ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាហ្វ្រិក

លោក​ Abdelaziz​ Bouteflika​ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាល់ហ្សេរី​ ជា​លើក​ទី៤​

media  
លោក Abdelaziz Bouteflika អង្គុយ​ក្នុង​រទេះ​រុញ ​បាន​បោះឆ្នោត​​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​១៧មេសា។ REUTERS/Zohra Bensemra

យោងតាម​លទ្ធផល​​បោះឆ្នោតនៅ​អាល់ហ្សេរី ​​ចេញ​ជាផ្លូវការ​ ​នៅល្ងាច​​ថ្ងៃ​សុក្រ​ម្សិលមិញ ​​​លោក​ ​Abdelaziz Bouteflika ​ អាប់ឌែលឡាហ្ស៊ី ប៊ូតេភ្លីកា បាន​ជាប់ឆ្នោត​ជាប្រធានាធិបតី​​​​​ ​​ជា​ថ្មី​ម្តងទៀត ​​ដោយ​ទទួល​​​ជោគជ័យ​ជាមួយ​សម្លេងឆ្នោត​លើសលុប ​រហូត​ដល់​៨១,៥៣​ភាគរយ ក្នុង​ជុំទី១​តែម្តង។ នេះ​ជា​លើកទី​៤ហើយ ដែល​លោក​ប៊ូតេភ្លីកា ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​​អាល់ហ្សេរី។ អត្រា​អ្នក​ទៅ​បោះឆ្នោត​​​​នៅ​​​អាល់ហ្សេរី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​១៧មេសា​ កន្លងទៅ ​មាន​៥១,៧​ភាគរយ។ ​ប្រធានាធិបតី​បារាំង​បាន​ស្វាគមន៍​ជោគជ័យ​របស់​លោក​ប៊ូតេភ្លីកា និង​បាន​ជូនពរ​លោក​អោយ​ទទួល​ជោគជ័យ​ក្នុង​ការ​ដឹកនាំ​អាល់ហ្សេរី​​បន្ត​ទៀត។ ​

លោក​ ​Abdelaziz Bouteflika ​ អាប់ឌែលឡាហ្ស៊ី ប៊ូតេភ្លីកា អាយុ​៧៧ឆ្នាំ ​បាន​ជាប់ឆ្នោត​ជាប្រធានាធិបតី​​​​​អាល់ហ្សេរី​​ ​​ជា​លើកទី៤ ​ជាមួយ​សម្លេងឆ្នោត​លើសលុប ៨១,៥៣​ភាគរយ ក្នុង​ការ​បោះឆ្នោត​ជុំទី១​តែម្តង។ លោក​ប៊ូតេភ្លីកា ឈ្នះ​លើ​អតីត​នាយករដ្ឋមន្ត្រី របស់​លោក គឺ​លោក​ Ali Benflis អាលី​ បិនភ្លី ដែល​​ទទួល​សម្លេងបាន​ត្រឹម​តែ​១២,១៨​ភាគរយប៉ុណ្ណោះ។ រីឯបេក្ខជន​៤រូបទៀត បាន​ទទួល​សម្លេង​តិចតួច​ប៉ុណ្ណោះ ពោលគឺ​មាន​ពី​ចន្លោះ​ ​តិចជាង​១ភាគរយ រហូត​ដល់ត្រឹម​​៣,៣៧ភាគរយ។​

ដោយឡែក​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ មិន​រាប់បញ្ចូល​សម្លេង​ឆ្នោត​របស់​ប្រជាជន​អាល់ហ្សេរី​ដែល​រស់​នៅ​បរទេស​នោះទេ។ ​សម្លេង​ឆ្នោត​ប្រជាជន​អាល់ហ្សេរី​នៅបរទេស នឹង​យក​ទៅ​បូកបញ្ចូល​​​ជាមួយ​សម្លេងឆ្នោត​​នេះ នៅពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​​អោយ​សុពលភាព​លើ​លទ្ធផល​​​បោះឆ្នោត​ផ្លូវការ​ នៅពេល​ខាងមុខ។ សម្លេងឆ្នោត​ប្រជាជន​អាល់ហ្សេរី​នៅ​បរទេស មិនអាច​ផ្លាស់ប្តូរ​លទ្ធផល​បោះឆ្នោត​ផ្លូវការ​​ក្នុង​ស្រុក​នោះទេ ព្រោះថា លោក​ប៊ូតេភ្លីកា ទទួល​សម្លេង​ឆ្នោត​លើសលុប។ ប្រធានាធិបតី​​ប៊ូតេភ្លីកា អាយុ​៧៧ឆ្នាំ ​មាន​សុខភាព​មិនសូវ​មាំទាំ​​ទេ តាំង​ពី​ពេល​លោក​ជួយបញ្ហា​​សរសៃឈាម​ខួរក្បាល​ កាលពីឆ្នាំ​មុន​នេះ​មក។
អតីត​នាយករដ្ឋមន្ត្រី​ អាលី បិនភ្លី ដែល​ជា​បេក្ខជន​គូប្រជែង​របស់​លោកប៊ូតេភ្លីកា ​ដែល​ទទួល​សម្លេងឆ្នោត​​​​ត្រឹម​ជាង​១២ភាគរយ​នោះ ​បាន​បដិសេធ​មិនទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះទេ។ ​លោកបិនភ្លី ​បរិហារ​ថា ​ការបោះឆ្នោត​ជុំទី១​ ​ថ្ងៃ​១៧មេសា ​ពោរពេញ​ទៅ​ដោយ​ការ​ក្លែងបន្លំ។​ លោក​បិនភ្លី​ថែមទាំង​ប្រដូច​​ជោគជ័យ​លើសលុប​របស់​លោក​ប៊ូតេភ្លីកា ទៅនឹង​ជោគជ័យ​នៃ​ការ​​បោះឆ្នោត​របស់​លោក​គឹម ជុងអ៊ុន នៅ​កូរ៉េខាងជើង​ទៀតផង ពោល​គឺ​ជា​លទ្ធផល​បោះឆ្នោត​ ​ដែល​មិនគួរអោយ​ជឿជាក់​បាន។ ​ទន្ទឹម​នេះដែរ បក្ស​ប្រឆាំង​ផ្សេងទៀត ក៏​បាន​​បរិហារ​ការបោះឆ្នោត​នេះ​​​ដូចគ្នា​ដែរ។​ ​បេក្ខជន​មូសា ទូអាទី ដែល​​ទទួលបាន​សម្លេងឆ្នោត​ ​​តិចជាង​១ភាគរយ​នោះ ​មាន​បំណង​នឹង​ប្តឹង​​ទៅដល់​​ក្រុមប្រឹក្សា​​ធម្មនុញ្ញ​ទៀតផង។

គួររំលឹក​ដែរថា ក្នុង​ការ​​បោះឆ្នោត​ប្រធានាធិបតី​នេះ​​ គណ​បក្ស​អ៊ីស្លាម​​មួយចំនួន​ ​បាន​ធ្វើ​ពហិការ​​មិន​ចូលរួមបោះឆ្នោត។ ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ឃោសនា​​​បោះឆ្នោត​របស់​លោក​ប៊ូតេភ្លីកា បាន​ចេញ​មុខ​បដិសេធ​ការចោទប្រកាន់​​ទាក់ទង​នឹង​ការក្លែង​បន្លំ​អស់​នេះ៕ ​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ