ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អឺរ៉ុប

យន្តហោះ​ដឹក​អ្នកដំណើរ​អាល់ហ្សេរី​បាត់​ខ្លួន នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី

media  
avion swiftair espagnol loué par la compagnie algérienne ©REUTERS/Xavier Larrosa

យន្តហោះ​អាល់ហ្សេរី ជើងហោះហើរ​ AH 5017 ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ ប៊ួគីណា​ហ្វាសូ​​​ទៅ​ប្រទេស​អាល់ហ្សេរី​បាន​បាត់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ តាម​អាជ្ញាធរ​អាលហ្សេរី យន្តហោះ​ដែល​ដឹកអ្នកដំណើរ​១១៦ ដែល​នៅក្នុង​នោះ​មាន​ជនជាតិ​បារាំង ៥១​នាក់ និង​លីបង់​២០​នាក់ បាន​បាត់​ខ្លួន នៅលើ​ភាគខាងជើង​ប្រទេស​ម៉ាលី។ បារាំងបាន​បញ្ជូន​យន្តហោះ​Mirrage 2000 ពីរគ្រឿង​ដើម្បី​ទៅស្វែង​រក​យន្តហោះ នៅក្នុង​ពេល​ដែល​រដ្ឋាភិបាល​ម៉ាលី​បាន​បញ្ជូន​មនុស្ស​ឲ្យ​ស្វែង​រក​ស្លាកស្នាម​របស់​យន្តហោះ​នៅលើ​ដី​។ នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ការបរទេស​​​បារាំង​បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន​​បារាំងAFP ថា យន្តហោះ​​​ AH 5017អាច​ជួប​គ្រោះថ្នាក់​ផ្ទុះធ្លាក់។

 

យន្តហោះ​ AH 5017​របស់ក្រុមហ៊ុន​អាកាសចរណ៍​អាល់ហ្សេរី​បាន​​ចាកចេញ​ពី​ទឹកដី​​ ប៊ួគីណា​ហ្វាសូ​​ នៅ​ម៉ោង​ ១ និង​១៧ព្រឹក ម៉ោង​សកល ដើម្បី​ទៅចុះចត​នៅ​ប្រទេស​អាល់ហ្សេរី នៅ​ម៉ោង​ប្រាំម៉ោងក្រោយ។ ប៉ុន្តែ នៅ​ដើម​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ហ៊ុន​អាល់ហ្សេរី​បាន​ប្រកាស​ថា គេ​បាន​បាត់​សញ្ញា មិនអាច​ទាក់ទង​​យន្តហោះ នៅម៉ោង១ និង​៥៥​នាទី គឺ​មួយ​ម៉ោង​ក្រោយ​​យន្តហោះ​ចាកចេញ​ពី​ព្រលាន​យន្តហោះ​របស់​ ប៊ួគីណា​ហ្វាសូ។ តាម​អាជ្ញាធរ អាល់ហ្សេរី គេ​ចាប់​សញ្ញា​ចុងក្រោយ​របស់​យន្តហោះ នៅ​ពេល​យន្តហោះ​ហោះ​នៅ​លើ​ទឹកដីភាគជើង​របស់​ប្រទេស​ម៉ាលី ក្បែរ​ព្រំដែន​ប្រទេស​អាល់ហ្សេរី។ គេ​បាត់សញ្ញា​របស់​យន្តហោះ​ បន្ទាប់ពី​គេ​បាន​ប្រាប់​ឲ្យ​អ្នកបើកបរ​ផ្លាស់ប្តូរ​ផ្លូវ​ហោះហើរ ដើម្បី​ជៀសវាង​ខ្យល់ព្យុះ​ នៅក្នុង​ប្រទេសម៉ាលី និង​ដើម្បី​កុំ​ឲ្យ​ជល់​គ្នា​នឹង​​យន្តហោះ​ផ្សេង​ដែល​ត្រូវ​ធ្វើ​ដំណើរ ពី​អាល់ហ្សេរី​ទៅ​បាម៉ាកូ។

 
យន្តហោះ​របស់​ក្រុមហ៊ុន​អាល់ហ្សេរី​មាន​ដឹកអ្នកដំណើរ ១១៦នាក់ និង​អ្នកធ្វើការ​យន្តហោះ​ជនជាតិ​អេស្ប៉ាញ​​​៦នាក់។ តាម​ក្រុមហ៊ុន​អាល់ហ្សេរី យន្តហោះAH 5017​នេះ​មាន​ដឹក​អ្នកដំណើរចម្រុះជនជាតិ ដែល​ចង់​ឆ្លងកាត់​ទីក្រុង​អាល់ហ្សេរ ដើម្បី​ប្តូរ​យន្តហោះ ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង អាមេរិក កាណាដា និង​ដើមបូព៌ា។

នៅក្រោយ​បាន​ដំណឹង​បាត់​សញ្ញា​យន្តហោះ ប្រទេស​បារាំង ដែលមាន​ប្រជាជន​របស់ខ្លួន ៥០​នាក់​ជិះនៅក្នុង​យន្តហោះ​ បាន​បញ្ជូន​យន្តហោះ ចម្បាំង​Mirage ពីរគ្រឿង ប្រចាំការ​នៅ​អាហ្វ្រិក ដើម្បី​ចេញ​ទៅ​ស្វែងរក​យន្តហោះបាត់ខ្លួន។ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍  រដ្ឋាភិបាល​បារាំង អាល់ហ្សេរី និង​ ប៊ួគីណា​ហ្វាសូ​​​បាន​​បង្កើត​ការិយាល័យ​ដោះស្រាយ​វិបត្តិ​នៅ​តាម​ព្រលានយន្តហោះ ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ក្រុមគ្រួសារ​របស់​អ្នកធ្វើ​ដំណើរ។ យន្តហោះ ជើងហោះហើរ ​ AH 5017​ ជាយន្តហោះ​របស់​ក្រុមហ៊ុន​អេស្ប៉ាញ Swiftair ដែល​ក្រុមហ៊ុន​អាល់ហ្សេរី​ជួល សម្រាប់​ធ្វើ​ដំណើរ​បួនដង ក្នុង​មួយ​សប្តាហ៍ ពី​ប្រទេស​អាល់ហ្សេរី ទៅ​ប្រទេស​​ ប៊ួគីណា​ហ្វាសូ។

 

ធ្លាក់​យន្តហោះ​អាល់ហ្សេរី នៅថ្ងៃ​ព្រហស្បតិ៍​​ធ្វើ​ឲ្យ​ខែ​កក្កដា​ក្លាយ​​ជា​ខែ​ដែល​​​ទីផ្សារ​ឧស្សាហកម្ម​​អាកាសចរណ៍​ស៊ីវិល​មាន​រាសី​ធ្លាក់​ចុះ​ខ្លាំង។ បន្ទាប់ពី​​យន្តហោះ​ម៉ាឡេស៊ី​ត្រូវ​ផ្ទុះធ្លាក់​ដោយ​គ្រាប់​មីស៊ីល និង​សម្លាប់​អ្នកដំណើរ​ទាំងអស់នៅក្នុង​ទឹកដី​អ៊ុយក្រែន​ យន្តហោះ​តៃវ៉ាន់​មួយគ្រឿង​បាន​ផ្ទុះធ្លាក់​កាលពី​ថ្ងៃ​ពុធ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​​​​៤៧នាក់។ នៅក្នុង​សប្តាហ៍នេះ​ទៀត ក្រុមហ៊ុន​អាកាសចរណ៍​​របស់​ប្រទេស​លោកខាងលិច​ជាច្រើន បាន​លុបចោល និង​ព្យួរ​​ការហោះហើរ​ទៅក្នុង​រដ្ឋធានី​អ៊ីស្រាអែល បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា មាន​គ្រាប់​ផ្លោង​ធ្លាក់​ក្បែរ​ព្រលាន​យន្តហោះ។
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ