អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាណាដាបន្ធូរបន្ថយទ័ណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសអ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​កាណាដា​បាន​ប្រកាស​ជា​ផ្លូវការ​ ស្តីពី​ការ​បន្ធូរ​បន្ថយ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។​ សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ការ​បរទេស​កាណាដា។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ពុំ​ត្រូវ​បាន​លើក​លែង​ទាំង​ស្រុង​ឡើយ។​ នេះគ្រាន់​តែ​ជា​ការ​បន្ធូរ​បន្ថយ​ទ័ណ្ឌកម្ម​នៅ​ក្នុង​ផែ្នក​មួយ​ចំនួន​ប៉ុណ្ណោះ​នៃ​វិស័យ​សេដ្ឋកិច្ច។​ សេចក្តី​សំរេច​ចិត្ត​របស់​កាណាដា​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​លើក​លែង​ទ័ណ្ឌកម្ម​ជាបណ្តើរៗ​ផងដែរ​ប្រឆាំង​អ៊ីរ៉ង់។ ទន្ទឹម​គ្នា​នោះ​ ក្រុមហ៊ុន​កាណាដា​មួយ​ចំនួន​ក៏​កំពុង​បង្ហាញ​ពី​បំណង​វិនិយោគ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ផងដែរ។

លោក Stéphane Dion រដ្ឋមន្រ្តី​ការបរទេស​កាណាដា
លោក Stéphane Dion រដ្ឋមន្រ្តី​ការបរទេស​កាណាដា (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

ដក​ទ័ណ្ឌកម្ម​ជា​ដំណាក់​ៗ​
ដំណឹង​នៃ​ការ​បន្ធូរ​បន្ថយ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ កាលពី​សប្តាហ៍​មុន​ ដោយ​ក្រសួង​ការ​បរទេស​កាណាដា។​ យោង​តាម​ខ្លឹម​សារ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​ នេះ​គ្រាន់​តែ​ជា​ការ​ដក​ទ័ណ្ឌកម្ម​មួយ​ផែ្នក​ ឬ​ជា​ដំណាក់​កាល​តែ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ប្រទេស​អ៊ីរ៉ង់​បាន​ឈាន​ទៅ​ចុះ​​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ស្តីពី​កម្មវិធី​ស្រាវជ្រាវ​នុយក្លេអ៊ែរ​របស់​ខ្លួន កាលពីខែ​កក្កដា​ ឆ្នាំ​២០១៥។ ​ទ័ណ្ឌកម្ម​មួយ​ផែ្នក​ដែល​រដ្ឋាភិបាល​កាណាដា​បន្ធូរ​បន្ថយ​នោះ​ គឺ​ពាក់​ព័ន្ធ​នឹង​វិស័យ​ហិរញ្ញ​វត្ថុ​ ការ​នាំចេញ​ និង​ការនាំចូល​ទំនិញ​ទូទៅ។

ផ្ទុយ​ទៅ​វិញ​ រដ្ឋាភិបាល​កាណាដា​នៅ​តែ​រក្សា​ទ័ណ្ឌកម្ម​ទាក់​ទង​នឹង​ការ​នាំចេញ​ទំនិញ​ សេវាកម្ម​ និង​បច្ចេកវិទ្យា​ ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ។​ ជាពិសេស​ គឺ​ទំនិញ​ និង​បច្ចេកវិទ្យា​ណា​ ដែល​អាច​អនុញ្ញាត​អោយ​អ៊ីរ៉ង់​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ លើស​ពីនេះ​ ក្រសួង​ការបរទេស​កាណាដា​បាន​បញ្ជាក់​ផងដែរ​ថា​ រាល់​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​នៅ​តែ​បន្ត​ពិនិត្យ​យ៉ាង​ល្អិតល្អន់។

ជាមួយ​គ្នា​នេះ​ផងដែរ​ កាណាដា​នៅ​តែ​បន្ត​រក្សា​ទុក​បញ្ជី​ខ្មៅ​ប្រឆាំង​ចំពោះបុគ្គល​ និង​ក្រុមហ៊ុនមួយ​ចំនួន​នៅ​ប្រទេស​អ៊ីរ៉ង់ ​ដែល​មាន​សកម្មភាព​ពាក់​ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។​ សូម​បញ្ជាក់​ថា​ ថ្មីៗ​នេះ​ រដ្ឋាភិបាល​កាណាដា​ទើប​តែ​បន្ថែម​ជនជាតិ​អ៊ីរ៉ង់​ចំនួន​ ៦​ នាក់​ផ្សេង​ទៀត និង​ក្រុមហ៊ុន​អ៊ីរ៉ង់មួយ​ទៅក្នុង​បញ្ជី​ខ្មៅ​នេះ។​ អត្តសញ្ញាណ​របស់​បុគ្គល​ទាំង​នោះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ។

ស្តារ​ទំនាក់​ទំនង​ការ​ទូត​ឡើង​វិញ
លោក​ Stéphane Dion រដ្ឋ​មន្រ្តី​ការបរទេស​កាណាដា​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កាណាដា​ចង់​ស្តារ​កិច្ច​សន្ទនា​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់។​ តាមរយៈនេះ​ រដ្ឋាភិបាល​កាណាដា​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ Justin Trudeau គ្រោង​នឹង​បើក​ស្ថានទូត​កាណាដា​ឡើង​នៅ​ប្រទេស​អ៊ីរ៉ង់។ សូម​រំលឹក​ផងដែរ​ថា​ កាលពី​ឆ្នាំ​២០១០ រដ្ឋាភិបាល​កាណាដា​របស់​លោក​អតីត​នាយក​រដ្ឋមន្រ្តី​ Stephen Harper បាន​សំរេច​ចិត្ត​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​។

ការ​ដាក់​ទ័ណ្ឌកម្ម​របស់​កាណាដា​នេះ គឺធ្វើ​ឡើង​ក្រោយ​ពី​ អ.ស.ប​ បាន​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់​ ក្រោយ​ពី​ប្រទេស​នេះ​រឹងរូស​មិន​អោយ​សហគមន៍​អន្តរជាតិ​ត្រួត​ពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ម៉្យាង​ទៀត​ ទ័ណ្ឌកម្ម​របស់​កាណាដា​ គឺ​​ចង់​ជំរុញ​អោយ​អ៊ីរ៉ង់​វិល​ត្រលប់​ទៅ​រក​តុ​ចរចារ​ជាមួយ​ប្រទេស​មហា​អំណាច​។ កាលពី​ឆ្នាំ​២០១២ ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ គឺ​កាណាដា​ និង​អ៊ីរ៉ង់​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង។

រដ្ឋាភិបាល​កាណាដាបាន​សំរេច​ចិត្ត​បិទ​ស្ថានទូត​របស់​ខ្លួន​ និង​បណ្តេញ​អ្នក​ការ​ទូត​អ៊ីរ៉ង់​ចេញ​ពី​ប្រទេស ​ក្រោម​លេស​មួយ​ចំនួន​ដូចជា៖ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​អភិវឌ្ឈន៍​កម្មវិធី​នុយក្លេអ៊ែរ​ ការ​គាំទ្រ​របស់​អ៊ីរ៉ង់​ចំពោះ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​ Bachar-Al-Assad និង​ជាពិសេស​ការ​គំរាម​កំហែង​របស់​អ៊ីរ៉ង់​ចំពោះ​ប្រទេស​អ៊ីស្រាអែល។ ប្រមុខ​ការទូត​កាណាដា​ គឺលោក​ Stéphane Dion ក៏​បាន​គូស​បញ្ជាក់​ផងដែរ​ថា​ រដ្ឋាភិបាល​កាណាដា​នៅ​តែ​បន្ត​ព្រួយ​បារម្ភ​ជុំវិញ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។​ ប៉ុន្តែ​​ យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ថ្មី គឺ​ជ្រើសរើស​យក​ផ្លូវ​ជជែក​ពិភាក្សា​គ្នា​ជាមួយ​អ៊ីរ៉ង់​ ជាជាង​ទុក​អោយ​ប្រទេស​នេះ​នៅ​ឯកោ​តែ​ម្នាក់​ឯង។

ឱកាស​វិនិយោគ​របស់​ក្រុមហ៊ុន​កាណាដា
ព្រម​ពេល​ជាមួយ​គ្នា​នេះ​ផងដែរ​ ក្រុមហ៊ុន​កាណាដា​មួយ​ចំនួន​ក៏​កំពុង​សំឡឹង​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។​ បើ​តាម​លោក​ Mohammed Darehshiri អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ Vakil Group ដែល​មាន​ជំនាញ​ផែ្នក​ពិគ្រោះ​យោបល់​ច្បាប់​ និង​អាជីវកម្ម​ បាន​កត់​សំគាល់​ថា​ មាន​ក្រុមហ៊ុន​កាណាដា​ជាង​ ១០​ បាន​បង្ហាញពី​បំណង​ចង់​វិនិយោគ​នៅ​អ៊ីរ៉ង់។ ក្រុមហ៊ុន​ទាំង​នោះ​ជា​ក្រុមហ៊ុន​កំរិត​មធ្យម​មក​ពីវិស័យ​នានា​ដូចជា៖ កសិ​ចំណី​អាហារ​ ឱសថ​ រ៉ែ​ ហិរញ្ញវត្ថុ​ និង​ភោជនីយដ្ឋាន​ជា​ដើម។​ ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ទាក់​ទង​ពិគ្រោះ​យោបល់​ និង​សួរនាំ​ពី​ប្រភេទ​វិនិយោគ​ ដែល​មិន​ប៉ះ​ពាល់​ដល់​ទ័ណ្ឌកម្ម​របស់​កាណាដា​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។

ចំពោះ​ក្រុមហ៊ុន​កាណាដា​ល្បីៗ​វិញ​ កាលពី​ខែ​វិច្ឆិការ​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ដ៏​ធំមួយ​ឈ្មោះ​ Bombardier ដែល​មាន​ជំនាញ​ផលិត​យន្តហោះ​ និង​រថភ្លើង​ បាន​បញ្ជូន​ក្រុម​ការងារ​របស់​ខ្លួន​ទៅ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់។ តំណាង ក្រុមហ៊ុន​ Bombardier បាន​បង្ហាញ​យន្តហោះ​ប្រភេទ​ C Series ដែល​ជា​ប្រភេទ​យន្តហោះ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​រយៈផ្លូវ​ខ្លី​ និង​មធ្យម​។ ​យន្តហោះ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​អាច​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​សំរាប់​ការ​ដឹកជញ្ជូន​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​របស់​ប្រទេស​អ៊ីរ៉ង់។

សូម​បញ្ជាក់​ថា​ កាលពី​ថ្មី​នេះ​ អ៊ីរ៉ង់បាន​ចុះ​កិច្ច​សន្យា​ជាមួយ​បារាំង​ក្នុង​ការ​បញ្ជា​ទិញ​យន្តហោះ​ Airbus ចំនួន​ ១១៤​ គ្រឿង។ ​បើ​តាម​លោក​ Abbas Akhoundi រដ្ឋមន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​អ៊ីរ៉ង​បាន​អោយ​ដឹង​ថា​​ អ៊ីរ៉ង​ត្រូវ​ការ​យន្តហោះ​សំរាប់​រយៈ​ដំណើរ​ឆ្ងាយ​ និង​មធ្យម​ចំនួន​ ៤០០ គ្រឿង​។​ ហើយ​សំរាប់​រយៈដំណើរ​ជិត​គឺ ​ចំនួន​ ១០០ គ្រឿង។​ បច្ចុប្បន្ន​នេះ​ អ៊ីរ៉ង់​មាន​យន្តហោះ​ចំនួន ​២៥៦ គ្រឿង​ ដែល​ក្នុង​នោះ​មាន​តែ​ ១៥០ គ្រឿង​ប៉ុណ្ណោះ​អាច​ដំណើរ​ការ​បាន។​ ភាគ​ច្រើន​នៃ​យន្តហោះ​ទាំង​នោះ​មាន​អាយុ​ចំណាស់​ជាង​ ២០ ឆ្នាំ​មក​ហើយ។

ដោយ​សារ​តែ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​កន្លង​មក​ ក្រុមហ៊ុន​យន្តហោះ​រដ្ឋ​ និង​ឯកជន​អ៊ីរ៉ង់​ពុំ​អាច​ទិញ​គ្រឿង​បន្លាស់​បាន​ឡើយ។ អ៊ីរ៉ង់​ក៏​ជា​ទីតាំង​មួយ​សំខាន់​ផងដែរ​ សំរាប់​ការ​ភ្ជាប់​ដំណើរ​អន្តរជាតិ​រវាង​អឺរ៉ុប​ និង​អាស៊ី។​ សព្វថ្ងៃ​នេះ​ ក្នុង​ចំណោម​ព្រលាន​យន្តហោះ​ចំនួន​ ៦៧ កន្លែងទូទាំង​ប្រទេស​ មាន​តែ​ព្រលាន​យន្តហោះ​ចំនួន​តែ​ ៩​ កន្លែងប៉ុណ្ណោះ​ដែល​ដំណើរ​ការ​ពេញ​លេញ។ ដូចនេះ​ ​​ វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ពិត​ជាមាន​សក្តានុពល​ខ្លាំងក្លា​សំរាប់​ប្រទេស​អ៊ីរ៉ង់​ដែល​មាន​ប្រជាជន​ចំនួន ៧៩ លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ