ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាមេរិក

​ឆេះ​ព្រៃ​អាម៉ា​ហ្សូ​ន​៖ អ.ស.ប. ​បង្ហាញ​ក្ដី​បារម្ភ ​ខណៈ​រដ្ឋា​ភិបាល​បារាំង​ចង់​ប្រជុំ​សមាជិកG7 ​ដើម្បី​ដោះ​ស្រាយ​

media  
ភ្លើងកំពុងបន្តលេបត្របាក់ព្រៃអាម៉ាហ្សូន @REUTERS

នៅ​ប្រទេស​ប្រេស៊ីល អាម៉ា​ហ្សូន ដែលជា​ព្រៃ​ត្រូពិក​ដ៏​សំខាន់​បំផុត​របស់​ពិភពលោក ​កំពុង​តែ​ត្រូវ​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ។​​ អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២២សីហា បាន​បង្ហាញពីក្ដីបារម្ភរបស់ខ្លួនចំពោះ​គ្រោះមហន្តរាយនេះ ខណៈ​ប្រទេសបារាំងឯ​ណោះ​វិញ​ បានបង្ហាញ​ពី​បំណងចង់ប្រជុំជាមួយសមាជិក G7 ដើម្បីជជែក​ពី​រឿង​នេះ​ថែម​ទៀត​។

ព្រៃ​អាម៉ាហ្សូន ដែល​មាន​ងារ​ថា ជា​សួត​របស់​ភព​ផែន​ដី​នោះ កំពុង​តែ​រង​ការ​ឆាប​ឆេះ​យ៉ាង​ធ្ងន់​ធ្ងរ ដែល​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​សោក​ស្ដាយ និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​អង្គការ​សហ​ប្រជា​ជាតិ​តែ​ម្ដង​។

លោក Antonio Guterres អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ បាន​លើក​ឡើង​ថា លោក​មិន​ចង់​ឲ្យ​មាន​ការ​ខូច​ខាត​បន្ថែម​ទៀត​ចំពោះ​ប្រភព​បង្កើត​អុក​ស៊ីសែន​មួយ​នេះ​ទេ​។ សម្រាប់​ប្រមុខ​អង្គការ​សហប្រជាជាតិ​រូប​នេះ ព្រៃ​អាម៉ាហ្សូន ដែល​ជា​ព្រៃ​ត្រូពិក​ដ៏​សំខាន់​បំផុត​របស់​ពិភព​លោក គឺ​ដាច់​ខាត​ត្រូវ​តែ​ទទួល​បាន​ការ​ការពារ​។

ឯ​ចំណែក​លោក Emmanuel Macron ប្រធានា​ធិបតី​ប្រទេស​បារាំង​វិញ ក៏​បាន​សម្ដែង​ការ​សោក​ស្ដាយ​ផង​ដែរ ដោយ​លោក​ចាត់​ទុក​ថា ការ​ឆេះ​ព្រៃអាម៉ាហ្សូន​ ជា​វិបត្តិ​អន្តរ​ជាតិ​។ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក Macron ក៏​មាន​បំណង​ចង់​ឲ្យ​សមាជិក G7 ដាក់​របៀប​វារៈ​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​នេះ ទៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។

ជា​ការ​កត់​សម្គាល់ គេ​នៅ​មិន​ទាន់​អាច​កំណត់​ការ​ខូច​ខាត​ដោយ​សារ​ការ​ឆេះ​ព្រៃ​អាម៉ា​ហ្សូន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ផ្សែង​ពុល​ដែល​បាន​ហុយ​ចេញ​ពី​ការ​ឆាប​ឆេះ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ទៅ​លើ​ទីក្រុង​នា​នា​របស់​ប្រទេស​ប្រេ​ស៊ីល ដែល​ក្នុង​នោះ​ក៏​មាន ទីក្រុង​សោប៉ូឡូ​ផង​ដែរ​។

ក្រុម​ឃ្លាំ​មើល​បរិយាកាស​របស់​សហ​ភាព​អ៊ឺរ៉ុប (Cams) បាន​ឲ្យ​ដឹង​ថា ផ្សែង​ដ៏​អាប់​អួរ បាន​ហុយ​ចេញ​ពី​កន្លែង​ភ្លើង​ឆេះ​ព្រៃ ធ្វើ​ឲ្យ​មេឃ​នៅ​ក្នុង ទីក្រុង​សោប៉ូឡូ ប្រែ​ក្លាយ​ទៅ​ជា​ពណ៌​ខ្មៅ​។ ក្រុម​ឃ្លាំ​មើល​ដដែល​នេះ ក៏​បាន​ព្រមាន​ពី​កំណើន​បរិមាណ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​នៅ​ក្នុង​បរិយា​កាស ដោយ​សារ​ភ្លើង​ឆាប​ឆេះ​ដ៏​សន្ធោ​សន្ធៅ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ព្រៃ​អាម៉ា​ហ្សូន គឺ​ជា​ព្រៃ​ត្រូពិក​ដែល​មាន​ទំហំ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភព​លោក​។ ព្រៃ​មួយ​នេះ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ទំហំ ៥.៥​លាន​គីឡូ​ម៉ែត្រ​ការ៉េ គ្រប​ដណ្ដប់​លើ​ប្រទេស​ប្រេស៊ីល​ប្រមាណ​ជា ៦០% ផង​ដែរ​។ បើ​តាម​វិទ្យា​ស្ថាន​ជាតិ​ស្រាវ​ជ្រាវ​ប្រេ​ស៊ីល (INPE) តាំង​ពី​ពេល​ដែល​ប្រធានាធិបតី​ប្រេ​ស៊ីល​ថ្មី លោក Jair Bolsonaro ឡើង​កាន់​អំណាច​ពី​ដើម​ឆ្នាំ​២០១៩​មក ការ​បំផ្លិច​បំផ្លាញ​នៅ​ព្រៃ​អាម៉ា​ហ្សូន​តាម​គ្រប់​រូប​ភាព បាន​កើន​ឡើង​ខ្លាំង​ជាង​មុន​៤ដង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ការ​បំផ្លាញ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​បំណង​ពង្រីក​ដី​ដើម្បី​ធ្វើ​កសិកម្ម កសាង​ប្រព័ន្ធ​ទឹក កសាង​ផ្លូវ ក៏​ដូច​ជា​កសាង​រោង​ចក្រ​នា​នា​៕

អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ