អានតួអត្ថបទ
អាមេរិក

លោក​អាស្តុន កាទ័រ៖​ប្រទេស​អាស៊ី​ងាក​រក​អាមេរិក​ឲ្យ​ជួយ​ទប់​ចិន

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ហ្វីលីពីន​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី១០ មេសា​នេះ។ នៅ​មួយ​ថ្ងៃ​មុន​ចេញ​ដំណើរ លោក​អាស្តុន កាទ័រ​បាន​បញ្ជាក់​ថា ដោយសារ​តែ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង មាន​ប្រទេស​អាស៊ី​កាន់​តែ​ច្រើន ពិសេស​ប្រទេស​ដែល​មាន​ជម្លោះ​ផ្ទាល់​នឹង​ចិន​បាន​រត់​មក​ពឹង​អាមេរិក​ឲ្យ​ជួយ​តាម​រយៈ​ការ​ពង្រឹង​ទំនាក់ទំនង​យោធា។

លោក​រដ្ឋមន្រ្តី​ការពារជាិត​អាមេរិក  Ashton Carter
លោក​រដ្ឋមន្រ្តី​ការពារជាិត​អាមេរិក Ashton Carter DR
ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​អាស៊ី​ណា​មួយ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​គ្រាន់​តែ​បាន​គូសបញ្ជាក់​ថា មាន​ប្រទេស​អាស៊ី​សឹង​តែ​ទាំង​អស់​បាន​សំណូមពរ​ឲ្យ​អាមេរិក​ជួយ​គិតគូរ​បន្ថែម​ទៀត​ក្នុង​បញ្ហា​សន្តិសុខ​ជា​លក្ខណៈ​ទ្វេភាគី ឬ​មួយ​ជា​ពហុភាគី។ ការ​លើកឡើង​របស់​លោក​អាស្តុន កាទ័រ​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ចិន​បាន និង​កំពុង​ទាមទារ​កាន់កាប់​ផ្តាច់​មុខ​នូវ​ទីប្រជុំ​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ប្រឈម​នឹង​បណ្តា​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ក្នុង​តំបន់ ពិសេស​ហ្វីលីពីន និង​វៀតណាម។ ចិន​បាន​បង្ហាញ​សាច់ដុំ​របស់​ខ្លួន​តាម​រយៈ​ការ​សាងសង់​កោះសិប្បនិម្មិត​ដែល​បំពាក់​ដោយ​កំពុងផែ ព្រលាន​យន្តហោះ និង​ការ​ដាក់​ពង្រាយ​គ្រឿងសព្វាវុធ។

យុទ្ធសាស្រ្ត​របស់​ចិន​របៀប​នេះ​ត្រូវ​បាន​អាមេរិក​បរិហារ​ដោយ​បាន​ស្នើ​ចិន​ឲ្យ​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ដោយ​សន្តិវិធី។ តែ​ចិន​មិន​ដែល​ខ្វល់ខ្វាយ ព្រម​ទាំង​ព្រមាន​អាមេរិក​កុំ​ឲ្យ​លូកដៃ​ជ្រៅ​ពេក​នៅ​ក្នុង​បញ្ហា​នេះ។ លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​បាន​អះអាង​ថា បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ហាក់​ដូច​ជា​លែង​លាក់កំបាំង​ពី​ក្តីបារម្ភ​របស់​ខ្លួន និង​បាន​ចេញ​មុខ​បរិហារ​ចិន​ជា​សាធារណៈ និង​ជា​លក្ខណៈ​ឯកជន​នៅ​ក្នុង​កិច្ចប្រជុំ​តំបន់ ក៏​ដូច​ជា​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ធំៗ។

យោង​តាម​លោក​កាទ័រ មាន​ថ្នាក់ដឹកនាំកំពូល​ក្នុង​ប្រទេស​អាស៊ី​ខ្លះ​បាន​ទៅ​ពឹង​អាមេរិក​ឲ្យ​ជួយ​ការពារ​ខ្លួន​ប្រឈម​ទប់​នឹង​ចិន ព្រម​ទាំង​ស្នើ​អាមេរិក​ឲ្យ​ចេញ​មុខ​ការពារ​ច្បាប់អន្តរជាតិ និង​គោលការណ៍ច្បាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ លោក​កាទ័រ​បាន​រម្លឹក​ជា​ថ្មី​ថា ភាព​តានតឹង​ក្នុង​តំបន់ និង​ក្តីបារម្ភ​របស់​ប្រទេស​អាស៊ី​បាន​ជំរុញ​ឲ្យ​អាមេរិក​បង្កើន​បន្ថែម​ទៀត​នូវ​សមត្ថភាព​យោធា​របស់​ខ្លួន។

ថ្មីៗ​នេះ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅ​កាន់​សមុទ្រចិន​ខាង​ត្បូង​ដើម្បី​ជា​សញ្ញា​ចង់​ប្រាប់​ចិន​ថា សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដែនទឹក​អន្តរជាតិ​ដែល​គ្មាន​ប្រទេស​ណា​មួយ​អាច​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ខ្លួន​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ