ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាមេរិក

អាជ្ញាធរ​សុខាភិបាល​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ដ៏​សកម្ម​ សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​មេរោគ​អេ​បូ​ឡា

media  
ក្រុម​គ្រូពេទ្យ​ចុះ​ពិនិត្យ​​តាមដាន​​សភាពការ​នៃ​មេរោគ​អេបូឡា ​នាពេល​កន្ល​ង​មក​។ Reuter

អាជ្ញាធរ​សុខាភិបាល​អាមេរិក ​នៅ​ថ្ងៃ​ចន្ទ​ទី​២៧​តុលា ​បាន​ជំរុញ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ដ៏​សកម្ម ​សម្រាប់​អ្នក​ដែល​ប្រឈម​មុខ​នឹង​មេរោគ​អេបូឡា ​ជា​ពិសេស​អ្នក​ដែល​ទើប​តែ​ត្រឡប់​មក​ពី​អាហ្វ្រិក​ខាង​លិច។​ ជំហាន​ថ្មី​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ផ្ទុះ​រឿង​រ៉ាវ​ចម្រូង​ចម្រាស ​ជុំវិញ​វិធានការ​ទប់​ស្កាត់​មេរោគ​អេបូឡា​នៅ​អាមេរិក។

អាជ្ញាធរ​សុខាភិបាល​អាមេរិក​ជំរុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​ដ៏​សកម្ម សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​មេរោគ​អេ​បូ​ឡា។ ការត្រួតពិនិត្យ​ដ៏​សកម្ម មានន័យថា អ្នក​ដែល​ប្រឈមមុខ​ខ្លាំង​នឹង​ការ​ឆ្លង​មេរោគ​អេ​បូ​ឡា ត្រូវបាន​ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យ​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល២១ថ្ងៃ។ ការធ្វើដំណើរ ក៏ដូចជា​ការធ្វើសកម្មភាព​ជា​សាធារណៈ ក៏ត្រូវ​បានកំណត់​ផងដែរ។

លោក Tom Frieden ប្រធាន​អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​ឲ្យ​ដឹងថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​នៅក្នុង​នាយកដ្ឋាន​សុខាភិបាល​ប្រចាំ​រដ្ឋ​ឬ​តំបន់នីមួយៗ ត្រូវ​តាមដាន​ពី​ស្ថានភាព​សុខ​ភាព​​របស់​អ្នកជំងឺ​សង្ស័យ។ ក្នុងនោះ ត្រូវ​ធានាថា បាន​ជជែក​ជាមួយ​អ្នកជំងឺ​សង្ស័យ​ជា​រៀង​រាល់ថ្ងៃ អំពី​រោគសញ្ញា ឬ​សីតុណ្ហភាព​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ។  បើតាម​លោក Tom Frieden មន្ដ្រី​សុខាភិបាល​ចាំបាច់​ត្រូវ​ពិនិត្យមើល​គម្រោង​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នកជំងឺ​សង្ស័យ​ផងដែរ។

យ៉ាងណាមិញ អាជ្ញាធរ​សុខាភិបាល​អាមេរិក មិនមាន​អំណាច​ដើម្បី​ចាប់បង្ខំ​ឲ្យ​មន្ដ្រី​សុខា​ភិបាល​ប្រតិបត្តិ​តាម​វិធាន​ការដែល​ខ្លួន​ទើបតែ​ដាក់ចេញ​នេះ​ទេ។ អាជ្ញាធរ​តាម​រដ្ឋ ឬ​តំបន់​នីមួយៗ មាន​សិទ្ធិ​សម្រេច​ថា​តើ​ខ្លួន​គួរ​ធ្វើយ៉ាងណា និង​ធ្វើ​អ្វីខ្លះ ដើម្បី​ទប់ស្កាត់​មេរោគ​អេ​បូ​ឡា។

គួរ​ជម្រាបជូន​ថា  វិធានការ​របស់​អាជ្ញា​ធរ​សុខាភិបាល​អាមេរិក​នេះ ធ្លាក់​ចុះមក​ចំពេល​ដែល​មាន​បញ្ហា​ចម្រូងចម្រាស ជុំវិញ​វិធានការ​ទប់ស្កាត់​មេរោគ​អេ​បូ​ឡា​នៅ​អាមេរិក។ រដ្ឋ​មួយចំនួន​ដូចជា New York រដ្ឋ New Jersey និង​រដ្ឋ Illinois បានដាក់​ចេញ​នូវ​វិធានការ​ដ៏​តឹងរ៉ឹង ដោយ​កំណត់​ឲ្យ​គ្រប់​អ្នកដំណើរ​ទាំងអស់ ពី​អាហ្វ្រិក​ខាងលិច នឹងត្រូវ​គេ​ចាំ​ស្ទាក់ចាប់ នៅ​ព្រលាន​យន្តហោះ រួចហើយ​ដាក់​ឲ្យ​ដាច់​ពី​គេ ក្នុង​រយៈពេល ២១ថ្ងៃ បើទោះបីជា​អ្នកនោះ​មាន ឬ​គ្មាន​រោគសញ្ញា​ដែល​នាំ​ឲ្យ​គេ​សង្ស័យថា​ឆ្លង​មេរោគ​អេ​បូ​ឡា​ក៏ដោយ។ ប៉ុន្តែ ក្រោយពី​ទទួលរង​នូវ​ការរិះគន់ និង​ការដាក់​សម្ពាធ​ពី​សំណាក់​សេត​វិមាន រដ្ឋ​ខ្លះ​បាន​បន្ធូរបន្ថយ​វិធានការ​នេះ​វិញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ