អានតួអត្ថបទ
អេបូឡា-អាមេរិក

សហរដ្ឋ​អាមេរិក​​ចាត់​វិធាន​ការ​ថ្មី​ប្រឆាំង​មេរោគ​អេបូឡា

រាល់​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទាំង​អស់​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំងឺ​នៅ​តាម​បណ្តា​ប្រទេស​អាហ្វ្រិក​ ដែល​រាតត្បាត​ដោយ​មេរោគ​អេបូឡា​ នឹង​ត្រូវ​ដាក់​អោយ​នៅ​ដាច់​ដោយ​ឡែក​ពីគេ។​ នេះ​ជា​វិធានការណ៍​ថ្មី​ ដែល​ត្រូវ​បាន​អនុវត្ត​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ នៅ​ទីក្រុង​ញូវយ៉ក​ ​រដ្ឋ ​New Jersey ​និងរដ្ឋ​ Illinois ។  

ប៉ូលិស​ញូវយ៉ក​រក្សា​សុវត្តិភាព​តាមផ្លូវ នៅពេល​ក្រុម​អនាម័យ​ចាប់​សម្អាត​ផ្ទះ​របស់​គ្រូពេទ្យ​ដែល​ឆ្លង​មេរោគ​អេបូឡា​
ប៉ូលិស​ញូវយ៉ក​រក្សា​សុវត្តិភាព​តាមផ្លូវ នៅពេល​ក្រុម​អនាម័យ​ចាប់​សម្អាត​ផ្ទះ​របស់​គ្រូពេទ្យ​ដែល​ឆ្លង​មេរោគ​អេបូឡា​ ©REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​បន្ទាប់​ពី​លេច​ចេញ​ករណី​អ្នក​ឆ្លង​ជំងឺ​មេរោគ​អេបូឡា​តំបូង​នៅ​ទី​ក្រុង​ញូវយ៉ក​ អភិបាល​ក្រុង​ញូវយ៉ក ​និងអភិបាល​រដ្ឋ​ New Jersey បាន​សំរេច​ប្រកាស​នីតិវិធី​ថ្មី​ដោយ​តំរូវ​អោយ​អាជ្ញាធរ​ព្រលាន​យន្តហោះ​សាកសួរ​ព័ត៌មាន​អោយ​បាន​លំអិត​ដល់​អ្នក​ដំណើរ​ទាំង​អស់​មក​ពី​បណ្តា​ប្រទេស​ទ្វីប​អាហ្វ្រិក​ខាង​លិច​។ វិធានការ​ថ្មី​នេះ​ក៏​បាន​ដាក់​កំហិត​អោយ​បុគ្គល​ទាំង​អស់​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​អេបូឡា​នៅ​ទ្វីប​អាហ្វ្រិក​ ត្រូវ​ស្ថិត​នៅ​ឃុំ​ខ្លួន​អោយ​ដាច់​ដោយ​ឡែក​ពី​គេ​ចំនួន​ ២១ ថ្ងៃ​។ ​គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍​នេះ​ អភិបាល​រដ្ឋ​ Illinois ក៏​បាន​ប្រកាស​អនុវត្ត​វិធានការណ៍​ថ្មី​ដូច​គ្នានេះ​ផង​ដែរ។

 
សេចក្តី​សំរេច​នេះ​សំដៅ​ជាពិសេស​ទៅ​លើ​អ្នកបំរើការ​ផែ្នកការ​សុខាភិបាល​ដែល​គេ​យល់​ឃើញ​ថា ងាយ​ទទួល​ឆ្លង​មេរោគ​អេបូឡា​ ដែល​គិត​មក​ដល់​ពេល​នេះ បាន​ចំលង​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ និង​បាន​ផ្តាច់​ជិវិត​មនុស្ស​ប្រមាណ ៥ ពាន់​នាក់​ក្នុង​រយៈ​ជាង​ ៦​ ខែ​ចុងក្រោយ​នេះ។ បើ​តាម​នីតិវិធី​ថ្មី​នេះ​ ទោះ​បី​ជា​អ្នកបំរើការ​ផ្នែក​សុខាភិបាល​ទាំង​នោះ​ពុំ​មាន​អាការៈ​ធ្លាក់​ខ្លួន​ឈឺ ក៏​ដោយ​ ក៏​ពួក​គេ​ត្រូវ​បង្ខំ​អោយ នៅ​ដាច់​ដោយ​ឡែក ពី​គេ​ក្នុង​រយៈពេល​កំណត់​ ដើម្បី​ចៀសវាង​ការចំលង​ជា យថាហេតុ​ដល់​អ្នក​ដទៃ។​

ភ្លាមៗ​នោះ​ គិលានុបដ្ឋាកយិកា​ម្នាក់​ឈ្មោះ​ Kaci Hickox ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​សៀរ៉ាឡេអូន​ត្រូវ​បាន​គេ​សាកសួរ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​ Newark រដ្ឋ​ New Jersey។ ដោយសារ​មាន​អាការៈ​ក្តៅ​ខ្លួន​ ស្រ្តី​រូប​នេះ​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​នៅសាកល​វិទ្យាល័យ​Newark​ ជាបន្ទាន់។ បើ​យោង​តាម​សារព័ត៌មាន​ USA TODAY ដែល​បាន​ដក​ស្រង់​សំដី​លោក​ Andrew Cumuo អភិបាលក្រុង​ញូវយ៉ក អាជ្ញាធរ​មាន​សិទ្ធិ​ប្រើប្រាស់​អំណាច​តឹងរ៉ឹង ក្នុង​ករណី​សុខភាព​សាធារណជន​ទូទៅ ទទួល​រង​ការគំរាម​កំហែង។ នីតិវិធី​ថ្មី​នេះ​ត្រូវ​អនុវត្ត ដោយ​អាស្រ័យ​លើ​កំរិត​ហានិភ័យ​របស់​បុគ្គល​ម្នាក់ៗ។ ប្រសិន​បើ​បុគ្គល​នោះ​ត្រូវ​បាន​គេ​យល់​ថា មាន​កំរិត​ឆ្លង​ខ្ពស់​ គេ​នឹង​ចាប់​បញ្ជូន ទៅ​មន្ទីរពេទ្យ​ដើម្បី​ដាក់​អោយ នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ចំនួន​បី​សប្តាហ៍។ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​បុគ្គល​នោះ មាន​កំរិត​ឆ្លង​ទាប​ គេ​នឹង​ធ្វើការ​តាមដាន​សីតុណ្ហភាព និង​អាការៈ​ជំងឺ ក្នុង​ថ្ងៃ​បន្ត​បន្ទាប់។

សូម​បញ្ជាក់​ផង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ​ អាការៈ​ជំងឺ​របស់​វេជ្ជបណ្ឌិត​ Craig Spencer ​ដែល​ជា​អ្នក​ជំងឺអេបូឡា​ដំបូង​បង្អស់​នៅ​ទីក្រុង​ញូវយ៉ក​មាន​សភាព​នឹងន ជា​ធម្មតា​ហើយ។​​ ករណី​ឆ្លង​របស់​វេជ្ជបណ្ឌិត​រូប​នេះ​ត្រូវ​បាន​គេ​គិត​ថា ទំនង​ជា​បាន​បង្ខំ​អោយ​អាជ្ញាធរ​ដាក់​វិធានការ​តឹងរ៉ឹង​បែប​នេះ​ ក្រោយ​ពី​ប្រជាជន​រស់​នៅ​ក្នុង​ទី​ក្រុង​នេះ​មាន​ការភិតភ័យ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ