លោកដូណាល់ត្រាំ បន្ធូរដៃឲ្យចិន តាមរយៈការព្យួរការដំឡើងពន្ធ ដល់ពាក់កណ្តាលខែធ្នូ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥០
កាលពីថ្ងៃអង្គារទី១៣សីហា រដ្ឋាភិបាលអាមេរិក បានសម្រេចព្យួរការដំឡើងពន្ធ លើផលិតផលចិន គិតជាទឹកប្រាក់សុរប ប្រមាណ៣០ម៉ឺនលានដុល្លារ រហូតដល់ពាក់កណ្តាលខែធ្នូ។ លោកដូណាល់ ត្រាំ បានអះអាងថា លោកបានសម្រេចដូចនេះ ក៏ដោយសារតែលោក ខ្លាចទំនិញឡើងថ្លៃ ហើយវាបង្កការលំបាក ដល់ប្រជាជនអាមេរិក នៅក្នុងអំឡុងពេលបុណ្យដំណាច់ឆ្នាំ។ គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែលលោកដូណាល់ ត្រាំ បានសារភាពទទួលស្គាល់ថា ថាដំឡើងពន្ធទៅលើផលិតផលចិន អាចធ្វើឲ្យទំនិញឡើងថ្លៃ ហើយអ្នកដែលលំបាកគឺប្រជាជនអាមេរិក។ តើមានហេតុផលអ្វីខ្លះ ដែលលោកដូណាល់ ត្រាំ បានសម្រេចបន្ធូរដៃឲ្យចិន នាពេលនេះ ?
ព្យួរការដំឡើងពន្ធលើទំនិញចិន ដើម្បីកុំឲ្យទំនិញឡើងថ្លៃក្នុងពេលបុណ្យដំណាច់ឆ្នាំ
ស្ថិតក្នុងបរិបទសង្រ្គាមពាណិជ្ជកម្ម ដែលលោកដូណាល់ ត្រាំ បានបញ្ឆេះធ្វើជាមួយចិន ប្រមាណជាង១ឆ្នាំមកនេះ គឺលោករដ្ឋាភិបាលអាមេរិក បានគំរាមដំឡើងពន្ធនាំចូល ទៅលើផលិតផលចិន គិតជាទឹកប្រាក់សុរប៥៥០ពាន់លានដុល្លារប្រចាំឆ្នាំ។ រដ្ឋាភិបាលអាមេរិក បានដំឡើងពន្ធ លើទំនិញចំនួន២៥០ពាន់លានដុល្លាររួចទៅហើយ។ តាមធម្មតានៅសល់៣០០ពាន់លានដុល្លារទៀត ដែលអត្រាពន្ធដាថ្មី នឹងត្រូវអនុវត្ត នៅថ្ងៃទី១ខែកញ្ញាខាងមុខនេះ។
តែកាលពីថ្ងៃទី១៣សីហា បើផ្អែកតាមលិខិតប្រកាសមួយរបស់មន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអ្នកសម្របសម្រួលការចរចាពាណិជ្ជកម្មអាមេរិក បានទូរស័ព្ទនិយាយគ្នា ជាមួយលោករដ្ឋមន្ត្រីពាណិជ្ជកម្មចិន។ ឆ្លងកាត់ការសន្ទនាគ្នានេះ ភាគីអាមេរិក បានប្រកាសថា អត្រាពន្ធដាថ្មីលើទំនិញប្រមាណ៣០០ពាន់លានដុល្លារនេះ នឹងចូលជាធរមាន នៅថ្ងៃទី១៥ខែធ្នូ។ ទំនិញដែលពាក់ព័ន្ធ គឺមានភាគច្រើន ជាផលិតអេឡិចត្រូនិកផលិតនៅចិន មានដូចជាទូរស័ព្ទដៃ កុំព្យូទ័រ ឬក៏ឧបករណ៍ក្មេងលេង និងល្បែងហ្គេមអេឡិចត្រូនិកជាដើម។
លោកដូណាល់ ត្រាំបានប្រាប់ហេតុផលថា លោកសម្រេចផ្អាកការដំឡើងពន្ធនេះ គឺដោយសារលោកមិនចង់ឲ្យប្រជាជនអាមេរិក មានការលំបាក នៅរដូវបុណ្យទានខាងមុខ ព្រោះថាទំនិញអាចនឹងឡើងថ្លៃដោយសារតែពន្ធឡើងថ្លៃដែរ។ បើយើងស្តាប់សម្តីលោកដូណាល់ ត្រាំនេះ ហេតុផលគឺថាលោកយល់ពីការលំបាករបស់ប្រជាជនអាមេរិក ហើយលោកចង់ជួយជីវភាពប្រជាជន។ ចំណែក ពាក្យថា គាត់បន្ធូរដៃ ឲ្យទៅខាងចិន គឺគ្រាន់តែជាផលវិបាកដោយប្រយោលតែប៉ុណ្ណោះ។
លោកត្រាំ ទទួលស្គាល់ពីផលវិបាកនៃការដំឡើងពន្ធ
គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែលលោកដូណាល់ ត្រាំ បានសារភាពទទួលស្គាល់ថា សង្រ្គាមពាណិជ្ជកម្មដែលលោកបានធ្វើជាមួយចិន អាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនអាមេរិក។ សម្តីលោកដូណាល់ ត្រាំ ដែលថា លោកលើកការដំឡើងពន្ធ ឲ្យដល់ពាក់កណ្តាលខែធ្នូវិញ ដោយខ្លាចក្រែងទំនិញឡើងថ្លៃមុនពេលបុណ្យទាន នាដំណាច់ឆ្នាំ គឺវាមានន័យប្រាកដណាស់ ថាលោកដូណាល់ត្រាំ ទទួលស្គាល់ថា តែកាលណាពន្ធលើការនាំចូលឡើង នោះតម្លៃទំនិញក៏ឡើងដែរ។ ហើយអ្នកដែលលំបាកគឺប្រជាជនអាមេរិក។ បើតាមការវិភាគ ការសម្រេចនេះ គឺមានលក្ខណៈនយោបាយ ចង់ទិញទិកចិត្តប្រជាជនច្រើនជាង។ តាមរយៈការសម្រេចនេះ លោកដូណាល់ ត្រាំ ចង់បង្ហាញថា លោកគិតគូរពីជីវភាពរបស់ប្រជាជនអាមេរិកជាធំ។
តាមពិតទៅ អ្នកជំនាញសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុអន្តរជាតិ បានក្រឿនរំលឹកជាច្រើនដងមកហើយ ថាធ្វើសង្រ្គាមពាណិជ្ជកម្ម តាមរយៈការដាក់ពន្ធកប់ពពក ពិន័យគ្នាទៅវិញទៅមក គឺមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចទេ។ វាជះឥទ្ធិពលអាក្រក់ណាស់ ដល់សកម្មភាពផលិត ដល់ចរន្តនាំចេញនាំចូល និងទៅលើតម្លៃទំនិញចុងក្រោយ នៅលើទីផ្សារ។
ក៏ប៉ុន្តែ លោកដូណាល់ ត្រាំ មិនដែលចាប់អារម្មណ៍ទេ ព្រោះកម្មវត្ថុរបស់លោក គឺធ្វើយ៉ាងណា បំប៉ោងមតិមហាជនអាមេរិក ឲ្យយល់ឃើញថា គាត់កំពុងតែស្រោចស្រង់សេដ្ឋកិច្ចអាមេរិក ការពារសេដ្ឋកិច្ចអាមេរិក តាមរយៈការដាក់ពិន័យ ទៅលើការសម្រុកនាំចូលទំនិញរបស់ចិន។ តែពេលនេះ រដ្ឋាភិបាលអាមេរិក មិនអាចប្រកែក មិនមើលការពិតនៅនឹងមុខទាក់ទិននឹងការឡើងថ្លៃទំនិញបានឡើយ។ ដូច្នេះ ការសម្រេចផ្អាកការដំឡើងពន្ធនេះ វាហាក់ដូចជាបង្ហាញប្រាប់ទៅភាគីចិន ឲ្យឃើញនូវចំណុចខ្សោយរបស់អាមេរិក ថាអាមេរិមមិនចេះតែខ្លាំង ចេះតែតម្លើងពន្ធរហូតនោះទេ។ ទីផ្សារអាមេរិក នៅមិនទាន់អាចគេចចេញផុត ពីផលិតផលរបស់ចិនបានឡើយ។
ផ្សារហ៊ុន មានសន្ទុះល្អ
ជាច្រើនខែមកហើយ ដែលទីផ្សារហិរញ្ញវត្ថុអន្តរជាតិ មានស្ថានភាពលំបាក ដោយសារតែអ្នកវិនិយោគមានការប្រុងប្រយត្ន័ទាក់ទិងនឹងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិននេះ។ ក្រោយដំណឹងផ្អាកការដំឡើងពន្ធ ដល់ពាក់កណ្តាលខែធ្នូនេះ វាបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុ មានសន្ទុះល្អឡើងមួយចំពេច។ នៅ Wallstreet ផ្សារហ៊ុនបានបិទទ្វារជាមួយនឹងអត្រាតម្លៃឡើង ១,៤៨%។ ផ្សារហ៊ុននៅអាស៊ី ក៏ឡើងមួយកំរិតដែរ ដូចជានៅហុងកុង ឡើងបាន១,២៦% និងនៅតូក្យូ ឡើងបាន 0,៩៨%។ ជារការកត់សំគាល់មួយទៀត គឺក្រុមហ៊ុន Apple ដែលផលិតផល ភាគច្រើនផលិតនៅចិននោះ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានឡើងដល់ ៤,៣% ក្រោយដំណឹងផ្អាកការដំឡើងពន្ធ ពីសំណាក់រដ្ឋាភិបាលអាមេរិក។
តែយ៉ាងណាក៏ដោយ ទាំងអស់នេះ គឺជាស្ថិតនៅក្នុងភាពរងចាំនៅឡើយ ព្រោះថាសង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន នៅមិនទាន់ចប់ទេ។ ការចរចារវាងភាគីទាំង២ ក៏មិនទាន់ដឹងថា ពេលណានឹងចាប់ផ្តើមឡើងវិញទេ។ គេគ្រាន់តែដឹងថា នៅរវាង២សប្តាហ៍ទៀត តំណាងចរចាទាំង២ភាគី នឹងទូរស័ព្ទនិយាយគ្នាម្តងទៀត។ ចំណែកលោកដូណាល់ ត្រាំវិញ បានគំរាមថាលោកអាចនឹងដកខ្លួនអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក។ ជាមួយលោកដូណាល់ ត្រាំ យើងពិបាកស្មានណាស់ ថាតើវាជាសម្តីគំរាមចោល ឬមួយក៏គាត់អាចធ្វើមែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ