អានតួអត្ថបទ
អាមេរិក-ឥណ្ឌា

កិច្ចសន្ទនា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច៖អាមេរិក និង​ឥណ្ឌា​បន្ត​ពង្រឹង​ដៃគូ តែ​មិនមែន​ដើម្បី​ប្រឆំាង​ចិន​ទេ

នៅ​ថ្ងៃ​អង្គារ ទី២២ កញ្ញា អាមេរិក និង​ឥណ្ឌា​ដែល​ជា​មហាប្រទេស​ប្រជាធិបតេយ្យ​ក្នុង​លោក​បាន​បើក​កិច្ចសន្ទនា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច​រវាង​គ្នា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ គឺ​ជា​កិច្ចសន្ទនា​រវាង​ថ្នាក់​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការបរទេស។ ភាគី​ទំាង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ និង​ថា ភាព​ជា​ដៃគូ​នេះ​មិនមែន​សំដៅ​ប្រឆំាង​នឹង​ប្រទេស​ចិន​ឡើយ។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចសន្ទនា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ឥណ្ឌា​ដែល​រៀបចំ​លើ​ទឹកដី​អាមេរិកំាង​ឆ្នំា​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក។

លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌា ស៊ូម៉ា ស្វារ៉ា និង​សមភាគី​អាមេរិក​លោក​ចន ឃ៊ែរី
លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌា ស៊ូម៉ា ស្វារ៉ា និង​សមភាគី​អាមេរិក​លោក​ចន ឃ៊ែរី Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចសន្ទនា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ឥណ្ឌា​នា​ថ្ងៃ​អង្គារ ទី២២ កញ្ញា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ភាគី​ទំាង​ពីរ​បាន​លើក​យក​ទៅ​ជជែក​នូវ​សំណុំរឿង​សំខាន់ៗ​ជា​ច្រើន រួម​មាន សន្តិសុខ​តំបន់ ពាណិជ្ជកម្ម និង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ។ តែ​ប្រធានបទ​អាទិភាព​មិន​អាច​ខ្វះ​បាន​រវាង​សម្ព័ន្ធមិត្ត​អាមេរិក ឥណ្ឌា គឺ​សេដ្ឋកិច្ច។ នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោកស្រី​ប៉េននី ប្រ៊ីតឃឺ (Penny Pritzker) និង​សមភាគី​ឥណ្ឌា​លោកស្រី​នៀរម៉ាឡា ស៊ីថារ៉ាម៉ាន (Nirmala Sitharaman) អាមេរិក និង​ឥណ្ឌា​បាន​ប្តេជ្ញា​ជា​ថ្មី​ម្តង​ទៀត​ថា នឹង​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​ឲ្យ​ដល់​ទឹកប្រាក់ ៥០០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នំា ពោល ៥ដង​ច្រើន​ជាង​សព្វថ្ងៃ​ដែល​មាន​ត្រឹមតែ ១០០ ០០០លានដុល្លារ​ប៉ុណ្ណោះ។

អ្វី​ដែល​សម្ព័ន្ធមិត្ត​ទំាង​ពីរ​ចង់​បាន គឺ​ចង់​ឲ្យ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​មាន​ទំហំ​ទឹកប្រាក់​ស្មើ​នឹង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​សព្វថ្ងៃ​ដែល​មាន ៥០០ ០០០លាន​ដុល្លារ។ ក្រៅ​ពី​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម ក៏​មាន​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​រវាង​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី និង​សមភាគី​ឥណ្ឌា​លោកស្រី​ស៊ូម៉ា ស្វារ៉ា​ដែរ។

ជំនួប​រដ្ឋមន្រ្តី​ការបរទេស​ផ្តោត​លើ​សន្តិសុខតំបន់ និង​ការ​ប្រយុទ្ធប្រឆំាង​ភេរវនិយម

ខុស​ពី​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ការទេស​បាន​ផ្តោត​សំខាន់​លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម សន្តិសុខ​សមុទ្រ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​អាស៊ីបូព៌ា ការ​មិន​សាយភាយ​នុយក្លេអ៊ែរ និង​បញ្ហា​អាកាសធាតុ។ លោក​ចន ឃ៊ែរី​បាន​ចាត់​ទុក​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​វ៉ាស៊ីនតោន និង​ញូដែលី​ថា កំពុង​បោះ​ជំហាន​ទៅ​មុខ​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​ឥណ្ឌា​ជា​ទំនាក់ទំនង​ភ្លឺថ្លា​នៅ​លើ​ឆាក​អន្តរជាតិ ព្រម​ទំាង​ជា​ទំនាក់ទំនង​ទ្វេភាគី​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ភិភពលោក។

ទន្ទឹម​គ្នា​នេះ លោក​ចន ឃ៊ែរី​ក៏​មិន​ភ្លេច​និយាយ​សរសើរ​ឥណ្ឌា​ថា ជា​មហា​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​លោក និង​ថា ឥណ្ឌា និង​អាមេរិក​ជា​ប្រទេស​គូស្រករ​មួយ​ក្នុង​ចំណោម​ប្រទេស​គូស្រករ​ផ្សេង​ទៀត​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​យូរ​លង់​ជាង​គេ។ ចំណែក​លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌា​ស្វារ៉ា​បាន​សាទរ​ពី​ដៃគូ​យុទ្ធសាស្រ្ត​អាមេរិក ឥណ្ឌា​ដែល​បង្កប់​ដោយ​តម្លៃ​រួម គឺ​ប្រជាធិបតេយ្យ សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​នីតិរដ្ឋ។ យោង​តាម​លោកស្រី​ស្វារ៉ា វ៉ាស៊ីនតោន និង​ញូដែលី​បាន​ប្តេជ្ញា​ពន្លឿន​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម​ដែល​លោកស្រី​យល់​ថា ការ​គំរាមកំហែង​ភេរវនិយម​បាន​ប្តូរ​រូបភាព​ច្រើន​ណាស់ បើ​គិត​តំាង​ពី​ក្រោយ​ភេរវកម្ម​ក្នុង​ទីក្រុង​បុមបៃ​កាល​ពី​ឆ្នំា ២០០៨។

យ៉ាង​ណា​ក៏​ដោយ លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌា​ក៏​មិន​ភ្លេច​និយាយ​ពី​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​លោកស្រី​ស្វារ៉ា​យល់​ថា ជា​បញ្ហា​បន្ទាន់​មួយ​នៅ​ចំពោះ​មុខ និង​សន្យា​ថា ឥណ្ឌា​នឹង​សហការណ៍​ឲ្យ​បាន​ស្អិតរមួត​ជាមួយ​អាមេរិក​នៅ​ក្នុង​បញ្ហា​នេះ នៅ​មុន​ការ​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ​ខែ​ធ្នូ​ខាង​មុខ។

អាមេរិក និង​ឥណ្ឌា​កំពុង​រួម​ដៃ​គ្នា​ប្រឆំាង​នឹង​ឥទ្ធិពល​របស់​ចិន

អ្វី​ជា​ការ​កត់សម្គាល់ កិច្ចសន្ទនា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ឥណ្ឌា​ដែល​រៀបចំ​លើ​ទឹកដី​អាមេរិកំាង​ឆ្នំា​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក។ តែ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​សារភាព​ផ្ទាល់​មាត់​ថា ពាក្យ « ប្រទេស​ចិន » មិន​ត្រូវ​បាន​ចែង​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ឬ​មួយ​ក៏​ថ្នាក់​រដ្ឋមន្រ្តី​ការទេស​អាមេរិក ឥណ្ឌា​ទេ។

ក៏​ប៉ុន្តែ ការ​ដែល​លោក​ចន ឃ៊ែរី​បាន​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទៅ​និយាយ​ជា​មួយ​សមភាគី​ឥណ្ឌា​លោកស្រី​ស្វារ៉ា គឺ​ជា​ការ​និយាយ​សំដៅ​លើ​មហិច្ឆិតា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រួច​ជា​ស្រេច ព្រោះ​ចូរ​កុំ​ភ្លេច​ថា គឺ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ឯង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជា​មួយ​បណ្តា​ប្រទេស​អាស៊ី​ជិតខាង​ក្នុង​តំបន់។ នៅ​ក្នុង​ន័យ​នេះ អាមេរិក និង​ឥណ្ឌា​បាន​លើក​ឡើង​ពី​ច្បាប់អន្តរជាតិ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ និង​ដំណោះស្រាយ​តាម​ផ្លូវ​សន្តិវិធី​នៅ​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក។ ដូច្នេះ​តិច ឬ​ច្រើន ដោយ​ប្រយោល ឬ​ដោយ​ផ្ទាល់ វ៉ាស៊ីតោន និង​ញូដែលី​បាន​ក្រើន​រម្លឹក​ប៉េកំាង​ពី​តម្លៃ​ច្បាប់​អន្តរជាតិ​ដែល​គ្មាន​នរណា​អាច​រំលោភបំពាន​បាន។

គួរ​រម្លឹក​ជូន​ថា គឺ​ទើប​តែ​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក George W.Bush ពី​ឆ្នំា ២០០១ ដល់​ឆ្នំា ២០០៩ ទេ​ដែល​អាមេរិក និង​ឥណ្ឌា​បាន​ផ្តើម​បង្កើន​ល្បឿន​ភាព​ជា​ដៃគូ​យ៉ាង​ឆាប់​រហ័ស​មក​ដល់​សព្វថ្ងៃ។ នៅ​ចុង​សប្តាហ៍​នេះ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ម៉ូឌី​នឹង​ទៅ​អាមេរិក​ដើម្បី​ចូលរួម​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​លោក​ម៉ូឌី​ត្រូវ​ឆ្លៀត​ចូល​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ