អានតួអត្ថបទ
បារាំង-ម៉ាលី

ក្រុមអាល់កៃដា​ប្រកាស​ថា​ខ្លួន​ជា​អ្នក​សម្លាប់​អ្នកយក​ព័ត៌មាន​ ​RFI ​នៅ​ម៉ាលី

កាលពីល្ងាច​ថ្ងៃ​ពុធ ​៦ ​វិច្ឆិកា​​ម្សិលមិញ​នេះ ​ក្រុមភេរវជន​អាល់កៃដា​ប្រចាំ​តំបន់​អាហ្វ្រិក​ខាងជើង ​(AQMI) ​បាន​ប្រកាស​ថា ខ្លួន​គឺ​ជា​អ្នក​ចាប់ខ្លួន និង​សម្លាប់​​អ្នកយក​ព័ត៌មាន​ពីរនាក់​​របស់ ​RFI នៅ​ម៉ាលី ​កាល​ពីថ្ងៃ​សៅរ៍។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​បាន​អះអាង​ថា ការប្រកាស​របស់​ក្រុម ​AQMI ​នេះ អាច​ជា​រឿង​ដែល​គួរ​ឲ្យ​ជឿបាន។

លោក​ឡូរ៉ង់ ហ្វាប៊្យូស រដ្ឋមន្រ្តី​ការបរទេស​បារាំង នៅ​ក្នុង​ពិធី​បុណ្យសព​ Claude Verlon និង Ghislaine Dupont កាលពីថ្ងៃ​ពុធ ៦វិច្ឆិកា ២០១៣
លោក​ឡូរ៉ង់ ហ្វាប៊្យូស រដ្ឋមន្រ្តី​ការបរទេស​បារាំង នៅ​ក្នុង​ពិធី​បុណ្យសព​ Claude Verlon និង Ghislaine Dupont កាលពីថ្ងៃ​ពុធ ៦វិច្ឆិកា ២០១៣ France 24
ផ្សាយពាណិជ្ជកម្ម

ក្រុម AQMI (Al Qaïda au Maghreb islamique) បាន​ប្រកាស​ទទួលស្គាល់​ការ​សម្លាប់​អ្នក​យក​ព័ត៌មាន​ RFI គឺ Ghislaine Dupont និង Claude Verlon តាមរយៈ​ព័ត៌មាន​ដែល​បញ្ជូន​ទៅ​ចុះផ្សាយ​នៅលើ​វិបសៃត៍​​ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ម៉ូរីតានី ឈ្មោះ​ថា "Sahara Médias"។

គេ​ដឹងថា វិបសៃត៍ Sahara Médias តែងតែ​ដឹងព័ត៌មាន​ច្រើន​ពី​ក្រុម​ភេរវជន​អ៊ីស្លាម ក្នុង​តំបន់​អាហ្វ្រិក ហើយ​កន្លងមក នៅ​ពេល​ដែល​ក្រុម AQMI ធ្វើការ​វាយប្រហារ​ភេរវកម្ម​ ឬ​ក៏​មាន​ការ​ចាប់ចំណាប់ខ្មាំង​ណាមួយ AQMI តែងតែ​ចេញមុខ​ប្រកាស​ទទួលខុសត្រូវ តាមរយៈ វិបសៃត៍ Sahara Médias នេះ។

ម្យ៉ាងទៀត នៅ​ក្រោយ​ពី​ឃើញ​មានសេចក្តីប្រកាស​របស់​ក្រុម AQMI កាល​ពីម្សិលមិញ RFI បាន​ទាក់ទង​ទៅ​សួរបញ្ជាក់​ព័ត៌មាន​នេះ​ពី​និពន្ធ​នាយក​របស់ Sahara Médias ហើយ​និពន្ធនាយក​បាន​ប្រាប់ RFI ថា Sahara Médias បាន​បញ្ជាក់​ពី​ប្រភព​ច្បាស់លាស់​ថា ការប្រកាស​ទទួលខុសត្រូវ​នេះ គឺ​ពិត​ជាចេញ​ពី​ក្រុម AQMI ពិត​ប្រាកដ​មែន។

លោកឡូរ៉ង់ ហ្វាប៊្យូស រដ្ឋមន្រ្តី​ការបរទេស​បារាំង​ ក៏ដូចជា ប្រភព​ពី​មន្រ្តី​យោធា​បារាំង​ បាន​ឲ្យដឹង​ថា ​ការ​អះអាង​របស់​ក្រុម AQMI ​នេះ​អាច​ជារឿង​ដែល​គួរ​ឲ្យ​ជឿ​បាន។ ក៏ប៉ុន្តែ គេ​នៅតែ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​គោលដៅ​ពិត​ប្រាកដ​របស់​ក្រុម AQMI ​ក្នុងការ​សម្លាប់​អ្នក​កាសែត​ទាំងពីរ​រូបនេះ។

អ្នកនាំសារ​របស់ ក្រុម AQMI បាន​អះអាង​ថា ការ​សម្លាប់​អ្នក​កាសែត​បារាំង​ទាំងពីរ​រូបនេះ គឺ​ដើម្បី​ជា​ការ​ដាក់ទោស​ដល់​ប្រទេស​បារាំង និង​ដាក់ទោស​ដល់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ ហូឡង់ ​ដែល​​បាន​ធ្វើ​អន្តរាគមន៍​យោធា នៅ​ក្នុង​ប្រទេស​ម៉ាលី។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា បើ​សិន​ជា​គេ​គ្រាន់តែ​ចង់​សងសឹក​ចំពោះ​អន្តរាគមន៍​យោធា​បារាំង​ពិតមែន ហេតុអ្វី​បាន​ជា​ពួកគេ​មិន​សម្លាប់​អ្នក​យកព័ត៌មាន​ទាំងពីរ​ភ្លាមៗ​នៅនឹង​កន្លែង? ហេតុអ្វី​បាន​ជា​ត្រូវ​ចាប់ខ្លួន នាំ​យក​ទៅ​សម្លាប់​រហូតដល់​ទៅ​ជាង ១០គីឡូម៉ែត្រ​ពី​កន្លែង​ចាប់ខ្លួន?

ម្យ៉ាងទៀត ក្រុម AQMI ដដែល​នេះ ទើប​នឹង​ដោះលែង​ចំណាប់ខ្មាំង​បារាំង ៤នាក់ កាល​ពី​ថ្ងៃ​អង្គារ ២៩​តុលា គឺ ៤ថ្ងៃ​មុន​ការ​សម្លាប់​អ្នក​យក​ព័ត៌មាន RFI។ ដូច្នេះ បើសិន​ជា​ AQMI ពិត​ជា​មាន​បំណង​ចង់​សម្លាប់​ជនជាតិ​បារាំង ដើម្បី​ផ្ញើសារ​នយោបាយ​ចំពោះ​រដ្ឋាភិបាល​បារាំង​ពិតមែន ហេតុអ្វី​បាន​ជា​មិន​សម្លាប់ចំណាប់​ខ្មាំង​ទាំង ៤នាក់​នេះ? ហេតុអ្វី​បាន​ជា​ដោះលែង​ចំណាប់ខ្មាំង​ទាំង ៤នាក់ ហើយ ៤ថ្ងៃ​ក្រោយមក ទើប​មក​ចាប់ខ្លួន​ចំណាប់ខ្មាំង​ថ្មី​យក​ទៅសម្លាប់​ទៅវិញ?

នៅពេលនេះ សេណារីយ៉ូ​ដែលគេនាំ​គ្នា​លើកឡើង​ភាគច្រើន គឺ​ថា ការ​ណ៍​ដែល​​ក្រុម AQMI ចាប់ខ្លួន និង​សម្លាប់​អ្ន​កយក​ព័ត៌មាន​បារាំង​នេះ មិនមែន​ធ្វើឡើង ក្នុងគោលដៅ​នយោបាយទេ ប៉ុន្តែ វា​ជា​ការ​ចាប់ចំណាប់ខ្មាំង ដើម្បី​ជំរិត​ទារ​យក​លុយ ដូចដែល​ AQMI ធ្លាប់​ធ្វើ​ពីមុនៗ។ ប៉ុន្តែ ដោយសារ​តែ​មាន​បញ្ហា​អ្វីមួយ​នៅតាមផ្លូវ ប្រហែល​ជា​ឡាន​ខូច​ ភ័យ​ខ្លាច​គេ​តាមទាន់ ទើប​ប្រញាប់ប្រញាល់​សម្លាប់​ចំណាប់​ខ្មាំងចោល ដើម្បី​​រត់យកតែ​រួចខ្លួន។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​សម្មតិកម្ម​មួយ​ប៉ុណ្ណោះ។ គេនៅរង់ចាំ​លទ្ធផល​ស៊ើបអង្កេត​របស់​ប៉ូលិស​បារាំង និង​ម៉ាលី​ជុំវិញ​រឿងនេះ។

បើតាម​លោក​ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ការស៊ើបអង្កើត​នេះ​មាន​ការ​ជឿនលឿន​ទៅមុខ​ច្រើន។ ប៉ូលិស​ស៊ើបអង្កេត​បារាំង​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ម៉ាលី ដើម្បី​ចូល​រួម​ក្នុង​ការ​ស៊ើបអង្កេត ហើយ​​គិតមកទល់​នឹង​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ មាន​ជនសង្ស័យ​យ៉ាងតិច ៣៥នាក់​ត្រូវ​បាន​គេ​ចាប់ខ្លួន​យក​មក​សាកសួរ។

ឥឡូវនេះ​គេ​កំពុង​តែ​តាមរក​ចាប់ខ្លួន​មនុស្ស ៤នាក់ ​ដែលគេ​សង្ស័យ​ថា​ជា​​ជន​ដៃដល់​ក្នុងការ​ចាប់ខ្លួន និង​សម្លាប់​​អ្នក​កាសែត​ RFI ទាំងពីរ។ តាមប្រភព​ដែល​ស្និទ្ធ​នឹង​ដំណើរការស៊ើបអង្កេត​នេះ គេ​ថា ជនសង្ស័យ​ទាំង ៤នាក់​នេះ ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​រួចហើយ។ គេ​អាច​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង ៤នាក់នេះ​បាន​តាមរយៈ​ឯកសារ ដែល​គេ​រកឃើញ នៅ​ក្នុង​ឡាន​ដែល​ជនសង្ស័យ​ទុកចោល នៅកន្លែង​ដែល​ពួកគេ​សម្លាប់​អ្នក​យក​ព័ត៌មាន​បារាំង​ទាំង​ពីរនាក់។

តាម​អត្តសញ្ញាណ ដែល​គេ​កំណត់​បាន ក្នុង​ចំណោម ៤នាក់​នេះ ២នាក់​មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម AQMI ហើយ​ ២នាក់​ទៀត មិន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមភេរវជន​ទេ។ នេះ​អាច​ជា​រឿង​ធម្មតា ពីព្រោះ​ថា នៅ​អាហ្វ្រិក​ មាន​ក្រុមខ្លះ​មិនមែន​ជា​ភេរវជន​ទេ ប៉ុន្តែ​ជា​ឧក្រិដ្ឋជន​ធម្មតា ដែល​​ស៊ីឈ្នួល​​ចាប់ចំណាប់ខ្មាំង​ឲ្យ​ក្រុម AQMI៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ