អានតួអត្ថបទ

គុយបា៖ អាមេរិក​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​បើកផ្លូវ ឲ្យ​អាច​ប្តឹង​ក្រុមហ៊ុន​បរទេស

លោកដូណាល់ ត្រាំ បានសម្រេចបន្ថែមទណ្ឌកម្មសេដ្ឋកិច្ច ទៅលើប្រទេសគុយបា ដោយបានរិតបន្តឹង ការធ្វើដំណើរចេញចូលជាមួយគុយបា ព្រមទាំងរឹតបន្តឹង ការផ្ទេរសាច់ប្រាក់ដុល្លារ ដោយផ្ទាល់ទៅគុយបា។ មិនត្រឹមតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក បានសម្រេចបើកផ្លូវ ឲ្យគេអាចប្តឹងក្រុមហ៊ុនបរទេសទាំងអស់​ ដែលរកស៊ីជាមួយគុយបា។ វិធានការនេះ ត្រូវបានសហភាពអឺរ៉ុប និងកាណាដា បរិហារថាជាវិធានការ អត្មានិយម ហើយវា​បំពាន នឹងច្បាប់អន្តរជាតិ។

កង់ឌុប នៅ​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា ថ្ងៃទី​១៧ ​មេសា ២០១៩
កង់ឌុប នៅ​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា ថ្ងៃទី​១៧ ​មេសា ២០១៩ REUTERS/Fernando Medina
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យសេតវិមានអាមេរិក បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ ទី១៧មេសាថា សហរដ្ឋអាមេរិក និងធ្វើការរឹតបន្តឹង រាល់ការធ្វើដំណើរចេញចូលទៅប្រទេសគុយបា ដែលមិនមានលក្ខណៈជាការទៅជួបជុំសួរសុខទុក្ខគ្រួសារ។ ចំណែកការផ្ទេរសាច់ប្រាក់ដុល្លារ ចេញពីអាមេរិក គឺម្នាក់​អាចផ្ទេរបាន​ត្រឹមតែ ១០០០ដុល្លារ ប៉ុណ្ណោះ រៀងរាល់៣ខែម្តង។

អ្នកនាំពាក្យសេតវិមានអះអាងថា វិធានការនេះ នឹងកាត់បន្ថយលំហូរប្រាក់ដុល្លារ កុំឲ្យចូលទៅក្នុងហោរប៉ៅ របស់ពួកមេដឹកនាំកុម្មុយនីស្តិគុយបា។ ក្រៅពីវិធានការទណ្ឌកម្មលើគុយបា រដ្ឋបាលអាមេរិក ក៏បានដាក់បន្ថែមទណ្ឌកម្មហិរញ្ញវត្ថុ ទៅលើប្រទេស​វ៉េណេស៊ុយអេឡា និងនីការ៉ាហ្កា។ អ្នកនាំពាក្យសេតវិមាន លើកឡើងថា សហរដ្ឋ​អាមេរិក ចង់បង្ហាញជំហរ ជួយក្រុមអ្នកស្រលាញ់ប្រជាធិបតេយ្យ នៅតាមប្រទេសទាំងនេះ។

ព្រមជាមួយគ្នានេះដែរ បើតាមការលើកឡើង របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក គឺចាប់ពីថ្ងៃទី ២ ឧសភាទៅ អាមេរិកនឹងចាប់ផ្តើមអនុវត្ត ផ្នែកទី៣ នៃច្បាប់ Helms-Burton ដែលត្រូវបានគេ​អនុម័ត នៅឆ្នាំ១៩៩៦។ ច្បាប់នេះ នឹងបើកផ្លូវឲ្យគេអាចប្តឹងក្រុមហ៊ុនទាំងអស់ មិនថាក្រុមហ៊ុនអាមេរិក ឬប្រទេសផ្សេងទេ បើក្រុមហ៊ុននោះរកស៊ី ជាមួយក្រុមហ៊ុនគុយបា ដែលត្រូវបានគេធ្វើជាតូបនីយកម្មក្រោយឆ្នាំ១៩៥៩។

ក្រោយដឹងដំណឹងនេះ សហភាពអឺរ៉ុប និងកាណាដា ដែលបច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើន កំពុងរកស៊ី និងវិនិយោគនៅគុយបានោះ បានចេញសេចក្តីប្រកាសរួមគ្នា ថាវិធានាការរបស់សហរដ្ឋអាមេរិក គឺជាវិធានការ ដ៏គួរឲ្យសោកស្តាយ ព្រោះវាបំពានទៅនឹងច្បាប់អន្តរជាតិ។ សហភាពអឺរ៉ុប និងកាណាដា ប្តេជ្ញាថា នឹងការពារក្រុមហ៊ុនខ្លួន ដែលរកស៊ីនៅគុយបា ហើយថា រាល់ការកាត់សេចក្តីលើវិវាទទាំងឡាយណា ដែលមិនចេញពីក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក គឺមិនអាចមានសុពលភាពជាដាច់ខាត។ដោយឡែក លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានលើកឡើងថា ការអនុវត្តពាក្យបណ្តឹងនៅអាមេរិក មកលើក្រុមហ៊ុនប្រទេសផ្សេង ដែលរកស៊ីនៅគុយបា គឺជារឿងមួយមិនអាចទទួលយកបានទេ ហើយអាមេរិក ត្រូវតែកែប្រែជំហរនេះជាបន្ទាន់។

គួរកត់សំគាល់ថា លំហូរសាច់ប្រាក់ដុល្លារ ដែលប្រជាជនគុយបា ភៀសខ្លួននៅសហរដ្ឋ​អាមេរិក ផ្ញើរទៅជួយ សាច់ញាតិក្រុមគ្រួសារ គឺជាដង្ហើមសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ជីវភាព​ប្រចាំថ្ងៃ។ រដ្ឋមន្ត្រីការបរទេសគុយបា​ បានអំពាវនាវ ឲ្យសហគមអន្តរជាតិ ថ្កោលទោសអាកប្បកិរិយា ក្អេងក្អាង គំរាមកំហែងគេ របស់​រដ្ឋាភិបាល​លោកដូណាល់ ត្រាំ។ លោក Ben Rhodes អតីតទីប្រឹក្សាផ្ទាល់ របស់លោកអូបាម៉ា បានលើកឡើងថា៖ “ប្រជាជន​គុយបា លំបាកវេទនាប្រមាណកន្លះសតវត្សមកហើយ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច​។ តែថ្នាក់ដឹកនាំអាមេរិកខ្លះ មិនខ្វាយ​ខ្វល់ឡើយ ហេតុតែចង់ឲ្យគេឃើញ ថាខ្លួនឯងខ្លាំង”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ