អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គុយបា​បើកទំព័រ​​សករាជថ្មី ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី ក្រៅ​រង្វង់​គ្រួសារ​ត្រកូល​Castro

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃព្រហស្បតិ៍ ទី១៩មេសានេះ នៅប្រទេសគុយបា នឹងមានប្រធានាធិបតីថ្មី ចូលមកកាន់តំណែង ដែលមានឈ្មោះថា​ Miguel Diaz-Canel។ បន្ទាប់ពីស្ថិតក្នុងការគ្រប់គ្រង យ៉ាងតឹងណែនពីសំណាក់ ​លោក ហ្វ៊ីឌែល កាស្ត្រូ និងប្អូនប្រុសឈ្មោះ រ៉ាអ៊ូល កាស្ត្រូ អស់រយៈពេលជិត៦០  នៅពេលនេះ វាគឺទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់គុយបា ដែលមានប្រធានាធិបតីថ្មី មិនជាប់ខ្សែស្រឡាយ បងប្អូនត្រកូលកាស្ត្រូនេះ។ បើទោះបីជាគុយបា បានបើកទ្វារ ធ្វើកំណែទម្រង់ខ្លះៗក៏ដោយ តែប្រទេសកុម្មុយនីស្តមួយនេះ នៅតែស្ថិតក្នុងស្ថានភាពមួយដ៏លំបាក មិនថាក្នុងវិស័យសេដ្ឋកិច្ច ឬវិស័យសង្គមនិងសិទ្ធិជាមូលដ្ឋាន។ ប្រធានាធិបតីថ្មីគុយបា នឹងមានទំនួលខុសត្រូវធំណាស់​ សម្រាប់ក្តីសង្ឃឹមរបស់ប្រជាជនគុយបា ដែលស្រេកឃ្លាន ចង់បានសេរីភាពពេញលេញ និងជីវភាពរីកចំរើន។

លោក Raul Castro (ឆ្វេង) និង​លោក​ប្រធានាធិបតី​ថ្មី Miguel Diaz-Canel ។ ក្រុង​ឡាហាវ៉ាន ថ្ងៃទី​ ១៨​​មេសា​​ ២០១៨
លោក Raul Castro (ឆ្វេង) និង​លោក​ប្រធានាធិបតី​ថ្មី Miguel Diaz-Canel ។ ក្រុង​ឡាហាវ៉ាន ថ្ងៃទី​ ១៨​​មេសា​​ ២០១៨ Irene Perez/Courtesy of Cubadebate/Handout via Reuters.
ផ្សាយពាណិជ្ជកម្ម

មនុស្សថ្មី តែបក្សពួកចាស់

បើរាប់ពីឆ្នាំ១៩៥៩ ដែលជាឆ្នាំជោគជ័យ នៃបដិវដ្តន៍កុម្មុយនីស្តគុយបា រហូតមកទល់ថ្ងៃនេះ គឺ៥៩ឆ្នាំហើយ។ ៥៩ឆ្នាំមកនេះ គុយបា បានឆ្លងកាត់មេដឹកនាំតែ២នាក់គត់ គឺ Fidel Castro និង Raul Castro ដែលត្រូវជាប្អូនប្រុសបង្កើត។ Fidel Castro បានលាចេញពីតំណែង ប្រគល់កៅអីទៅឲ្យប្អូន នៅឆ្នាំ២០០៦។ នៅថ្ងៃនេះ Raul Castro ដែលមានវ័យ៨៦ឆ្នាំទៅហើយនោះ ក៏បានលាចេញពីតំណែង ប្រគល់ទៅឲ្យមនុស្សថ្មីដែលមានឈ្មោះថា Miguel Diaz-Canel។

យើងថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក៏ថាបាន តែបើពិនិត្យឲ្យស៊ីជំរៅមែនទែនទៅ វាមិនមានអ្វី ផ្លាស់ប្តូរច្រើនទេ។ លោក Miguel Diaz-Canel ដែលមានវ័យ៥៧ឆ្នាំនេះ មិនមែនជាមនុស្សថ្មីស្រឡាងមកពីណាទេ តែគាត់គឺជាជំនិតរបស់លោក Raul Castol ហើយធ្លាប់កាន់មុខតំណែង ជាអនុប្រធានាធិបតីគុយបា។ លោកប្រធានាធិបតីថ្មីនេះ គឺជាមនុស្សក្នុងបក្ស ដើរតាមគោលនយោបាយបក្ស បានរៀនសូត្រពីរបៀបដឹកនាំស្រុក និងមានបទពិសោធន៍ជ្រៅជ្រះ តាមមាគ៌ាបក្សកុម្មុយនីស្តគុយបា ដូច្នេះវាមិនមានអ្វីថ្មីច្រើនទេ។

មួយវិញទៀត ការតែងតាំងលោក Miguel Diaz-Canel នេះ គឺរដ្ឋសភាគុយបា បានបោះឆ្នោតសម្រេចតែម្នាក់ឯង លើបេក្ខភាពរបស់គាត់តែម្នាក់គត់ គ្មាបេក្ខជនណាផ្សេងទេ។ ដូច្នេះយើងឃើញថា ការតែងតាំងនេះ មានលក្ខណៈជាការស្រុះស្រួលគ្នា ក្នុងជួរដឹកនាំបក្សកុម្មុយនីស្ត​តែប៉ុណ្ណោះ។ បក្សកុម្មុយនីស្តគុយបានេះ ពុំបានបើកប្រគល់សិទ្ធិ ឲ្យប្រជាជនគុយបាទូទាំងប្រទេស អាចមានសិទ្ធិដឹងឮ ឬបោះឆ្នោតបញ្ចេញមតិអ្វីទេ។

ចាប់ពីថ្ងៃនេះទៅ លោក Miguel Diaz-Canel នឹងក្លាយជាប្រធានាធិបតី ជាប្រធានក្រុមប្រឹក្សារដ្ឋ និងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ ដោយឡែក លោក Raul Castro នៅតែកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តគុយបាដដែល រហូតដល់យ៉ាងតិច ឆ្នាំ២០២១ ជាឆ្នាំដែលកាត់នឹងមានអាយុ៩០ឆ្នាំ។ ដូច្នេះ ជារួម ត្រកូលកាស្ត្រូ នៅមិនទាន់លាចេញពីនយោបាយដឹកនាំគុយ បានទាំងស្រុងនៅឡើយទេ។

ធ្វើកំណែទម្រង់ តែត្រូវរក្សាតំលៃនៃរបបសង្គមនិយម

ជាការពិតមែន លោក Raul Castro បានធ្វើកំណែទម្រង់មួយចំនួន ក៏ប៉ុន្តែបើសម្លឹងទៅឲ្យទូលំទូលាយ កំណែទម្រង់ទាំងនោះ នៅមិនទាន់គ្រប់គ្រាន់ទេ។ លោក Raul Castro ធ្លាប់បាននិយាយថា ធ្វើដោយសន្សឹមៗ មួយៗ សុខចិត្តឲ្យយឺតចុះ តែឲ្យច្បាស់លាស់ និងបានផលពិតប្រាកដ។

លទ្ធផលកំណែទម្រង់ខ្លះៗ ដែលលោក Raul Castro បានសម្រេចបាន មានដូចជា៖ ឆ្នាំ២០០៨ បើកសិទ្ធិឲ្យប្រជាជនគុយបា អាចស្នាក់នៅសណ្ឋាគារ អាចចូលភោជនីយដ្ឋាន អាចមានសិទ្ធិប្រើប្រាស់ទូរស័ព្ទដៃ និងអាចប្រើប្រាស់សេវាអ៊ីនធើនែត។ បន្ទាប់មកទៀត ឆ្នាំ២០១១ ប្រជាជនគុយបា អាចមានសិទ្ធិទិញនិងលក់ រថយន្ត និងផ្ទះសំបែងជាដើម។ កំណែទម្រង់មួយទៀត ដែលសំខាន់សម្រាប់វិស័យសេដ្ឋកិច្ច គឺការបើកផ្លូវឲ្យប្រជាជនមានសិទ្ធិ អាចធ្វើជំនួញ ជាលក្ខណៈផ្ទាល់ខ្លួនបាន។ ប៉ុន្តែ បន្ទាប់ពីបានផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្ម បានចំនួនប្រមាណ៥៨ម៉ឺនអាជ្ញាបណ្ណ រដ្ឋាភិបាលគុយបា បានសម្រេចផ្អាក តាំងតែពីខែសីហា ឆ្នាំ២០១៧។

ការដែលលោក Raul Castrol ជ្រើសរើសលោក Miguel Diaz-Canel ឲ្យធ្វើជាប្រធានាធិបតីថ្មី គឺមានន័យថា លោក Miguel Diaz-Canel មានគោលគំនិតដូចគាត់ ក្នុងការធ្វើកំណែទម្រង់។ យ៉ាងណាមិញ លោក Miguel Diaz-Canel  ជាមនុស្សគាំទ្រ ឲ្យមានសេរីភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធើនែតពេញលេញ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏ចង់ឲ្យមានការរីកចំរើន ផ្នែកសេរីភាពសារព័ត៌មានដែរ។ ក៏ប៉ុន្តែមិនមែនមានន័យថា លោក ប្រធានាធិបតីថ្មី នឹងអាចធ្វើកំណែទម្រង់បានតាមចិត្តដែរ។ នៅក្នុងបក្ស មានមនុស្សចំណាស់ៗនៅច្រើនណាស់​ ដែលសុទ្ធតែជាមនុស្សពេញដោយកំអែលទ្រឹស្តីកុម្មុយនីស្ត។

កម្មវិធីកំណែទម្រង់៣សំខាន់ ដែលនៅតែមិនទាន់ឃើញពន្លឺ៖ គឺទីមួយ ការធ្វើច្បាប់ចាត់តាំង និងផ្តល់សិទ្ធិសេរីភាពដល់អង្គការសមាគមនានា។ ទី២ គឺត្រូវធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត ឲ្យវាមានលក្ខណៈសេរី និង​ពហុបក្ស​ច្រើនជាងនេះ។ ទី៣ គឺត្រូវបើកឲ្យបណ្តាញសារព័ត៌មាន មានសិទ្ធិសេរីភាពឲ្យបានច្រើន មិនមែនស្ថិតក្នុងក្រញ៉ាំ របស់​បក្ស​កុម្មយនីស្តិ​គុយបាតែម្នាក់។

រហូតមកត្រឹមពេលនេះ លោកប្រធានាធិបតីថ្មី មិនដែលបានដាក់បង្ហាញ អំពីកម្មវិធីនយោបាយរបស់គាត់ទេ ព្រោះតាមពិតទៅ គាត់​ត្រូវតែដើរតាមមាគ៌ាផែនការបក្ស ហើយរដ្ឋសភានឹងសម្រេចគូសវាស ថាតើរដ្ឋាភិបាល ត្រូវដើរតាមផ្លូវណា។ តែយ៉ាងណា គេជឿថា របៀបដឹកនាំរបស់លោក Miguel Diaz-Canel អាចនឹងមានលក្ខណៈជាស្ថាប័ននិយម និងមានលក្ខណៈការិយាល័យធិបតេយ្យ ច្រើនជាង កាលពីជំនាន់បងប្អូនកាស្ត្រូ ដែលដឹកនាំប្រទេស​ជាលក្ខណៈបុគ្គល និងប្រមូលផ្តុំអំណាចជ្រុលនៅក្នុងដៃតែម្នាក់ឯង។

ទទួលស្គាល់វិស័យឯកជន

វិស័យទេសចរណ៍គុយបា កំពុងតែក្លាយជាកម្លាំងចលករសេដ្ឋកិច្ច មួយដ៏សំខាន់បំផុត សម្រាប់គុយបា។ ក៏ប៉ុន្តែ រំពឹងតែទៅលើវិស័យនេះទាំងស្រុង មិនអាចធានាឲ្យមានស្ថិរភាពសេដ្ឋកិច្ចទេ។ ឧបសគ្គចំបងបំផុតក្នុងការធ្វើកំណែទម្រង់ គឺស្ថិតនៅក្នុងបក្សកុម្មុយនីស្តគុយបាខ្លួនឯង។ ត្រូវសួរថា តើសមាជិកបក្សធំ វ័យចំនាស់ៗទាំងនោះ នៅរឹងរូសកំរិតណា ហើយសុខចិត្តលះបង់កេរ្តិ៍តំណែលរបបសង្គមនិយម បានច្រើនកំរិតណា។

គឺត្រង់ចំណុចនេះហើយ ដែលគុយបា មានលក្ខណៈខុសពីវៀតណាម និងចិន។ បក្សកុម្មុយនីស្តវៀតណាម និងចិន មានជំហរច្បាស់លាស់ ទទួលស្គាល់ការបើកចំហរទទួលសេដ្ឋកិច្ចទីផ្សារសេរី។ ផ្ទុយទៅវិញ បក្សកុម្មុយនីស្តគុយបា មិនដែលទទួលស្គាល់ទេ។ ប៉ុន្តែគេបើកផ្លូវឲ្យធ្វើ ដោយមិននិយាយ ដោយមិន​ជំរុញ។ វិស័យឯកជន មិនត្រូវបានទទួលស្គាល់ដោយច្បាប់ទេ នៅគុយបា។

បិទបញ្ចប់រូបិយបណ្ណ២ក្នុងប្រទេសតែមួយ

ស្ថិតក្នុងកំណែទម្រង់សេដ្ឋកិច្ចនេះដែរ​ អ្នកជំនាញជាច្រើន សង្ឃឹមថា រដ្ឋាភិបាលថ្មី នឹងលប់ចោល នូវរូបិយបណ្ណជាតិ ដែលមានដល់ទៅ២ផ្សេងគ្នា (CUC - CUP)។ រូបិយបណ្ណបណ្ណទាំង២នេះ បានបង្ករជាគំលាតគ្នា រវាងជីវភាព និងលទ្ធភាពទិញដូរ របស់ប្រជាជន ហើយជាងនេះទៅទៀត គឺវាបង្កើតជាបញ្ហា ដល់ទីផ្សារសេដ្ឋកិច្ច របស់គុយបាទាំងមូលតែម្តង។

យ៉ាងណាក៏ដោយ គុយបា ត្រូវតែធ្វើកំណែទំរង់សេដ្ឋកិច្ច។ គុយបាមិនអាចរំពឹង តែទៅលើវិស័យ​ទេសចរណ៍ ហើយរំពឹងតែទៅលើការនាំចូលពីបរទេស ទាំងស្រុងនោះទេ។ កន្លងមក អ្នកដែលចាំជួយគុយបា ទាំងទំនិញនាំចូល ទាំងថវិកាវិនិយោគសាធារណៈ គឺប្រទេសវ៉េណាហ្សុយអាឡេ។ តែពេលនេះ វ៉េណេហ្សុយអេឡា កំពុងស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ងើបខ្លួនមិនរួច មិនអាចជួយគុយបា បានទៀតទេ។ ចំណែកទំនាក់ទំនងសេដ្ឋកិច្ច​ជាមួយ​សហរដ្ឋអាមេរិកវិញ គឺអ្វីៗត្រូវរាំងស្ទះដដែល ព្រោះលោកដូណាល់ ត្រាំ បានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា។

ជាងនេះទៅទៀត ចង់ឲ្យសេដកិច្ចមានដង្ហើម គឺទាល់តែផ្តល់សិទ្ធិសេរីភាពជាមូលដ្ឋាន ដល់ប្រជាជនគុយបា។ រដ្ឋាភិបាល ត្រូវតែលប់ចោល រាល់ការហាមឃាត់នានា ដែលវាហួសហេតុជ្រុលពេក។ ប្រជាជនគុយបា នៅតែគ្មានសិទ្ធិដើរហើរ តាំងទីលំនៅ និងគ្មានសិទ្ធិធ្វើដំណើរចេញចូលក្រៅប្រទេស ពេញលេញនៅឡើយទេ។​ មុខរបររកស៊ី សឹងតែទាំងអស់​ គឺស្ថិតក្នុងក្របខណ្ឌរបស់វិស័យសាធារណៈ។ គឺទាំងអស់នេះ ហើយ ដែលចូលរួម ធ្វើឲ្យបរិយាកាសសេដ្ឋកិច្ចគុយបា ស្ថិតក្នុងភាពងងិតនៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ