រាជវង្សជប៉ុនអាចនឹងជ្រើសរើសស្តេចស្រីឡើងគ្រងរាជ្យបល្លង្កទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៥
ថ្ងៃទី១ឧសភា គឺជាទិវាបើកសករាជថ្មី នៃរាជវង្សជប៉ុន ក្រោមរាជបល្លង្កព្រះចៅអធិរាជថ្មី ណារ៉ុហ៊ីតូ ដែលមានព្រះជន្មាយុ៥៩ព្រះវស្សាទៅហើយ។ ចៅអធិរាជថ្មីនេះ គ្មានបុត្រាស្នងរាជនោះទេ គឺមានបុត្រីតែមួយអង្គគត់។ ក្នុងមួយសតវត្សចុងក្រោយនេះ ជាទូទៅ គេសង្កេតឃើញថា នៅក្នុងរាជវង្សជប៉ុន គឺខ្សត់រាជបុត្រសម្រាប់ស្នងរាជ្យណាស់ ដែលនាំឲ្យគេជជែកគ្នាច្រើន ពីការកែប្រែសម្រួលច្បាប់ ដើម្បីអាចអនុញ្ញាតឲ្យរាជបុត្រីឡើងសោយរាជ្យបាន។ តើទៅថ្ងៃមុខ ជប៉ុនអាចនឹងយល់ព្រមកែប្រែច្បាប់ឲ្យស្តេចស្រីគ្រងរាជ្យដែរឬទេ?
ការជជែកពីការស្នងរាជ្យដោយស្តេចស្រី គឺមិនមែនទើបតែផុសផុលចោទជាសំណួរពិភាក្សា នៅក្នុងពេលថ្មីៗនេះ នោះទេ។ ជិត២០ឆ្នាំមុន គឺកាលពីដើម ឆ្នាំ២០០១ ព្រះចៅអធិរាជថ្មី ណារ៉ុហ៊ីតូ និងមហាក្សត្រិយានីថ្មី ម៉ាសាកុ បានផ្តល់កំណើតរាជបុត្រីមួយព្រះអង្គ ព្រះនាម អ៊ៃកុ។
ការផ្តល់កំណើតបុត្រីនៅក្នុងរាជវង្សបែបបិតាធិបតេយ្យដ៏តឹងតែងបែបជប៉ុននេះ គឺបានបង្កឲ្យមានការចោទសំណួរឡើងពីអ្នកស្នងរាជ្យ រហូតដល់សភាជប៉ុនកាលណោះ លើកយកទៅជជែកដេញដោរគ្នាយ៉ាងសម្បើមខ្លាំងណាស់ កាលពីជំនាន់នោះ។ ក៏ប៉ុន្តែ ៥ឆ្នាំក្រោយមក ទើបព្រះអនុជរបស់ព្រះអធិរាជ ណារ៉ូហ៊ីតូ គឺបានផ្តល់កំណើតបានបុត្រាមួយអង្គ។ ហើយការជជែកដ៏តានតឹងនោះ ក៏រាងស្រក អន់ថយទៅវិញបន្តិច។
ទោះបីយ៉ាងណា ក៏គេនៅតែជជែកគ្នាមិនអស់មិនហើយឡើយ ពីរឿងសោយរាជ្យបន្ត ក្នុងខ្សែរាជ្យវង្សជប៉ុន គឺស្របពេលនឹងការឡើងសោយរាជ្យបល្លង្ក កាលពីថ្ងៃទី១ឧសភា របស់អធិរាជ ណារ៉ុហ៊ីត ថ្មីៗនេះ ដែលទ្រង់ក៏មានវ័យចាស់ ហើយថែមទាំងគ្មានរាជបុត្រាសោះ។ ដូច្នេះ ក្រៅពីព្រះអធិរាជខ្លួនឯង ខ្សែរាជវង្ស នៅមានមនុស្សប្រុសពីរនាក់ទៀតតែប៉ុណ្ណោះ។ ទីមួយ ព្រះអនុជរបស់ព្រះចៅ ណារ៉ុហ៊ីតុ ដែលមានវ័យចាស់ស្របាលៗនឹងទ្រង់ដែរ ហើយទី២ គឺក្មួយរបស់ទ្រង់ ដែលរាជកុមារនៅវ័យក្មេងនៅឡើយ។
ពលរដ្ឋជប៉ុនខ្លួនឯង មួយចំនួនបានចោទសួរ និងបញ្ចេញពាក្យសម្តីបែបឧទាហរណ៍ ថា បើសិនជាបុត្រាក្មេង តែមួយគ្រាប់នេះ ឈឺ ឬកើតហេតុដោយប្រការចៃដន្យអាក្រក់ណាមួយ បណ្តាលឲ្យបាត់បង់ជីវិត ឬក៏ ទ្រង់ធំដឹងក្តីស្រួលបួលដែរ ក៏ប៉ុន្តែតែដល់ពេលរៀបអភិសេកទៅ ស្រាប់តែគ្មានបុត្រាសោះ នៅនោះហើយ ដែលរាជវង្ស កាន់តែត្រូវដាច់ពូជមនុស្សប្រុសមែនទែនតែម្តង។
ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋជប៉ុនមួយចំនួន តាមរយៈការស្ទង់មតិមួយ មានជាង៨០ភាគរយ នៃអ្នកដែលគេបានសួរក្នុងការស្ទង់មតិ គឺចង់គេឲ្យមានការស្នងរាជ្យដោយស្តេចស្រី។ ចំពោះពួកគេទាំងនោះ មានហេតុផលច្រើនយ៉ាង។ គេបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រ កាលពីជាង១០០០ឆ្នាំមុន ជប៉ុនធ្លាប់មានស្តេចស្រីគ្រងរាជ្យដែរ ហើយមានមហាក្សត្រីជាច្រើនអង្គផង ដែលបានកាន់កាប់រាជបល្លង្ក។
មួយទៀត គេជឿជាក់ថា ស្តេចស្រីក៏អាចសោយរាជ្យបានដែរ។ ប្រុសអាចសោយរាជ្យបាន ហើយប្រទេសដដៃផ្សេង មានប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីជាបុរស ហើយហេតុអ្វី ស្ត្រីមិនអាចគ្រងរាជ្យបាន? គឺពិតជាអាចទៅរួច។ ពួកក្រុមអ្នកគាំទ្រឲ្យមានស្តេចស្រីនៅអនាគត បញ្ជាក់ទៀតថា ស្តេចស្រី ក៏អាចគ្រប់គ្រងសម្បត្តិបានដែរ។ គេថែមទាំងឲ្យឧទាហរណ៍ជាក់ស្តែង ដូចជានៅ អង់គ្លេស, ស្វីស អេស្ប៉ាញ ប៊ែលស្សិក និងន័រវែស ជាដើម។
បើទោះបីអំណះអំណាងមានពិតប្រាកដអ៊ីចឹងមែនក៏ដោយ ក៏ប៉ុន្តែ ក្នុងសង្គមជប៉ុនដែលមានការអភិរក្សនិយមតឹងចង្អៀត គឺមិនទាន់អាចប្រព្រឹត្តទៅកើតភ្លាមៗនោះទេ។ ក្រុមអ្នកអភិរក្សជ្រុលនិយមរបស់ជប៉ុន ធ្លាប់លើកឡើងថា ប្រសិនជាឲ្យស្ត្រីឡើងសោយរាជ្យ គឺនឹងនាំឲ្យរាជវង្សនិងប្រទេសជាតិចុះខ្សោយ ហើយធ្លាក់ខ្លួនក្រីក្រ។
ម្យ៉ាងវិញទៀត នៅក្នុងច្បាប់ស្តីពីរាជវង្សជប៉ុន គឺអនុញ្ញាតឲ្យតែរាជបុត្រ ឬខ្សែរាជវង្សប្រុសតែប៉ុណ្ណោះ។ គឺខុសឆ្ងាយប្លែកពីប្រទេសដទៃផ្សេង ដែលអាចអនុញ្ញាតឲ្យមនុស្សស្រីសោយរាជ្យបាន។
រាជវង្សនិងសង្គមជប៉ុន ប្រកាន់យករបបបិតាធិបតេយ្យយ៉ាងតឹងរឹង។ សូម្បីតែនៅក្នុងផ្ទះ ក្នុងសហគមន៍ និងនៅកន្លែងការងារជាដើម មនុស្សប្រុសតែងតែមានសិទ្ធិនិងមានអាទិភាពច្រើនជាងស្រី។ បើនៅក្នុងវិស័យនយោបាយវិញ ជប៉ុនមានស្ត្រីតិចតួចបំផុត។ ជាក់ស្តែង នៅក្នុងជួរមន្ត្រីរាជរដ្ឋភិបាលជប៉ុនបច្ចុប្បន្ន គឺមានរដ្ឋមន្ត្រីភេទស្រី តែម្នាក់គត់។
ជារួមមកវិញ ការបើកសករាជព្រះចៅអធិរាជថ្មី នៃសករាជសុខដុមរមនា គឺទើបតែចាប់ផ្តើម ពីថ្ងៃពុធទី១ឧសភាតែប៉ុណ្ណោះ ក្រោមការគ្រងរាជរបស់ ព្រះចៅ ណារ៉ូហ៊ីតូ វ័យ៥៩វស្សា ហើយក្នុងដំណាក់កាលនេះ រាជទាហាទបន្ទាប់ពីទ្រង់ គឺព្រះអនុជរបស់ព្រះអង្គ ដែលមានវ័យប្រហាក់ប្រហែលនឹងទ្រង់ដែរ។ ដូច្នេះ ក្នុងរយៈកាលខ្លីនិងមធ្យម អាចនឹងមិនសូវមានការចោទឡើងនោះទេ ពីការស្នងរាជ្យដោយស្តេចស្រី ប៉ុន្តែ មិនយូរមិនឆាប់ ចំណោទដដែលអាចនឹងផុសឡើងជាថ្មីទៀត ជាក់ជាមិនខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ