អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដូណាល់ ត្រាំ ​ប្រឈមគ្រោះ​ថា្នក់ ក្រោយ​ការ​​បាត់បង់​​កៅអី​​ព្រឹទ្ធសភា ​រដ្ឋ​អាឡាបាម៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារទី ១២ ធ្នូម្សិលមិញ មានការបោះឆ្នោតព្រឹទ្ធិសភាពាក់កណ្តាលអាណត្តិ នៅរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក។ តាំងតែពីជាង២០ឆ្នាំមកហើយ ដែលកៅអីព្រឹទ្ធសភារបស់រដ្ឋនេះ​ ស្ថិតក្នុងដៃរបស់គណបក្សសាធារណៈរដ្ឋ។ ក៏ប៉ុន្តែ យោងតាមលទ្ធផលបោះឆ្នោត ម្សិលមិញនេះ បេក្ខជនបក្សសាធារណៈរដ្ឋ គឺលោក Roy Moore បាន​ចាញ់សម្លេងឆ្នោត បេក្ខជនមកពីបក្សប្រជាធិបតេយ្យ គឺលោក Doug Jones។ នេះគឺជាបរាជ័យ និងអាចជាគ្រោះថ្នាក់ដ៏ធំសម្រាប់បក្សសាធារណៈរដ្ឋ និងជាពិសេស គឺលោកប្រធានាធិបតី​ដូណាល់ ត្រាំតែម្តង ព្រោះសភាតំណាង និងព្រឹទ្ធសភា អាចធ្លាក់ទៅក្នុងដៃបក្សប្រជាធិបតេយ្យ។

លោក Roy Moore ​បេក្ខជន​​ព្រឹទ្ធសភា​រដ្ឋ​អាឡាបាម៉ា មកពី​​បក្ស​​សាធារណៈរដ្ឋ​
លោក Roy Moore ​បេក្ខជន​​ព្រឹទ្ធសភា​រដ្ឋ​អាឡាបាម៉ា មកពី​​បក្ស​​សាធារណៈរដ្ឋ​ Reuters
ផ្សាយពាណិជ្ជកម្ម

Roy Moore បេក្ខជនដ៏ចំរូងចំរាស របស់បក្សសាធារណៈរដ្ឋ

​នរណាក៏ដឹងដែរថា រដ្ឋអាឡាបាម៉ា ជារដ្ឋមាននិន្នាការនយោបាយ អភិរក្សនិយមកំរិតណា។ រដ្ឋនេះ ជារដ្ឋសំបុក​អ្នកគាំទ្របក្សសាធារណៈរដ្ឋ ជាសំបុកអ្នកជាតិនិយមជ្រុល ប្រកាន់ពូជសាសន៍ទៀតផង។ ជាង២០ឆ្នាំ​មក​ហើយ ដែលបក្សសាធារណៈរដ្ឋ តែងតែឈ្នះឆ្នោតជានិច្ច នៅក្នុងរដ្ឋនេះ។ ក៏ប៉ុន្តែលើកនេះ បេក្ខជន​បក្ស​សាធារណៈរដ្ឋ លោក Roy Moore បាន​ចាញ់សម្លេងឆ្នោត ហើយជោគជ័យគឺបានទៅលោក Doug Jones ​មកពីបក្សប្រជាធិបតេយ្យ។

ហេតុផលនៃបរាជ័យរបស់បក្សសាធារណៈរដ្ឋនៅរដ្ឋអាឡាបាម៉ានេះ គឺមួយផ្នែកធំ អាចមកពីបេក្ខជនលោក Roy Moore នេះតែម្តង។ លោកម្នាក់នេះ ជាអតីតចៅក្រម មានវ័យ៧០ឆ្នាំ ហើយត្រូវគេស្គាល់ថា ជាមនុស្សអភិរក្សនិយម និងមាននិន្នាការគោរពសាសនាគ្រិស្តយ៉ាងតឹងតែងបំផុត។ លោក Roy Moore នេះ ធ្លាប់ត្រូវបានគេបណ្តេញចេញ ពីតុលាការកំពូលនៃរដ្ឋអាឡាបាម៉ា ចំនួន២ដងហើយ ដោយសារគាត់ បានបដិសេធមិនព្រមអនុវត្តច្បាប់ ដោយសំអាងលើគោលការណ៍និន្នាកាសាសនាផ្ទាល់ខ្លួនជាធំទៅវិញ។

ដូណាល់ ត្រាំ គាំទ្រ​បេក្ខជន​ដែល​ប្រឡាក់​ដោយ​រឿងអាស្រូវផ្លូវភេទ

អ្វីដែលមកបន្ថែម ដូចទាញគាត់ទំលាក់ចុងក្រោយនេះ គឺ ការទំលាយរឿងអាស្រូវ ដែលកាសែត Washington Post បានចុះផ្សាយ កាលពីខែវិច្ឆិកា ថ្មីៗនេះ។ លោក Roy Moore ត្រូវបានគេចោទប្រកាន់ ថាបានធ្វើសកម្មភាព បំពារបំពានផ្លូវភេទ ទៅលើក្មេងស្រីជាច្រើននាក់ កាលពីប្រមាណជិត៤០ឆ្នាំមុន។ ការបែកធ្លាយរឿងអាស្រូវជាបន្តបន្ទាប់ ដោយមានមនុស្សស្រីរងគ្រោះជាច្រើន បានដាច់ចិត្តនិយាយទំលាយការពិតនេះ គឺកើតឡើងក្រោយ ការបែកធ្លាយរឿងអាស្រូវរំលោភ និងបៀតបៀនកេរ្តិ៍ភេទរបស់លោក Harvey Weinstein ម្ចាស់ក្រុមហ៊ុនផលិតភាពយន្តដ៏ធំ នៅហូលីវូដ។ ផ្តើមពីរឿងនេះមក ស្ត្រីរងគ្រោះ ហាក់បានកំលាំងចិត្តអ្វីម្យ៉ាង នាំគ្នានិយាយទំលាយរឿងរ៉ាវជាច្រើនករណី។ ក្នុងចំណោមនោះ គឺមានករណី លោក Roy Moore នេះឯង។

យោងតាមការស្ទាបស្ទង់មតិ រឿងអាស្រូវចុងក្រោយនេះ បានធ្វើឲ្យលោក Roy Moore ខាតសំលេងឆ្នោតមិនស្ទើរទេ ជាពិសេសសម្លេងឆ្នោតពីមនុស្សស្រី។ មួយវិញទៀត  អ្នកធ្លាប់គាំទ្របក្សសាធារណៈរដ្ឋកាលពីមុន លែងមានជំនឿចិត្តនឹងបេក្ខជនម្នាក់នេះ ហើយភាគច្រើន គេមិនបានទៅបោះឆ្នោតទេ ទើបធ្វើឲ្យសម្លេងឆ្នោតខាងបក្សប្រជាធិបតេយ្យ បានច្រើនជាង។

បក្សសាធារណៈរដ្ឋបាក់បែកផ្ទៃក្នុង

សាមជិកគណបក្សសាធារណៈរដ្ឋ មួយចំនួនធំ មិនគាំទ្រ លោក Roy Moore ទេ។ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវផ្លូវភេទនេះភ្លាម លោក Mitch McConnell ប្រធានក្រុមសមាជិកព្រឹទ្ធសភាបក្សសាធារណៈរដ្ឋ បានទាមទារថា លោក Roy Moore ត្រូវតែដកបេក្ខភាពចេញទៅ។

ចំណែកលោក ប្រធានាធិបតី ដូណាល់ ត្រាំ វិញ ពីដំបូង ពេលបែករឿងអាស្រូវភ្លាម ហាក់​នៅ​ស្ទាក់ស្ទើរ មិនហ៊ានចេញមុខគាំទ្រ ឬ ទាមទារឲ្យប្តូរបេក្ខជនទេ។ តែទីបំផុត កៀកថ្ងៃបោះឆ្នោតមែនទែន លោកត្រាំ បានសម្រេចចិត្តគាំទ្រ បេក្ខភាពលោក Roy Moore ហើយអះអាងថា រឿងអាស្រូវផ្លូវភេទ ដែលផ្ទុះឡើង គឺជារឿងប្រឌិត ដើម្បីបង្កាច់បង្ខូចលោក Roy Moore តែប៉ុណ្ណោះ។

នេះជាការលេងមួយចានទឹក មួយចានគោក យ៉ាងប្រថុយប្រថានរបស់លោកត្រាំ។ អ្នកវិភាគ លើកឡើងថា លោកដូណាល់ ត្រាំ សង្ឃឹមថា ការគាំទ្ររបស់គាត់ អាចគាស់រំលឹងភ្លូកទឹងភ្លូកដី របស់អ្នកគាំទ្របក្សសាធារណៈរដ្ឋនៅរដ្ឋអាឡាបាម៉ា។ ក៏ប៉ុន្តែលោក​ ដូណាល់ ត្រាំគាត់បានមើលស្រាល អ្នកគាំទ្របក្សសាធារណៈរដ្ឋ ដែលមាននិន្នការកណ្តាល​និយម។ ភាគច្រើនពួកគេនៅស្រលាញ់បក្សមែន តែពួកគេមិនមែនផ្កាប់មុខ គាំទ្រធ្វើតាមលោកដូណាល់ ត្រាំ ទៅគាំទ្របេក្ខជនដែលមានរឿងអាស្រូវរុំកោះនោះទេ។

បរាជ័យនេះជាបរជ័យ កើតពីភាពមិនចុះសម្រុងគ្នា របស់បក្សសាធារណៈរដ្ឋ។ ជាង​នេះទៅទៀត លោក Steve Bannon អតីតទីប្រឹក្សាយុទ្ធសាស្ត្ររបស់លោកដូណាល់ ត្រាំ បានបរិហារថ្នាក់ដឹកនាំកណ្តាល របស់គណបក្សសាធារណៈរដ្ឋ ថាជាអ្នកធ្វើឲ្យលោក Roy Moore ចាញ់ឆ្នោត ព្រោះមិនបានជួយទំនុកបំរុងផ្នែកថវិកា ក្នុងពេលឃោសនា។ ចំណែក លោក Josh Holmes មន្ត្រីបក្សសាធារណៈរដ្ឋ បានលើកឡើងថា ធម្មតាទេ តែកាលណា យើងប្រថុយរុញបេក្ខជនម្នាក់ ឲ្យតំណាងបក្ស ទាំងដែលបេក្ខជននោះ បង្កបញ្ហាក្នុងបក្ស ហើយមិនមានការគាំទ្រជាឯកច្ឆ័ន នោះបរាជ័យប្រកដជាជះមកលើគណបក្សទាំងមូលតែម្តង។

លោកដូណាល់ ត្រាំ អាចបាត់បង់សម្លេងភាគច្រើន នៅព្រឹទ្ធសភា និងនៅសភាតំណាង

គ្រោះថ្នាក់ សម្រាប់លោកដូណាល់ ត្រាំ គឺនៅក្បែរច្រមុះតែម្តង។ ព្រោះថា នៅព្រឹទ្ធសភា បច្ចុប្បន្ន សមាជិក​​ព្រឹទ្ធសភា មកពីបក្សសាធារណៈរដ្ឋ លើសសមាជិកព្រឹទ្ធសភា បក្សប្រជាធិបតេយ្យ តែ​២នាក់​គត់ ៥១ ទល់នឹង ៤៩។ ឥឡូវចាញ់អស់មួយទៀត ដូច្នេះ គឺនៅខុសគ្នា តែមួយអាសន្នៈប៉ុណ្ណោះ។

តែយ៉ាងណា ​បក្សប្រជាធិបតេយ្យ ក៏​មិនត្រូវអរលឿបពេកដែរ។ ព្រោះត្រូវយកឈ្នះការបោះឆ្នោតនៅតាមរដ្ឋផ្សេងទៀត យ៉ាងហោចណាស់ ដើម្បីរក្សា កៅអី ចំនួន១០ នៅតាមរដ្ឋ ដែលកាលពីការបោះឆ្នោតប្រធានាធិបតី បានបោះឲ្យលោកដូណាល់ ត្រាំ។ បន្ថែមពីនេះ បក្សប្រជាធិបតេយ្យ ត្រូវដណ្តើមយកកៅអី ថែមពីរទៀត។ បើតាមការរំពឹងទុក បក្សប្រជាធិបតេយ្យ សង្ឃឹមអាចឈ្នះច្រើន នៅរដ្ឋ Arizona និង Nevada

ជ័យជំ​នះរបស់បក្សប្រជាធិបតេយ្យ នៅរដ្ឋអាឡាបាម៉ា ដែលគេស្គាល់ថា​ជារដ្ឋតែងតែគាំទ្របក្សសាធារណៈរដ្ឋនេះ គឺជាសញ្ញាអាសន្នមួយ ដល់លោកដូណាល់ ត្រាំ។ សន្ទុះនេះ អាចនឹងមានបន្ត ហើយកាន់តែខ្លាំង ក្នុងពេលបោះឆ្នោតសមាជិសភាពតំណាង ពាក់កណ្តាល​អាណត្តិ នៅឆ្នាំ២០១៨។ ក្នុងសភាតំណាង បើបក្សប្រជាធិបតេយ្យឈ្នះបាន​២៤​កៅអី​ទៀត គឺមានន័យ លោកដូណាល់ត្រាំ អាចបាត់បង់សភាទាំង២របស់អាមេរិកតែម្តង។ បើអត់សភាទាំងពីរ មានន័យថា កម្ម​វិធីនយោបាយ ធ្វើកំណែទំរង់ របស់គាត់ នឹងធ្លាក់ទឹក​ទាំងអស់។ ហើយអ្វីដែលជាការព្រួយបារម្ភធំជាងគេនោះ គឺ សភាតំណាង និងព្រឹទ្ធសភា​ អាចនឹងរួមគ្នា ធ្វើនីតិវិធីទំលាក់លោកដូណាល់ ត្រាំ មុនអាណត្តិក៏ថាបានដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ