួយៗ​បាន​នាំគ្នា​ធ្វើការ​បោះពុម្ពលុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​យក​មក​បង្រ្គប់​ការ​ចំណាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អត្រាអតិផរណា​ត្រូវ​កើនឡើង​ខ្ពស់​កប់ពពក ជាពិសេស នៅ​អាល្លឺម៉ង់។ នៅ​អំឡុង​ចុងឆ្នាំ​១៩២៣ លុយ​ម៉ាក (Mark) របស់​អាល្លឺម៉ង់​បាន​ធ្លាក់ថ្លៃ​ដល់​កម្រិត​ទាប​បំផុត ​ស្ទើរតែ​លែង​មាន​តម្លៃ​អ្វី​ទាំងអស់ ពោលគឺ ជាង​៤ពាន់ពាន់លាន​ម៉ាក (៤ ០០០ ០០០ ០០០ ០០០) ទើប​ដូរ​បាន​មួយ​ដុល្លារ​អាមេរិក។

នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ប្រឈមមុខ​នឹង​ភាពចលាចល​ខាង​ផ្នែក​សេដ្ឋកិច្ច និង​រូបិយវត្ថុ សហរដ្ឋ​អាមេរិក​វិញ ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​រាប់ពាន់លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​អឺរ៉ុប ដើម្បី​យក​ទៅ​ធ្វើ​សង្រ្គាម ក៏បាន​លេចមុខ​ឡើង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក។ មណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​លែង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ដូចជា​ពីពេល​មុន​ទៀត​ហើយ ក៏ប៉ុន្តែ ទៅស្ថិតនៅ​ឯ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​ឯណោះវិញ។

សង្រ្គាម​លោក​លើកទី១​ក៏​បាន​បង្ក​ផលវិបាក​ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​យ៉ាង​សម្បើម​ផងដែរ ដល់​តំបន់​អឺរ៉ុប។ របបរាជានិយម​​ត្រូវ​ដួលរលំ​ជា​បន្ត​បន្ទាប់ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​​ក្រុមគ្រួសារ​រាជវង្ស​ធំៗ ដែល​ធ្លាប់តែ​​គ្រប់គ្រង​អឺរ៉ុប​ជាច្រើន​តំណ​កន្លងមកហើយ។

ចក្រភព​ធំៗ​​នៅ​អឺរ៉ុប រួមមាន ចក្រភព​អាល្លឺម៉ង់ អូទ្រីសហុងគ្រី រុស្ស៊ី និង​អូតូម៉ង់​ត្រូវ​ដួលរលំ ដោយ​បែក​ខ្ញែក​គ្នា​ទៅ​ជា​ប្រទេស​តូចៗ​ជាច្រើន ដូចជា ប្រទេស​អូទ្រីស ហុងគ្រី ឆេកូស្លូវ៉ាគី ប្រទេស​ក្នុង​អតីត​យូហ្គោស្លាវី កើតចេញ​ពី​ការដួលរលំ​នៃ​ចក្រភព​អូទ្រីសហុងគ្រី ​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​ជុំវិញ​សមុទ្រ​បាល់ទិក​​ កើតចេញ​ពី​ការ​ដួលរលំ​នៃ​ចក្រភព​រុស្ស៊ី ចំណែក​តួកគី និង​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​សព្វថ្ងៃ កើតចេញ​ពី​ការ​ដួលរលំ​នៃ​ចក្រភព​អូតូម៉ង់។
 

ពិធី​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព ក្រុង Versailles ថ្ងៃ​ទី២៨ មិថុនា ឆ្នាំ​១៩១៩

នៅ​អាល្លឺម៉ង់ របបរាជានិយម​​របស់​ព្រះបាទ Wilhem II ត្រូវ​ដួលរលំ ហើយ​បង្កើត​ទៅជា​របបសាធារណរដ្ឋ​ ដែល​គេ​ឲ្យឈ្មោះ​ថា សាធារណរដ្ឋ​វ៉ៃម៉ា (Weimar)។ តំបន់​អាល់សាស់-ឡូរ៉ែន (Alsace-Lorraine) ដែល​អាល្លឺម៉ង់​ដណ្តើម​យក​ពី​បារាំង កាល​ពី​អំឡុង​សង្រ្គាម​អាល្លឺម៉ង់-បារាំង ឆ្នាំ​១៨៧១ ត្រូវ​បាន​កាត់​ប្រគល់​ទៅ​ឲ្យ​ប្រទេស​បារាំង​វិញ។ លើសពីនេះ​ទៅទៀត អាល្លឺម៉ង់​ ដែល​ជា​ប្រទេស​ចាញ់​សង្រ្គាម ត្រូវគេ​បង្ខំ​ឲ្យ​សង​ការ​ខូចខាត រហូត​ដល់​ទៅ​ជាង រាប់ពាន់លាន​ដុល្លារ ដល់​ប្រទេស​ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម។ សន្ធិសញ្ញា​សន្តិភាព​ក្រុង​ Versailles ក៏​បាន​តម្រូវ​ផងដែរ​ឲ្យ​អាល្លឺម៉ង់​កាត់បន្ថយ​ចំនួន​កងទ័ព​ឲ្យ​នៅ​យ៉ាង​ច្រើន​បំផុត​ត្រឹម ១០ម៉ឺននាក់ ហើយ​ការ​ផលិត​គ្រឿង​សព្វាវុធ​ធុនធ្ងន់ ដូចជា រថក្រោះ យន្តហោះ​ចម្បាំង និង​នាវាច​ម្បាំង​ធំៗ​ក៏​ត្រូវ​បាន​ហាមឃាត់។

ការ​ដាក់​កម្រិត​​​​បែបនេះ ត្រូវ​បាន​ធ្វើឡើង ក្នុងគោលដៅ​បញ្ចៀស​កុំ​ឲ្យ​មហិច្ឆតា​ឈ្លានពាន​ពង្រីក​ទឹកដី​របស់​អាល្លឺម៉ង់​ត្រូវ​ផ្ទុះឡើងវិញ ហើយ​បង្ក​ទៅ​ជា​សង្រ្គាម​សាជាថ្មី​ទៀត។ ក្នុងពេល​ជាមួយ​គ្នា ស្ថាប័ន​អន្តរជាតិ​ដ៏ថ្មី​ស្រឡាង​មួយ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ គឺ​ “សង្គមប្រជាជាតិ” (League of Nations/Société des nations) ក្នុង​បេសកកម្ម​ធានា​ឲ្យ​បាន​នូវ​សុខសន្តិភាព​នៅទូទាំង​ពិភពលោក​។

ក៏ប៉ុន្តែ ទាំង​ការ​បង្កើត​សង្គមប្រជាជាតិ និង​ទាំង​ការ​ដាក់​កម្រិត​ផ្នែក​យោធា​ដល់​អាល្លឺម៉ង់ មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ចៀស​ពិភពលោក​ពី​សង្រ្គាម​សាជាថ្មី​ទៀត​នោះទេ។

ប្រជាជន​អាល្លឺម៉ង់​ជាច្រើន​យល់ថា សន្ធិសញ្ញា​ក្រុង​ Versailles មាន​ភាព​អយុត្តិធម៌​ច្រើន​ចំពោះ​អាល្លឺម៉ង់ ហើយ​មិនយូរ​ប៉ុន្មាន​ រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​ចាប់ផ្តើម​ឈប់​​​គោរព​ទៅតាម​បម្រាម ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សន្តិភាព ហើយ​បាន​លួច​​ផលិត​គ្រឿងសព្វាវុធ​ទំនើបៗ និង​បង្កើត​កម្លាំង​ទ័ព​របស់​ខ្លួន​ឡើងវិញ។

ចំណែក​ឯ​សង្គមប្រជាជាតិវិញ គឺ​ជា​ស្ថាប័ន​ដែល​មិនមាន​អំណាច ដោយសារ​តែ​បណ្តា​ប្រទេសធំៗ​មួយ​ចំនួន ជាពិសេស សហរដ្ឋ​អាមេរិក បាន​បដិសេធ​មិនព្រម​ចូល​ជា​សមាជិក។

ប្រមាណ​ជា ២០ឆ្នាំ ក្រោយ​ការ​បញ្ចប់​សង្រ្គាម​លោក​លើកទី១ សង្រ្គាម​លោក​មួយថ្មី​ទៀត ក៏​ត្រូវ​ផ្ទុះឡើង នៅ​ឆ្នាំ​១៩៣៩ ហើយ​សង្រ្គាម​ថ្មី​នេះ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​សង្រ្គាម​លោក​លើកទី១​ទៅទៀត៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    សង្រ្គាម​លោក​លើកទី១៖ ​អាមេរិក​ឈានជើង​ចូល​ក្នុង​សង្រ្គាម ​រុស្ស៊ី​ដក​ខ្លួនថយ

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ការចាប់ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី១ ​ឆ្នាំ​១៩១៤

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ហេតុការណ៍​សំខាន់ៗ​ដែល​នាំ​ទៅរក​សង្រ្គាម​លោក​លើកទី១

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ស្ថានភាព​ពិភពលោក​មុន​សង្រ្គាម​លោក​លើកទី១

    ស្វែងយល់បន្ថែម

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ