អានតួអត្ថបទ
អាល្លឺម៉ង់-អាមេរិក

តុលាការ​អាល្លឺម៉ង់​បើក​ការ​ស៊ើបអង្កេត​លើ​ការ​លួចស្តាប់​ទូរសព្ទ​លោកស្រី​មែរគែល​ ពី​សំណាក់​ផ្នែក​​ចារកិច្ច​អាមេរិក​

នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​អាល្លឺម៉ង់​បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ទាក់ទង​នឹង​​​ការ​​ដែល​​ផ្នែក​ចារកិច្ច​អាមេរិក​អាច​នឹង​បាន​​​​​លួច​ស្តាប់​ការ​សន្ទនា​ទូរសព្ទ​របស់​ប្រមុខ​ដឹកនាំអាល្លឺម៉ង់ លោកស្រី មែរគែល។ ​​​​​​​អតីត​​បុគ្គលិក​ផ្នែក​ចារកិច្ច​អាមេរិក Eward Snowden ធ្លាប់​បាន​​​បរិហារ​​ចារកិច្ច​អាមេរិក​​ក្នុង​សំណុំ​រឿង​លួចស្តាប់​លោកស្រី​មែរគែលនេះ កាលពី​ឆ្នាំ​២០១៣ ធ្វើអោយ​ទំនាក់ទំនង​រវាង​អាមេរិកនិង​អាល្លឺម៉ង់​ ​ធ្លាក់ចុះ។ ដោយឡែក​ តុលាការ​ស៊ើបអង្កេត​អាល្លឺម៉ង់​នឹង​មិន​អង្កេត​​ពី​រឿង​ដែល​​អាមេរិក​​លួច​ស្តាប់​​ការសន្ទនា​តាម​ទូរសព្ទ​របស់​ប្រជាជន​​អាល្លឺម៉ង់​រាប់លាន​នាក់​នោះទេ។

លោកអូបាម៉ា និង​លោកស្រីមែរគែល នៅ​ក្រុង​ប៊ែរឡាំង ​​ឆ្នាំ​២០១៣។
លោកអូបាម៉ា និង​លោកស្រីមែរគែល នៅ​ក្រុង​ប៊ែរឡាំង ​​ឆ្នាំ​២០១៣។ REUTERS/Thomas Peter/Files
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​សហព័ន្ធ​​អាល្លឺម៉ង់​បាន​សម្រេច​​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​អាស្រូវ​​ ដែល​ថា ​​​​​ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ​NSA ​​ ​បាន​​​​​លួច​ស្តាប់​ការ​សន្ទនា​ទូរសព្ទ​របស់​ប្រមុខ​ដឹកនាំអាល្លឺម៉ង់ លោកស្រី មែរគែល។ ​​​​​​​គួរ​រំលឹក​ថា កាលពីរដូវ​ក្តៅ ​​ឆ្នាំ​២០១៣​ ​​ ​អតីត​​បុគ្គលិក​ទីភ្នាក់ងារ​​​ ចារកិច្ច​អាមេរិក Eward Snowden ធ្លាប់​លាតត្រដាង​​សំណុំ​រឿង​អាស្រូវ​ថា ​អាមេរិក​ធ្លាប់លួចស្តាប់​​ទូរសព្ទ​លោកស្រី មែរគែល និង​ប្រជាជន​អាល្លឺម៉ង់​រាប់​លាននាក់។ ​ទស្សនាវដ្តី​ Der Spiegel ក៏​ធ្លាប់​ចុះផ្សាយ​ដែរ​ថា លោកស្រី​មែរគែល​ ធ្លាប់​ត្រូវបាន​គេ​លួចស្តាប់​ជាច្រើន​ឆ្នាំ​មកហើយ។

ការ​ស៊ើបអង្កេត​របស់​តុលាការ​អាល្លឺម៉ង់​ តំរូវ​អោយ​គ្រប់ទីភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់​ ធ្វើ​ការ​សហប្រតិបត្តិការ​ជាមួយ​តុលាការ​។ តុលាការ​ចង់ដឹង​ថា តើ​​ទីភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់​បាន​ដឹង​អ្វីខ្លះ​ពី​សកម្មភាពអាមេរិក ក្នុង​ទឹកដី​អាល្លឺម៉ង់។

កាលពី​ខែ​មេសា អាល្លឺម៉ង់​បាន​ដាក់​ចេញ​​នូវ​​គណៈ​កម្មការ​អង្កេត​សភា​មួយ ដើម្បី​​រក​មើល​​ថា តើ​ផ្នែកចារកិច្ចអាមេរិក បានប្រើ​វិធានការ​ដូចម្តេច ក្នុង​ការ​​​លួចស្តាប់​​​ការសន្ទនា​របស់​ប្រជាជន​និង​អ្នកនយោបាយ​អាល្លឺម៉ង់។ គណៈកម្មការ​ស៊ើបអង្កេត​សភា​អាល្លឺម៉ង់​ក៏​មាន​គម្រោង​សួរ​​លោក​​​​ ​ Snowden និង​បណ្តា​​ប្រធាន​បណ្តាញសង្គម​ហ្វេសប៊ុក ដូច​ជា​ លោក​ ​Mark Zuckerberg រឺក៏​លោក ​Eric Schmitdt ប្រធាន​ក្រុមហ៊ុន ​Google ផងដែរ។

ដោយឡែក ​​គណបក្ស​​សង្គម​​ប្រជាធិបតេយ្យ​ ​ជា​ដៃគូ​​រដ្ឋាភិបាល​របស់​លោកស្រី​មែរគែល ​បាន​រិះគន់​​​​​​​​​តុលាការ ថា​គិត​តែ​​ស៊ើប​អង្កេត​តែ​ពី​រឿង​ទាក់ទង​​ការ​លួចស្តាប់​ទូរសព្ទ​លោកស្រី​ មែរគែល​ ​​​មិន​បាន​គិត​​​ពី​ការ​​​​លួចស្តាប់​ទូរសព្ទ​របស់​​​​ប្រជាជន​​អាល្លឺម៉ង់​​ ​​ដែល​នេះ បង្ហាញ​​ពី​សិទ្ធិ​មិនស្មើគ្នា ​រវាង​ថ្នាក់ដឹកនាំ​​នយបាយ​ និង​ប្រជាជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ